វ៉ាក់សាំងត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនី
ថ្ងៃនេះ ក៏ដូចជាពេលមុនៗដែរ ខ្ញុំតែងតែជួបជុំ និងជូនដំណើរកីឡាករ/ការិនីរបស់យើងមុនចេញទៅប្រកួតស៊ីហ្គេម។ ខ្ញុំចង់សួរបញ្ជាក់ទៅកាន់កីឡាករ/ការិនីរបស់យើងថា តើក្នុងចំណោមកីឡាករ/ការិនីរបស់យើងនេះ មានប៉ុន្មាននាក់ដែលបានឆ្លងកូវីដ-១៩? សូមអញ្ជើញក្រោកឈរឡើង កុំមានការអៀនខ្មាស ព្រោះអ្នកកើតកូវីដ-១៩ ហើយជាអ្នកដែលធានាសុវត្ថិភាពរួចហើយ។ សរុបទៅប៉ុន្មាន? អ្នកកើតកូវីដ-១៩ ហើយ គឺអ្នកសុវត្ថិភាពបំផុតហើយ។ អ្នកដែលមិនទាន់កើតទេ ដែលត្រូវព្រួយ។ អញ្ចឹង យើងមានប្រហែលជាជិត ១០០ ដែរ ឬមិនដល់ទេ? សូមអង្គុយចុះ។ កូវីដ-១៩ បានបំផ្លាញយើង ក៏ប៉ុន្ដែយើងក៏បានខិតខំដើម្បីជំនះវា។ សម្ដេចពិជ័យសេនា ទៀ បាញ់ ទទួលភារកិច្ចមើលការខុសត្រូវលើការងារនេះ និងតាមរយៈ ឯកឧត្តម ថោង ខុន ឯកឧត្តម ហង់ ជួនណារ៉ុន វ៉ាក់សាំងត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនីរបស់យើង ក្នុងនោះ គឺទទួលបានការចាក់វ៉ាក់សាំងជាទៀងទាត់។ ហើយយើងត្រូវយកចិត្តទុកដាក់លើការហ្វឹកហាត់ថែមទៀត។
កីឡាករ ៦៦០ នាក់ អ្នកដឹកនាំនិងជំនួយការ ៤៥ នាក់
ខ្ញុំមានការរីករាយដែលថ្ងៃនេះ យើងបានធ្វើការជូនដំណើរ(កីឡាករ/ការិនី ចំនួន) ៦៦០ នាក់ ដែលក្នុងនោះមានចំនួន ៤៥ នាក់ ជាថ្នាក់ដឹកនាំនិងមន្ដ្រី។ ចំនួននេះសមស្រប បើប្រៀបធៀបជាមួយចំនួនស៊ីហ្គេមនៅហ្វ៊ីលីនកាលពីជិត ៣០ ឆ្នាំមុននោះ។ ពេលនោះ ចំនួនកីឡាករតិចជាងចំនួនអ្នកជូនដំណើរ ដែលសូម្បីតែខ្ញុំក៏មានការតក់ស្លុត ក្នុងឋានៈជាអ្នកផ្គត់ផ្គង់លុយកាក់សម្រាប់ការធ្វើដំណើររបស់កីឡាករ/ការិនីរបស់យើង។ ដល់ទៅមើលក្នុងស្ថិតិ ស្រាប់តែអ្នកជូនដំណើរច្រើនជាងកីឡាករ/ការិនី ហើយអ្នកទាំងនោះលេងសុទ្ធតែសណ្ឋាគារផ្កាយប្រាំទៀត។ ប៉ុន្ដែ ថ្ងៃនេះ ខ្ញុំពិតជាមានការកោតសរសើរក្នុងការរៀបចំ ដោយអ្នកជូនដំណើរមានចំនួន ៤៥ នាក់តែប៉ុណ្ណោះ ដែលទៅ(ជា)ជំនួយ ឯភាគច្រើនគឺអ្នកប្រកួតតែម្ដង ដោយ(យើងចូលរួមក្នុង)ច្រើនវិញ្ញាសាដូចដែល ឯកឧត្តម ថោង ខុន បានលើកឡើងអម្បាញ់មិញនេះ។ ជាលើកដំបូងដែរ ដែលយើងបញ្ជូនកីឡាករជាទ្រង់ទ្រាយធំទៅចូលរួមការប្រកួត ដែលនេះជាការប្រកួតមួយចុងក្រោយ មុនពេលដែលយើងចូលទៅធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។
