សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ក្មួយៗនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី។ ថ្ងៃនេះ យើងមានការរីករាយ ដែលបានធ្វើពិធី ២រួមគ្នា ទី១ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងទី២ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យចំនួន ៨៨៨ នាក់។
(១) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្បែរសារមន្ទីជាតិបានកកើតជាង១០០ឆ្នាំមកហើយ
ដូចលោកជំទាវ ភឿង សកុណា បានលើកឡើងអម្បាញ់មិញនៅក្នុងរបាយការណ៍របស់គាត់។ ខ្ញុំគួរចាប់ផ្ដើមនិយាយអំពីប្រវត្តិនៃការកកើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីកន្លែងនេះ។ យើងបានដឹងហើយអំពីប្រវត្តិដែលបានកកើតក្នុងរយៈពេលជាង ១០០ឆ្នាំ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៅក្នុងប្រទេសរបស់យើង ដែលសាកលវិទ្យាល័យនោះ ក៏កំពុងស្ថិតនៅឯទីក្រុងភ្នំពេញ ជិតសារមន្ទីរជាតិរបស់យើង ដែលយើងនឹងប្រើប្រាស់បន្តតាមការចាត់ចែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
(២) សំណេះសំណាលជាមួយសិល្បៈករ/ការិនី សិស្សមធ្យមសិក្សានៅសាលាក្បែរស្តាតចាស់
ខ្ញុំនៅចាំបានថា ក្នុងជំនាន់អតីតរដ្ឋកម្ពុជា ឯកឧត្តម ឆេង ផុន បានទៅរកទីកន្លែងមួយនៅម្ដុំក្បែរស្ដាតចាស់។ ខ្ញុំក៏ធ្លាប់ទៅកាន់ទីនោះដើម្បីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសិស្សមធ្យមសិក្សាផ្នែកវិចិត្រសិល្បៈ។ ក្រោយមក ដោយសារតែយើងខ្វះធនធាន យើងក៏បានផ្ទេរកន្លែងនោះទៅឱ្យវិស័យឯកជន។ យើងទៅបង្កើតកន្លែងថ្មីដើម្បីនឹងដោះដូរ។ ក៏ប៉ុន្តែ ខ្ញុំពិតជាមានការសោកស្ដាយ ដោយសារតែទីកន្លែងដែលបានដោះដូរទៅនោះ ពេលខ្លះវាលិចទឹក ពេលខ្លះកូនសិស្សរបស់យើងត្រូវដើរឆ្លងភក់ទៅរៀន។ វាជារឿងអកុសល ដែលយើងអាចនិយាយបានថា ខ្វះការយកចិត្តទុកដាក់ក៏ថាបាន។
(៣) “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” អភិវឌ្ឍតំបន់ជ្រោយចង្វារ
ក្រោយមក តំបន់ជ្រោយចង្វាររបស់យើងនេះទទួលបានការអភិវឌ្ឍ។ ទីកន្លែងនេះ បើគេបានថតទុក ជាតំបន់ដែលហៅថាដើមត្រែងយោលនៅឡើយទេ។ វាជាតំបន់ដែលគ្មានការអភិវឌ្ឍអ្វីសោះ។ ត្រឹមតែដាំត្រកួន វាមិនបានផង។ វាជាព្រៃត្រែង ហើយវាទឹកលិច។ យើងក៏បានអភិវឌ្ឍវាដោយវិស័យឯកជន។ ក្នុងរយៈពេលនោះ យើងក៏អនុវត្តនូវវិធីសាស្រ្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”។ បានសេចក្ដីថា យើងយកអ្វីដែលជាសមិទ្ធផលរបស់ទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ ដូចជាការកសាងស្ពាន ការកសាងសមិទ្ធផលដទៃទៀត ជាពិសេសស្ពានអាកាសច្រើនកន្លែង ក៏បានយកចេញអំពីចំណុចដែលយើងទាញយកពីយកប្រយោជន៍ពីដីធ្លី។
(៤) ដីថ្លៃជាចំណាយសាងសង់អគារ
យើងក៏បានប្រើប្រាស់សាជាថ្មីម្ដងទៀតគឺយកដីកន្លែងនេះ និងយកលុយដែលចេញពីកន្លែងនេះ កសាងអាគារនេះ។ ការកសាងអាគារវាមិនថ្លៃទេ។ ថ្លៃពិតប្រាកដគឺដីទេ។ ៤ហិកតានេះ សួរមើលថាថ្លៃប៉ុន្មានពិតប្រាកដ? បានដីកន្លែងហ្នឹងមានរោងសៀកមួយ។ អញ្ចឹងបានខ្ញុំប្រាប់លោកជំទាវ ភឿង សកុណា ថា “រោងសៀកហ្នឹង មិនយកក៏បានដែរ ព្រោះវាថោកជាងដី”។ ឥឡូវនេះ កុំនិយាយពីរឿងបញ្ហាពីមុនថា “អ្នកឯងរកដីឱ្យខ្ញុំបានកន្លះហិកតា ឬមួយហិកតា ខ្ញុំធ្វើសាលាឱ្យមួយខ្នង” ដល់សួរមួយខ្នងតម្លៃប៉ុន្មាន? ២ ទៅ ៣ម៉ឺនដុល្លារ។ ឥឡូវនេះ អត់បានទេ។ រកដីកន្លះហិកតា ឬក៏មួយហិកតា គឺ(តម្លៃដី)ច្រើនលានដុល្លារណាស់។ អញ្ចឹងយើងសម្រេចផ្ដល់ដីនៅទីនេះចំនួន ៤ហិកតា ជាមួយនឹងអាគារដែលត្រូវសាងសង់នៅទីនេះ។ សូមអរគុណឯកឧត្តម ប៉ា សុជាតិវង្ស ដែលពេលនោះត្រូវរត់ការជំនួសខ្ញុំធ្វើកិច្ចការងារនេះ ជាមួយនឹងលោកជំទាវ ភឿង សកុណា។
(៦) មូលដ្ឋានសាកលវិទ្យាល័យវិចិត្រសិល្បៈថ្មី នឹងទៅជាមរត៌ករាប់រយឆ្នាំ
ទោះបីថា ឥឡូវហ្នឹងវាមិនទាន់គ្រប់ ក៏ប៉ុន្តែយើងបានប៉ុណ្ណឹងសិន។ យើងឈានបណ្ដើរៗ។ នៅមួយផ្នែកគឺខាងសាធារណរដ្ឋកូរ៉េ គេនឹងជួយយើងបន្ថែមទៀត។ ខាងណោះទៅជាមជ្ឈមណ្ឌលវប្បធម៌នៅកន្លែងហ្នឹង … ខ្ញុំគិតថា មូលដ្ឋាននៅទីនេះវានឹងទៅជាមរត៌ករាប់រយឆ្នាំទៅមុខទៀត ប្រសិនបើយើងចេះតែទាំវា។ ដូចដែលសាកលវិទ្យាល័យវិចិត្រសិល្បៈចាស់របស់យើង ឥឡូវបានក្លាយទៅជាបេតិកភណ្ឌទៅហើយ។ យើងមិនអាចទៅវាយ(ចោល) ឬទៅធ្វើអ្វីនោះទេ។ យើងមានទីកន្លែងនេះ ដើម្បីដោះស្រាយនូវតម្រូវការរបស់សិស្សនិស្សិតរបស់យើង ដែលទទួលបាននូវការបណ្ដុះបណ្ដាល។
(៧) មិនបាច់យកប្លង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឆ្លងនាយករដ្ឋមន្ត្រីទេ
