(១) ជាតិលេខ ៤១ និង ៥១ បានសាងសង់ពីឆ្នាំ ២០១១ ““លុយតិច តែធ្វើផ្លូវឱ្យបានវែង””, ត្រូវការសាងសង់ឡើងវិញក្រោយប្រើការបានប្រមាណ ១០ ឆ្នាំ, ឆ្លងកាត់ ៤ ខេត្តនិង១០ស្រុក, ផ្លូវ ៤១ ត្រូវចំនាយ ៦៧ លានដុល្លារ
ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីបើកការដ្ឋានពង្រីក គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹង តភ្ជាប់ទៅកាន់ខេត្តកំពត។ អម្បាញ់មិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរាយការណ៍យ៉ាងក្បោះក្បាយ អំពីបញ្ហាបច្ចេកទេសទាក់ទងនឹងការកសាងផ្លូវនេះ ក៏ដូចជាអត្ថប្រយោជន៍នៃការកសាងផ្លូវនេះ។ ខ្ញុំសុំយកឱកាសនេះ ដំបូងថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង វិនធាន និងតាមរយៈឯកឧត្តម វ៉ាង វិនធាន សូមផ្ដាំផ្ញើនូវការអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវឥណទានសម្រាប់ការពង្រីក លើកកម្ពស់គុណភាពនៃផ្លូវនេះ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង យើងធ្លាប់បានកសាងផ្លូវនេះរួចម្ដងហើយ ដែលនៅពេលនោះយើងបានសាងសង់នៅឆ្នាំ ២០១១ … ប៉ុន្តែស្ថានភាពផ្លូវពេលនោះ ដូចជាដែលខ្ញុំនិយាយនៅឯខេត្តព្រះសីហនុ យើងធ្វើផ្លូវ “លុយតិច តែធ្វើផ្លូវឱ្យបានវែង”។ ឥឡូវស្ថានភាពនេះ វាមិនដូចគ្នាទេ។ យើងត្រូវតែមានការសាងសង់បន្ថែម ដោយធ្វើការពង្រីក និងពង្រឹងគុណភាពសម្រាប់ស្ដារឡើងវិញ។
ត្រង់ណាទេ ឥឡូវអ្នកធ្វើឯកសារឱ្យខ្ញុំហ្នឹង គឺកាន់តែពិបាកមើលទៅៗ ទាល់តែចាំខ្លួនឯងតែម្ដង។ មើលរកកន្លែងកាលបរិច្ឆេទនៃការសាងសង់។ កាលហ្នឹងឯកឧត្តម ផាន ហ្គ័នសៀ (Pan Guangxue) ដែលជាមកបើកការដ្ឋានជាមួយខ្ញុំ។ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១១ ពេលនោះ គឺបើកការដ្ឋានសាងសង់ជាមួយនឹងឯកឧត្តមអតីតអគ្គរដ្ឋទូតចិន ផាន ហ្គ័នសៀ។ បន្ទាប់ទៅ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៥ យើងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ … ផ្លូវនេះបានបម្រើកិច្ចការប្រមាណជា ១០ឆ្នាំ ប៉ុន្តែផ្លូវនេះ ទទួលរងការខូចខាត ដែលយើងត្រូវតែធ្វើ។ ប្រវត្តិដើមរបស់ផ្លូវនេះ យើងអាចពិនិត្យឃើញថា វាបានតភ្ជាប់ ហើយវាមានប្រវត្តិនៃអតីតកាលរបស់វា ដែលយើងគួរតែត្រូវនិយាយថា … តាំងពីព្រះមហាក្សត្រគ្រប់ជំនាន់ពីមុននេះ គឺយកព្រះទ័យទុកដាក់ទៅលើការតភ្ជាប់(ផ្លូវនេះ)ឯង។ សម័យនោះ ផ្លូវលេខ ៥១ និងផ្លូវ ៤១ នេះ គឺជាផ្លូវព្រះបាទអង្គឌួង ដែលកាលពេលនោះ នៅក្នុងប្រវត្តិសាស្រ្តដែលបានកត់ត្រា ក៏ដូចជាការចងចាំនៃអ្នកជំនាន់មុន គឺពេលនោះ ក្រៅពីការវាយដណ្ដើមទីក្រុងភ្នំពេញហើយ ព្រះបាទអង្គឌួង ព្រះអង្គមិនតាំងរាជធានីនៅភ្នំពេញភ្លាមទេ ព្រះអង្គទៅតាំងរាជធានីនៅឯវាំងចាស់ឯណោះ។ ឥឡូវនេះ វាំងចាស់ ក្លាយទីជាទីអារាមមួយ ដែលខ្ញុំទៅធ្វើបុណ្យ និងកសាងព្រះវិហារនៅទីនោះ។ ដើម្បីជាការតភ្ជាប់ចុះទៅសមុទ្រ ព្រះបាទអង្គឌួង ក៏បានរៀបចំផ្លូវ ដែលផ្លូវនេះ អ្នកខ្លះហៅផ្លូវ ៤១, អ្នកខ្លះហៅថា ផ្លូវព្រះបាទអង្គឌួង ឬផ្លូវអង្គឌួងនៅឡើយ។ អញ្ចឹងចក្ខុវិស័យនៃការតភ្ជាប់នៅទីនេះ ក៏បានបង្ហាញយ៉ាងច្បាស់តាំងពីសទវត្សទី១៩។ យើងមិនចាំបាច់និយាយឆ្ងាយលើសពីនេះទេ ប៉ុន្តែគ្រាន់តែចាប់ផ្ដើមពីអតីតព្រះមហាក្សត្រ គឺព្រះបាទអង្គឌួង ដែលពេលនោះបន្ទាប់ពីភាពវឹកវរខ្លាំង ហើយវាយដណ្ដើមបាននូវរដ្ឋធានីចតុមុខវិញ ទៅតាំងរាជធានីនៅឧដុង្គ នូវវត្តវាំងចាស់ ដែលទីនោះ គឺជាព្រះរាជវាំង ហើយក៏តភ្ជាប់ផ្លូវ។ ឥឡូវនេះ ផ្លូវម្ខាងហៅថា ផ្លូវលេខ ៥១ ដែលយើងបានចាក់បេតុងរួចរាល់ សម្រាប់ជាការតភ្ជាប់មកដល់ផ្លូវជាតិលេខ ៤។
បន្ទាប់ទៅ គឺមានការតភ្ជាប់ផ្លូវពីត្រឹមផ្លូវជាតិលេខ ៤ នេះចុះទៅកាន់ខេត្តកំពត។ បច្ចុប្បន្ននេះ យើងបានកំពុងតែតភ្ជាប់ផ្លូវនេះឆ្លងកាត់ខេត្តចំនួន ៤៖ ខេត្តទី១ គឺខេត្តកណ្ដាល សម្រាប់ផ្លូវផ្នែកខាងណេះ កាត់ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង, ឯខេត្តកំពង់ស្ពឺ គឺ(ឆ្លង)កាត់ស្រុកគងពិសី ដែលយើងកំពុងស្ថិតនៅនេះ សំរោងទង និងបរសេដ្ឋ, ឯខេត្តតាកែវ (ឆ្លង)កាត់ស្រុកត្រាំកក់ និងខេត្តកំពត យើង(ឆ្លង)កាត់ស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់។ យើងកាត់ខេត្តរហូតដល់ទៅ ៤ និងស្រុកចំនួន ១០ស្រុក ដែលយើងបានឆ្លងកាត់។ នេះជាផលប្រយោជន៍នៃទំនាក់ទំនងក្នុងការតភ្ជាប់ ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូន ដែលជាចំណុចពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។ ពាក្យខ្មែរយើងថា “មានផ្លូវ គឺមានសង្ឃឹម” ឯនៅប្រទេសចិន ក៏មានសុភាសឹតមួយថា “បើចង់មាន ឱ្យធ្វើផ្លូវ”។ អញ្ចឹង គេតែងតែសួរគ្នាអញ្ចេះ ដូចជាទៅប្រលងអញ្ចឹង ប្រលងជាប់ ឬមិនជាប់ គេមិនសួរថា ប្រលងជាប់អត់ទេ (គេសួរថា) “មានផ្លូវអត់ ក្មួយ ឬប្អូន?”។ ឬទៅរកត្រីអីអញ្ចឹង (គេសួរថា) មានផ្លូវអត់? បើឆ្លើយថា “អត់ទេ” អាហ្នឹងបានសេចក្ដីថា រកត្រីមិនបានទេ បើថា “មានផ្លូវពូ” អាហ្នឹងច្បាស់ជារកត្រីបាន។ ប្រលងក៏ដូចគ្នាដែរ បើអត់ផ្លូវ ក៏អត់ជាប់ដែរ ហើយបើថា មានផ្លូវ អាហ្នឹងគឺជាប់ អាហ្នឹងគឺទាក់ទិននឹងការតភ្ជាប់នេះ។
ខ្ញុំពិតជាមានការរីករាយ ដោយសារតែផ្លូវនេះ បានរៀបចំកសាងឡើងវិញនៅក្នុងស្ថានភាព នៃការដែលយើងពង្រឹងនូវគ្រឹះរបស់វាផងនិងពង្រីកទំហំរបស់វាផង។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ។ ខ្ញុំក៏សុំយកឱកាសនេះ គឺសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ ក្នុងមួយរយៈកាល ពិតជារំខានទៅដល់បងប្អូន ប៉ុន្តែបន្ទាប់ពីការសាងសង់ហើយនោះ ផ្លូវទាំងនេះ នឹងផ្ដល់ផលប្រយោជន៍ធំធេងណាស់សម្រាប់បងប្អូនដែលរស់នៅតាមដងផ្លូវនេះ ឬក៏ធ្វើដំណើរលើផ្លូវនេះ ទទួលផលប្រយោជន៍ពីផ្លូវនេះ។ ធ្វើផ្លូវ ពិតជាផ្ដល់ផលប្រយោជន៍ធំណាស់សម្រាប់យើង។ ដូច្នេះហើយ បានជាយើងសុខចិត្តចំណាយទុន។ កាលពីមុននេះ យើងចាយអស់ ៤៦ លានដុល្លារជាង ប៉ុន្តែឥឡូវនេះ យើងត្រូវចាយអស់ ៦៧ លានដុល្លារ ដែលគ្រោងជាមួយនឹងការចំណាយសម្រាប់ការសាងសង់ផ្លូវមួយខ្សែនេះ។
(២) ចិនជួយសាងសង់ផ្លូវ ៣០ ខ្សែ ជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗ ៩, ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិន បានបង្កើតឱ្យមានការជឿទុកចិត្តគ្នា, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមានពង្រីកទីផ្សារទំនិញកម្ពុជាទៅចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនចូលជាធរមាន កម្ពុជានាំចេក ស្វាយ មៀនទៅចិនដោយផ្ទាល់
សមិទ្ធផលទាំងអស់នេះ មិនបានធ្លាក់ពីលើមេឃទេ ក៏ប៉ុន្តែ វាបានមកពីការខិតខំប្រឹងប្រែងរបស់យើង។ ក្នុងហ្នឹង ក៏សូមបញ្ជាក់ជូនថា មិត្តចិនបានជួយយើងនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាក់ទងជាមួយនឹងផ្លូវស្ពាន ដែលយើងបានធ្វើរយ
