- សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
- សមាជិក សមាជិកា នៃអង្គមីទ្ទីង និងជនរួមជាតិទាំងអស់ជាទីស្នេហា !
ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ នៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងរបស់មនុស្សជាតិ។
យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជននៃកងទ័ពស័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិតក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្តៅមរណៈនៃរបបដ៏យង់ឃ្នងនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភពជារៀងរហូតទៅ។
ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។ សូមថ្វាយព្រះពរព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះរាជទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប ជារៀងដរាប។
អង្គមីទ្ទីង ជនរួមជាតិជាទីស្នេហា !
បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម ក្រោមម្លប់នៃសន្តិភាព ហើយខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍមាតុភូមិ និងលើកកម្ពស់ជីវភាពរបស់ខ្លួន។ ទោះបីជាយ៉ាងនេះក្តី ក៏ការឈឺចាប់ខ្លោចផ្សាដែលបណ្តាលមកពីការបាត់បង់យ៉ាងធំធេងក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍រយៈពេល ៩ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ដើមឆ្នាំ ១៩៧៩ នៅតែដក់ជាប់ជានិច្ចក្នុងមនសិការរបស់ខ្មែរគ្រប់រូបដែលមិនអាចបំភ្លេចបានឡើយ។ យើងទាំងអស់គ្នានៅតែចងចាំថា រដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បាននាំប្រទេសជាតិពីសន្តិភាពឲ្យធ្លាក់ទៅក្នុងភ្លើងសង្រ្គាមដ៏សន្ធោរសន្ធៅបំផុត ដែលបានដុតបំផ្លាញមាតុភូមិ និងសម្លាប់ជីវិតប្រជាជនយើងអស់ជាងកន្លះលាននាក់។ បន្ទាប់មក ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មាតុភូមិកម្ពុជាដ៏អភ័ព្វបានបន្តធ្លាក់ទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលពួកឃាតករ ប៉ុល ពត បានបង្កឡើង។ នៅក្រោមរបបផ្តាច់ការរបស់ប៉ុល ពត សង្គមជាតិទាំងមូលត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជនត្រូវបាត់បង់ទាំងស្រុង ប្រជាជនជាង ៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌ ឯអ្នកនៅរស់ក៏រង់ចាំតែថ្ងៃត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ច្បាស់ណាស់ថា បើគ្មានការជួយសង្រ្គោះឲ្យទាន់ពេលទេនោះ ប្រជាជាតិយើងត្រូវប្រឈមនឹងការវិនាសដែលមិនអាចវិលត្រឡប់វិញបានឡើយ។
ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រឆាំងនឹងរបបព្រៃផ្សៃនេះ ប្រកបដោយវីរភាពបំផុត។ នៅលើមាគ៌ាឆ្ពោះទៅរកការផ្តួលរំលំរបប ប៉ុល ពត មានព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តមួយចំនួនដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះដំណើរការសង្រ្គោះជាតិ។ ព្រឹត្តិការណ៍ទាំងនោះរួមមានៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំព្រះករុណាខ្ញុំ និងយុទ្ធមិត្ត ៤រូបទៀត បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ, ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជាត្រូវបានបង្កើតឡើងដែលដឹកនាំដោយខ្ញុំព្រះករុណាខ្ញុំ, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនិងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម, ព្រមជាមួយនោះ មានចលនាតស៊ូប្រឆាំង ប៉ុល ពត នៅខេត្តកោះកុង និងនៅភូមិភាគឦសាន រួមទាំងកម្លាំងប្រមូលផ្ដុំនៅប្រទេសវៀតណាមភាគខាងជើង ក្រោយសន្ធិសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤។ ផ្តើមចេញពីចលនាទាំងនេះបានផ្តល់ឱកាសដល់ការបង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់តំណាងឲ្យឆន្ទៈរបស់ប្រជាជនកម្ពុជា។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរបបប្រល័យពូជសាសន៍ឲ្យដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ជ័យជម្នះ ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ, បាននាំយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត, បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។ ជ័យជម្នះ ៧មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧មករា។
លើមូលដ្ឋានជ័យជម្នះ ៧មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផង មិនតែប៉ុណ្ណោះត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។ ភារកិច្ចចម្បងរបស់យើងនៅពេលនោះ គឺការពារការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ខិតខំស្តារ កសាងសេដ្ឋកិច្ច សង្គម និងជីវភាពប្រជាជនឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេឲ្យមានស្ថិរភាពជាជំហានៗ។ អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងកម្លាំងមហាសាមគ្គីជាតិ យើងបាននាំប្រទេសជាតិឲ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុតជាបន្តបន្ទាប់រហូតអាចពង្រឹងពង្រីកខ្លួនបាន ដែលបានបង្កបុព្វបទ និងលក្ខណសម្បត្តិចាំបាច់ឲ្យប្រជាជាតិយើងបន្តដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ នៅលើមាគ៌ានេះ យើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ សន្តិភាពបានបង្កើតឱកាសមាសសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពសុខសាន្តរបស់ប្រជាជនយើងរយៈពេល ៤៤ឆ្នាំ ហើយ។
អង្គមីទ្ទីង ជនរួមជាតិជាទីស្នេហា !