មិនចាំបាច់ឆ្ងល់ថា ធ្វើយ៉ាងម៉េចអីយ៉ាងម៉េចទេ ព្រោះនៅទីនេះសុទ្ធតែមេស្ថាបត្យកម្ម និងនគរូបនីយកម្មស្រេចទៅហើយ។ អញ្ចឹងទេ ប្លង់ស្អីៗហ្នឹង ក៏វាមិនចាំបាច់នឹងត្រូវយកឆ្លងនាយករដ្ឋមន្រ្តីឱ្យធ្វើម៉េចៗទេ។ យើងបានដឹងហើយថា កន្លែងនេះគឺជាជំនាញនៃការបណ្ដុះបណ្ដាលខាងផ្នែកស្ថាបត្យករ។ ដូច្នេះពួកគេចេះដឹងច្បាស់លាស់។ សូម្បីតែផ្ទះរបស់ខ្ញុំ ជាពិសេសភរិយារបស់ខ្ញុំ គាត់មិនដែលចោលទេការយកគ្រូពីសាកលវិទ្យាល័យវិចិត្រសិល្បៈនេះ សូម្បីតែគាត់ធ្វើតុ ទូរ កៅអី ក៏គាត់ទារ(យកគ្រូពីនេះ)ទៅ។ គេមានក្បូនខ្នាតរបស់គេត្រឹមត្រូវ។ អាយុប៉ុណ្ណាត្រូវទាញប៉ុន្មានតឹក ប៉ុន្មានផឹង។ អាហ្នឹងជាជំនឿមួយរបស់ប្រជាជនខ្មែរយើង។ ជំនឿនេះ ខ្ញុំសូមនិយាយបន្ដិច។ នៅផ្ទះរបស់ខ្ញុំ ពីដើម តុនៅក្នុងការិយាល័យរបស់ខ្ញុំវាធំ តែវាមិនធំពេកទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គាត់ទៅ ហើយគាត់មាន(ឈើ) គេហៅថាដើម ត្លប់។ ត្លប់ហ្នឹង មិនមែនមានទាំងផ្ទាំងៗទេ។ គេបិតវាទេ។ អញ្ចឹងគាត់វាស់ខ្នាតចុះឡើងធ្វើជាតុលការិយាល័យអោយ ហើយមានតុមួយទៀតសំរាប់ប្រជុំ។ ប៉ុន្តែខ្ញុំអត់យក។ ខ្ញុំថា វាធំពេក។ ដល់ពេលថ្ងៃការចៅរបស់គាត់ ខ្ញុំទៅផ្ទះគាត់។ គាត់អត់ហ៊ានអង្គុយទេ ព្រោះខ្នាតហ្នឹង គាត់វាស់សម្រាប់ខ្នាតនាយករដ្ឋមន្រ្តី មិនមែនខ្នាតឧបនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីទេ។ ដល់អញ្ចឹង ខ្ញុំថា “ឃើញទៅស្រលាញ់”។ ស្រលាញ់ យកទៅដាក់នៅផ្ទះរបស់ខ្ញុំ។ នេះគឺថាជំនឿទេ។
(៨) ការរៀបចំនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ សំរាប់ការងារបណ្តុះបណ្តាលផង រៀបចំពិធីបានផង
ជួនកាល កន្លែងហុងស៊ុយរបស់យើង។ រាសីយើងមិនដល់ ទៅអង្គុយកន្លែងហ្នឹង ងាប់បណ្ដោយ។ វាមានរឿងរបស់វាអញ្ចឹងដែរ។ ប៉ុន្តែខ្ញុំអង្គុយកៅអីអីក៏បាន អង្គុយវាលស្រែភ្លឺស្រែធ្វើព្រងើយ។ ខ្ញុំអង្គុយនៅត្រង់ណាក៏ចេះតែស្រួល តាំងពីអង្គុយនៅវាលស្រែ ទៅអង្គការសហប្រជាជាតិ។ គេឱ្យអង្គុយត្រង់ណា អង្គុយហ្នឹងទៅ។ ខ្ញុំបក មកការរៀបចំនៅកន្លែងនេះ។ ការចាប់ផ្ដើមប៉ុណ្ណេះ ជាការផ្ដល់ឱកាសមួយសម្រាប់ឱ្យសាកលវិទ្យាល័យវិចិត្រសិល្បៈមានមូលដ្ឋានសម្រាប់ការងាររបស់ខ្លួន មិនមែនគ្រាន់តែការបណ្ដុះបណ្ដាលទេ។ ឥឡូវដូចជាពិធីនានា ជួនកាលរៀបចំពិធីអីកម្សាន្តអីមួយអញ្ចឹង រៀបចំនៅកន្លែងមជ្ឈមណ្ឌលវប្បធម៌នៅកន្លែងហ្នឹងស្រាប់ហើយ។ កុំភ្លេច ១០ថ្ងៃទៀត (ពិធីបើក)ប៉ារ៉ាហ្គេមនឹងមកដល់។ សូមអបអរសាទរមួយ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
(៩) សិល្បៈទម្រង់ធំស៊ីហ្គេមបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងចលនាមនុស្សនិងឌីជីថល
បើកវង់ក្រចក និយាយកន្លែងហ្នឹងបន្ដិច។ សុំអរគុណលោកជំទាវ រដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងដែលបានចូលរួមនៅក្នុងការរៀបចំជាមួយនឹងសិល្បៈក្នុងទម្រង់ដ៏ធំមួយសម្រាប់ស៊ីហ្គេមក្នុងរយៈពេលកន្លងទៅ។ អរគុណចំពោះសិល្បករ សិល្បការិនីទាំងអស់ដែលបានហ្វឹកហាត់រាប់ខែ។ ឥឡូវខ្ញុំរកអត់ឃើញកន្លែងទាស់ ព្រោះវាស៊ីសង្វាក់គ្នាខ្លាំងណាស់ រវាងចលនារបស់មនុស្សនិងចលនានៃព័ត៌មានវិទ្យាដែលហៅថា ឌីជីថល។ វាផ្សារភ្ជាប់គ្នាអត់ដាច់រយៈ។ ការហ្វឹកហាត់របស់សិល្បៈករ/ការិនី បូករួមជាមួយកម្លាំងប្រដាប់អាវុធរបស់យើង និយាយឱ្យត្រង់យកអង្គរក្សខ្ញុំ ២០០០នាក់ យកមកហ្វឹកហាត់ជាមួយ។ គេបម្រើឱ្យការងារសិល្បៈនៅទីនោះផង ហើយបើសិនជាមានការក្នុងការចលាចលណាមួយកើតឡើងគឺ ពួកអង្គរក្សនោះគឺគេទទួលគ្រប់គ្រងសភាពការណ៍ហ្នឹងតែម្តង។ នេះគឺនិយាយឱ្យបានដឹងបន្តិចទៅចុះ ថាមិនមែនរឿងចម្លែកទេ។ ជួនកាលអង្គរក្សគេអាចឈរនៅកន្លែងនេះកន្លែងនោះ ជាមួយនឹងអ្នកនេះជាមួយនឹងអ្នកនោះ ប៉ុន្តែគឺជាអង្គរក្សទេ … នេះគ្រាន់តែប្រាប់ពីល្បិច។ អ្នកឯងចូលទៅកុំធ្វើតែមុខងារទាក់ទងនឹងការកាន់ភ្លើងរត់ស្អីៗនោះ។ មុខងាររបស់អ្នកឯងមួយទៀតបើមានបញ្ហាគឺត្រូវដោះស្រាយ។ ឧទាហរណ៍៖ បញ្ហាត្រូវសង្គ្រោះបន្ទាន់ ហេតុការណ៍កើតឡើងគឺកម្លាំង ២០០០នាក់ នោះ បូកជាមួយកម្លាំងអន្តរាគមន៍ដទៃទៀត គឺដោះស្រាយបានបញ្ហា។
(១០) កសាងបានមូលដ្ឋានជាការពិបាក តែការថែទាំ សន្សំសំចៃ ដើម្បីនិរន្តភាព ជាកិច្ចការមួយទៀត
ឥឡូវនេះយើងមានមូលដ្ឋានហើយ។ អ្វីដែលខ្ញុំចង់បញ្ជាក់នៅទីនេះថា ការកសាងឱ្យមានមូលដ្ឋាននោះវាជាការលំបាកមួយ ប៉ុន្តែនិរន្តរ៍ភាពរបស់វា វាជាបញ្ហាមួយទៀត។ ដូច្នេះសុំឱ្យមានការថែទាំ និងសុំឱ្យមានសន្សំសំចៃ ជាពិសេសសន្សំសំចៃលើអគ្គិសនីនេះតែម្តង។ កន្លែងនេះគឺជាទីលាន ហើយជាការឆ្លាតវៃមួយហើយ ដែលរៀបចំ ដែលមានបរិវេណសម្រាប់ការជួបជុំមនុស្សរាប់ពាន់នាក់នោះ នេះគឺជាការឆ្លាតវៃមួយនៅក្នុងការកសាងសាលានេះ ដើម្បីធ្វើជាសាល គេហៅថា សាលសហសិក្សា ការប្រជុំនានា ហើយជួនកាលបើសិនជាមានក្រសួងខ្លះ ឬក៏វិស័យខ្លះគេសុំមកជួល អញ្ចឹងជួលឱ្យគេទៅ។ ប៉ុន្តែយើងក៏មិនសូវជួលដែរ ព្រោះថា អ្នកខ្លះជួលប្រជុំគណបក្សអីចប់បណ្តោយ។ គណបក្សប្រជាជនក៏មិនមកប្រជុំកន្លែងហ្នឹងទេ។ អគាររបស់រដ្ឋ ជួលចុះជួលឡើង ស្រាប់ជួលឱ្យគណបក្សមកហែរក្បូនចេញពីកន្លែងហ្នឹង។ ស្រេចតែម្តង។
(១១) នាំចេញ ហើយក៏នាំចូលមកវិញផលិតផល “Made in Cambodia”
៣ថ្ងៃ ជាប់គ្នា ខ្ញុំដើរសម្ពោធសមិទ្ធផល ៣។ ទី១ សមិទ្ធផលនៅខេត្តព្រះសីហនុ រោងចក្រផលិតកង់ឡាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ផ្សារភ្ជាប់ជាមួយការសំណេះសំណាលជាមួយកម្មករ/ការិនី ចំនួនជាង ២ម៉ឺន៤ពាន់នាក់។ នៅខេត្តព្រះសីហនុអំពី ក្នុងមួយឆ្នាំ យើងអាចផលិតកង់រថយន្តជាង ៥លានកង់ សម្រាប់ការនាំចេញទៅបរទេស ដែលមានតម្រូវការ។ ប៉ុន្តែ កម្ពុជាអាចនឹងទិញកង់រថយន្តដែលផលិតក្នុងប្រទេសរបស់យើងចូលមកប្រទេសយើងវិញក៏ថាបាន។ ឥឡូវខោអាវកីឡារបស់ខ្ញុំ ដល់មើលចុះមើលឡើងផលិតនៅកម្ពុជា។ យើងទៅទិញនៅឯសាំងហ្គាពួរ យើងទៅទិញនៅប្រទេសក្រៅ អ្នកខ្លះគេទិញផ្ញើមកឱ្យយើងទៀត កាដូឱ្យយើងដល់ពិនិត្យចុះពិនិត្យឡើង Made in Cambodia។ អញ្ចឹងទេ ឥឡូវកម្ពុជាក៏មានផលិតផលដែលកម្ពុជានាំចេញទៅ ប៉ុន្តែត្រូវនាំចូលត្រឡប់មកវិញ។ កម្ពុជាក៏ត្រូវការសម្ភារៈអស់ទាំងនោះយកមកប្រើប្រាស់វិញផងដែរ។