ៈពេលកន្លងទៅ។ មកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវយើងចំនួន ៣០ ខ្សែ ដែលមានប្រវែងជាង ៣០០០ គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារ អាហ្នឹងគឺសាងសង់រួចហើយ ប៉ុន្តែ កំពុងសាងសង់ គឺមាន ៣ ខ្សែ ដែលត្រូវចំណាយថវិកាប្រមាណជាង ៥០០លានដុល្លារទៀត។ ឯស្ពានធំៗ គឺមានចំនួន ៩ ដែលបានកសាងរួច និងកំពុងកសាង។ នៅថ្ងៃទី ០២ មករា ខាងមុខនេះ នឹងទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅឯខេត្តក្រចេះ។
ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិន បានបង្កើតឱ្យមានការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីការផ្ដល់ជំនួយឥតសំណង ក៏បានផ្ដល់នូវឥណទាន សម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា។ រឿងនេះ គេអាចមើលឃើញជាក់ស្ដែងនូវតាមសមិទ្ធផលទាំងអស់ ដែលប្រជាពលរដ្ឋរបស់យើងបាននិងកំពុងធ្វើដំណើរលើផ្លូវ លើស្ពាន បាននិងកំពុងចូលរៀននៅក្នុងសាលារៀន បាននិងកំពុងចូលសម្រាកនៅតាមមន្ទីរពេទ្យ បាននិងកំពុងទទួលទឹកសម្រាប់ការដាក់ស្រែ។ អម្បាញ់មិញ ខ្ញុំគ្រាន់តែនិយាយពីរឿងផ្លូវទេ យើងមិនទាន់និយាយពីប្រព័ន្ធធារាសាស្រ្តធំៗ ដែលមានចរឹកខ្នាតធំសម្រាប់បណ្ដាខេត្តនានា។ មានវិស័យដទៃទៀត ដែលមិត្តចិនបានជួយ។ ខ្ញុំយកឱកាសនេះ ថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយយើងនៅក្នុងការអភិវឌ្ឍរយ
ៈពេលកន្លងទៅ។ គ្រាន់តែឆ្នាំ ២០២២ នេះ គឺយើងមានកិច្ចការជាច្រើនដែលបានធ្វើជាមួយគ្នា។ នៅមិនទាន់ចប់ទេ។
សុន្ទរកថា របស់ឯកឧត្តម វ៉ាង វិនធាន អម្បាញ់មិញ បាននិយាយថា បន្ដិចទៀត ឆ្នាំ ២០២២ នឹងលាយើងហើយ។ តែឆ្នាំ ២០២២ នឹងលាយើង ឬយើងលាឆ្នាំ ២០២២? វាមានបញ្ហាហ្នឹង។ តើឆ្នាំ ២០២២ នឹងលាយើង ឬយើងលាឆ្នាំ ២០២២ យើងគិតអញ្ចេះ បើសិនជាយើងស្លាប់ ឆ្នាំ ២០២២ វាលាយើង ប៉ុន្តែបើសិនជាយើងនៅរស់ យើងលាឆ្នាំ ២០២២ ដើម្បីចូលទៅឆ្នាំ ២០២៣។ ពិតមែនតែនៅសល់ប៉ុន្មានថ្ងៃទៀត យើងត្រូវលាឆ្នាំ ២០២២ ក៏ប៉ុន្តែ វាមិនទាន់ចប់ទេ ខ្ញុំជាមួយនឹងឯកឧត្តម វ៉ាង វិនធាន ត្រូវចុះទៅខេត្តកំពត នៅថ្ងៃទី ៣០ ធ្នូ ដើម្បីនឹងបើកការដ្ឋានផ្លូវមួយទៀត។ ដល់ទៅដើមឆ្នាំក្រោយ យើងទាំង ២នាក់ ក្នុងរយៈពេលតែ ១០ថ្ងៃ ដើមឆ្នាំ ២០២៣ យើងត្រូវធ្វើដំណើររួមគ្នាទៅក្រចេះ នៅថ្ងៃទី ០២ ខែមករា និងបន្ទាប់ទៅ ទៅខេត្តកំពង់ចាម នៅថ្ងៃទី ០៩ ខែមករា នៅសល់ការដ្ឋានធំៗ២ សម្រាប់ការបើកការដ្ឋានសាងសង់នូវសមិទ្ធផលថ្មី ដែលជាផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង។
ឆ្នាំ ២០២២ នេះ យើងបានធ្វើកិច្ចការច្រើនណាស់ ដើម្បីជំរុញកិច្ចការក្នុងទំនាក់ទំនងរបស់យើង។ ឯកឧត្តម វ៉ាង វិនធាន បានរំលឹកអំពីការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក តាមរយៈការយាងចូលរួមរបស់ព្រះករុណា ព្រះមហាក្សត្ររបស់យើង ទៅទីក្រុងប៉េកាំង ដើម្បីចូលរួមនូវបើកការប្រកួតកីឡាទឹកកក។ ហើយតាមរយៈនេះ ខ្ញុំជាមួយនឹងឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង, ឯកឧត្តម លី ខឺឈាង គឺបានទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធវីដេអូ។ ថ្មីៗនេះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីក៏បានធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បូកជាមួយការចូលរួមការប្រជុំនានាផងដែរ។ រដ្ឋមន្រ្តីការបរទេស វ៉ាង យី ក៏បានធ្វើទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញជាបន្តបន្ទាប់ ហើយដែលនាំមកជាមួយនូវអំណាយផ្សេងៗដូចជា វ៉ាក់សាំង ដែលជាជំហានដំបូងយើងចាប់ផ្ដើមពីវ៉ាក់សាំងរបស់ចិនចាក់ជូនប្រជាពលរដ្ឋរបស់យើង។ តាមរយៈវ៉ាក់សាំងនេះហើយ ដែលផ្ដល់ឱកាសជូនប្រជាពលរដ្ឋរបស់យើងគឺចេញពីវិបត្តិ ឬអាចថាចេញពីគ្រោះមរណៈ ដែលខ្ញុំបានស្រែកដង្ហើយហៅឲ្យពលរដ្ឋរបស់យើងចូលរួមទប់ស្កាត់គ្រោះមហន្តរាយ ដែលយើងកំពុងស្ថិតនៅជ្រោះមរណៈនោះឯង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន បើកឱកាសឲ្យយើងពង្រីកទីផ្សារនាំចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ មុននេះ ទំនិញរបស់កម្ពុជាមួយចំនួនចេញពីកម្ពុជា តែត្រូវឆ្លងកាត់នូវដៃរបស់ប្រទេសទី៣។ ចិនទិញរបស់កម្ពុជា ក៏ប៉ុន្តែទិញពីដៃប្រទេសផ្សេងទៀត។ ឥឡូវនេះ តាមរយៈកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការនេះ ទំនិញរបស់កម្ពុជាបាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់ ដូចជា ផ្លែឈើស្រស់របស់កម្ពុជា ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ហើយខាងមុខនេះនឹងមានការនាំទៅត្រីប្រារបស់កម្ពុជាចូលទៅទីផ្សាររបស់ចិន ដែលនោះវាផ្ដល់ផលប្រយោជន៍ច្រើនណាស់សម្រាប់យើង។ ចិនមានប្រជាជន ១ ៤០០ លាននាក់ ដែលខ្ញុំតែងតែនិយាយថា បើសិនតែគាត់នោមស្មើៗគ្នាហ្នឹង វាក្លាយទៅជាទឹកជំនន់តែម្ដង។ អញ្ចឹងប្រជាជនចិន ទីផ្សាររបស់ចិន គឺជាទីផ្សារដ៏ធំ ដែលកម្ពុជាអាចនឹងបង្កើនការផលិតរបស់ខ្លួន កែច្នៃឲ្យបានត្រឹមត្រូវតាមស្តង់ដារអនាម័យសម្រាប់ទីផ្សាររបស់ចិន យើងនឹងមានឱកាសពង្រីកទីផ្សារសម្រាប់ប្រជាពលរដ្ឋរបស់យើង។
(៣) អតុល្យភាពពីមុន សរសេរក្នុងសៀវភៅ ១០ឆ្នាំនៃដំណើរកម្ពុជា ខុសពីអតុល្យភាពបច្ចុប្បន្ន, អតុល្យភាព ៤ យ៉ាងមានរហូតជិតដាច់ឆ្នាំ ២០០០, អតុល្យភាពបច្ចុប្បន្ន មានដំណើរផ្ទុយ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្ដល់ប្រយោជន៍និងឱកាសដល់ផលិតផលរបស់ប្រជាពលរដ្ឋ, ការគ្មានទីផ្សារនាំឲ្យមានអ្នកទាញចំណេញខាងនយោបាយ
ខ្ញុំតែងតែនិយាយ ហើយរយៈពេលចុងក្រោយនេះក៏កាន់តែនិយាយអំពីបញ្ហាទីផ្សារ។ ឥឡូវនេះ ថ្ងៃណាក៏គិត ត្រូវនិយាយអំពីទីផ្សារ ដោយសារប្រទេសកម្ពុជារបស់យើងនៅពេលនេះ វាមិនដូចពេលមុនទេ អំពីអតុល្យភាពទាំងឡាយ។ មុននោះ ខ្ញុំធ្លាប់បាននិយាយហើយ ក្នុង “សៀវភៅ១០ឆ្នាំនៃដំណើរកម្ពុជា” ដែលខ្ញុំសរសេរសំរាប់ខួប ១០ ឆ្នាំនៃអនុស្សាវរីយ៍ការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩-១៩៨៩ បានលើកឡើងនូវអតុល្យភាព ៤ យ៉ាង។ ឥឡូវនេះ បើខ្ញុំរំលេចអំពីបញ្ហាអតុល្យភាព ៤ យ៉ាងនេះ ជាមួយនឹងអតុល្យភាពសម្រាប់បច្ចុប្បន្ននេះគឺវាខុសគ្នាឆ្ងាយពេក។ ពេលនោះ ខ្ញុំបានលើកឡើង អតុល្យភាពទី១ គឺរវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ ហើយសេចក្ដីត្រូវការនិងការផ្គត់ផ្គង់នៅពេលនោះវាខុសពីពេលនេះ នៅត្រង់ថា នៅពេលនោះសេចក្ដីត្រូវការនិងការផ្គត់ផ្គង់តែប៉ុន្មានមុខសំខាន់ ដែលសំខាន់នោះទាក់ទងជាមួយនឹងស្បៀងអាហារ។ ប្រជាជនកើនឡើង ស្បៀងវាមិនកើន។ ជម្រុញការផលិតស្បៀងដើម្បីតម្រូវការប្រជាជនរបស់យើងដែលមានកំណើន ក្នុងរបៀបគិតថា មានកំណើនប្រជាជន ១% ត្រូវការកំណើនស្បៀង ៣% ឯណោះ។