ពេលនេះយើងបានឈានចូលឆ្នាំ២០២៣ហើយ ដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។
នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្តី។ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូល-ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។ ពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្រ្ត និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេច បានកំណើន ៦,៦% នៅឆ្នាំ២០២៣។ ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។ នៅឆ្នាំ២០២៣នេះ មន្ត្រី-រាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធន-និវត្តន៍របស់អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ, ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់ ២០០ដុល្លារ រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ ដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សរបស់កម្ពុជា កំពុងបន្តទៅមុខតាមគន្លងនីតិរដ្ឋ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ គ្រប់កិច្ចការ និងសកម្មភាពរបស់គណបក្សនយោបាយនានាក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក៏កំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងសមិទ្ធផលខាងលើ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់ឡើងលើឆាកអន្តរជាតិ ពិសេសឆ្លងតាមជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន, ការប្រព្រឹត្តទៅនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅរាជធានីភ្នំពេញ, ការចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅប្រទេសបែលហ្ស៊ិក និងការប្រជុំអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ។
ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ភាពពិតជាក់ស្តែងទាំងនេះ បានបញ្ជាក់ច្បាស់អំពីការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។
អង្គមីទ្ទីង ជនរួមជាតិជាទីស្នេហា !
ស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត យើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច។
៤៤ឆ្នាំកន្លងទៅនេះ គឺជា ៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពីទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និងពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្រ្គាម ការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។ ពិតណាស់ថា ផ្លូវទៅមុខនៅតែមានឧបសគ្គ និងការលំបាកធំៗយ៉ាងច្រើនបន្តទៀត ប៉ុន្តែគ្មានអ្វីអាចមករារាំងយើងបានឡើយ ឲ្យតែយើងមានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តដើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ដូចដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ។ យើងគប្បីចងចាំថា គឺកត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់នៃជ័យជម្នះ រីឯកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រជាជាតិមួយដែលមានឯកភាពជាតិ ប្តូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យបានឡើយ។ ដូច្នេះត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់រង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណាឬអនុភាពណាមកបំផ្លាញបានឡើយ។
ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវាបន្តបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង។ ជនណា ឬគណបក្សនយោបាយណាដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន។
ការលើកកម្ពស់ជីវភាពប្រជាជន គឺជាគោលបំណងជាសារវន្តរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការជំរុញអនុវត្តប្រកបដោយប្រសិទ្ធផលនូវរាល់គោលនយោបាយ និងវិធានការនានាក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ បច្ចុប្បន្នជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទន្ទឹមនោះក៏នៅមានប្រជាជនយើងមួយចំនួននៅបន្តជួបការលំបាកខ្លាំងក្នុងការរស់នៅ ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ និងកត្តាផេ្សងៗទៀត។ ក្នុងន័យនេះ ខ្ញុំសូមឲ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងមន្រ្តីគ្រប់លំដាប់ថ្នាក់ បន្តខិតខំដោះស្រាយសំណូមពររបស់ប្រជាជននៅមូលដ្ឋាន ពង្រឹងសុវត្ថិភាពភូមិ-ឃុំ-សង្កាត់ ពង្រីកស្ថានភាពអំណោយផលដល់ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ និងជំរុញការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យបានល្អ ដើម្បីធានារក្សាលំនឹងជីវភាព និងបង្កើនឱកាសសម្រាប់ការលើកស្ទួយជីវភាពរបស់ប្រជាជន។
បងប្អូនជនរួមជាតិជាទីស្នេហា! នៅសល់រយៈពេល ៧ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នឹងមកដល់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិកាណ៍ជាប្រវត្តិសាស្រ្តមួយមានអត្ថន័យយ៉ាងធំធេងចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា។ ប្រជាជនយើង ដែលបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិ ចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ចំនួន ៥ លើក រួចមកហើយនោះ ពិតជាមានការយល់ដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការការពារសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពឲ្យបានកាន់តែប្រសើរឡើង។ នៅក្នុងបរិការណ៍នេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ខ្ញុំសូមប្រកាសជាឱឡារិកនូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតខាងមុខនេះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ព្រមជាមួយនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានានៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ ហើយចូលរួមទាំងអស់គ្នាក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញ តានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែលបណ្ដាលមកពីការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយរវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាពជាសាកលនោះ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាដែលជាប្រទេសសមាជិកដ៏សកម្មមួយនៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។ ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ដែលកម្ពុជាបានជួបរួចមកហើយនោះ យើងយល់ថាសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពបាន។
ក្នុងឱកាសដ៏ឱឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំទាំងអស់នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួម-ជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់យុត្តិធម៌ ការគាំទ្រ និងការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខ្ញុំព្រះករុណាខ្ញុំ រយៈពេល ៤៤ឆ្នាំ កន្លងទៅនេះ ដែលធ្វើឲ្យគណបក្ស និងខ្ញុំព្រះករុណាខ្ញុំ អាចបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនប្រកបដោយជោគជ័យ។ ខ្ញុំព្រះករុណាខ្ញុំ នឹងបន្តខិតខំធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីភាពរីកចម្រើនរឹងមាំ និងភាពសុខសាន្តរបស់មាតុភូមិ និងប្រជាជនកម្ពុជា។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និងប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទីង និងជនរួមជាតិទាំងអស់ សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ សូមអរគុណព្រះគុណ សូមអរគុណ !