(១២) ធ្វើសង្កថាមួយខែពេញ
ម្សិលមិញនេះយើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យដ៏ទំនើបមួយ ដែលចំណាយថវិកាមិនតិចទេ ជាង៧០លានដុល្លារនៃអគារមន្ទីរពេទ្យកាល់ម៉ែត ដែលយើងបានប្រើប្រាស់សាងសង់នៅទីនោះ។ ថ្ងៃនេះមកសម្ពោធសមិទ្ធផលថ្មីមួយទៀត។ យើងខិតខំរួមគ្នាទើបមានសភាពការណ៍បែបនេះកើតឡើង។ នៅពេលខាងមុខនេះ បានសេចក្តីថា១ខែ នេះ មើលទៅក្នុងកម្មវិធីចង់ចរចាបន្តិចជាមួយ សម្តេច ពិជ័យសេនា ទៀ បាញ់ រឿងខ្ញុំជំពាក់ជាមួយមេកងពល៧០។ ប៉ុន្តែបើមិនទៅក៏វាមិនកើត ព្រោះបានសន្យាជាមួយគេយូរហើយ។ ថ្ងៃមុនចុះកម្មវិធីទៅ កម្មវិធីហ្នឹងត្រូវទៅខេត្តណាមួយនោះ សម្រាប់តែលុបចេញទៅ លើកថ្ងៃ ១២ ត្រូវថ្ងៃច័ន្ទ។ អញ្ចឹងត្រូវលើកមកថ្ងៃ១១ វិញ។ អញ្ចឹង ១ខែនេះ គឺនិយាយអត់ឈប់។ ថ្ងៃណាក៏សង្កថារបស់ហ៊ុន សែន ដែរ។
(១៣) ដើរជួបកម្មករ/ការិនី ទាន់កូវីដ-១៩ ធ្លាក់ចុះ
ត្រូវជួបកម្មករ។ នៅសល់ ១៨លើក។ ក្នុងមួយលើកមិនតិចជាង ១ម៉ឺន៥ពាន់នាក់ទេ។ គ្រាន់តែ ៣ថ្ងៃ ខាងមុខនេះ ដូចជាថ្ងៃសុក្រ ថ្ងៃសៅរ៍ ហ្នឹងទៅតំបន់សេដ្ឋកិច្ចពិសេស ដោយសារយើងជួបអត់អស់។ ជួប ២លើក។ មួយលើក ១ម៉ឺន៩ពាន់នាក់ មួយលើក ១ម៉ឺន៩ពាន់នាក់។ ដើរជួបកម្មករទាន់ឱកាសកូវីដ-១៩ ធ្លាក់ចុះ។ នេះជាឱកាសទៅសួរសុខទុក្ខកម្មករ។ ប៉ុន្តែជួបកម្មករក៏មិនសូវប្រើពេលដូចពេលមុនទេ ដោយសារតែឥឡូវយើងអត់ត្រូវថតរូប។ ពីមុន ចង់ឱ្យកូនគេជួយ ប៉ុន្តែកូននោះវាជាប់ទៅតាមវត្តអារាមច្រើន។ រឿងរ៉ាវវាអញ្ចេះ។ សុំនិយាយដើមកូនដាក់មេក្រូបន្តិចទៅចុះ។ ខ្ញុំកាលឆ្នាំ ២០១៧ ឆ្នាំ ២០១៨ ខ្ញុំចេះតែចុះទៅតាមរោងចក្រ ហើយទៅតាមរោងចក្រនោះ ក្មួយៗកម្មការិនីនោះតែងតែមកថតរូបជាមួយ។ រួចហើយខ្លះក៏ថើបយើងទៅទៀត។ ដល់ពេលមួយនោះឱ្យកូនទៅជួបយុទ្ធជនពិការនៅគូលែន នៅខេត្តសៀមរាប។ កូនវាថា វាទៅនិយាយជាមួយកងទ័ព បងប្អូនជនពិការ ថាពុកគាត់ទៅកន្លែងដែលក្មេងៗ ហើយឱ្យខ្ញុំទៅកន្លែងចាស់ៗ ដល់ចាស់ៗសុទ្ធតែកាកស្លា។ ឥឡូវគង់តែដល់ទេ។
(១៤) ក្រុមទូរទស្សន៍និងក្រុមការងារត្រូវចែកជាក្រុមដើម្បីតាមកម្មវិធីមមាញឹក ១៨ ថ្ងៃ
ប្រគល់ភារកិច្ចឱ្យទៅនេះ ប៉ុន្តែព្រះសង្ឃតាមវត្តនានា គឺសូមអញ្ជើញតំណាងសម្តេច តេជោ គឺបណ្ឌិត ហ៊ុន ម៉ាណែត។ យើងចេះតែឱ្យទៅ។ ដល់អញ្ចឹងកម្មវិធីដែលយើងគ្រោងទុកឱ្យកូនទៅតំណាងនេះគឺត្រូវធ្លាក់មកលើឪពុកវិញ។ ក្នុងរយៈពេល ១៨ថ្ងៃ ទៅធ្វើសកម្មភាព ប៉ុន្តែវាមិនមែនជាប់គ្នាទាំងអស់ទេ។ ថ្ងៃខ្លះ ៣ថ្ងៃជាប់គ្នា ៤ថ្ងៃជាប់គ្នា។ អញ្ចឹងត្រូវក្រុមការងារ ហើយក្រុមទូរទស្សន៍តាមទូរទស្សន៍នានាក៏ត្រូវតែចែកក្រុមដែរ។ លឺថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំជា ២ក្រុម ព្រោះជួនកាលខ្ញុំនៅឯស្វាយរៀង ប៉ុន្តែមួយថ្ងៃទៀត ខ្ញុំនៅកំពង់ឆ្នាំង។ អញ្ចឹងរៀបអត់ទាន់ទេ។ ទាល់តែចែកក្រុមគ្នា។ ក្រុមទូរទស្សន៍ដែលតាមខ្ញុំក៏ត្រូវចែកក្រុមដែរ។ ហ្នឹងគឺគ្រាន់ជាកម្មវិធីរៀបចំសម្រាប់នៅពេលខាងមុខនេះ។
(១៥) អបអរធនធានមនុស្សសម្រេចបានតាមរយៈក្រសួងក៏ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ចូលទៅដល់បញ្ហាការបណ្តុះបណ្តាល ដែលថ្ងៃនេះក៏បានជួបជាមួយក្មួយៗ ហើយសុំយកឱកាសនេះអបអរសាទរចំពោះជ័យលាភីទាំងអស់ចំនួន ៨៨៨នាក់ ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ នេះជាការខិតខំមួយ ហើយជាធនធានមនុស្សដែលយើងសម្រេចបានតាមរយៈនៃការខិតខំរបស់ក្រសួង ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងរយៈពេលកន្លងទៅ។ បើយោងទៅលើអ្វីដែលជាការបទបង្ហាញនៅទីនេះ គឺក្នុងចំណោមនិស្សិត ៨៨៨ នាក់នេះ គឺមានការងារធ្វើរហូតទៅដល់ ៩៧,១៨% ចែកចេញទៅស្ថាប័នឯកជនចំនួន ៣៩៩ នាក់ ស្មើនឹង ៣៨,១២% អង្គការមិនមែនរដ្ឋាភិបាលចំនួន ២៩០ នាក់ ស្មើនឹង ៣៣,៦០% អាជីវកម្មផ្ទាល់ខ្លួនមានចំនួន ១៩៥ នាក់ ស្មើនឹង ២២,៥៩% ស្ថាប័នរដ្ឋមានចំនួន ៤៩ នាក់ ស្មើនឹង ០,៥៦%។ នេះជាសេចក្ដីត្រូវការរបស់យើង ដែលខ្ញុំសូមយកឱកាសនេះអបអរសាទរចំពោះជ័យលាភីទាំងអស់ ហើយក៏សូមចូលរួមជាមួយមាតាបិតា អាណាព្យាបាលរបស់និស្សិត ដែលទទួលបាននូវការបណ្ដុះបណ្ដាល។
(១៦) សាកលវិទ្យាល័យវិចិត្រសិល្បៈមានមុខវិជ្ជាច្រើន
នេះជាការខិតខំសម្រាប់ការវិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ សូមកុំភាន់ច្រឡំថាសាលាវិចិត្រសិល្បៈគឺសុទ្ធតែសិល្បៈទាំងអស់។ មិនមែនអញ្ចឹងទេ។ ផ្នែកស្ថាបត្យកម្ម បុរាណវិទ្យា សិល្បៈសូនរូប ផ្នែកផ្សេងៗទៀត អ្នកតូរ្យតន្រ្តី សិល្បៈនាដសាស្រ្ត ហើយអ្វីដែលខ្ញុំមិនយល់ហ្នឹង គឺថាវាពិបាកយល់បន្តិច កម្មវិធីមូសុង។ ខ្ញុំមិនដឹងថាម៉េច? ថាទើបនឹងមាន ៨ នាក់ទេ ដែលបានរៀន។ កម្មវិធីមូសុងជាគម្រោងមនុស្សសាស្រ្ត ដែលជាកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសានិងអរិយធម៌បូព៌ានៃសាធារណរដ្ឋបារាំង។ មូសុងហ្នឹងស្អីទេ? (សួររដ្ឋមន្រ្តី) ខ្ញុំគ្រាន់តែចង់ដឹងថាគេធ្វើម៉េច។ យើងដឹងខាងសូនរូបគេធ្វើម៉េច ខាងរបាំគេធ្វើម៉េច ប៉ុន្តែមូសុងនេះធ្វើម៉េច? (រដ្ឋមន្រ្តីឆ្លើយ) គ្រាន់តែជាឈ្មោះសម្រាប់កម្មវិធីហ្នឹង ហើយក្នុងហ្នឹងគេមានផ្នែករបស់វាទៀត។ យល់ៗ។