យើងគិតអំពីអតុល្យភាពទាក់ទិននឹងបញ្ហានៃការសិក្សា ជាមួយតម្រូវការនៃការសិក្សា ក៏ប៉ុន្តែខ្វះសាលារៀន តម្រូវការនៃបញ្ហាសម្លៀកបំពាក់ តម្រូវការទាក់ទិនជាមួយនឹងការការពារសុខភាព ក្នុងពេលដែលមនុស្សឈឺ ប៉ុន្តែខ្វះមន្ទីរពេទ្យ ខ្វះពេទ្យ នៅមានបញ្ហាច្រើនទៀតរវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់។ បើសិនជាអ្នកទាំងឡាយអាចឆ្លៀតមើលសៀវភៅនោះឡើងវិញ ដែលខ្ញុំសរសេរតាំងពីជាង៣០ឆ្នាំមុន។ ពេលនោះស្ថានភាពវាមិនដូចពេលនេះទេ។ នេះជាអតុល្យភាពទីមួយ ទាក់ទិនជាមួយនឹងអតុល្យភាពរវាងសេចក្ដីត្រូវការជាមួយនឹងការផ្គត់ផ្គង់ ដែលផ្ដោតសំខាន់ទៅលើបញ្ហា រៀបរាប់តាំងពីមុង ភួយ កន្ទេល ខ្នើយ ក៏វាខ្វះ ដែលត្រូវខិតខំធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងមានជីវភាពសមរម្យ។
ឯអតុល្យភាពទី២ គឺអ្វី? អតុល្យភាពទី២ ពេលនោះត្រូវបានលើកឡើងអតុល្យភាពរវាងចំណាយ និងចំណូលថវិកាជាតិ។ ពេលនោះចំណូលវាតិច តម្រូវការចំណាយវាច្រើន។ ឯអតុល្យភាពទី៣ គឺរវាងការនាំចេញ និងការនាំចូល។ យើងគិតតែនាំចូល ប៉ុន្តែការនាំចេញគឺតិចតួចណាស់។ ឯអតុល្យភាពចុងក្រោយ ទី៤ គឺអ្វី? គឺរវាងរូបិយវត្ថុ និងទំនិញ ដែលខ្ញុំចង់និយាយអំពីអតិផរណា កម្លាំងទិញនៃប្រាក់រៀលនោះឯង។ បើខ្ញុំមិនច្រឡំទេ ខ្ញុំបានសរសេររឿងហ្នឹង ហើយខ្ញុំបានលើកឡើងអំពីបញ្ហាហ្នឹង មិនមែនគ្រាន់តែត្រឹមឆ្នាំ១៩៨៩ នោះទេ រហូតមកដល់ទសវត្សរ៍៩០ ជិតដាច់ដល់ឆ្នាំ ២០០០ ទៅហើយ ក៏យើងនៅតែអតុល្យភាពបែបនេះ។
ក្រឡេកមកបច្ចុប្បន្ននេះវិញវាស្អីទៅ? អតុល្យភាពរវាងសេចក្ដីត្រូវការ ដោយសារឡានច្រើនពេកជាមួយនឹងផ្លូវតូច។ ពីមុននោះ អតុល្យភាពរវាងសេចក្ដីត្រូវការនៃការធ្វើដំណើរជាមួយនឹងការខ្វះផ្លូវ ខ្វះរថយន្តធ្វើដំណើរ។ តែឥឡូវនេះវាទៅជាអតុល្យភាពរវាងសេចក្ដីត្រូវការនៃរថយន្តដ៏ច្រើនសម្រាប់ការធ្វើដំណើរ ជាមួយនឹងផ្លូវតូចឬខ្វះគុណភាព។ កាលពីមុន អត់ទាន់គិតពីរឿងបញ្ហាខ្វះផ្លូវទេ គិតតែបានស៊ីសិន ឲ្យមានស្បែកជើងពាក់សិន វាខ្វះសព្វខ្វះគ្រប់នោះឯង។ អញ្ចឹងសភាពការណ៍វាចេះតែវិវឌ្ឍ។ ពីមុន អតុល្យភាពរវាងសេចក្ដីត្រូវការ រវាងការនាំចេញនិងនាំចូល នាំចូលច្រើននាំចេញតិច។ ឥឡូវនេះ អតុល្យភាពរវាងផលិតផលច្រើនពេក ជាមួយនឹងការខ្វះទីផ្សារម្ដង វាទៅអញ្ចេះ។ សភាពការណ៍វាបត់បែនយ៉ាងដូច្នេះ តម្រូវឲ្យមេដឹកនាំរបស់ប្រទេសត្រូវតែរៀបចំផែនការចល័ត និងដាក់ចេញគោលដៅទៅតាមការរីកចម្រើនរបស់ប្រជាជន។ ដូច្នេះ ការដែលយើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនបាន អាចចាត់ទុកថាជាជោគជ័យដ៏ធំនៅក្នុងការជម្រុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ចិន។ ក្នុងហ្នឹង ផ្នែកកសិកម្មមានតាំងពីអង្ករ និងមានផលិតផលដទៃទៀត ដែលយើងត្រូវជម្រុញទៅទីផ្សាររបស់ចិន។ យើងក៏បានចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលយើងនឹងជម្រុញការនាំចេញទៅកាន់កូរ៉េខាងត្បូងផងដែរ។ យើងកំពុងតែបបួលប្រទេសមួយចំនួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រោះវាផ្ដល់ផលប្រយោជន៍ និងឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងទៅលើការផលិតហើយមានទីផ្សារ។
បញ្ហាដែលលំបាកបច្ចុប្បន្ននេះ គឺការផលិតហើយគ្មានទីផ្សារ នេះជាបញ្ហាដ៏លំបាក ដែលធ្វើឲ្យអ្នកដែលទាញចំណេញខាងនយោបាយ ត្រឹមតែដីមួយគីឡូម៉ែត្រទេ គេអាចទាញចំណេញបានដល់ទៅពីរ។ ចូលទៅក្នុងទីផ្សារ គេថា គេសួរថ្លៃអង្ករ មួយគីឡូប៉ុន្មាន? ថា ២ ០០០រៀល។ ថាថ្លៃណាស់ៗ អង្ករហ្នឹងថ្លៃណាស់ បើខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំនឹងធ្វើឲ្យអង្ករហ្នឹងចុះនៅតែ ១ ៥០០រៀល/គីឡូ ទេ។ អាហ្នឹងពេលគេចូលផ្សារ អញ្ចឹងគេទៅទាញចំណេញពីមនុស្សដែលទៅទិញអង្ករ ថាបើសិនជាខ្ញុំធ្វើជានាយករដ្ឋមន្រ្តី បក្សខ្ញុំដឹកនាំរដ្ឋាភិបាល នឹងធ្វើឲ្យអង្ករចុះថ្លៃ គឺពី ២ ០០០ មកនៅ ១ ៥០០រៀល។ ដល់ចេញពីផ្សារ គេមកដល់វាលស្រែ គេទៅសួរកសិករថា ស្រូវមួយគីឡូប៉ុន្មាន? កសិករឆ្លើយថា ១គីឡូ ១ ០០០រៀល។ អូ! ថោកណាស់ៗ ប្រសិនបើខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ឬបក្សខ្ញុំកាន់រដ្ឋាភិបាល ខ្ញុំនឹងធ្វើឲ្យតម្លៃស្រូវហ្នឹងក្នុងមួយគីឡូឡើងទៅដល់ ២ ០០០រៀល។
អញ្ចឹងបានជាថា ធ្វើរដ្ឋាភិបាលវាមិនស្រួលទេ។ សូមប្រជាពលរដ្ឋយើងយោគយល់។ អ្នកដែលត្រូវការទិញអង្ករ ចង់បានអង្ករថោក ក្នុងពេលដែលអ្នកនយោបាយហ្នឹងទៅប្រាប់ថា ប្រសិនបើខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ឬបក្សខ្ញុំកាន់រដ្ឋាភិបាល ខ្ញុំនឹងធ្វើឲ្យអង្ករថោក។ ដល់ពេលមកជាមួយកសិករ កសិករចង់បានស្រូវ និងផលិតផលខ្លួនឡើងថ្លៃ អញ្ចឹងអ្នកនយោបាយដដែលមុខដដែលហ្នឹង ក្នុងពេលនៅក្នុងផ្សារថាអង្ករមួយគីឡូ ២ ០០០រៀល ថាឲ្យចុះមកនៅត្រឹម ១ ៥០០រៀល។ ប៉ុន្តែមកដល់វាលស្រែ គេក៏និយាយត្រឡប់ទៅវិញថា ប្រសិនបើខ្ញុំធ្វើជានាយករដ្ឋមន្រ្តី នឹងធ្វើឲ្យស្រូវឡើងពី ១ ០០០ ទៅ ២ ០០០រៀល។ នេះជាការមួយដែលវារុញឲ្យអង្ករនៅលើទីផ្សារវាឡើងដល់ ៣ ០០០រៀល ឯណោះ។ ប៉ុន្តែពួកគេធ្វើទៅរួច ឯរដ្ឋាភិបាលធ្វើមិនរួចទេ។
យើងត្រូវថ្លឹងថ្លែង។ គ្រាន់តែរឿងប៉ុណ្ណេះមួយ។ ជ្រូកចុះថ្លៃ នាំគ្នាជេររដ្ឋមន្រ្តីកសិកម្ម ឬជេររដ្ឋមន្រ្តីពាណិជ្ជកម្ម ឬអាចជេររដ្ឋាភិបាលផង។ ប៉ុន្តែសួរថា តើសាច់ជ្រូកចុះថ្លៃនេះប៉ះពាល់ជាមួយប្រជាជនប៉ុន្មាន? យើងគិតថា ប្រជាជនខ្មែរយើងដែលចិញ្ចឹមជ្រូកប្រហែលជា១ម៉ឺនគ្រួសារទៅចុះ ប៉ុន្តែអ្នកទទួលទានសាច់ជ្រូកទៅវិញ គឺចង់ឲ្យសាច់ជ្រូកថោក។ អ្នកចិញ្ចឹមជ្រូកចង់ឲ្យសាច់ជ្រូកថ្លៃ។ អញ្ចឹងទេឥឡូវរដ្ឋាភិបាលស្ថិតនៅក្នុងមាត់ដង្កាប់ ម្ខាងមួយម៉ឺនគ្រួសារទាមទារឲ្យរដ្ឋាភិបាលធ្វើម៉េចឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃ ដើម្បីការចិញ្ចឹមមានផលចំណេញ ក្នុងពេលដែលប៉ុន្មានលានគ្រួសារដែលមិនចិញ្ចឹមជ្រូកត្រូវទិញសាច់ជ្រូកចង់ឲ្យសាច់ជ្រូកវាថោក។ បើឡើងថ្លៃ រាប់លាននាក់ស្រែកថាសាច់ជ្រូកវាថ្លៃ ដែលនាំទៅដល់អតិផរណា កម្លាំងទិញនៃប្រាក់រៀលរបស់យើង ដែលធ្លាប់ថា ១៥ ០០០រៀល ទិញបានមួយគីឡូ ប៉ុន្តែនៅពេលដែលសាច់ជ្រូកឡើងថ្លៃ គាត់ទិញអស់ ១៧ ០០០រៀល។
ចំណុចនេះ ខ្ញុំគ្រាន់តែលើកឡើងដើម្បីឲ្យឃើញអំពីរបៀបគ្រប់គ្រងនិងចាត់ចែងសម្របសម្រួលយ៉ាងម៉េច រវាងម្ខាងអ្នកផលិត និងម្ខាងទៀតអ្នកទទួលទាន តម្រូវចិត្តតែម្ខាងក៏មិនត្រូវដែរ។ តម្រូវចិត្ត ១ម៉ឺនគ្រួសារនៃអ្នកចិញ្ចឹមជ្រូកនិងរាប់លានគ្រួសារនៃអ្នកដែលអត់ចិញ្ចឹមជ្រូក អ្នកដែលត្រូវទិញជ្រូកគឺវាជាបញ្ហា ដូច្នេះហើយបានជាយើងត្រូវរកវិធីដើម្បីឱ្យមានតុល្យភាពរវាងអ្នកចិញ្ចឹមក៏មានផលចំនេញ អ្នកទិញយកមកទទួលទានក៏មានផលចំនេញ។ អញ្ចឹងទីផ្សារក្នុងស្រុកក្ដី ទីផ្សារក្រៅស្រុកក្ដីយើងបើកកាន់តែធំកាន់តែល្អ។
(៤) អតុល្យភាពរវាងលិតផលដែលមាននិងទីផ្សារ, ឆ្នាំ២០២២ អតិរេកសាច់ប្រាក់មានប្រមាណជា ៣៥០ លានដុល្លារ, ប្រាប់ខាងអគ្គិសនីកុំឡើងថ្លៃ, រាជរដ្ឋាភិបាលប៉ះប៉ូវប្រជាពលរដ្ឋប្រមាណជា ៦០ ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ពីអតិផរណា
