- ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ;
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលស្វាគមន៍ ឯកឧត្តម, លោកជំទាវ, លោក, លោកសី និង ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ កំពូលស្រ្តីអាស៊ាន លើកទី ២ ដោយផ្ទាល់ផង និង តាមរយៈប្រព័ន្ធវីដេអូផង។
ខ្ញុំសូមរំលឹកថា, កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០២០ ប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ចំពោះការដាក់បញ្ចូលការលើកកម្ពស់តួនាទីរបស់ស្រ្តី ទៅក្នុងចំណុចស្នូលនៃកិច្ចខំប្រឹងប្រែង សម្រាប់ការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និងភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ, ក៏មានការទទួលស្គាល់ និងការពិភាក្សាអំពីអាទិភាពនានា ជុំវិញការពង្រឹងតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល, ការឆ្លើយតបទៅនឹងកិច្ចគាំពារសង្គម, ការថែទាំគ្រួសារ និងប្រាក់ឈ្នួលទាប, ព្រមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសង្គម ដើម្បីឆ្លើយតបនឹងសមភាពយេនឌ័រ និងសុខុមាលភាពរបស់ស្ត្រី។
ឈរលើសមិទ្ធផលដ៏ប្រពៃនេះ, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ២ នាពេលនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ កម្ពុជាបានកំណត់ប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដើម្បីជំរុញកិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ឱ្យក្លាយជាកម្លាំងចលករគន្លឹះប្រកបដោយចីរភាព និងកាន់តែរឹងមាំក្នុងការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកការកសាងអនាគត និងវិបុលភាពរួមមួយ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
អាស៊ានគឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ានពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី។ ជាក់ស្ដែង, កម្ពុជាមានសហគ្រាសធុនមីក្រូ, តូច និងមធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប។ ក្នុងនោះ ស្ត្រីគឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ, តូច និងមធ្យម។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និង ជំរុញការលើកតម្កើងស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត។ ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និងទៅអនាគត, ស្ត្រីនឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ជាក់ស្តែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។
ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្រ្តី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
ទី១. រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។
ទី២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskilling) និងបណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្រ្តី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
ទី៣. លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្ម។
ទី៤. ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយនានាផ្នែកគាំពារសុខុមាភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម។
- ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការរួមសាមគ្គី និងសហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី។ ជាក់ស្ដែង, នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ, យើងនឹងពិភាក្សា និងផ្តល់យោបល់លើការរៀបចំ សេចក្ដីថ្លែងការណ៍ ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន។ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូទាំងអស់ នឹងផ្តល់ការគាំទ្រដល់សេចក្ដីថ្លែងការណ៍នេះ។
ជាកិច្ចបញ្ចប់, ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំកំពូលនេះដំណើរការទៅដោយរលូន និងសូមជូនពរ ឯកឧត្តមលោកជំទាវ, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ប្រកបដោយសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ចាប់ពីពេលនេះតទៅ ៕