FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិត សរុបចំនួន២៣,០១០នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍។ នេះបើតាមការឲ្យដឹងពី លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
លោក តុប សុភ័ក បានបញ្ជាក់បែបនេះថា «រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែជូនកម្មករ និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណជាង ៨,៩៥លានដុល្លារ ជូនកម្មករ និយោជិតសរុបចំនួន ២៣,០១០នាក់»។
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានលើកឡើងទៀតថា ក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យ ទេសចរណ៍បានចំនួន១០ជុំ និងវិធានការគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយក្នុងនោះរួមមាន វិធានការលើកលែងពន្ធអាករប្រចាំខែ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ ការលើកលែង ប.ស.ស ការបង្កកបំណុលពន្ធដារ និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។
លោកបន្ដទៀតថា ថ្មីៗនេះដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់ស្តារអាជីវកម្មទេសចរណ៍ទ្បើងវិញ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវកម្មវិធីចំំនួន២រួមមាន៖ ទី១៖ កម្មវិធីសហហិរញ្ញប្បទាន ស្តារ និងជំរុញវិស័យទេសចរណ៍កម្ពុជាក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារអាមេរិក និងទី២៖ កម្មវិធីធានាឥណទាន ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក។
ជាមួយគ្នានេះ ក្នុងគោលដៅរក្សាគុណភាពសេវា និងផលិតភាពការងាររបស់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ លោក តុប សុភ័ក បានបន្ថែមថា ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃជាច្រើនវគ្គ តាមរយៈការបណ្តុះបណ្តាល ដោយផ្ទាល់ក្នុងថ្នាក់ និងតាមប្រព័ន្ធអនទ្បាញទៅលើមុខវិជ្ជាចំនួន៤៣មុខ និងបានបណ្តុះបណ្តាលបានសិក្ខា-កាមជំនាញជាង ២,០០០នាក់៕