(១៧) បណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតា ពី ២% ទៅ ៤% នៃយុវជនក្រីក្រ ១ លាន ៥ សែននាក់
ជាមួយនោះ ក៏សូមបញ្ជាក់ដែរថា ក្នុងចំណោមការបណ្ដុះបណ្ដាលសម្រាប់និស្សិតយុវជនក្រីក្ររបស់យើងនាពេលខាងមុខ រាជរដ្ឋាភិបាលនឹងចេញថវិកាដើម្បីជួយបណ្ដុះបណ្ដាលចំពោះយុវជនចំនួន ១ លាន ៥ សែននាក់ ក្នុងនោះយើងបានលៃទុកជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សគេហៅ មត៌កដូនតា ចំនួនពី ២% ទៅ ៤%។ នេះគឺជាចំនួនមួយដែលសាកលវិទ្យាល័យ ក៏ដូចជាក្រសួងត្រូវតែយកចិត្តទុកដាក់សហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្នែកពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យការបណ្ដុះបណ្ដាលគេហៅ មត៌កដូនតា វាដើរទៅមុខ។
(១៨) ប្រយ័ត្នក្មេងអ្នកជាន់ក្រោយទទួលតំណក្បួនខ្នាតមិនបានត្រឹមត្រូវ
នេះមិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំគួរតែត្រូវរំលឹកឲ្យបានច្បាស់ថា ប្រយ័ត្ន ១០០ឆ្នាំក្រោយ ឬ៥០ឆ្នាំក្រោយ ក្មេងអ្នកជាន់ក្រោយបែរជាទទួលតំណពីយើងអត់ត្រឹមត្រូវតាមក្បួនខ្នាត។ ខ្ញុំសុំស្នើឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗ បើសិនជាធ្វើមិនត្រូវទេគឺថា ថ្ងៃក្រោយមិនដឹងថាទៅជាស្អី? យើងទទួលមត៌កពីមុនមក យើងដឹងថា ព្រះភក្ដ្រព្រះបាទជ័យវរ្ម័នយ៉ាងម៉េច ព្រះកេសយ៉ាងម៉េច យើងស្គាល់ទម្រង់ហ្នឹង។ ផ្នែកដូចជាឥឡូវហ្នឹង អប្សរា ឬក៏សម្លៀកបំពាក់ជំនាន់ណាៗស្អី យើងបានដឹង។ ប៉ុន្តែ ឥឡូវនេះនាំគ្នាស្អីក៏ខ្មែរៗ តែទម្រង់វាមិនមែនខ្មែរ រួចហើយថ្ងៃក្រោយវាក្លាយទៅជាខ្មែរដែរ។ យើងថាខ្មែរទៅចុះ ប៉ុន្តែប្រសិទ្ធនាមវាឲ្យច្បាស់ថាខ្មែរសម័យណា ព្រោះវាមានសម័យរបស់វា។
(១៩) មិនមានការឈ្លានពានវប្បធម៌ទេ មានតែការទទួលយកដោយស្ម័គ្រចិត្ត
ខ្ញុំធ្លាប់ប្រតិកម្មជាមួយនឹងខ្សែភាពយន្តមួយ ស្លៀកពាក់មិនដឹងជាសម័យណា រួចហើយថា វាមានសម័យកាលរបស់វា។ ខ្ញុំថា ឲ្យឆ្លើយឲ្យខ្ញុំរបៀបហ្នឹងសម័យណា? អត់ហ៊ានឆ្លើយ។ តាំងពីហ្នុងមកជាង១០ ឆ្នាំ អត់ហ៊ានឆ្លើយទេ។ ប្រយ័ត្នមែនទែនកន្លែងហ្នឹង ភាពក្លាយ(វាទៅជាគំរូតមត៌ក)។ ខ្ញុំអត់ជឿទេ អំពីការឈ្លានពានខាងវប្បធម៌។ ខ្ញុំនៅតែអះអាងថា ខ្ញុំមិនជឿថាមានការឈ្លានពានវប្បធម៌នេះ ព្រោះមិនអាចនឹងឈ្លានពានកើតទេ។ អ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្ត នេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន។ យើងឃើញបារាំងមកត្រួតយើង ៩០ ឆ្នាំ សួរថា បារាំងអាចកែយើងបានទេ? យើងអត់ទទួលវប្បធម៌បារាំង។ វត្តអារាមរបស់យើងក៏មានទីកន្លែងដើម្បីនឹងរក្សាទុកអក្សរសាស្រ្ត ក្នុងពេលដែលបារាំងដើរត្រួតប្រទេសដទៃ គេនិយាយភាសាបារាំង យកភាសាបារាំងទៅប្រើ។
(២០) បារាំងហៅ ក្រម ង៉ុយ មកច្រៀង ហើយឲ្យកត់ត្រារក្សាទុក
ប្រទេសជិតខាងយើង ដូចជាប្រទេសវៀតណាម គាត់អក្សរពីដើមដូចអក្សរចិនអញ្ចឹង ហើយអានសំនៀងដូចគ្នា។ ភាសាដូចជា ចិនគេប្រើពាក្យគយ ចិនក៏ហៅ ហៃក្ខាង វៀតណាមក៏ហៅ ហៃក្វាង អញ្ចឹង។ នគរបាល វៀតណាមហៅ គង់អាន ចិនក៏ហៅ គង់អាន ដូចគ្នា។ អញ្ចឹងភាសាអ្នកទាំងពីរប្រហាក់ប្រហែលគ្នា អក្សរដើមក៏ប្រហាក់ប្រហែលគ្នាដែរ។ ពេលដែលបារាំងចូលមកធ្វើ romanisé ទៅជាភាសាមួយផ្សេង។ ឯកម្ពុជា បារាំងមិនមានលទ្ធភាពដើម្បីនឹងកែនូវវប្បធម៌ខ្មែរទេ នៅពេលដែលខ្មែរនៅតែបន្តរក្សាទុកនៅតាមវត្តអារាម។ ប៉ុន្តែ យើងក៏គួរតែដឹងគុណបារាំងដែរ។ ក្រមង៉ុយ បើយើងពិនិត្យមើលល្បើកក្រមង៉ុយស្អីៗនេះ គឺបារាំងហើយជាអ្នកហៅមកច្រៀង ហើយឲ្យគេកត់ត្រារក្សាទុក។ បានបារាំងជួយ កុំអីបាត់ក្រមង៉ុយបាត់។ អត់មានក្រមង៉ុយដល់រាល់ថ្ងៃទេ។ អាហ្នឹងវាមានចំណុចខ្លាំងចំណុចខ្សោយរបស់វា។
(២១) ការបំផ្លាញសំណង់បុរាណ នាំអោយចេញសំណង់ថ្មីខុសទំរង់ដើម
បញ្ហាដែលត្រូវប្រុងប្រយ័ត្ននៅកន្លែងនេះ ខ្ញុំសូមអង្វរករ ធ្វើយ៉ាងម៉េច ការចាក់ដូចជាបដិមា និយាយតាមមួយបែប ថាចាក់ព្រះគឺឲ្យត្រូវខ្នាត។ មានកន្លែងមួយ ខ្ញុំមិនចាំបាច់និយាយចំឈ្មោះទេ ខ្ញុំស្ដាយ។ ខំធ្វើព្រះវិហារ ធ្វើវត្តអស់លុយមិនចេះតិច ស្រាប់តែចាក់ព្រះមុខក្រមូវ។ ទៅថ្វាយបង្គំម្ដងៗ ដុតធូប មើលទៅមុខព្រះៗ មុខក្រមូវដាក់តែម្ដង។ ហ្នឹងមកពីពុម្ពចាក់មិនត្រូវ ហើយត្រូវប្រុងប្រយ័ត្ន តែកាលណាយើងដាក់ឲ្យប្រើប្រាស់ហើយ ធ្វើអភិសេកហើយ គ្មាននរណាទៅហ៊ានវាយចោលទេ។ អញ្ចឹងទេ ៥០ ទៅ ១០០ ឆ្នាំទៀត ក្មេងៗជំនាន់ក្រោយ អូ! ព្រះអញ កាលពីជំនាន់ដើមមុខអញ្ចឹងទេតើ ទៅជាក្លាយអស់រលីងទៅ។ ទន្ទឹមនឹងព្រះវិហារចាស់ៗមួយចំនួន កុដិៗចាស់មួយចំនួន សំណង់មួយចំនួនដែលបន្សល់ទុក ១០០ ឬជាង ១០០ឆ្នាំ គឺត្រូវវាយចោល បាត់បង់ស្លាកស្នាមដើម វាកើតចេញថ្មីមកវាខុសទម្រង់។
(២២) នាយករដ្ឋមន្ត្រីបង្ហាញទស្សនីយ៍ភាពសិល្បៈច្រើនឈុតឆាកក្នុងពិធីជប់លៀង