មុននេះ យើងអត់មានអីនិយាយពីការនាំចេញទេ ក្រៅពីកៅស៊ូមួយមុខ។ ឥឡូវកៅស៊ូវាគ្រាន់តែជាទំនិញបន្ទាប់បន្សំទេ។ ពិតហើយវាមានចំនួនច្រើនរបស់វាដែរ ប៉ុន្តែនិយាយពីការផលិតនៅកម្ពុជាបច្ចុប្បន្ននេះ អតុល្យភាពរវាងលិតផលដែលមាននៅកម្ពុជា ជាមួយនឹងកង្វះទីផ្សារដែលយើងត្រូវរក។ ខ្ញុំសប្បាយរីករាយជាមួយហ្នឹងការចុះហត្ថលេខាបាននៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា–ចិន រវាងកម្ពុជា-កូរ៉េខាងត្បូង បន្ថែមលើនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលមាន១៥ប្រទេសចូលរួម ក៏បានចូលជាធរមាននៅក្នុងឆ្នាំ២០២២។ នេះក៏ជាមោទនភាពរបស់កម្ពុជាផងដែរ ដែលការប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ត្រូវបានប្រកាសដោយខ្លួនខ្ញុំផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២ ហើយវាក៏បានចូលធរមាននៅក្នុងឆ្នាំ២០២២ ដប់ឆ្នាំក្រោយនៅកម្ពុជា។ កម្ពុជាបានធ្វើកិច្ចការច្រើន។ ឆ្នាំនេះ ជាខួប ២០ ឆ្នាំនៃ DOC សមុទ្រចិនខាងត្បូង ក៏ធ្វើនៅទីក្រុងភ្នំពេញ ព្រោះ DOC នេះក៏ចុះហត្ថលេខាឆ្នាំ២០០២ នៅកម្ពុជា។ អញ្ចឹងកម្ពុជាក៏បានធ្វើកិច្ចការច្រើន រួមចំណែកជាមួយនឹងក្រមខណ្ឌអាស៊ាន។
ប៉ុន្តែខ្ញុំចង់បកវិលត្រឡប់មកទាក់ទងជាមួយនឹងកម្ពុជាវិញ។ តម្រូវការពេលមុននិងតម្រូវការពេលនេះអត់ដូចគ្នាទេ … សុំថាបើអាចមើលសៀវភៅនោះដើម្បីរំលឹក។ ខ្ញុំក៏ឧស្សាហ៍មើលសៀវភៅរបស់ខ្ញុំវិញដែរ ហើយម្យ៉ាងទៀត ឥឡូវខ្ញុំមិនសូវកាន់សៀវភៅតាមទេ ដោយសារខ្ញុំប្រើតាមរយៈ E-BOOK។ អញ្ចឹងទេខ្ញុំបញ្ចូលសៀវភៅច្រើនណាស់ចូលទៅក្នុង ipad ដោយសារខ្ញុំមាន icloud ជាមួយគ្នា ទាំងទូរស័ព្ទដៃរបស់ខ្ញុំ ទាំងipad ទាំងប៉ុន្មានគឺមានទាំងអស់។ បើកឡើងចេញE-BOOK។ E-BOOK គឺថាសៀវភៅទាំងប៉ុន្មានគឺបញ្ចូលទៅក្នុងនោះ។ ចុចរកសៀវភៅហ្នឹងយកមកអានកន្លែងណាដែលចាំបាច់ត្រូវអានទាញយកមកអាន … យើងមានចំណងជើងរៀបចំនៅក្នុងនោះ។ ទោះបីថាយើងសរសេរខ្លួនឯង ក៏ប៉ុន្តែត្រូវរំលឹកដែរ។ ខ្ញុំចាំច្បាស់អំពីចំណុចទាក់ទិននឹងអតុល្យភាព ៤ យ៉ាងនេះ …
អតុល្យភាពរវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់ ពីមុននេះសំដៅទៅលើបញ្ហាខ្វះស្បៀង តែឥឡូវនេះស្បៀងក្នុងមួយឆ្នាំសល់ជាង៤លានតោនជាអង្ករ អត់ទាន់គិតអំពីប្រភេទស្បៀងដទៃទៀត ដែលគេចាត់ទុកថាស្បៀងដែរទេ។ វាខុសគ្នា។ ឥឡូវវាទៅជាអតុល្យភាពរវាងផលិតភាពដែលនៅសល់និងខ្វះទីផ្សារវិញម្ដង។ ពីមុនមានតម្រូវការក៏ប៉ុន្តែការផ្គត់ផ្គង់វាមិនគ្រប់។ ពីមុននិយាយពីអតុល្យភាពរវាងពាណិជ្ជកម្ម នាំចូលច្រើននាំចេញតិច ឥឡូវនេះយើងនាំចេញកាន់ច្រើន ទំហំពាណិជ្ជកម្មរបស់យើងកាន់តែធំទៅៗ យើងត្រូវរកទីផ្សារដើម្បីប្រជាជនរបស់យើងផលិត។ អតុល្យភាពរវាងចំណូលនិងចំណាយ ពិតហើយយើងនៅមានការលំបាក ប៉ុន្តែបើនិយាយពីគណនីចរន្តវិញឆ្នាំនេះ ហោចណាស់រវាងចំណូលនិងចំណាយថវិកាជាតិ សម្រាប់ផ្នែកចំណាយចរន្តរបស់យើង គឺយើងមានអតិរេកសាច់ប្រាក់គឺប្រមាណជា៣៥០លានដុល្លារដែរ។ កាលពីមុនកូវីដ–១៩ ក្នុងមួយឆ្នាំៗ យើងមានអតិរេកមិនក្រោម ៥០០ លានដុល្លារទេ បានជាយើងមានលទ្ធភាពសន្សំលុយ។ យើងបានយកប្រាក់សន្សំទៅទប់ទល់ជាមួយនឹងកូវីដ-១៩ អស់ប្រមាណជាង ២០០០លានដុល្លារ។ យើងបានបញ្ចេញថវិការបស់យើងទៅធ្វើផ្លូវខេត្តព្រះសីហនុ ទៅធ្វើផ្លូវនៅខេត្តសៀមរាប។
រវាងរូបិយវត្ថុនិងទំនិញ យើងកំពុងតែទប់ទល់ក្នុងស្ថានភាពដ៏លំបាក ដែលម្ខាង កូវីដ-១៩ ផង តែម្ខាងផលប៉ះពាល់ដោយសង្គ្រាម និងទណ្ឌកម្ម ដែលធ្វើឲ្យបញ្ហាវាបានកើតឡើងនៃអតិផរណានៅលើពិភពលោកប៉ះពាល់ទាំងអស់។ វាមិនមែនចេញមកត្រឹមតែសង្គ្រាមមួយមុខទេ តែវាចេញមកពីបញ្ហាទណ្ឌកម្ម ហើយទណ្ឌកម្មនេះ វាមិនមែនប៉ះតែជាមួយប្រទេសដែលខ្លួនត្រូវដាក់ទណ្ឌកម្មទេ តែវាប៉ះលើខ្លួនឯង … ការប៉ះលើអ្នកដទៃទៀត ដូចជាយើងអត់ដឹងអីនឹងគេ ក៏ប៉ះនឹងគេដែរ។ ប្រេងឡើងថ្លៃ ដល់ឡើងថ្លៃ អគ្គិសនីក៏ឡើងថ្លៃដែរ តែខ្ញុំបានប្រាប់ខាងអគ្គិសនីហើយថា កុំឡើងថ្លៃឲ្យសោះ តែឡើងថ្លៃរង្គើហ្មងស្រុកខ្មែរ … រាល់ថ្ងៃបងប្អូនប្រើភ្លើងអីហ្នឹង សន្សំៗខ្លះទៅ កុំបើកវា មិនត្រូវការក៏ចេះតែបើកដែរ ម៉ាស៊ីនត្រជាក់អី បើកល្មមបានហើយ។
ខ្ញុំនៅប្រ៊ុចស៊ែល យប់ចុងក្រោយ ថ្ងៃចុងក្រោយ ដោយសារការប្រជុំចាប់ផ្តើមតាំងពីព្រឹក រហូតទៅដល់ម៉ោងប្រហែលជាជិត ១២ យប់ បានខ្ញុំបានសម្រាក តែសម្រាកអត់បានទេ។ ជើងខ្ញុំរមួល(ក្រពើ) ដោយសារតែវាត្រជាក់ពេក។ ខ្ញុំស្មានតែថាម៉ាស៊ីនក្នុងបន្ទប់របស់ខ្ញុំវាខូច។ ដល់ខ្ញុំសួរទៅបន្ទប់ដទៃទៀត ត្រជាក់ដូចតែគ្នា ព្រោះគេកម្រិតនៃការប្រើប្រាស់កំដៅ។ យប់ហ្នឹង គ្រូពេទ្យនិងអង្គរក្សរបស់ខ្ញុំ ត្រូវទៅរកម៉ាស៊ីនកំដៅ ២ គ្រឿង យកមកដាក់នៅចុងជើងរបស់ខ្ញុំ និងដាក់នៅម្ខាងស្តាំរបស់ខ្ញុំ បានខ្ញុំដេកលក់។ ខ្ញុំថតយកមកតើ តែខ្ញុំអត់បង្ហោះតាមហ្វេសប៊ុក។ កុំអីខ្ញុំឡាយផ្ទាល់តែម្តង ខ្ញុំថារងារពេក អាំងភ្លើង។ នៅអឺរ៉ុប ខ្ញុំគិតថា ឆ្នាំនេះអាចនឹងឆ្នាំពិបាក ជាពិសេសមនុស្សចាស់ គ្រាន់តែយើងថ្ងៃមុនខ្ញុំបានអំពាវនាវឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាក្រុមគ្រួសារមានមនុស្សចាស់ មានឪពុកម្តាយ មានជីដូន ជីតាចាស់ៗ យកចិត្តទុកដាក់សុខុមាលភាពរបស់គាត់។
ព្រឹកមិញនេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានធ្វើការព្យាករណ៍ហើយ ក្នុងប៉ុន្មានថ្ងៃខាងមុខ ភាពត្រជាក់នឹងត្រជាក់ថែម ១ អង្សារ ទៅ ២ អង្សារ ថែមទៀត នឹងមានភាពត្រជាក់បែបនេះ។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន។ យើងប៉ុណ្ណឹងនៅលើសូន្យ ត្រឹមកម្រិតតែ ១៥ ឬ១៤ អង្សារហ្នឹង គឺយើងរងារចង់ងាប់ហើយ ទម្រាំនៅនោះខាងក្រៅ ៥ អង្សារ ៦ អង្សារ ក្រោមសូន្យ ហើយនៅក្នុងបន្ទប់របស់ខ្ញុំនៅសល់ ១២ ឬ១៣ ហ្នឹង។ អញ្ចឹងដេកម៉េចបាន។ ជើងខ្ញុំរមួល ទាល់តែដាក់ម៉ាស៊ីនកំដៅ ម៉ាស៊ីនកំដៅដោតភ្លើង រួចហើយកង្ហារវាវិល ហើយរុញកំដៅមក បានដេកលក់។ កុំអីអត់បានដេក ប្រុងតែឡាយហ្វេសប៊ុកថានៅអឺរ៉ុបរងារខ្លាំងណាស់។ ហ្នឹងខ្ញុំបាននិយាយលេងជាមួយ Michel ដែលជាប្រធានសហភាពអឺរ៉ុបថា នែ!និយាយគ្នាឲ្យច្បាស់ នៅនោះត្រជាក់យ៉ាងម៉េច អាលខ្ញុំដាក់អុសពីភ្នំពេញទៅ។ នេះទាក់ទិននឹងបញ្ហាសង្គ្រាមនិងទាក់ទងនឹងបញ្ហាទណ្ឌកម្ម រឿងនេះបានបង្កើតនូវចលាចលសេដ្ឋកិច្ច ដែលយើងកំពុងតែខិតខំរួមចំណែកទប់ស្កាត់ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានប៉ះប៉ូវជាមួយនឹងប្រជាពលរដ្ឋប្រមាណជា ៦០ ម៉ឺនគ្រួសារ ដែលទទួលរងផលប៉ះពាល់ពីអតិផរណានេះឯង។ នោះហើយដែលយើងនៅបន្តមានបញ្ហារូបិយវត្ថុ និងទំនិញ ដែលទាមទារឲ្យយើងគ្រប់គ្រងម៉ត់ចត់ទៅលើបញ្ហាទីផ្សារនេះឯង ដើម្បីកុំឲ្យមានចលាចលទីផ្សារ។
