ជយោ! ព្រះរាជាណាចក្រកម្ពុជា!|
ជយោ! សន្តិភាព និងការអភិវឌ្ឍ!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ប្រតិភូកីឡា នៃក្រសួងរាជធានី-ខេត្ត
បងប្អូនជនរួមជាតិជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ដែលជាធម្មតាការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ ឆ្នាំម្តង ប៉ុន្តែ មានការខកខាននៅឆ្នាំ ២០២០ ដោយសារការផ្ទុះឡើង នៃជំងឺកូវីដ-១៩។ ឆ្នាំនេះកូវីដ-១៩ មិនអាចរារាំងយើងបានទៀតទេ ដោយសារយើងបានរៀនរស់នៅជាមួយនឹងកូវីដ-១៩ ហើយកូវីដ-១៩ ក៏មិនអាចរារាំងខ្ញុំមិនឱ្យមកចូលរួមបើកកីឡាជាតិនៅល្ងាចនេះផងដែរ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានរួចស្រេចទៅហើយ។ ឆ្នាំ ២០២២ ជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយរលូន និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ដោយទទួលបានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសមហាអំណាច និងប្រទេសជាមិត្តនៅក្នុងតំបន់ និងសកល។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវកេរ្តិ៍ឈ្មោះដ៏ឧត្ដុង្គឧត្តម កិត្តិយសដ៏ធំធេង និងភាពល្បីរន្ទឺក្នុងតំបន់ និងអន្តរជាតិ សម្រាប់កម្ពុជា ព្រមទាំងរួមចំណែកដល់ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិទាំងមូល។ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀតក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ(ជាតិ)អូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ នេះ ដែលចាប់ផ្ដើមពីថ្ងៃទី ១៩ និងត្រូវបញ្ចប់នៅថ្ងៃទី ៣០ វិច្ឆិកា ២០២២ នេះ។ ព្រឹត្តិការណ៍ នៃការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈរបស់កីឡាករ/ការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួត SEA GAMES និង ASEAN PARA GAMES ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី ២១ វិច្ឆិកា (២០២២ នេះ) នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ។
វិស័យកីឡាបានដើរតួនាទីសំខាន់ក្នុងការកសាងទំនាន់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាននូវសុខដុមបនីយកម្មក្នុងសង្គមជាតិ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍កីឡាផ្ដល់ឱកាសល្អ សម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិស័ព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត កីឡា(បាន)រួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពល្អ ដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់ នៃផលិតភាពពលកម្ម និងការកសាងមូលធន សម្រាប់ដំណើរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ រស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់ពលកម្ម ដែលមានគុណភាព និងផលិតភាពខ្ពស់។ វិស័យកីឡាពិតជាដើរតួនាទី(សំខាន់) ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ។
ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត ចំពោះក្មួយៗចៅៗ កីឡាករ/ការិនីមានពិការភាព ដោយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលក្នុងការប្រកួតកីឡាជាតិលើកទី ១ ក្នុងឆ្នាំនេះ សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យអស់ពីកម្លាំងកាយចិត្ត និងមានស្មារតីស្វាហាប់ ពោរពេញដោយកម្លាំងចិត្តខ្លាំងក្លា ដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗ សំដៅបង្ហាញនូវការពិតដែលថា ពិការភាពប្រកបដោយសមត្ថភាពខ្ពស់។ ឆ្លៀតក្នុង ឱកាសនេះ ខ្ញុំសូមចូលរួមកោតសរសើរ និងអបអរសាទរ កីឡាករ/ការិនីជនពិការទាំងអស់ ដែលបានចូលលរួម ប្រកួតកីឡា ASEAN PARA GAMES នៅឯឥណ្ឌូនេស៊ី ដោយទទួលបានជោគជ័យគួរជាទីមោទន។ ជោគជ័យរបស់ក្មួយៗចៅៗ មិនត្រឹមតែជាមោទនភាពរបស់ក្មួយៗចៅៗប៉ុណ្ណោះទេ ប៉ុន្តែ ជាមោទនភាពរួមរបស់ ប្រជាជនកម្ពុជា និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ក៏ដូចជា លើកកិត្តិយស និងកិត្យានុភាពជាតិនៅក្នុង តំបន់ និងអន្តរជាតិ។