សម្លៀកបំពាក់ក៏ដូចគ្នា ត្រូវកំណត់ដំណាក់កាលណា? ដំណាក់កាលអង្គរ លង្វែក ចតុមុខ? ខ្ញុំនៅចាំបាន នៅតែស្រមៃ បើថាពេលនោះមិនទាន់ដឹងក្ដីទេ ដូចជានៅរៀនថ្នាក់កុមារដ្ឋាន ឬថ្នាក់បរិវច្ឆនដ្ឋានអីប៉ុណ្ណឹង ម្ដាយខ្ញុំនៅពាក់អាវបំពង់នៅឡើយទេ។ ដូចជាមានរូបថតម្ដាយក្មេងរបស់ខ្ញុំមួយគាត់ពាក់អាវបំពង់ មកដល់ទសវត្សរ៍ ៦០ ប្លាយទៅហើយហ្នឹងក៏នៅមានអាវបំពង់នៅឡើយទេ។ ឥឡូវនេះ វាបាត់បង់អាវបំពង់នោះហើយ ប៉ុន្តែនៅពេលដែលយើងសម្ដែងសិល្បៈ ដូចជានៅក្នុងពេលដែលព្រះមហាក្សត្រទទួលភ្ញៀវ គឺមានភ្លេងកំដរអញ្ចឹង (តែងតែមាន)។ បញ្ចប់បាយហើយ បានចាប់ផ្ដើមសិល្បៈយ៉ាងច្រើនគឺ ៣។ ឯចំពោះខ្ញុំអត់ទេ ចាប់សម្ដែងរហូតតាំងពីចាប់ផ្ដើមស៊ី ព្រោះខ្ញុំអត់មានសុន្ទរកថាទេ។ ចរចាអស់២ម៉ោងអីហើយ សុន្ទរកថាអីទៀត។ ទៅដល់សិល្បៈសម្ដែងតែម្ដង។ អញ្ចឹងសម្ដែងបានច្រើនឆាកច្រើនឈុត ក្នុងហ្នឹងទម្រង់ដើមដែលជារបាំព្រះរាជទ្រព្យផងនិងរបាំតាមតំបន់ ដូចជាទាក់ទិនជាមួយនឹងក្បាច់គោះត្រឡោក ក្ងោកប៉ៃលិន របាំសួយ បេះក្រវ៉ាញ ហើយមានដកអង្ក្រងអីណាទៀត។
(២៣) នយោបាយឈ្នះឈ្នះ ស្រោចស្រង់របាំសួយឱ្យមានជីវិត
អញ្ចឹងស្នាដៃថ្មីៗក៏បានបង្កើត។ ខ្ញុំសូមបញ្ជាក់ បើយើងធ្វើមិនទាន់ពេលសមាហរណកម្មប្រទេសនៅឆ្នាំ ១៩៩៨ របាំសួយអាចដាច់ពូជ។ មិនអាចមានយកមកលើឆាកនេះទេ។ ការអនុវត្ដនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយដែលនៅចន្លោះខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ និងខេត្តកោះកុង។ របាំសួយអាចដាច់ពូជបើសិនជាមិនមានការអនុវត្ដនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាព ការបង្រួបបង្រួមជាតិ ការឯកភាពទឹកដី។ ដោយសារតែយើងបានឯកភាពទឹកដីនេះហើយ បានផ្នែកវប្បធម៌របស់យើងចូលទៅសិក្សាភ្លាមទាក់ទងនឹងរបាំសួយនេះឯង បានយកមកឡើងលើឆាករាល់ថ្ងៃនេះ។ យើងត្រូវស្គាល់ប្រវត្ដិ វាមានទំនាក់ទំនងគ្នាអញ្ចឹង។ អ្វីក៏រស់ក្រោមសន្ដិភាពដែរ។ កន្លងទៅស៊ីហ្គេមរបស់យើងប្រព្រឹត្ដទៅក្រោមប្រធានបទកីឡារស់ក្នុងសន្ដិភាព។ ឥឡូវប៉ារ៉ាហ្គេមនឹងមកដល់ក៏នៅក្នុងហ្នឹង ប៉ុន្ដែនិយាយឲ្យពិតអ្វីៗទាំងអស់នៅក្រោមសន្ដិភាពទាំងអស់។ បើអត់សន្ដិភាពទេ ចាំរត់គេចតែគ្រាប់ផ្លោងបានហើយ។
(២៤) កុំចាំបាត់បង់សន្ដិភាពទើបស្រែករក ត្រូវចូលរួមថែក្សាទាន់សន្ដិភាពនៅមាន
កុំថា ហ៊ុន សែន កាច។ ខ្ញុំកាចច្បាស់ហើយ (តែ)ខ្ញុំមិនមែនសំលាប់មនុស្សទេ។ អ្វីដែលខ្ញុំត្រូវធ្វើគឺការពារសន្ដិភាព ព្រោះអ្នកឯងបួនដប់នាក់ មួយរយនាក់មកបំផ្លាញសន្ដិភាពសម្រាប់មនុស្ស ១៧ លាន នាក់ ធ្វើម៉េចយើងហៅថាការគ្រប់គ្រងប្រទេស។ អញ្ចឹងទេ យើងមិនអាចព្រលែងងាយៗទេ។ រឿងសន្ដិភាពមានតម្លៃណាស់ ហើយពិបាករកណាស់។ កុំចាំបាត់បង់សន្ដិភាពហើយបានស្រែករកសន្ដិភាព។ ពេលដែលបាត់បង់សន្ដិភាពទើបដឹងថាសន្ដិភាពមានតម្លៃប៉ុណ្ណា។ ឥលូវនេះកុំចាំបាត់បង់សន្ដិភាពហើយទើបស្រែករកសន្ដិភាព អញ្ចឹងមានសន្ដិភាពហើយត្រូវនាំគ្នាថែតទៅ។
(២៥) សម័យសង្គ្រាម យក្សរត់ចូលត្រង់សេ
ប្រហែលជានៅទីនេះអាចមានលោកគ្រូចាស់ៗខ្លះ ធ្លាប់នៅតំបន់កាលពីសម័យទសវត្ស៨០ ដែលសិល្បៈសុទ្ធតែបំពាក់ដោយកាំភ្លើង ហើយមិនហ៊ានលេងពេលយប់ទេ លេងពេលថ្ងៃ។ ពេលយប់ខ្លាចខ្មែរក្រហម ហើយលេងពេលថ្ងៃវាមិនសុខទៀត។ រឿងនឹងបានកើតឡើងនៅខេត្តកំពង់ធំ។ លេងពេលថ្ងៃ អាពតចូលមក ដល់អាពតចូលមកនាំទាំងយក្សទាំងអីទាញកាំភ្លើងចូលត្រង់សេ។ ក្មេងវាចេះតែយំ។ វាមិនយំខ្លាចខ្មែរក្រហមអី វាយំខ្លាចយក្ស ព្រោះយក្សកាន់កាំភ្លើង។ រឿងហ្នឹងជារឿងពិត។ ប្រហែលជាជីដូនជីតារបស់ចៅៗដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជួបប្រទះនូវព្រឹតិ្ដការណ៍អស់ទាំងនេះ។ រឿងកើតឡើងច្រើនណាស់។ កំពុងតែលេងគ្រាប់ផ្លោង។ ម្ខាងចង់តែមើលសិល្បៈ កូនវាមានដឹងខ្លាចអីវា។ វាដឹងតែចង់មើលសិល្បៈ ទារឪម៉ែទៅ។ មិនឲ្យទៅវាយំ។ ឪពុកម្ដាយនាំកូនទៅមើលសិល្បៈទាំងភ្នែកនៅកញ្ចឹងក។ ឥលូវអត់ទេ ចង់ទៅណាសូមអញ្ជើញ ម៉ោងប៉ុន្មានស្រេចនឹងចិត្ត ប៉ុន្ដែសុំ(កុំ)ឲ្យក្រោយម៉ោង១ ហើយស្រវឹងជោគ។ និយាយពីផ្លូវប៉ុណ្ណឹងហើយនៅបុកបានទៀត។ ខ្ញុំដូចជាឆ្ងល់ … ហ្នឹងជាសេរីភាពរបស់បុគ្គលតែសុំកុំទៅហួសហេតុពេក។
(២៦) ក្បាលម៉ាស៊ីនសង្ឃមហានិកាយ គួរជួបគ្នាស្រាយទំនាស់ មិនគួរផ្សាយតាមហ្វេសប៊ុកទេ
ខ្ញុំក៏សូមអបអរសាទរជាមួយនឹងក្រសួងដែលទទួលការបណ្តុះបណ្តាល ឥឡូវមានមូលដ្ឋានកាន់តែល្អ។ បណ្តុះបណ្តាលឲ្យមានគុណភាព ហើយរក្សាច្បាប់ដើមឲ្យបាន និងត្រូវកំណត់ ព្រោះមានពេលខ្លះការទិតៀន មកទិតៀនក្រសួងវប្បធម៌ ទិតៀនរដ្ឋមន្រ្តី អញ្ចឹងមានពេលខ្លះ ខ្ញុំទៅពន្យល់តែម្តង ដើម្បីឲ្យបញ្ចប់ពីរឿងទិតៀនគ្នានេះ។ វាហួសចិត្តរឿងមួយ។ កុំថាសំពត់រហែក ហើយហែកថែម។ យប់មិញ ស្រាប់ឃើញអគ្គលេខាធិការគណសង្ឃនាយកចេញសេចក្តីប្រកាសមួយទិតៀន សម្តេច សៅ ចាន់ថុល។ ឱព្រះអើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្តេច។ ព្រះអង្គអាចហៅគ្នាមកនិយាយបានទេ? ហេតុអ្វីផ្សាយការប្រេះឆាក្បាលម៉ាស៊ីននេះ។ អញ្ចឹងមានតែខ្ញុំព្រះករុណាខ្ញុំទៅដោះស្រាយទៀតហើយ។ ព្រះអង្គអើយព្រះអង្គ អីក៏ពិបាកម្ល៉េះព្រះអង្គអើយ។ អ្នកណាទៅនិយាយជាមួយលោកកើត មានតែខ្ញុំទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំសូមអង្វរករពីចម្ងាយចំពោះសម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈសម្តេចព្រះសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យ និយាយគ្នាទៅ ចាំបាច់អីទៅចេញសេចក្តីប្រកាសតាម facebook ។ ឥឡូវលោកទាស់គ្នាតាម facebook ទៅហើយ។
