FN ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ សម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ បាន សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ១ដុល្លារ គ្រប់២លានដុល្លារ)។ ថវិកា សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ ឧបត្ថម្ភ ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម ទាំង សប្បុរសជននានា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកែតម្រូវលើបទចម្រៀងអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វប្បធម៌នៃការចែករំលែកមានតាំងពីយូរលង់ណាស់មកហើយក្នុងសង្គមកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យជ្រើសរើសគ្រូល្អៗមកបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា។
- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពង្រឹងកិច្ចការនិក្ខេបបទថ្នាក់បណ្ឌិត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លេខរៀង «១៨» របស់បក្សប្រជាជនកម្ពុជា មានហុងស៊ុយល្អ ហើយងាយចំណាំ។
- សម្តេចតេជោ ហ៊ុន សែន សម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។
- សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។