(៥) ការធ្វើផ្លូវនិងតភ្ជាប់មិនទាន់គ្រប់ទេ, កុំខ្លាចប៉ូលិសចរាចរ តែខ្លាចស្លាប់ឬរបួសវិញ, និទ្ទេសណាក៏ដោយឱ្យតែជាប់បានហើយ, សិស្សប្រឡងជាប់រហូតដល់ជាង ៧២% ហើយនិទ្ទេស A ក៏មានជាង ១.០០០នាក់, អ្នកប្រឡងមិនជាប់ បន្តសិក្សា ប្រឡងឆ្នាំក្រោយទៀត
ងាកមកទាក់ទងជាមួយនឹងបញ្ហាផ្លូវ។ ការតភ្ជាប់នេះ គឺយើងត្រូវតែបន្តធ្វើតទៅទៀត មិនទាន់គ្រប់ទេ។ ផ្លូវដែលខ្ញុំជិះមកអម្បាញ់មិញ មានផ្លូវមួយចំនួនកំពុងតែត្រៀមចាក់កៅស៊ូ ព្រោះចេះតែមក។ ឥឡូវនេះ ខ្ញុំវង្វេងៗយកតែមែនទែនហើយ។ ឥឡូវខ្ញុំអត់ដឹងថាផ្លូវណាៗទេ។ កុំថាទីក្រុងភ្នំពេញ។ បើទីក្រុងភ្នំពេញ ខ្ញុំវង្វេងមែនទែនហើយ។ នៅទីក្រុងភ្នំពេញ នៅស្គាល់ផ្លូវខ្ញុំធ្វើដំណើរត្រឹមតែម្តុំវិមានឯករាជ្យ ទៅវត្តភ្នំស្អីៗហ្នឹង ហើយទៅកោះពេជ្រអីហ្នឹង។ ផ្លូវដែលខ្ញុំជិះទៅសម្រាប់ទៅធ្វើការនៅវិមានសន្តិភាពនៅស្គាល់នៅឡើយទេ ប៉ុន្តែកន្លែងមួយចំនួនទៀត មើលទៅអត់ស្គាល់តែម្តង ព្រោះប្រែប្រួលរហ័សពេក។ នៅតាមផ្លូវមួយចំនួនដែលមកនេះ ពីដើមយើងមានផ្លូវគ្រលុកគ្រលាក់បន្តិចបន្តួច ប៉ុន្តែឥឡូវទៅជាផ្លូវចាក់កៅស៊ូ ផ្លូវបេតុងស្អីៗ បង្កើតបាននូវស្ថានភាពបែបនោះ។ យើងនៅមានតម្រូវការពង្រឹងគុណភាពផ្លូវនេះទៀត។ ខ្ញុំបាននិយាយហើយថា យើងលុយតិច ធ្វើផ្លូវឲ្យបានវែង។ ឥឡូវនេះវាហួសសម័យហើយ។ ត្រូវធ្វើផ្លូវនេះ ធានាយ៉ាងម៉េចអំពីគុណភាព។
ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍អំពីការពង្រឹងគ្រឹះរបស់វា។ ស្ពានដែលពង្រីកហ្នឹង ស្ពានគុណគ្រូហ្នឹងតែម្តង? ស្ពានគុណគ្រូហ្នឹង ដំបូងយើងធ្វើពីដែក បន្ទាប់ទៅបានពីបេតុង។ ស្ពានហ្នឹង ខ្វាន់ សៀម អ្នកធ្វើ។ វិស្វកម្មអគ្គបញ្ជាការ។ ខ្ញុំឲ្យមកមើលកន្លែងហ្នឹង កាលពីដើមទូកដទេ។ ចាប ញ៉ាលីវុធ ទេ អ្នកស៊ីញ៉េឲ្យធ្វើទូកដហ្នឹង។ បានក្រោយមក ខ្ញុំដាក់ស្ពានឲ្យភ្លាមៗ ដើម្បីឲ្យប្រជាជនឆ្លង។ បន្ទាប់ទៅបានចាប់ផ្តើមធ្វើស្ពាន … ប៉ុន្តែកាលហ្នឹងវាធំ។ តែឥឡូវវាតូច។ ត្រូវពង្រីកវាឱ្យធំ ព្រោះឥឡូវវាទៅជាកដប។ កន្លែងហ្នឹងទៅជាកដប។ ផ្លូវវាធំ ប៉ុន្តែទៅដល់ស្ពានវាតូច។ ត្រូវតែចាប់ផ្តើមពង្រីកបន្ថែមទៀត។ យើងត្រូវចំណាយថវិកាសម្រាប់ការសាងសង់ជាបន្តទៀត។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងអាជ្ញាធរខេត្តទាំង ៤ ហើយក៏សុំឱ្យអាជ្ញាធរខេត្តទាំង ៤ យកការទទួលខុសត្រូវដើម្បីជួយការពារទៅដល់ក្រុមសាងសង់ ធ្វើម៉េចដំណើរការសាងសង់នៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ។
សុំប្រជាពលរដ្ឋយោគយល់អាធ្យាស្រ័យនៅក្នុងកាលៈទេសៈនៃការសាងសង់ វាថ្លង់ វាហ៊ុយចូលផ្ទះ … ផ្លូវនេះ យើងធ្វើអត់បានលើកទេ។ ផ្លូវនេះវាទឹកលិច ដោយសារតែប្រជាពលរដ្ឋរបស់យើងធ្វើផ្ទះថ្មីៗ គាត់លើកដី។ ដល់លើកដីទៅ ពេលភ្លៀងមកទឹកហូរមកនៅតាមផ្លូវវិញ។ ឥឡូវគឺត្រូវតែលើកកម្ពស់ផ្លូវហ្នឹង បានវាយើងត្រូវរៀបចំឱ្យបានល្អ។ ខាងនោះធ្វើហើយ។ បើយើងនិយាយពីផ្លូវអង្គដួងតែម្តងគឺតភ្ជាប់តាំងពីផ្លូវជាតិលេខ ៥ នៅឧត្តុង្គ កាត់មកផ្លូវ ៤១ នេះ ចុះទៅកំពត ដែលជំនាន់នោះតាំងពីសតវត្សរ៍ទី ១៩ (១៨៥០ ផ្លាយ) ដូចជា ១៨៥១ ដែលព្រះរាជាជំនាន់នោះព្រះអង្គបានមានគេហៅថា ការតភ្ជាប់សម្រាប់ទៅសមុទ្រ ដែលមាននោះទំនាក់ទំនងពាណិជ្ជកម្មចេញទៅសមុទ្រហ្នឹងគឺចេញទៅតាមកំពត តាមកែប ហ្នឹងឯងនៅពេលនោះ …។
ខ្ញុំនៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍។ ថ្ងៃមុនខ្ញុំបាននិយាយភាសាមួយថា «សុំកុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចច្បាប់ទៅវិញ» ប៉ុន្តែឥឡូវខ្ញុំចង់ប្រើភាសានេះមួយ «កុំខ្លាចប៉ូលិសចរាចរណ៍ ខ្លាចស្លាប់ ឬរបួសអាហ្នឹងគឺល្អជាង»។ ឥឡូវជ្រើសរើសទៅខ្លាចប៉ូលិសចរាចរណ៍ ឬខ្លាចស្លាប់ ហើយបើនិយាយតាមសាមញ្ញថា ខ្លាចងាប់ឬអត់? … ពាក្យថាងាប់អត់មានទៅវិញវិលល្ងាចទេណា។ បើថាពិការហើយច្បាស់ជាពិការហើយ អាហ្នឹងគឺអត់មានអីនិយាយទេ។
ដូច្នេះម្ខាងត្រូវខិតខំ យើងមានផ្លូវល្អហើយ តែបើសិនជាយើង ខ្ញុំមិននិយាយពីម៉ូតូ ព្រោះម៉ូតូវាចង់លឿនជាងឡានទៅទៀតកន្លែងខ្លះវាបើកលឿន ព្រោះម៉ូតូឥឡូវវាធំៗ។ ប៉ុន្តែបើយើងប្រៀបធៀប បើយើងជិះកង់បើទោះបីជិះយឺត ក៏គ្រាន់បើជាងដើរដែរ ហើយបើយើងជិះម៉ូតូ បើយើងជិះយឺតក៏លឿនជាងជិះកង់ដែរ។ អញ្ចឹងទេ យើងគួរតែខិតខំដើម្បីធ្វើយ៉ាងម៉េចជម្នះនូវការគ្រោះថ្នាក់ ដែលកើតមានជារៀងរាល់ថ្ងៃ ប្រទេសរបស់យើងមានជារៀងរាល់ថ្ងៃ កើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍។ ថ្ងៃនេះមិនដឹងថាមានប៉ុន្មានសម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ? ឈប់មើលបន្តិច! ម្សិលមិញមានប៉ុន្មានទៅ? ព្រោះមានច្រើនរឿង ក្នុងហ្នឹងមានចរាចរណ៍ដែរ (…) ម្សិលម៉ិញស្លាប់ម្នាក់ ថ្ងៃ ២៤ ស្លាប់ ៦នាក់ ២៥ ស្លាប់ម្នាក់។ ឥឡូវយើងគិតថាជាមធ្យមគឺស្លាប់ ៥ នាក់ក្នុង ១ ថ្ងៃ ម្សិលមិញគឺកើតគ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ម្នាក់ និងរបួស ១១នាក់។ នេះសុទ្ធតែជារឿងគួរឱ្យសោកស្តាយ អញ្ចឹងទេ តើយើងគួរខ្លាចប៉ូលិសចរាចរណ៍ ឬខ្លាចស្លាប់? …។
ថ្ងៃនេះក៏និយាយផងដែរ ជាមួយបញ្ហាទាក់ទិនជាមួយបញ្ហាដែលខ្ញុំសូមថ្លែងនូវការកោតសរសើរជាមួយនឹង ក្រសួងអប់រំយុវជន និងកីឡា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចាត់ចែងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា ប្រឡងបាក់ឌុប្លិ៍ បានប្រកបដោយជោគជ័យ។ មុននោះគម្រោងដើមគឺប្រឡងមុនហ្នឹង ក៏ប៉ុន្តែដោយសារយើងជាប់ប្រជុំអាស៊ាន គឺយើងត្រូវលើកពេលមកប្រឡងថ្ងៃទី ៥ ខែ ធ្នូ វិញ ដើម្បីឱ្យផុតពីការប្រជុំអាស៊ាន និងការប្រជុំនានានៅទីក្រុងភ្នំពេញ និងខេត្តមួយចំនួន។ ការប្រឡងនេះបានសម្រេចជោគជ័យល្អណាស់ ដោយមានសិស្សប្រឡងជាប់រហូតដល់ជាង ៧២% ហើយនិទ្ទេស A ក៏មានជាង ១.០០០នាក់។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងទៅកាន់បងប្អូនកូនក្មួយ ចៅៗ ទោះបីនិទ្ទេសណាក៏ដោយឱ្យតែជាប់វាបានហើយ។ ពិតហើយនិទ្ទេស A ត្រូវបានទទួលការលើកទឹកចិត្ត ដោយមានការជួបនាយករដ្ឋមន្ត្រី។ គម្រោងនៃការជួបនេះគឺត្រូវធ្វើប្រហែលជានៅក្នុងខែកុម្ភៈ ដោយសារតែមានតម្រូវការបញ្ជាទិញអោយផលិត Ipad ចែកឱ្យសិស្សពូកែរបស់យើង។