អញ្ចឹងខ្ញុំមិនដឹងថាត្រូវនិយាយថាម៉េច។ សូមដកទៅវិញបានទេនូវសេចក្តីថ្លែងការណ៍នោះ។ មើលទៅវាហួសចិត្តតែម្តង។ ដូចជាម៉ោងជិត ១២ យប់ហើយ។ ខ្ញុំថាងាប់ហើយ ទៅជាថាកាលពីតែងតាំងហ្នឹងគឺសម្តេច សៅ ចាន់ថុលហ្នឹងឯកភាពហើយ ក្រោយមកថាអត់ដឹងអត់ឮអីអញ្ចេះអញ្ចុះ។ ឥឡូវអញ្ចេះ សម្រួលគ្នាទៅ។ ដូចថាព្រះសង្ឃសម្តេច សៅ ចាន់ថុល ហ្នឹងដូចជាទៅអាមេរិកផងដែរទេ។ អញ្ចឹងគ្រាន់តែប៉ុណ្ណឹងគឺវាលំបាក ហើយអាសូរតែអ្នកណាព្រះសង្ឃទៀតទាស់គ្នា ព្រះសង្ឃកន្លែងខ្លះវាយគ្នាបណ្តោយ។ ញោមខន្តីញោម។ ខ្ញុំធ្លាប់និយាយហើយខន្តីញោមហ្នឹង ឥឡូវ ព្រះតេជព្រះគុណសម្តេចព្រះសង្ឃសុទ្ធតែងារសម្តេចព្រះរាជាគណៈ អត់ខន្តីផងមិនដឹងធ្វើម៉េចផងដូចពិបាកដែរ។
ឲ្យខ្ញុំព្រះករុណខ្ញុំទៅសម្របសម្រួលមិនដឹងសម្របសម្រួលម៉េចទេ មានតែស្រែកដាក់ក្បាលមេក្រូតែម្តងទៅ។ សំពត់រហែក ហែកថែមបណ្តោយទៅ។ បើមិនអញ្ចឹងទេ នៅតែខ្ជិប រួចហើយឲ្យគេឃើញកណ្តាលវាល។ ទើបនឹងនិយាយសុខដុមបនីយកម្មជាតិសាសន៍និងសាសនា។ ថានេះជាជម្លោះធម្មយុទ្ធនិងមហានិកាយទៅចុះ ប៉ុន្តែមហានិកាយខ្លួនឯងទាស់គ្នា ហើយទាស់គ្នាក្បាលម៉ាស៊ីនសង្ឃទៅទៀត។ រួចហើយទៅបញ្ចេញតាម facebook ធ្វើអី? ឬក៏លោកមិនលេង facebook ទេ តែពួកហែរហមជំនួយការនោះ។ ឯណារដ្ឋមន្រ្តីធម្មការ? រដ្ឋមន្រ្តីធម្មការឯងដឹងទេ។ ប្រហែលជាមិនដឹងទេព្រោះលក់តាំងពីម៉ោង៩កន្លះ។ ខ្ញុំដឹងហើយរដ្ឋមន្រ្តីសម័យឥឡូវគឺថា នេះសំណាងល្អដែលចេះមានថ្នាំលាបសក់ កុំអីអង្គុយខាងលើហ្នឹងសក់ទូលសំលីគ្រប់គ្នាហ្នឹង។
(២៧) សូមប្រៃសណីយ៍និងទូរគមនាគមន៍មើលក្រុមហ៊ុនផ្ដល់សេវា Home Internet
ក្រៅពីរឿងទាក់ទិនជាមួយរឿងនេះ ខ្ញុំក៏សុំអង្វរករនិយាយម្តងទៀត។ ប៉ុន្មានថ្ងៃនេះ Internet នៅប្រទេសរបស់យើងមានការរអាក់រអួល។ ខ្ញុំមិនដឹងថាមកពីមូលហេតុអី ប៉ុន្តែហ្នឹងថាវារអាក់រអួលម្តងម្កាល … មកកន្លែងនេះ គឺខ្ញុំអត់ប្រើប្រព័ន្ធទូរស័ព្ទទេ ឬក៏នៅផ្ទះពេលខ្លះប្រព័ន្ធដើរមិនស្រួលក៏ខ្ញុំប្រើប្រព័ន្ធទាក់ទងជាមួយនឹងផ្កាយរណបផ្ទាល់។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយទៅកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាទៅតាមបុរីនានាដែលកន្លងទៅតែងចុះហត្ថលេខាផ្ដាច់មុខឱ្យក្រុមហ៊ុននេះ/នោះ។ អ្នកឯងចុះហត្ថលេខាបំពានលើច្បាប់ ក្រោយមកគឺគ្រប់បុរីអនុញ្ញាតក្រុមហ៊ុនណាចូលក៏បាន ប៉ុន្តែគេដាក់ចេញឧបសគ្គរារាំង។ ដោយសារអី? … ឥឡូវអ្នករកស៊ីមន្ត្រីរាជការរបស់យើងដែលយើងត្រូវធ្វើការជាមួយរស់នៅតាមបុរី។ ក្នុងពេលបុរីហ្នឹងអត់មានសេវាអ៊ីនធើណេត ខ្ញុំអត់លេងជាមួយទេ។ សេវាទូរស័ព្ទក៏វាខ្សោយ សេវាអ៊ីនធើណេតក៏វាខ្សោយកន្លែងហ្នឹង។ ក្រុមហ៊ុនតែមួយទៀត។ ខ្ញុំចង់ចង្អុលបង្ហាញថាក្រុមហ៊ុនដែលអន់ជាងគេនៅស្រុកខ្មែរគឺឈ្មោះ ហូមអ៊ីនធើណេត។ ម៉ែ/ឪអន់។ អ្នកណាចុះហត្ថលេខាជាមួយក្រុមហ៊ុនហ្នឹង ប្រកាសអញ្ចឹងតែម្ដង។
ឥឡូវក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះមើលក្រុមហ៊ុនហ្នឹងបន្តិចមើល។ ខ្ញុំជួបប្រទះមនុស្ស៣នាក់ដែលខ្ញុំទាក់ទងទៅវាពិបាកទាក់ទង បញ្ជូនសារទៅវាជួនកាលបញ្ជូនចេញតែពីខាងយើង ប៉ុន្តែខាងនោះទទួលអត់បាន វានៅវិលខ្ញាល់។ បញ្ជូនពីនោះមកក៏អត់បាន ដោយសារអ៊ីនធើណេតវាខ្សោយ។ សុំប្រាប់ទៅម្ចាស់ថៅកែ ហូមអ៊ីនធើណេត បុគ្គលិករបស់អ្នកឯងគឺឫកធំ មិនដឹងប្រៀបធៀបថាម៉េចទេ។ ឫកធំជាងនាយករដ្ឋមន្ត្រីព្រោះនាយករដ្ឋមន្ត្រីអត់ដែលធ្វើឫកធំផងហ្នឹង។ ប្រៀបធៀបឫកធំជាងនាយករដ្ឋមន្ត្រីជំនាន់ លន់ នល់ ទៅចុះមាន អ៊ិន តាំ, ហង្ស ធុនហាក់។ ហង្ស ធុនហាក់ គឺអ្នកស្រុកជាមួយខ្ញុំ។ អ៊ិន តាំ ក៏ស្ទឹងត្រង់, ហង្ស ធុនហាក់ ក៏ស្ទឹងត្រង់, ខ្ញុំក៏ស្ទឹងត្រង់ដែរ ស្ទឹងត្រង់ផលិតនាយករដ្ឋមន្ត្រីបាន៣។ ហង្ស ធុនហាក់ ធ្លាប់ជាសាកលវិទ្យាធិការសាកលវិទ្យាល័យវិចិត្រសិល្បៈ បន្ទាប់ពីលោកតា វណ្ណ ម៉ូលីវណ្ណ។ គេហៅមកឱ្យធ្វើ៣, ៤, ៥ថ្ងៃ។ ខ្ញុំសួរថាម៉េចឯកឧត្តម ថ្ងៃទី១ម្សិលម្ងៃខ្ញុំហៅទៅក៏វានៅថាអត់ ចាំរកអ៊ីនធើណេត។ ដល់រកវិធីទាក់ទងថាឱ្យចេញមកកន្លែងណាមកដើម្បីទាក់ទងជាមួយគ្នា ហៅហើយក៏ប៉ុន្តែវាមិនមកធ្វើម៉េចវា។ បើសេវាអញ្ចឹងៗ រួចហើយថែមទាំងកន្លែងបុរីនានាផ្ដាច់មុខទៅទៀត វាមិនចប់។
(២៨) ឱ្យឱកាសប្រកួតប្រជែង ដើម្បីឈ្នះបានសេវាអាំងទែរណែតប្រើល្អ
ឌីជីថលយ៉ាងម៉េចទៅបើម្ចាស់ឌីជីថលវាមិនព្រមធ្វើ។ ខ្ញុំសូមរំលឹកជាសាជាថ្មីឱ្យត្រួតពិនិត្យទាំងអស់ ឱ្យគេទាញទៅ។ ផ្ទះខ្ញុំទាញ៣បណ្ដាញចូល។ បណ្ដាញ២ប្រើ បណ្ដាញមួយសង្រ្គោះ។ បើសិនជាបណ្ដាញមួយរអាក់រអួល ខ្ញុំចូលទៅបណ្ដាញមួយទៀត ហើយជួនកាលមួយពេលវាមិនដឹងមកពីអី ២បណ្ដាញហ្នឹងប្រើអត់បាន ខ្ញុំទាញបញ្ឆេះអានេះភ្លាម។ នេះគឺជាកម្មវធី Hotspot ទេ សម្រាប់ប្រើ ៨៣ប្រទេសដែលខ្ញុំទៅប្រទេសក្រៅ ខ្ញុំកម្រប្រើ(អ៊ីនធើណេត)អូតែល ខ្ញុំប្រើអានេះភ្ជាប់ សម្រាប់៨៣ ប្រទេសដើម្បីភ្ជាប់ជាមួយផ្កាយរណបផ្ទាល់។ ខ្ញុំសូមនិយាយត្រង់ទៅកាន់ ហូមអ៊ីនធើណេត មិនដឹងម្ចាស់វានៅឯណា។ ខ្ញុំចង់ស្គាល់ម្ចាស់វាបន្តិច។ (ហេតុអ្វី)បានវាអន់ទាំងល្បឿនអ៊ីនធើណេត ហើយវាអន់ទាំងសេវាគេហៅជួសជុល។ គេហៅទៅតទៅរៀបចំវាមិនទៅ បុគ្គលិកអ្នកឯងធ្វើការយ៉ាងម៉េច។ សូមម្ចាស់នានាមើល។ ឥឡូវគេធ្វើការតាមរបៀបបច្ចេកវិជ្ជាព័ត៌មានតាមឌីជីថល … បើសិនជាមកតែមកមួយបណ្ដាញគត់គឺមិនអាចទៅរួចទេ ព្រោះអ្នកខ្លះប្រើ០១២ អ្នកខ្លះប្រើ ០៩៧ អ្នកខ្លះស្មាត អ្នកខ្លះប្រើ Seatel ឱ្យឱកាសគេទៅជាការប្រកួតប្រជែង ដើម្បីឈ្នះទាំងអស់គ្នា។ បើមិនអញ្ចឹងស្លាប់ហើយ។ ខ្ញុំអត់អ៊ីនធើណេតគឺស្មើនឹងអត់បាយ អត់បាយគឺអត់បាន ប៉ុន្តែអត់អ៊ីនធើណេតខ្ញុំអត់មិនបានទេ។
