- ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ;
- ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ជាថ្មីម្ដងទៀត, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលបានថ្លែងបទអន្តរាគមន៍ និងសុន្ទរកថាដ៏មានអត្ថន័យ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំ ក្នុងដំណើរឆ្ពោះទៅមុខជាមួយគ្នាក្នុងការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន ស្របតាមប្រធានបទរបស់យើងក្នុងថ្ងៃនេះ។
ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់។ ក្នុងស្មារតីនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងមានកម្លាំងចិត្ត ប្រកបដោយសុទិដ្ឋិនិយម ដោយបានសង្កេតឃើញថា យើងមានទស្សនៈវិស័យដូចគ្នា និងមានជំហររួមគ្នាក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ, ការផ្ដល់សិទ្ធិអំណាច និងការគាំទ្រដល់ស្ត្រី ដែលជាគុណតម្លៃដ៏វិសេស-វិសាល សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានទាំងមូល ជាពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍, «បើស្រ្តីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ានរបស់យើង ក៏រឹងមាំដូចគ្នាដែរ»។ ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយដ៏សំខាន់ ដែលអាចផ្តល់ និងបង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង។
ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ, ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។ ក្នុងន័យនេះ, រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាពសម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ, ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូបមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ នាថ្ងៃនេះ នឹងបន្តក្លាយជាវេទិកាសម្រាប់ការបំផុស និងជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន។ ខ្ញុំសូមលើកទឹកចិត្តឱ្យអាស៊ាន បន្តរៀបចំកិច្ចប្រជុំកំពូលនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និងក្នុងតំបន់។ ជាពិសេស, ខ្ញុំមានជំនឿយ៉ាងមុតមាំថា សេចក្តីថ្លែងការណ៍ ស្ដីពី «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ ការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលយើងបានពិភាក្សានាថ្ងៃនេះ នឹងទទួលបានការគាំទ្រ និងការអនុម័តលើ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
ជាកិច្ចបញ្ចប់, ខ្ញុំសូមជូនពរឱ្យ ឯកឧត្តម, លោកជំទាវលោក, លោកសី និង ភ្ញៀវកិត្តិយស ទាំងអស់ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ, វណ្ណៈ, សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបិទ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ចាប់ពីពេលនេះតទៅ ៕
សូមអរគុណ!