តាមខេត្តដូចជា ខេត្តកំពង់ស្ពឺ ជាប់ ២២នាក់ ម៉ូតូ ១គ្រឿងម្នាក់ ហ្នឹងគឺអស់លោកខេត្ត។ នាំគ្នាលើកទឹកចិត្តទៅ។ សម្រាប់ខ្ញុំ ខ្ញុំនឹងរៀបចំនូវជំនួបមួយជាមួយនឹងសិស្សនិទ្ទេស A។ មានពេលខ្លះគឺការធ្វើអត្ថាធិប្បាយមកគឺផ្តោតការយកចិត្តទុកដាក់ហួសជ្រុលជាមួយនឹងបញ្ហានិទ្ទេស។ នៅយប់ម្សិលខ្ញុំបានចូលទៅខម្មិននៅក្នុងផេករបស់នាងម្នាក់ដូចជាឈ្មោះ អ៊ាង សុជាតា ដែលគាត់និយាយថា គាត់បាននិទ្ទេស B ត្រូវបានគេស្តីបន្តុះបង្អាប់។ ខ្ញុំចូលទៅខម្មិនក្នុងហ្នឹងថា កូនៗ ចៅៗ កុំផ្តោត ត្រូវផ្តោតគេហៅថា ក្តាប់ជាប់គោលដៅប្រឡងគឺដើម្បីអី? ប្រឡងសំខាន់បំផុតគឺឱ្យជាប់បាក់ឌុប្លិ៍។ កាលណាជាប់បាក់ឌុប្លិ៍ហើយនេះ គឺយើងនឹងមានឱកាសដើម្បីឈានទៅរកការចូលមហាវិទ្យាល័យ។ ឯរឿងនិទ្ទេសវាជារឿងមួយ មិនប្រាកដទេណា និទ្ទេស A ពេលដែលចូលទៅមហាវិទ្យាល័យមិនប្រាកដថាពូកែជាងនិទ្ទេស E ទេ។ ជួនកាលប្រឡង System យើងជាមួយ System អាគាំងវាខុសគ្នា។ System អាគាំងគេហៅថាក្រេឌីតក្នុងរយៈពេលវែង ហើយគេយកមធ្យមភាគ។ គេឃើញថាអ្នកហ្នឹងខ្លាំងឬខ្សោយ។ ដល់ System របស់យើងនេះគឺ System បារាំងគឺយកការប្រឡងចុងក្រោយ។ ការប្រឡងចុងក្រោយ បើតែមិនសូវស្រួលខ្លួន ធ្លាប់តែរៀងពូកែរហូតមកលេខ ១ លេខ ២ ដល់ពេលប្រឡងធ្លាក់ក៏មានដែរ។ យើងលើកទឹកចិត្តហើយ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា និទ្ទេសណាក៏ដោយវានៅតែជាប់បាក់ឌុប្លិ៍ដូចគ្នា ហើយមានលទ្ធភាពចូលទៅរៀនមហាវិទ្យាល័យដូចគ្នា។ គ្រាន់តែនិទ្ទេស A ដែលជាសិស្សពូកែ នៅក្នុងពេលប្រឡង ជួនកាលសិស្សពូកែដែលជាប់និទ្ទេស A មិនពូកែក្នុងរយៈពេលកន្លងទៅ ប៉ុន្តែដាក់ចេញវិញ្ញាសារចំកន្លែងចេះ អញ្ចឹងក៏បាននិទ្ទេស A ក្នុងរយៈពេល ២ថ្ងៃ នៃការប្រឡង។
សុំអំពាវនាវសិស្សានុសិស្សដែលប្រឡងមិនជាប់ បន្តការសិក្សាទៀត ឆ្នាំក្រោយប្រឡងទៀត។ សិស្សខ្លះគឺអាចចូលទៅរៀនមហាវិទ្យាល័យយកបរិញ្ញាបត្ររង បន្ទាប់ទៅឆ្នាំក្រោយប្រឡងទៀត បើប្រឡងជាប់បាក់ឌុប្លិ៍ មហាវិទ្យាល័យដែលយើងរៀនបរិញ្ញាបត្ររង វានឹងចំនេញឱ្យយើងដល់ជាប់ទៅវាសិទ្ធិបន្តយកបរិញ្ញាបត្រតែម្តង កុំឱ្យមានការខាតនៅក្នុងការសិក្សា។ យើងត្រូវឃើញអញ្ចេះ ឆ្នាំនេះអ្នកដែលមានអាយុច្រើនជាងគេនៅក្នុងការចូលប្រឡង អ្នកគ្រូអក្ខរកម្មម្នាក់នៅឧត្តរមានជ័យអាយុដូចជា ៥៤ឆ្នាំ ៥៦ឆ្នាំឯណោះ។ គាត់ចូលប្រឡង តែប្រឡងអត់ជាប់។ តែគាត់មិនបោះបង់ចោលការសង្ឃឹមទេ។ គាត់ថាមកពីគាត់ខ្សោយគណិតវិទ្យាហើយនឹងអក្សសាស្ត្រ។ អញ្ចឹងគាត់នឹងប្រឹងរៀនឆ្នាំហ្នឹង ឆ្នាំក្រោយគាត់ប្រឡង។ ហ្នឹងអ្នកដែលចាស់ជាងគេ ដែលបានចូលប្រឡង សម័យប្រឡងថ្ងៃទី ៥ ខែ ធ្នូ កន្លងទៅនេះ។
ឯសិស្សដែលក្មេងជាងគេគឺអាយុ ១៣ឆ្នាំ ៣ខែ ៥ថ្ងៃ គិតត្រឹមថ្ងៃប្រឡង គឺអាចៅមួយដែលខ្ញុំផ្ចុងផ្តើម ផ្ទេរពីខេត្តតាកែវ ឱ្យមករៀននៅភ្នំពេញ។ ជាទូទៅ យើងអាយុ ១៨ឆ្នាំ ដែលប្រឡងជាប់បាក់ឌុប្លិ៍ ប៉ុន្តែចៅមួយនេះគឺអាយុត្រឹមតែ ១៣ឆ្នាំ ជាប់បាក់ឌុប្លិ៍។ ថ្ងៃមុនខ្ញុំហៅទៅផ្ទះខ្ញុំ ប៉ុន្តែគ្នាអត់បាននិទ្ទេស A។ អញ្ចឹងក៏វាយមកសូមទោសខ្ញុំទាំងឪពុក ទាំងម្តាយ ទាំងកូន។ គោលដៅមិនមែនឱ្យចៅឯងរកនិទ្ទេស A ទេ ចៅឯងជាប់បាក់ឌុប្លិ៍។ ហ្នឹងគឺជាគោលដៅរបស់តា។ ឥឡូវកំពុងតែឱ្យរៀនចាប់យកម្ខាងគឺស្ថាបត្យកម្ម និងម្ខាងទៀតគឺព័ត៌មានវិទ្យា។ ព័ត៌មានវិទ្យា ឥឡូវគឺ ជា វណ្ណដេត កំពុងតែឱ្យរៀន ២មហាវិទ្យាល័យទៅជាមួយគ្នាតែម្តង។ មុនថាឱ្យរៀននៅ បែលធី ទេ ប៉ុន្តែឥឡូវ បែលធី រៀនខាងស្ថាបត្យកម្ម រួចហើយទៅរៀននៅវិទ្យាស្ថានតេជោសែន។ អញ្ចឹងមិនដឹងទេ ខាងបច្ចេកវិទ្យាឌីជីថល ទៅរៀនផ្នែកខាងហ្នឹង។ ក្មេងនេះអាចត្រឹមអាយុ ១៧ ឆ្នាំ នឹងចប់បរិញ្ញាបត្រ។ អាយុ ១៩ ឆ្នាំ អាចចប់បរិញ្ញាបត្រជាន់ខ្ពស់ ប៉ុន្តែដើម្បីទៅជាបេក្ខភាពបណ្ឌិតបានទាល់តែឆ្លងកាត់មកធ្វើការងារសិន រួចហើយចាំបន្តយកថ្នាក់បណ្ឌិត។ (បានជួបខ្ញុំ)តាំងពីឆ្នាំ ២០១៧ ឯណោះ។ ខ្ញុំនាំទៅផ្ទះខ្ញុំដើម្បីនឹងពិសោធន៍(សមត្ថភាព)។ នៅប្រទេសខ្លះ(ក្មេង)អាយុ ១២ ឆ្នាំជាប់បរិញ្ញា(បត្រ) ដូចជានៅអង់គ្លេស ប៉ុន្តែជាប់តែមួយមុខវិជ្ជាទេ ជាប់តែអាផ្នែកគណិតវិជ្ជា។ ប៉ុន្តែជាប់បាក់ឌុបនេះ គឺជាប់គ្រប់ផ្នែក។
ខ្ញុំសូមអរគុណជាមួយនឹងកិច្ចការពារទាំងឡាយ ដែលត្រូវបានធ្វើគ្រប់ទីកន្លែងទាំងអស់ ហើយអរគុណនិងកោតសរសើរចំពោះលោក/អ្នកគ្រូ ដែលទទួលបន្ទុកការប្រឡង និងជាមួយនឹងអ្នកដែលធ្វើកំណែ បូកជាមួយនឹងផ្នែកអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការប្រឡងគ្រប់ពេល។ បើទោះបីជាយើងរឹតបន្តឹង កន្លងទៅក៏ចាប់បាននូវអ្នកដែលយកវិញ្ញាសារចូលដែរ។ គ្រាន់តែបញ្ជាក់ថា យើងរឹតបន្តឹងអត់មានបន្ធូរបន្ថយទេសម្រាប់ការប្រឡង។ មានតែឆ្នាំ ២០២២ ដែលយើងចាត់តាំងប្រឡងអត់បាន ដល់យើងចាត់តាំងប្រឡងអត់បាន ឆ្នាំនោះជាឆ្នាំដែលយើងឱ្យជាប់ទាំងអស់ដោយគ្មាននិទ្ទេស។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២១ មកគឺយើងឱ្យប្រឡង។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺនៅត្រង់អញ្ចេះ ឆ្នាំសិក្សា ២០២០-២១ ភាគច្រើនរៀនតាមអនឡាញ ដល់ទៅប្រឡងជាប់និទ្ទេស A ឡើង ១៧០០ នាក់ ដល់ទៅបើកឱ្យរៀនផ្ទាល់(សិស្សជាប់)និទ្ទេស A ធ្លាក់នៅជាង ១០០០ (នាក់)ទេ អញ្ចឹង បាត់ដល់ទៅ ៧០០ នាក់។
(៦) ទស្សនកិច្ចម៉ាល់ឌីវ បើកទំនាក់ទំនង ផ្សាភ្ជាប់ទេសចរនិងនាំចេញអង្ករ, ជួបជាមួយសុខាភិបាលនិងអភិបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំប្រើប្រាស់មន្ទីរពេទ្យថ្មី ១ ម៉ឺនគ្រែ, សង្ឃឹមថាប្រជាជនកម្ពុជា បន្តបោះឆ្នោតឱ្យគណបក្សប្រជាជន(កម្ពុជា) ក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣, គណបក្សប្រជាជន(កម្ពុជា)កាន់អំណាច សន្ដិភាពកំពុងកើតមាននៅគ្រប់ទីកន្លែងទូទាំងប្រទេស, ស្នើឱ្យកងទ័ពចិនជួយកងទ័ពកម្ពុជា បំផ្លាញចោលគ្រាប់មីនឱ្យអស់នៅក្នុងឆ្នាំ ២០២៥
យើងបានធ្វើកិច្ចការដ៏ល្អ សម្រាប់វិស័យអប់រំនៅកម្ពុជា ហើយយើងនឹងខិតខំដើម្បីនឹងជំរុញគុណភាពសិក្សានៅក្នុងប្រទេសរបស់យើង។ ខ្ញុំពិតជាមានការសប្បាយរីករាយជាមួយនឹងអ្វីដែលបានកើតនៅក្នុងប្រទេសរបស់ យើងឆ្នាំនេះ។ ឆ្នាំនេះអាចនិយាយបានថា ជាឆ្នាំដែលកម្ពុជាមានភ័ព្វសំណាង ដោយសារតែយើងធ្វើជាប្រធានអាស៊ាន។ យើងធ្វើបានកិច្ចការច្រើនណាស់ ជាមួយនឹងកិច្ចការក្នុងប្រទេស គឺការបើកប្រទេសឡើងវិញដោយគ្មានការរំខានយាយីបន្តពីកូវីដ–១៩ នោះទេ ក៏ប៉ុន្តែ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្ដីថា យើងបោះបង់ចោលនូវ កិច្ចការពារខ្លួនទាក់ទងជាមួយនឹងកូវីដ-១៩ នោះទេ។ ថ្ងៃនេះឃើញមានពាក់ម៉ាស់ រក្សាគម្លាត យើងបន្តទៅលើបញ្ហាហ្នឹងតទៅទៀត ដើម្បីការពារសុខភាពរបស់យើងផ្ទាល់ (ក៏ដូចជា) ក្រុមគ្រួសាររបស់យើង។ កូវីដ-១៩ វាអត់ទៅណាឆ្ងាយទេ។ ខានស្អែកនេះខ្ញុំនឹងជួបជាមួយក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំប្រើប្រាស់នូវមន្ទីរពេទ្យថ្មីមួយ ដែលយើងកសាង សម្រាប់ ១ ម៉ឺនគ្រែ ព្រោះកាលពីសម័យកូវីដ–១៩ (ផ្ទុះខ្លាំង) គឺយើងបានពឹងពាក់ទៅលើផ្នែកឯកជនដែលគាត់ឱ្យយើងខ្ចី សម្រាប់ការប្រើប្រាស់ដាក់អ្នកជំងឺកូវីដ-១៩ យើងមិនបានឱ្យអ្នកកើតកូវីដ-១៩ ណាម្នាក់ដេកនៅដី ឬដេកនៅតាមចិញ្ចើមផ្លូវទេ។ អញ្ចឹងទេ បានជាត្រូវធ្វើ(មន្ទីរពេទ្យ)នោះត្រៀមទុក ឥឡូវ វាអត់មានអ្នកជំងឺកូវីដ-១៩ យើងត្រូវតែដាក់នូវការព្យាបាលទូទៅមួយ ដែលមានសមត្ថភាពទទួលរហូតទៅដល់ ១ ម៉ឺនគ្រែឯណោះ នេះជារឿងដែលយើងត្រូវប្រឹង។