(២៩) ក្រុមហ៊ុនលក់ internet តាមបុរី អនុវត្តវិធានការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
មន្ត្រីដែលធ្វើការជាមួយខ្ញុំ ច្រើនតែនៅតាមបុរី។ ក្នុងពេលដែលមុននេះបុរីផ្ដាច់មុខ ដល់ស្រែកទៅប្រាប់ថាយើងអត់ទទួលស្គាល់ផ្ដាច់មុខអ្នកឯង ព្រោះច្បាប់ស្ដីពីទូរគមនាគមន៍អត់មានផ្ដាច់មុខទេ។ អនុញ្ញាត ប៉ុន្តែធ្វើយកឧបសគ្គបច្ចេកទេសធ្វើជាមូលដ្ឋាន។ គាត់ចុះហត្ថលេខាជាមួយគ្នា ទាញខ្សែអ៊ីនធើណេតមួយដោយក្រុមហ៊ុនមួយ គាត់បណ្ដោយក្រុមហ៊ុនមួយហ្នឹងឆាឆៅ។ ខ្ញុំសូមរំលឹកទាំងម្ចាស់ក្រុមហ៊ុនដែលលក់អ៊ីនធើណេត ទាំងតាមបុរីនានា សូមយកវិធានការដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដាក់ចេញកន្លងទៅ។ សុំឱ្យបណ្ដាញអ៊ីនធើណេតនានាដំឡើងអង់តែនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីគេទាញ។ ដូចជាសេវាទូរស័ព្ទខ្លះគេអត់ប្រើអ៊ីនធើណេតទេ គេអត់ទាញដុំ WIFI ចូលទេ។ គេប្រើហ្នឹងទូរស័ព្ទ ប៉ុន្តែកន្លែងខ្លះទូរស័ព្ទគេប្រើបាន ប៉ុន្តែដូចជាយើងមកច្រើនរយនាក់ពាន់នាក់នេះ បើសិនជាទូរស័ព្ទហ្នឹងវាតែមួយប្រភេទ និយាយរួមទោះបី៤ បណ្ដាញហ្នឹងក៏ដោយក៏វាទាញផ្នែកហ្នឹងធ្លាក់ចុះ។ បានជាអ្នកខ្លះអាចនឹងពេលនេះម៉ោងនេះ ពេលគេរុញតាម WhatsApp ឬតេឡេក្រាម មកអត់ទាន់ចូលនៅវិលខ្ញាល់។ ទាល់តែយើងដើរចេញផុតពីហ្នឹងទៅនៅសល់គ្នាតិចអ៊ីនធើណេតកើតឡើងវិញ។
ខ្ញុំសូមនិយាយត្រង់ ព្រោះខ្ញុំកែបានតិចតួចពីផ្ដាច់មុខទៅមិនផ្ដាច់មុខ ប៉ុន្តែយកធ្វើជាឧបសគ្គ។ ក្រុមហ៊ុនតែមួយចូលកន្លែងហ្នឹងបាន ដល់ក្រុមហ៊ុនដទៃចូលមិនបាន។ ដល់ក្រុមហ៊ុនមួយហ្នឹងចូលបាន តែក្រុមហ៊ុនហ្នឹងវាអត់ផ្ដល់សេវាទេ ជាពិសេសហូមអ៊ីនធើណេតតែម្ដងអត់ធ្វើការទេ។ កូនចៅរបស់អ្នកឯងអត់ធ្វើការទេ។ ពង្រឹងកូនចៅរបស់លោកឯងទៅ។ គិតតែពីដើរយកលុយគេ តែអត់ធ្វើការឱ្យគេ អត់មានអ៊ីនធើណេតប្រើ។ ជួនកាលមាន ប៉ុន្តែគេដាក់ប៉ុន្មានមេ ដល់ពេលល្បឿននៃការប្រើវាយឺត។ ឥឡូវគេដើរដល់ 5G ហើយ ឯងល្បឿនអ៊ីនធើណេតនៅត្រឹម ២G អីទៅម៉េចរួច។ យើងកំពុងតែជំរុញឌីជីថលក្នុងពេលដែលពួកឌីជីថលវាប្រកួតប្រជែងផ្ដាច់មុខតែម្ដង។ រាជដ្ឋាភិបាលមិនទទួលយកបានទេ ហើយគ្រប់ទីតាំងអស់ត្រូវបើកឱកាសឱ្យគេចូល។ គេចង់ប្រើប្រព័ន្ធណា ដាក់ទៅរៀបចំទៅ សហការគ្នាទៅ។ ជួនកាលបង្កើតអង់តែនមួយទៅរួចហើយដាក់ទៅទាំង Metfone, Cellcard, Seatel, Smart ដាក់កន្លែងហ្នឹងទៅ ដើម្បីឱ្យវាស្រួលធ្វើការទាំងអស់គ្នា សម្រាប់ប្រព័ន្ធទូរស័ព្ទ ប៉ុន្តែសម្រាប់ខ្សែអនុញ្ញាតឱ្យគេទាញចូលទៅ។
ធ្វើយ៉ាងដូច្នេះអស់លោកនឹងលក់ផ្ទះដាច់។ សុំប្រាប់បើសិនជាកន្លែងហ្នឹងអត់មានសេវាទូរស័ព្ទទេ អស់លោកលក់ផ្ទះក៏វាមិនដាច់ដែរនិយាយឱ្យច្បាស់ជាមួយគ្នាទៅ។ គេពិបាកធ្វើការគេជេរម្ដាយតែម្ដង។ មិនដឹងអ្នកណាទេ ប៉ុន្តែខ្ញុំលួចជេរ ព្រោះខ្ញុំមានថ្ងៃខ្លះទៅមួយពូជវាតែម្ដង យកទៅអ៊ីនធើណេតនេះវាខ្សោយ។ ដាក់ទៅ ល្បឿនរបស់វាអត់ទៅ ប្ដូរទៅមួយទៀត។ មួយទៀតជួនកាលវាទៅ ប៉ុន្តែជួនកាលមួយពេលទៅជាមួយគ្នាតែម្ដង ចាប់ផ្ដើមបញ្ឆេះរបស់នៅក្នុងហោប៉ៅរបស់ខ្លួន ហើយដាក់លើក្បាលដំណេករាល់ថ្ងៃ។ កុំទៅជឿ ចេះតែនាំគ្នាថា ដាក់ទូរស័ព្ទក្បែរខ្លួនមានវិទ្យុសកម្ម។ វាមិនដែល បើអញ្ចឹងនៅតាមអូតែលផ្កាយ៥ គេដកអ៊ីនធឺណិតចោលអស់ហើយ។ ចេះតែនិយាយភូតគ្នា បោកគ្នា កុំដាក់អ៊ីនធឺណិតក្បែរខ្លួនក្នុងបន្ទប់។ ចេះតែនិយាយ ភូតគ្នា បោកគ្នា ថាកុំដាក់អ៊ិនធើណេតក្បែរខ្លួន ក្នុងបន្ទប់ ហ្នឹងកើតជាវិទ្យុសកម្មអីណា ធ្វើឲ្យយើងមានបញ្ហាសុខភាពអី។ យើងមើលនៅគ្រប់ប្រទេសទាំងអស់ ទៅដល់អ៊ិនធើណេតគេពេញៗ ទៅដល់យើងភ្ជាប់ WIFI គេ ហើយទូរស័ព្ទខ្លះ គេថា free WiFi ចូលទៅ គឺវា connect ឲ្យយើងតែម្តង។
ខ្ញុំសូមនិយាយបន្តិចទៅចុះ ព្រោះអញ្ចេះ ប៉ុន្មានថ្ងៃនេះ រៀងរអាក់រអួលបន្តិច រឿងអ៊ិនធើណេត។ មានរឿងមួយអញ្ចេះ មិនដឹងថាលោកព្រះណាអើយ ទៅភ្ជាប់អ៊ិនធើណេតខ្ញុំនៅមាត់សមុទ្រពិនិត្យទៅ ១២៤ នាក់ ភ្ជាប់អ៊ិនធើណេតខ្ញុំបាន ព្រោះខ្ញុំមានអ៊ិនធើណេតនៅក្នុងផ្ទះ។ អាហ្នឹងម្យ៉ាង។ កន្លែងខ្ញុំនៅខាងមុខ ទៅមុជទឹក ខ្ញុំក៏មានអ៊ិនធើណេតមួយ ពីរខ្សែបញ្ជូនទៅហ្នឹងដែរ។ សូម្បីតែពេលបញ្ជាវាយគ្នានៅព្រះវិហារ បញ្ជាតាមអ៊ិនធើណេតនៅមាត់សមុទ្រហ្នឹងតើ។ ពេលហ្នឹងកំពុងបញ្ជាបាញ់ អ៊ិនធើណេតគ្រប់គ្រាន់កាលហ្នឹង។ ប៉ុន្តែក្រោយមកចេះតែយឺតទៅៗ ដល់អ្នកបច្ចេកទេសគេចុះទៅ ម្រាយអើយ មិនដឹងអ្នកណាគេដឹង password យើង គេទាញយក ១២៤ នាក់។ អញ្ចឹងកាត់ចោលទាំងអស់ ដូរលេខកូដចេញ។
(៣០) សម្តេចនឹង block មនុស្សមួយចំនួន