ដើម្បីលើកកម្ពស់វិស័យកីឡា និងត្រៀមខ្លួន សម្រាប់ការប្រកួត SEA GAMES និង ASEAN PARA GAMES ឆ្នាំ ២០២៣ ខ្ញុំសូមផ្ដល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖
(១) ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ/ការិនីទាំងអស់ សូមគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមានស្តង់ដារ និងបទបញ្ជាត្រឹមត្រូវតែមួយ ដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។
(២) ខ្ញុំសូមអំពាវនាវឱ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិ ស្ដីពីប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។ ឆ្នាំ ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន និងកីឡារស់នៅក្នុងសន្តិភាព។
(សេចក្តីអធិប្បាយ) អម្បាញ់មិញ ឯកឧត្តម ថោង ខុន បានលើកនិយាយ(ពី)កីឡាទាក់ទិនជាមួយនឹងសន្តិភាព។ កីឡា ឬក៏អ្វីផ្សេងទៀតក៏ដោយ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ។ កីឡាក្ដី ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្ដី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងដំណើរការដទៃទៀត មិនអាចរស់ដោយគ្មានសន្ដិភាពនោះទេ។ គេមិនអាចនឹង រស់នៅជាមួយសង្គ្រាមនោះឡើយ។ ដូច្នេះ សូមចូលរួមរក្សាសន្តិភាព ដើម្បីយើងទាំងអស់គ្នាអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
ខ្ញុំក៏គួរតែនិយាយបន្តិចថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបនៅក្នុងខេត្តសៀមរាប អាចចាត់ទុកថា កម្ពុជា គឺជាទីកន្លែង នៃការសម្រុះសម្រួលមួយ រវាង(ប្រទេស)មហាអំណាច ដែលនាំទៅដល់ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក-ចិននឹងធ្វើកិច្ចការដ៏ល្អនៅលើទឹកដីនៃខេត្តសៀមរាបដែលខ្ញុំនឹងមានវត្តមាននៅថ្ងៃស្អែកនេះផងដែរ។
(ចប់ការអធិប្បាយ)
(៣) ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរបៃតង និងទទួលស្គាល់ថា ជាការទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមបនីយកម្មក្នុងសង្គមជាតិ។
(៤) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិក កម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍ នៃការប្រកួត SEA GAMES និង ASEAN PARA GAMES ឆ្នាំ ២០២៣ និងព្រឹត្តិការណ៍ នៃការប្រកួតកីឡាជាអន្តរជាតិនាថ្ងៃអនាគត។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់មិត្តចិនរបស់យើង ជាពិសេស ឯកឧត្តមប្រធានាធិបតី Xi Jinping ដែលបានផ្ដល់ជាជំនួយឥតសំណងនូវស្ដាតដ៏ស្រស់ស្អាត ដែលផ្ដល់ឱកាសឱ្យយើង មិនគ្រាន់តែជាការបើកព្រឹត្តិការណ៍កីឡាជាតិនៅថ្ងៃនេះប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ នឹងឈានទៅបើកកីឡា SEA GAMES និង ASEAN PARA GAMES ឆ្នាំ ២០២៣ ខាងមុខ។ អរគុណ ចំពោះមិត្តចិន ដែលបានផ្ដល់នូវជំនួយ សម្រាប់យើងទាំងអស់គ្នានៅពេលនេះ។ មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ(ជាតិ)អូឡាំពិកកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំការប្រកួតកិឡាជាតិលើកទី ៣ និងកីឡាជាតិជនពិការលើកទី ១ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីបង្កើនសមត្ថភាពកីឡាករ/ការិនីផង និងសម្រាប់ត្រៀមខ្លួនប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES ឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អ្នក/លោកឧកញ៉ា អស់លោក/ស្រី ប្រតិភូ(កីឡា) និងកីឡាករ/ការិនី សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើកជាផ្លូវការ (នៃ)ការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជាតិជនពិការលើកទី ១ ចាប់ពីពេលនេះតទៅ៕