
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធី «បើកសបា្តហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ វេទិកានេះ បង្កើតឱ្យមានជាកិច្ចសន្ទនា, ការផ្លាស់ប្ដូរមតិ, ចំណេះដឹង និងឧត្តមានុវត្តន៍អន្តរជាតិរវាងភាគីពាក់ព័ន្ធ។ ជាពិសេសផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជាអ្នកទទួលផលឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារសង្គមកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្ដរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែទូលំទូលាយរហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការខ្ពស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពទាំង៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានមានប្រសាសន៍ថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង, កម្ពុជា បាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ ៦ភាគរយ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវ កំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកប្រកបដោយសមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសមធម៌, ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង, ពីប្រមាណ ៣១០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០០, រហូតដល់ប្រមាណ ២,៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច, សុខសន្តិភាពពេញបរិបូរណ៍, និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បាន បោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។ សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្ដែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈរបស់រាជរដ្ឋាភិបាលបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ត្រូវបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖
កម្មវិធីគោលនយោបាយអាទិភាពទី១៖ ការផ្តល់ការថែទាំសុខភាពឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកល។
កម្មវិធីគោលនយោបាយអាទិភាពទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលនេះជា កម្មវីធីជាតិជំនួយសង្គមមួយ។
កម្មវិធីគោលនយោបាយអាទិភាពទី៣៖ ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ។
- ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយខ្ញុំនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥នេះ នឹងដើរតួជា មគ្គុទ្ទេសក៍ជំនួសក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដើម្បីធានានិរន្តរភាពនៃការតម្រង់ទិស ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា សម្រាប់រយៈពេល១១ឆ្នាំទៅមុខទៀត ដែលនេះជាការឆ្លុះបញ្ចាំងពីភាពច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ទិសដៅគោលនយោបាយ សម្រាប់បន្តផ្តល់ការគាំពារផ្នែកសន្តិសុខប្រាក់ចំណូលជូនពលរដ្ឋ តាមហានិភ័យនៃវដ្ដជីវិត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
- ក្នុងបរិការណ៍នៃការប្រែប្រួលស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល ក៏ដូចជា ការកើនឡើងនៃបញ្ហាប្រឈមកម្រិតសកល ដូចជាវិបត្តិសុខភាពសាធារណៈ, គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការយល់ថាឃើញថា តួនាទី នៃប្រព័ន្ធគាំពារសង្គមកាន់តែមានសារៈសំខាន់ និងមិនអាចខ្វះបាន ក្នុងការជួយរក្សាលំនឹងជីវភាព និងផ្ដល់ការគាំពារដល់ពលរដ្ឋឱ្យបានកាន់តែប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលជាការធ្វើបច្ចុប្បន្នកម្ម ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ពលរដ្ឋកម្ពុជានឹងទទួលបានការគាំពារកាន់តែប្រសើរជាងមុន, ពិសេសជាមួយនឹងអភិក្រមថ្មី, ពោលគឺ៖ អភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋនឹងទទួលបាននូវការគាំពារ ចាប់តាំងពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្ដាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗ ស្របតាមហានិភ័យ នៃវដ្ដជីវិតទាំង ៧ រួមមាន៖
១) មាតុភាព និងហានិភ័យកុមារភាព, ២). ហានិភ័យសុខភាព,
៣) ហានិភ័យការងារ,
៤) ពិការភាព,
៥) និកម្មភាព,
៦) ភាពគ្មានជម្រក, និង
៧) ជរាភាព និងឧត្តរជីវី។ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃនៃកម្មវិធីជាតិគាំពារសង្គម មិនស្ថិតនៅលើទំហំថវិកាដែលត្រូវចំណាយនោះទេ តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋទទួលបានផលពិតប្រាកថ។ ត្រូវធ្វើធានាថា ពលរដ្ឋកាន់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម គឺទទួលបានសេវាល្អប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ នេះ នឹងរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យបានមានភាពប្រសើរឡើងថែមទៀត ព្រមទាំងជួយពង្រឹង សាមគ្គីភាព, ភាពធន់ និងស្ថិរភាពសង្គមកម្ពុជា យ៉ាងពិតប្រាកដ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងសុខាភិបាល ត្រូវធានាថាពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្តល់កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីដែលគ្រូពេទ្យរូបណាដែល មិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងប្រព័ន្ធជំនួយសង្គម ត្រូវពង្រឹងយន្តការនៃការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេសពលរដ្ឋគោលដៅ បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងផែនការ និងក្រសួងមហាផ្ទៃ, តាមរយៈរដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់, ត្រូវធានាថា ការកំណត់អត្តសញ្ញាណត្រូវបាន ធ្វើឡើងចំគោលដៅ និងប្រកបដោយសុក្រឹតភាព ព្រមទាំងត្រូវពន្លឿនការធ្វើ បច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម ដោយសារបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យរបស់ពួកគាត់ មិនត្រូវ បានផ្ដល់ជូន ឬ ផុតសុពលភាព។
- ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្រុមការងារនីមួយៗដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឱ្យបានថា អ្នក ដែលទទួលបានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យ គឺជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ ចៀសវាងការរិះគន់ថា ការផ្តល់បណ្ណទាំងនេះ មិន មានភាពយុត្តិធម៌។ បន្ថែមលើនេះ, រដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ ត្រូវផ្តល់កិច្ចសហការស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃនៃកម្មវិធីជាតិគាំពារសង្គម មិនស្ថិតនៅលើទំហំថវិកាដែលត្រូវចំណាយនោះទេ តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋទទួលបានផលពិតប្រាកថ។ ត្រូវធ្វើធានាថា ពលរដ្ឋកាន់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម គឺទទួលបានសេវាល្អប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខ្ទង់ចំណាយថវិកាជាតិប៉ោង ព្រោះការកើនឡើងនៃការចំណាយលើប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងការចំណាយលើកិច្ចគាំពារសង្គម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ ដើម្បីសម្រេចបានគោលដៅ ក៏ដូចជាត្រូវបន្តបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តរបបសន្តិសុខសង្គមនានា ព្រមទាំងត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការកែទម្រង់ប្រព័ន្ធ សោធននៅកម្ពុជា។
- បន្ថែមលើនេះ, បេឡាជាតិសន្តិសុខសង្គម ត្រូវពង្រឹងកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាពនៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំរដ្ឋ គោលនយោបាយជាតិគាំពារសង្គម នៅតែបន្តអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំទីភ្នាក់ងារជាតិបញ្ជាក់ចំណាយដែលជាអង្គភាពមួយចំណុះឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវធានាសុក្រឹតភាពនៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋានសុខាភិបាលផ្តល់សេវា ក្រោមប្រព័ន្ធគាំពារសង្គម នៅទូទាំងប្រទេស ដោយសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល តាមការចាំបាច់ និងឱ្យបានទាន់ពេល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមត្រូវពង្រឹងយន្តការសម្របសម្រួលការអនុវត្តគោល នយោបាយ និងយន្តការតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថាគ្មានពលរដ្ឋណាម្នាក់ ត្រូវបានបោះបង់ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។ តាមរយៈយន្តការតាមដាន និងវាយតម្លៃនេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវត្រួតពិនិត្យជាប្រចាំ អំពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមគ្នាគិតគូរ និងដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធឱ្យបានទាន់ពេល។