សូមនិយាយផងដែរ អ្នកខ្លះ add ចូលក្នុងតេឡេក្រាមរបស់ខ្ញុំ ហើយនាំរឿងមក។ ខ្ញុំសុំលុបចោលហើយ។ ម្សិលមិញលុបចោលមួយ។ បើសិនជា add ចូលមកជាមួយខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យ add ទេ។ ប៉ុន្តែអ្នកខ្លះដែលបាន add ហើយ កុំនាំរឿងមកឲ្យខ្ញុំ។ ខ្ញុំមានការច្រើនណាស់។ ឥឡូវគឺម្នាក់ដែលខ្ញុំលុបចោលពីម្សិល ខ្ញុំទៅទទួលភ្ញៀវ កំពុងដើរចូលទៅ ធម្មតាខ្ញុំឆែកមើល។ ទោះបីដើរក៏ខ្ញុំមើល ក៏ឃើញផ្ញើមកទៀត។ អានេះជំនួញដីធ្លីតែម្តង បន្តិចវាយករឿងនេះៗ ក្នុងពេលដែលអាជ្ញាធរគេដោះស្រាយ។ នាយករដ្ឋមន្ត្រីទៅដោះស្រាយរឿងអញ្ចឹងឬ។ អញ្ចឹងសុំប្រកាស សុំទោសទុកជាមុន ខ្ញុំនឹង block ចោល អ្នកណាក៏ដោយ ដែលភ្ជាប់ចូលមកជាមួយ ហើយនាំរឿងមកឲ្យ។ ខ្ញុំដឹងថា អស់លោកចង់រកយុត្តិធម៌ ក៏ប៉ុន្តែបើមួយប្រទេសនាំគ្នាដាក់រឿងមកឲ្យនាយករដ្ឋមន្ត្រីដោះ តើដោះយ៉ាងម៉េច? កន្លងទៅឃើញមក ខ្ញុំចេះថា តើរឿងហ្នឹងកើតនៅខេត្តណា ខ្ញុំ forward ទៅឲ្យខាងហ្នឹង … ដល់យូរៗអានេះមួយថ្ងៃមានមួយរឿង ពីរថ្ងៃមានមួយរឿង អញ្ចឹង block ចោលបណ្តោយ។
បន្តិចទៀតខ្ញុំនឹងចាប់ផ្តើម block។ ចេញទៅវិញ មើលតាមឡាន។ អាណាគួរ block ចោល … តេឡេក្រាមឥឡូវត្រូវគេ hack ទៀត ត្រូវប្រុងប្រយ័ត្នអំពីបញ្ហាហ្នឹង។ សុំបញ្ជាក់ទៅលើបញ្ហាឌីជីថលបន្តិចរឿងហ្នឹង ហើយសុំជូនព័ត៌មានទុកជាមុន។ សូមថា បើធ្វើសារមកខ្ញុំ សុំកុំធ្វើវែង ខ្ញុំអត់មានពេលស្តាប់ទេ។ ខ្ញុំមានការងាររបស់ខ្ញុំ។ ជួនកាលគ្រាន់តែចុះពីលើឡាន ឡើងទៅចូលប៊ុយរូ មិនទាន់ទាំងបាននេះផង ត្រូវជួបភ្ញៀវ ដល់សារលេង ៣០ នាទីឯណោះ ជួនកាលមក ៨ បន្ទាត់។ មួយបន្ទាត់គិតមើលទៅ ៣ នាទី ៥ នាទី ៦ នាទី ៧ នាទី ម៉ែអាណាអង្គុយស្តាប់។ បើវាយវែងទៀត គឺអត់មើលទេ។ កូនៗ ក្មួយៗ អ្នកដែលចង់វាយមកសួរសុខទុក្ខអី កោតសរសើរស្អីៗ សុំវាយ ២ ៣ បន្ទាត់បានហើយ បើមិនអញ្ចឹងទេ ខ្ញុំគ្រាន់តែអូស អ្នកឯងឃើញថាអក្សរនេះ ស្មានថាខ្ញុំអាន។ ខ្ញុំអត់អានទេ ខ្ញុំអានតែអ្វីជារបស់អ្នកដែលសុំយោបល់ខ្ញុំទេ។
ដល់និយាយយូរពេក ច្រើនពេក អញ្ចឹងទេ អត់បានការទៅវិញទេ។ ខ្ញុំក៏មិនមែនជាកន្លែងសម្រាប់ទទួលយកនូវសំណុំរឿង។ រឿងខ្លះគេដោះស្រាយដល់ណាដល់ណីហើយ ហើយរឿងយើងទៅ គេហៅថាធ្វើជំនួញតែម្តង ខ្ញុំមិនតាមរករឿងអ្នកទាំងហ្នឹងទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថា ឈប់ទៅ ឈប់ភ្ជាប់មកជាមួយខ្ញុំ។ ចឹងបានខ្ញុំដូរលេខទូរស័ព្ទ។ ឥឡូវឈប់ដូរហើយ មានវិធីតែមួយគត់គឺថា block ចោលតែម្តង។ ដូរទៅ គង់តែគេស្គាល់ដដែល ព្រោះយើងត្រូវចែកជូនឲ្យមន្ត្រីរដ្ឋាភិបាលដឹង ហើយមន្ត្រីរដ្ឋាភិបាលឲ្យប្រពន្ធដឹង ហើយប្រពន្ធក៏ឲ្យទៅអ្នកផ្សេងដឹង។ អញ្ចឹងមកចូលដដែល។ អញ្ចឹងមានតែពីថ្ងៃនេះទៅឲ្យតែ add មក block អញ្ចឹងហ្មង ស្រួល។ ថ្ងៃនេះបាននាំមកសម្រាប់ជ័យលាភីចំនួន ៨៨៨ អង្គ/នាក់ ក្នុងម្នាក់ៗប្រគេន និងជូនថវិកាចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិត និងបុគ្គលិកពិការចំនួន ៤ ក្នុងម្នាក់ៗថវិកាចំនួន ១ លានរៀលដែរ។
យើងនឹងព្យាយាមយកមេដាយប៉ារ៉ាហ្គេមឲ្យច្រើនទៀត
ប្រយ័ត្នភ្លេចអញ្ជើញជនពិការទៅមើលស៊ីហ្គេមជនពិការ។ រករៀបចំសំបុត្រឲ្យទៅមើលផងដើម្បីឲ្យពិការ យើងពិការរាងកាយ តែមិនពិការផ្លូវចិត្តទេ។ យើងរៀនសូត្របានរហូតមកដល់ពេលនេះដែរ។ ឥឡូវយើងក៏មានជនពិការ។ ជានិច្ចជាកាល ប៉ារ៉ាហ្គេម យើងបញ្ជូនទៅកីឡាតិចមែន ក៏ប៉ុន្តែយើងទទួលមេដាយមាសច្រើនណាស់ លើកនេះ ខ្ញុំជឿថា យើងនឹងទទួលមេដាយច្រើនទៀត។ បំបែកឯកទត្តកម្មរួចហើយផ្នែកស៊ីហ្គេម ប៉ុន្តែនៅប៉ារ៉ាហ្គេម។ យើងនឹងទទួលមេដាយច្រើនទៀត។ ឥឡូវកំពុងតែហ្វឹកហាត់ខ្លាំងណាស់។ ខ្ញុំនឹងជួបនៅល្ងាចថ្ងៃ ២៦ ព្រោះវានៅសល់ទំនេរតែពេលហ្នឹង។ សល់តែមួយល្ងាចហ្នឹង។ ហ្នឹងដូចជាជូនដំណើរកីឡាករ កីឡាការិនីរបស់យើងទៅប្រកួតដូចគ្នា។ ខ្ញុំជួបពេលចេញទៅប្រកួតនៅក្រៅប្រទេសក៏ខ្ញុំជួបទាំងពីរទាំងទៅស៊ីហ្គេម និងទៅប៉ារ៉ាហ្គេម។ ខ្ញុំហ្នឹងក៏ជាប្រធានគណៈកម្មការប៉ារ៉ាហ្គេមអូឡាំពិក។ ខ្ញុំមិនធ្វើប្រធានគណៈកម្មការអូឡាំពិកទេ ក៏ប៉ុន្តែខ្ញុំធ្វើប្រធានគណៈកម្មការប៉ារ៉ាអូឡាំពិក ដោយសារសំដៅលើកទឹកចិត្តឲ្យជនពិការប្រឹងប្រែងក្នុងបញ្ហាកីឡា។ ខ្ញុំក៏ស្ថិតក្នុងចំណោមជនពិការម្នាក់ដែរ ធ្វើប្រធានអត់មានអីខុសទេ ហើយបើខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រី ក៏ខ្ញុំនៅធ្វើប្រធានគណៈកម្មការប៉ារ៉ាអូឡាំពិកហ្នឹងដែរ។
ជូននិស្សិតកំពុងសិក្សាដែលបានចូលរួមក្នុងអង្គពិធីនេះ មានចំនួន ២៦៨៥ នាក់ ក្នុងម្នាក់ៗជូនថវិកា ២ ម៉ឺនរៀល តិចតួចទេក្មួយអើយ។ ជូនសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៣៣១ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនក្រុមរបាំជូនពរ និងក្រុមតន្រ្តី អម្បាញ់មិញនេះគឺចំនួន ៥ លានរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ១០ លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកាចំនួន ៣ លានរៀល។ ជាមួយនឹងការអបអរសាទរ សម្រាប់ការសម្ពោធអគារសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ និងការអបអរសាទរជាមួយនឹងជ័យលាភី ដែលទទួលការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ជាពិសេសក្មួយៗជ័យលាភីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ សូមអរគុណ៕