- ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន
- ឯកឧត្តម លោកជំទាវលោក លោកសី្រ!
ជាបឋម ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់ខេត្តសៀមរាបដែលជាទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃភាព សុខដុមរមនា ក្នុងរវាងមនុស្ស ធម្មជាតិ និងវប្បធម៌ ទីកន្លែងដ៏ល្អមួយ សម្រាប់ការពិភាក្សាគ្នា អំពី «សន្តិសុខប្រកបដោយភាពសុខដុម»។
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង។ ខែវិច្ឆិកានេះ គឺជាវេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងឡាយ រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩នេះ។ ក៏ប៉ុន្តែ ការណ៍នេះក៏ជាឱកាស ដ៏ពិសេសមួយសម្រាប់យើងចែករំលែកនូវទស្សនៈ និងយោបល់ ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និងពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក ទាំងមូល។
កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ វិបត្តិស្បៀងអាហារ និងថាមពល ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។ ទន្ទឹមនេះ បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់ ទាំងទំហំ និងភាពញឹកញាប់។ ពិតណាស់ ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេលដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។ បន្ថែមលើនេះ ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក។
នៅក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើងក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព។ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព និងវិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។
ក្នុងឋានៈជារដ្ឋតូចមួយ កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ចចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និងបើកចំហ ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬសណ្ដាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូចគ្នានៅលើចំណុចនេះដែរ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កាលពីដប់ឆ្នាំមុន ខ្ញុំបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែលគ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍។ នៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ។ កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម។
ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ។ ទីមួយ យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន។ ទីពីរ យើងត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុមាលភាពរបស់គ្រប់ភាគីទាំងអស់។ ទីបី យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
មូលបទរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម»។ នេះគឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ។ យើងត្រូវទទួលស្គាល់ និងរំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និងស្ថិរភាព។ ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់គ្នា ការអាស្រ័យគ្នាទៅវិញទៅមក និងសន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមនេះ អាស៊ានបានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នា។ តាមទស្សនៈរបស់ខ្ញុំ ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច រួមមាន៖
ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំរបស់អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល។
ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និងបើកចំហ។ ទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវនិម្មាបនកម្មសន្តិសុខតំបន់។ យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងអស់ ដរាបណាគំនិតផ្ដួចផ្ដើមទាំងនេះជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍ មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និងប្រជាជនជាស្នូល។ យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាននៅក្នុងគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព។ សន្តិសុខអាកាសធាតុ គឺជាបញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈសំខាន់។
ទី៥. លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើងនៃភាពស្មុគស្មាញ និងលក្ខណៈច្រើនទម្រង់របស់សន្តិសុខ និងការគំរាមកំហែងឆ្លងដែន យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទាំងនេះ។
មុននឹងបញ្ចប់ ខ្ញុំសូមសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគា្ន ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការជម្លោះនាពេលអនាគត និងការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីរបស់យើង។
ជាកិច្ចបញ្ចប់ ខ្ញុំសូមជូនពរឱ្យកិច្ចដំណើរការនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកនេះ ទទួលបាននូវជោគជ័យ។ ខ្ញុំក៏សូមជូនពរប្រតិភូទាំងអស់មានសុខភាពល្អ និងសុភមង្គល។
សូមអរគុណ !