ខ្ញុំគិតថា ដោយសារតែសុន្ទរកថារបស់ខ្ញុំវាត្រូវផ្ទួនៗគ្នា ហើយចុងឆ្នាំនេះខ្ញុំអត់ទៅណាទេ ចុងឆ្នាំគួរតែត្រូវបានសម្រាក ប៉ុន្តែកម្មវិធីញាត់អាចុងឆ្នាំច្រើន ឬក៏ឯកឧត្តម Wang Wentian ចង់ដូរចុងឆ្នាំ? ខ្ញុំអត់ទៅណាទេ ថ្ងៃទី ៣០ (ធ្នូ ២០២២) ទៅកំពត។ ថ្ងៃទី ៣១ (ធ្នូ ២០២២) ខ្ញុំមានការជួបជុំមួយ។ ដល់ទៅថ្ងៃទី ១ (មករា ២០២៣) ឆ្លងឆ្នាំ ខ្ញុំត្រូវទៅជួបកុមារ ពួកកុមារដែលត្រូវគេ(រំលោភ)បំពាន (ខ្ញុំទៅ)ជាមួយភរិយា ព្រោះត្រូវធ្វើផ្ទះធ្វើអីឱ្យពួកគេ ត្រូវរៀបចំម្ហូបអាហារឱ្យពួកគេក្នុងពេលចូលឆ្នាំ។ ដល់ទៅថ្ងៃទី ២ (មករា ២០២៣) ឡើងទៅក្រចេះ អញ្ចឹង កម្មវិធីវាជាប់ទាំងអស់តែម្ដង។ អ្នកខ្លះគេសួរខ្ញុំថា ម៉េចបានជាកម្លាំងចេះតែទៅរួច? ខ្ញុំថា មកពីខ្ញុំហ្វឹកហ្វឺនតាំងពីក្មេងវត្ត មករៀនជាមួយព្រះសង្ឃតាំងពីអាយុ ១៣ ឆ្នាំ មិនដែលបានដេកឆ្អែតទេ។ បើដេកយូរពេកលោកវាយទៀត។ លោកជំនាន់នោះវាយនឹងរំពាត់ផ្ដៅ ដាក់អត់បន្ធូរដៃទេ។ អញ្ចឹងទេ ប្រឹងដេក។ ល្ងាចឡើងប្រឹងសូត្រធម៌ហើយសិន សូត្រហើយបានមើលសៀវភៅៗ បានចាប់ផ្ដើមដេក។ ជួនកាលលោកហៅទៅធ្វើសសៃ ហើយលោកនោះក៏មិនគិតឯងងងុយទៅទៀត។ គិតតែពីស្រួលខ្លួនឯង ហើយម៉ោង ៤:៣០ នាទី ត្រូវតែភ្ញាក់។ ភ្ញាក់ឡើងត្រូវដាំបបរ បោសសំរាម មើលសៀវភៅ អាហ្នឹងហ្វឹកហាត់តាំងពីក្មេង។
បន្ទាប់ទៅធ្វើទាហាន។ ដល់ធ្វើទាហានក៏មិនដែលបានដេកឆ្អែតដែរ។ បន្ទាប់ទៅដឹកនាំការតស៊ូ ដល់ដឹកនាំការតស៊ូក៏មិនដែលដេកឆ្អែតទៀត។ ដល់ចាប់ផ្ដើមចូលមកកាន់អំណាច ក៏មិនដែលបានដេកឆ្អែតឱ្យវាស្រួលបួលទេ អញ្ចឹង នេះជាការហ្វឹកហាត់ពីក្មេងក៏វាជាទម្លាប់មួយ ដែលយើងអាចមកដល់ពេលនេះដែរ។ ក្នុងខែមករា គម្រោងទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវ ដើម្បីបើកទំនាក់ទំនង ព្រោះម៉ាល់ឌីវក៏ជាប្រទេសខ្វះអង្ករដែរ។ អញ្ចឹង ចង់ឱ្យមានការផ្សារភ្ជាប់ទេសចរ និងទាក់ទងជាមួយបញ្ហាអង្ករនាំចេញ។ ម៉ាល់ឌីវជាប្រទេសតូចមែន ក៏ប៉ុន្តែ គាត់មានតម្រូវការ។ ទេសចរគាត់ច្រើន អង្ករយើងល្អ។ ដូច្នេះគាត់អាចនាំអង្ករពីស្រុកយើងទៅ។ រួចហើយក៏មានគម្រោងទៅទស្សនកិច្ចនៅប្រទេសឡាវ។ ទស្សនកិច្ចផង និងប្រជុំការងារខាងផ្នែកគណបក្សទាំងពីរផង នៅក្នុងខែកុម្ភៈ (២០២៣)។ ឆ្នាំក្រោយនេះការងារច្រើន ជាមួយនឹងស៊ីហ្គេមដែលត្រូវបើក បន្ទាប់ទៅយើងដំណើរការបោះឆ្នោត។
ខ្ញុំសូមយកឱកាសនេះ អរគុណទាំងអ្នកខេត្តកណ្ដាល/កំពង់ស្ពឺ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន(កម្ពុជា) ក្នុងការបោះឆ្នោតឃុំ–សង្កាត់រយៈពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជា និយាយជារួម និងនិយាយដោយឡែក ប្រជាជននៅក្នុងខេត្តកណ្ដាល/កំពង់ស្ពឺ នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជន(កម្ពុជា) នៅក្នុងការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជាពលរដ្ឋបានឃើញរួចហើយ នៅពេលគណបក្សប្រជាជន(កម្ពុជា)កាន់អំណាច សន្ដិភាពកំពុងកើតមាននៅទូទាំងប្រទេស គ្រប់ទីកន្លែងទាំងអស់ ឥឡូវ កន្លែងដែលធ្លាប់ច្បាំងរាំងជល់ទាំងប៉ុន្មាន ក្លាយទៅជាតំបន់ទេសចរណ៍អស់ហើយ។ យើងកំពុងតែពន្លឿនការដោះមីន ដែលនៅសេសសល់។ សូម្បីតែជួបជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ចិន ក្រៅពីជំនួយរដ្ឋាភិបាលចិនដល់ការដោះមីន ខ្ញុំបានស្នើឱ្យកងទ័ពចិនជួយមកដល់កងទ័ពកម្ពុជា ដើម្បីបំផ្លាញចោលគ្រាប់មីន ធ្វើម៉េចឱ្យអស់មីន នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ សម្រាប់ប្រជាជនយើងផង និងដើម្បីផ្ដល់ដីដោយសុវត្ថិភាព សម្រាប់ប្រជាជនរបស់យើងបង្កបង្កើនផល។
នេះជាគោលដៅដែលខ្ញុំបានដាក់ចេញបន្ទាប់ពីអនុវត្តន៍នយោបាយឈ្នះឈ្នះ … មាន ២ ចំណុចធំ ទី(១) ប្រែក្លាយតំបន់ អតីតសមរភូមិទាំងអស់ ឱ្យក្លាយទៅជាតំបន់អភិឌ្ឍន៍ អាហ្នឹងគោលដៅទី(១)។ ទី(២) ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ នេះជាគោលដៅធំទី(២)។ មកដល់ពេលនេះ យើងសម្រេចបានគោលដៅទី(១) ភាគច្រើនហើយ តែវានៅសេសសល់តំបន់មួយចំនួនដែលយើងមិនទាន់បានដោះមីន។ អាចចាត់ទុកថា យើង(ដោះមីន)បានរហូតទៅដល់ ៩៥% នៃតំបន់ដែលធ្លាប់វាយគ្នា នៅសល់ប្រមាណ ៥% យើងថាអញ្ចឹងទៅចុះ។ ពីនេះទៅដល់ឆ្នាំ ២០២៥ ត្រូវតែបានបញ្ចប់វា។ ថ្ងៃមុន(គណៈ)អចិន្ត្រៃយ៍គណបក្សប្រជាជន(កម្ពុជាបានប្រជុំ) ដែលក្នុងនោះយើងបានដាក់ចេញនូវយុទ្ធសាស្ត្រមួយគឺបំផ្លាញចោលគ្រាប់មីនឱ្យបាននៅក្នុងឆ្នាំ ២០២៥ ដែលជាយុទ្ធសាស្ត្រ សម្រាប់ការដឹកនាំប្រទេសសម្រាប់ឆ្នាំ ២០២៣–២៨ ដែលនៅក្នុងខែ មករា (២០២៣) នេះ គណបក្សប្រជាជននឹងបើកមហាសន្និបាត ដើម្បីអនុម័តលើ មាគាគោលនយោបាយរបស់ខ្លួនសម្រាប់អាណត្តិបន្ត យើងដាក់ចេញបែបនេះ។ ឯនៅតាមបណ្ដោតព្រំដែនជាមួយប្រទេសជិតខាង បើទោះបីវាមិនទាន់បានដាច់ស្រេចចប់ជាស្ថាបពរ ក៏ប៉ុន្តែ ជាទូទៅតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ក្លាយទៅជាតំបន់ ដែលមានការផ្លាស់ប្ដូរទំនិញ មិនមែនជា តំបន់ប្រយុទ្ធនោះទេ នេះជាការខិតខំរបស់យើង។
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងបន្តគាំទ្រ។ ពេលដែលគណបក្សប្រជាជនកាន់អំណាច បងប្អូនប្រជាពលរដ្ឋអាចទៅកន្លែងនេះ/នោះ ខ្ញុំមិនដឹងថាអ្នកដទៃគេទាមទារសេរីភាពអីទៀត? បើសព្វថ្ងៃសេរីភាពវាហៀរកែងយ៉ាងនេះ សេរីភាពទាល់តែយកគេទៅកាប់ចោលឬស្អី? ទាល់អ្នកឯងឈ្នះហើយចាប់គេយកទៅដាក់គុក (និង/ឬ)សម្លាប់ អាហ្នឹងបានហៅថាសេរីភាពឬស្អី? មិនទាន់ប្រាកដទេ។ ឃើញទេ សម័យមុនលន់ នល់ ផ្ដួលព្រះបរមរតនកោដ្ឋ អះអាងខ្លួនថាជាអ្នកស្នេហាជាតិ និងពូកែជាង សម្ដេចព្រះ នរោត្តម សីហនុ ទីចុងបំផុត គឺបំផ្លាញប្រទេសដោយសង្គ្រាម។ ខ្មែរក្រហម ប៉ុល ពត ថាវាតផ្ដួល លន់ នល់ និងធ្វើឱ្យប្រទេសរុងរឿង ទីចុង បំផុតស្លាប់អស់ជាង ៣ លាននាក់។ គណបក្សប៉ុន្មានទៅ ដែលនៅកម្ពុជាកំពុងសន្យាជាមួយនឹងប្រជាពលរដ្ឋ។ ឥឡូវនេះ អ្វីដែលប្រជាពលរដ្ឋកំពុងតែទទួលបានគឺសន្តិភាព ដែលមានក្នុងដៃ មិនត្រូវឱ្យសន្តិភាពនេះរបូតចេញពីដៃទេ។ ឥឡូវនេះ កម្ពុជាទៅជា Christmas ហ្នឹងគេហ្នឹងឯងដែរ។ អ្នកជូនពរមកខ្ញុំៗ អត់អរគុណទៅវិញទេ។ បើជូនពរចូលឆ្នាំអី ខ្ញុំ(ឆ្លើយត្រឡប់ទៅវិញ)។ សូមអរគុណ។ ប៉ុន្តែនេះខ្ញុំមិនមែនកាន់គ្រីស្តសាសនាផង តែយ៉ាងណាខ្ញុំក៏សូមជូនពរអ្នកកាន់សាសនាគ្រឹស្ត។ ខ្ញុំមិនមែនកាន់សាសនាគ្រីស្ត ខ្មែរគ្នាឯងសោះហ្នឹងហា អីណាសុទ្ធតែ Merry Christmas ណា។ នេះជាសេរីភាពរបស់បងប្អូន។ រាជរដ្ឋាភិបាលអត់មានហាមឃាត់ទេ។ បងប្អូនណាជឿសាសនាអីក៏ជឿទៅ ធ្វើបុណ្យអីក៏ធ្វើបុណ្យទៅ។ កូនៗខ្ញុំ ចៅៗរបស់ខ្ញុំ វាទៅដែរហើយ។ ថ្ងៃបុណ្យឪពុក វាក៏មកជូនពរយើង ថ្ងៃបុណ្យម្តាយ វាទៅជូនពរម៉ែវាទៅ ដល់គ្រីស្តម៉ាស្ត អីហ្នឹង វាក៏នាំគ្នាពាក់ស្អីៗ។ ឥឡូវវាអញ្ចឹង យើងទៅហាមឃាត់សិទ្ធរបស់គេក៏អត់បានដែរ។ មនុស្សមួយចំនួនចាត់ទុកថាស្រុកខ្មែអាក្រក់ (បើចាត់ទុកថាអាក្រក់)មិនចាំបាច់មកទេ។ ខ្ញុំក៏មិនចាំបាច់អង្វរអ្នកឯងឲ្យមកដែរ … អ្នកខ្លះគិតថា ធ្លាប់បានជេររដ្ឋាភិបាល មិនហ៊ានមក។ អត់ទេ ទាល់តែមានដីកាតុលាការទើបជាបញ្ហា។ អ្នកដែលអត់មានដីកាតុលាការ មកលេងស្រុកមក មកមើលមក ថាដូចគេនិយាយទេ។
ប៉ុន្តែអ្នកដែលមានចេតនាបំផ្លាញហើយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏នៅតែដដែលហ្នឹង។ ខ្ញុំនៅតែនិយាយដដែល សូម្បីតែអ្នកកីឡាយើង ទទួលបានកីឡាពានរង្វាន់ថ្នាក់ពិភពលោក ក៏គង់គេអត់មានអបអរសាទរមួយម៉ាត់។ យើងដាក់ក្បាច់គុនល្បុក្កតោនេះ ចូលជាបេតិកភណ្ឌអរូបិយរបស់អង្គការយូណេស្កូ តើមានបក្សប៉ុន្មានដែលចេញមកអបអរសាទរ? ទាំងនេះសម្បត្តិជាតិផង។ បើអបអរសាទរ វាស្មើជាមួយនឹងការសរសើរគណបក្សប្រជាជនដែលដឹកនាំរដ្ឋាភិបាល។ វារហូតដល់ប៉ុណ្ណឹង។ គ្រាន់តែអបអរសាទរមួយម៉ាត់(វាមានអ្វីទាស់?)។ ហ្នឹងជារបស់ជាតិតើ មិនមែនរបស់គណបក្សប្រជាជនឯណា ល្បុក្កតោហ្នឹង។ ជោគជ័យដែលសម្រេចបាន មិនមែនជាជោគជ័យដោយដាច់ឡែករបស់គណបក្សប្រជាជននោះទេ ប៉ុន្តែវាជាជោគជ័យរួមរបស់ប្រជាជនកម្ពុជា។ ជោគជ័យទៅលើការគ្រប់គ្រងបាន Covid-19 មិនមែនជាជោគជ័យដាច់ដោយឡែករបស់គណបក្សប្រជាជនទេ ប៉ុន្តែគឺជាជោគជ័យរួមរបស់ប្រជាជនកម្ពុជា អ្នកដែលបានបោះឆ្នោតឲ្យបក្សដទៃ ក៏មានអ្នកដែលបានចាក់វ៉ាក់សាំង ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ជាអ្នកចាក់ឲ្យដែរ តែគណបក្សប្រជាជនមិនដែលបានទៅសួរថាអ្នកឯងកាន់បក្សណា បានចាក់ថ្នាំឲ្យទេ អត់ទេ។
ប៉ុន្តែបក្សដទៃឲ្យតែគេមិនតាមខ្លួនគឺពាក់ផ្កាយឲ្យហ្មង។ អញ្ចឹងបើអ្នកឯងធ្វើអញ្ចឹងវាល្អហើយ។ ខ្ញុំរុញទូកបណ្តោយទឹកតែម្តង។ និយាយឲ្យត្រង់ ឲ្យតែអ្នកឯងពាក់ផ្កាយឲ្យអ្នកណា អ្នកហ្នឹងគឺលំអៀងមក។ វាអត់មានជម្រើសទៅជាមួយអ្នកឯងទៀត។ អញ្ចឹងត្រូវតែមកជាមួយគណបក្សប្រជាជន។ ល្អហើយ អ្នកឯងធ្វើអញ្ចឹង។ ឯខាងនេះស្វាគមន៍ទាំងអស់។ យក។ មានតែមួយគ្រឿងទេ អាហ្នឹងអត់ទទួលទេ។ អាហ្នឹងមួយគ្រឿងហ្នឹងមិនទទួលតែម្តង។ អាហ្នឹងមនុស្សចង្រៃ។ អត់អោនឲ្យវាច្រើនដងហើយ។ ឥឡូវអត់មានអត់អោនអីទៀតទេ។ កំពង់ស្ពឺ គងពិសី ថ្ងៃនេះលើកនេះ គឺលើកទី ១០ … ស្រុកគងពិសីនេះ ពីឆ្នាំ ១៩៩៥ មកដល់ឥឡូវ គឺ ១០ ដង នេះលើកទី ១០ ដែលខ្ញុំមក។ យើងចង្អុលទៅមើលខាងស្នំក្រពើ នៅត្រង់ណា? តាមចង្អុល ផ្លូវស្នំក្រពើ ទៅច្រើនជាងគេ។ សាលារៀនដែលមានចម្រៀងអង្គលំទង នៅក្នុងឃុំស្នំក្រពើ។ បានសេចក្តីថា មុនឆ្នាំ ១៩៩៥ ពី ១៩៧៩ ដល់ឆ្នាំ ១៩៩៥ តើប៉ុន្មានដងទៀត? អញ្ចឹងមកច្រើនដងហើយ គងពិសីនោះ យើងម្តុំៗខាងហ្នឹង តែអាហ្នឹងជាភារកិច្ចដែលត្រូវដើរ …។
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាលាស្រុក មានសាលាស្រុកគងពិសី សាលាស្រុកសំរោងទង សាលាស្រុកបាសែត សាលាស្រុកកំពង់ស្ពឺ សាលាស្រុកអង្គស្នួល សាលាស្រុកកណ្តាលស្ទឹង ទាំងអស់ ៥ ស្រុក ក្នុងមួយស្រុកៗជូនចំនួន ២ លានរៀល។មណ្ឌលសុខភាពព្រៃលាបចំនួន ២ លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ក្រុមតន្រ្តីសម័យចំនួន ៥ លានរៀល។ ខ្ញុំមួយប្រាវមិញ អស់ប៉ុន្មាននាទី អស់ជិតមួយម៉ោង ជាងមួយម៉ោង តែមុជមិនជ្រៅ ទៅមិនឆ្ងាយប៉ុន្មានទេ ក៏ប៉ុន្តែក៏បាននិយាយរឿងរ៉ាវខ្លះ ទាក់ទងនឹងការអភិវឌ្ឍរបស់យើង។ ហើយយ៉ាងណាក៏ដោយ ខ្ញុំក៏សុំនៅតែបន្តអំពាវនាវឲ្យបងប្អូនយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ធាតុអាកាសត្រជាក់ ជាមួយនោះ មិនដឹងថា តើជំងឺ Covid-19 នេះ វានឹងរាលដាលទៅជាប្រភេទអីទៀត ហើយអូមីក្រុងចុងក្រោយនេះ គឺថា អូមីក្រុងដើររកតែអ្នកធំតែម្តង រាប់ទាំងខ្ញុំក៏កើតនឹងគេដែរ ពិនិត្យទៅឃើញអូមីក្រុង រកអត់ឃើញនៅស្រុកខ្មែរទេ រកឃើញនៅឥណ្ឌូនេស៊ី ប្រហែលជាហត់ពេកនៅក្នុងដំណាក់កាលនោះ។ ប្រធានសភា ប្រធានព្រឹទ្ធសភា អនុប្រធាន ឧបនាយករដ្ឋមន្ត្រីអីហ្នឹង កើតសឹងតែទាំងអស់ហើយ។ រដ្ឋមន្ត្រីអីកើតអស់ហើយ។ នេះរកតែអ្នកធំតែម្តង។ មិនដឹងថា តើវានឹងមានរឿងអីកើតឡើងទៀត?
សូមឲ្យបងប្អូនទៅទទួលវ៉ាក់សាំងជាបន្តទៀត នៅពេលដែលមានការចាក់វ៉ាក់សាំង។ ឥឡូវនេះ គឺនៅសល់មនុស្សប្រមាណ ៤ លាននាក់ទៀត ដែលមិនទាន់មកយកដូសទី ៣។ ឥឡូវធ្វើឲ្យយឺតវ៉ាក់សាំងនេះ ប្រធានាធិបតី ស៊ី ជីនពីង គាត់ប្រកាសឲ្យវ៉ាក់សាំងយើងចំនួន ២០ លានដូស ដឹកមក ៥ លានហើយ ឥឡូវ ១៥ លានទៀត កុំអាលដឹកមកអី ព្រោះយើងប្រើអត់ទាន់អស់។ សហរដ្ឋអាមេរិកប្រកាសឲ្យវ៉ាក់សាំងចំនួន ៧ លាន ៥ សែនដូស ដឹកមក ២ លានហើយ សល់ ៥ លាន ៥ សែនដូសទៀត។ ផ្អាកសិន។ កុំអាលដឹកមក ព្រោះវ៉ាក់សាំងនៅក្នុងឃ្លាំង ៧ លានដូសទៀត អត់ទាន់មានមនុស្សទៅទទួល។ ខ្លះចាក់ដល់ដូសទី ៥ ប៉ុន្តែរឿងដូសទី ២ នេះ ដូសទី ៣ នេះ នៅសល់មនុស្សប្រមាណ ៤ លាននាក់ អត់ទាន់ទៅយក ប្រហែលជាគាត់គិតថា ទី ១ ២ ដូស គ្រប់គ្រាន់ ទី ២ គាត់អត់ឃើញមនុស្សឆ្លង និងមនុស្សស្លាប់តទៅទៀត។ អញ្ចឹងបានជាបញ្ហានេះ បានក្លាយទៅជាចំណោទមួយដែលខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រុងប្រយ័ត្ន មិនដឹងថាជំងឺអីវាកើតឡើងបន្តទៀត បើយើងមានភាពសុំាសហគមន៍កើតឡើង គឺបើមានជំងឺឆ្លងចូល ដូចជាខ្ញុំកើត អត់មានអាការៈអីទាំងអស់ អាហ្នឹងមកពីអ្វី? មកពីវ៉ាក់សាំងដែលយើងបានទទួល។
ខ្ញុំទៅពេទ្យលើកមុន ខ្ញុំអត់ទាន់បានទទួលដូសទី ៥ ទេ ខ្ញុំទទួលបានត្រឹមដូសទី ៤ ឯដូសទី ៥ គេអត់ចាក់ទៅវិញ គេស្នើឲ្យខ្ញុំចាក់ គេហៅថា វ៉ាក់សាំងការពារសួត។ ដល់ទៅពិនិត្យលើកក្រោយនេះ គេឲ្យខ្ញុំចាក់វ៉ាក់សាំងការពាររឹមទៅវិញ។ អញ្ចឹងទេ ឲ្យតែគេចាក់ឲ្យ ដើម្បីការពារកុំឲ្យកើតជំងឺអីដទៃទៀត។ អញ្ចឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង នៅបន្តអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ។ ពិតមែនហើយ ៣ ការពារ បងប្អូនកំពុងតែធ្វើហើយ ឯ ៣ កុំ ជៀសវាងបាន កន្លែងណាដែលយើងអាចធ្វើបានគឺខិតខំធ្វើ ការរក្សាគម្លាត ការកុំប៉ះពាល់គ្នា ផ្អាកការចាប់ដៃគ្នា។ ធម្មតាដូចខ្ញុំមកចឹង តែងតែចាប់ដៃជាមួយប្រជាពលរដ្ឋ។ ឥឡូវយើងផ្អាកសិន មិនមែនខ្ញុំនេះទេ ជួនកាលមិនប្រាកដខ្ញុំថាអត់ ព្រោះខ្ញុំធ្លាប់កើតទៅហើយ។ ជួនកាលមិនដឹងថាក្នុងចំណោមហ្នឹងអ្នកណា។ យើងផ្អាករឿងការចាប់ដៃគ្នាសិនទៅ។ អាហ្នឹងចៀសវាងបានក៏យើងចៀសវាង យើងអាចនឹងលើកដៃសំពះគ្នាអីចឹងសិនទៅ អាហ្នឹងក៏ជាវិធីមួយសម្រាប់ការការពារខ្លួនរបស់យើងផងដែរ។
ថ្ងៃនេះ ជាមួយនឹងពិធីបើកការដ្ឋានសម្រាប់គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹងទៅលើជុំគីរីខេត្តកំពត ប្រវែងជាង ៩៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគពពីរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម វ៉ាង វិនទៀន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ជូនពរក្រុមហ៊ុនសាងសង់ ដែលនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាជីវកម្មផ្ទាល់របស់ចិន ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយជោគជ័យនៅក្នុងឱកាសឆ្នាំថ្មីដែលជិតមកដល់ ឆ្លងពី ២០២២ ទៅ ២០២៣ សូមប្រកបតែនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