សង្ឃឹមថា អ្នកដឹកនាំ កីឡាករ/ការិនី នឹងដកពិសោធន៍ ដើម្បីយើងចាត់ចែងធ្វើម្ចាស់ផ្ទះឱ្យបានសមស្រប
សង្ឃឹមថា អ្នកដឹកនាំរបស់យើង ក៏ដូចជាកីឡាករ/ការិនីរបស់យើង នឹងធ្វើការដកពិសោធន៍នៅទីនោះ ដើម្បីយើងចាត់ចែងធ្វើម្ចាស់ផ្ទះឱ្យបានសមស្រប។ ពិតមែនហើយ យើងបានសិក្សាជាលំដាប់តៗ គ្នារហូតមក តើប្រទេសណាចាត់ចែងយ៉ាងម៉េចៗ ដល់(វេន)យើងចាត់ចែង ក៏(ត្រូវ)ចាត់ចែងឱ្យបានល្អដូចគេ។ បើបានល្អលើសគេទៀតកាន់តែល្អ។ អញ្ចឹង យើងក៏ត្រូវរៀបចំការទៅប្រកួតនេះ ជាមួយនឹងការសិក្សាស្រាវជ្រាវ អំពីរបៀបចាត់ចែងរៀបចំរបស់គេ ដើម្បីងាយស្រួលរៀបចំចាត់ចែងស៊ីហ្គេម ២០២៣ សម្រាប់កម្ពុជា។ ពិតហើយ វាកៀកគ្នាណាស់ បើគិតពីការប្រកួតពេលនេះ និងឆ្នាំក្រោយ គឺមួយឆ្នាំគត់។ វៀតណាមធ្វើនៅខែឧសភា ឆ្នាំ២០២២ យើងធ្វើនៅខែឧសភាដែរ គឺមួយឆ្នាំគត់។
ដោយសារនៅវៀតណាមមានករណីកូវីដ-១៩ វាយប្រហារ … (អញ្ចឹង) វៀតណាមក៏ពន្យារពេល។ ឥឡូវនេះ វៀតណាមក៏គ្រប់គ្រងបានល្អ បន្ទាប់ពីការកើនចំនួន(អ្នកឆ្លង)កូវីដ-១៩ … ជាង ១០ លាននាក់ … ធ្វើឱ្យវៀតណាមក្លាយជាប្រទេសលេខ ១២ លើពិភពលោក ដែលលមានមនុស្សឆ្លងច្រើនជាងគេ។ ប៉ុន្ដែ ក្នុងប៉ុន្មានប្រហែលជាងមួយអាទិត្យ ឬពីរអាទិត្យចុងក្រោយនេះ កម្រិតនៃការឆ្លង/ស្លាប់មានការធ្លាក់ចុះ។ ម្សិលមិញមានអ្នកឆ្លងនៅវៀតណាមត្រឹមជាង ៨ ០០០ នាក់ ជាមួយនឹងអ្នកស្លាប់ដូចជា ៥ នាក់ នេះបើយោងតាមរបាយការណ៍ ដែលសារព័ត៌មានវៀតណាមបានផ្សាយ។ អញ្ចឹង វៀតណាមមានលទ្ធភាពដើម្បីចាត់ចែងការប្រកួតស៊ីហ្គេម ប៉ុន្ដែប្រសិនបើប្រៀបធៀបកាលពីឆ្នាំទៅ បើគាត់ចាត់តាំងការប្រកួតនៅពេលនោះនឹងមានការលំបាកជាង។
ឆ្នាំនេះ ទោះបីកម្រិតនៃការឆ្លងនេះវាថយចុះ ក៏ប៉ុន្ដែមិនដឹងវៀតណាមគាត់អនុវត្ដការប្រកួតដោយគ្មានអ្នកចូលមើល ឬការប្រកួតដោយមានអ្នកចូលមើល។ ហ្នឹងគឺអាស្រ័យទៅលើខាងអ្នកដឹកនាំ(កម្មវិធី)វៀតណាមឯណោះទេ។ សម្រាប់យើង សង្ឃឹមថា ខែឧសភា ឆ្នាំ២០២៣ អាចនឹងផ្ដល់ឱកាសឱ្យសាធារណជនចូលមើលបាន។ បើយោងលើការព្យាករណ៍ទៅលើអ្វីដែលបាននិងកំពុងកើត កូវីដ-១៩ នៅប្រទេសយើង ដែលម្សិលមិញនេះ ចំនួនអ្នកដែលនឹងផ្សាយនៅថ្ងៃនេះ ត្រឹមម៉ោង ១០ អីនឹងផ្សាយ គឺមានចំនួន ៥ នាក់។ តួលេខពីម្សិលមិញយកមកផ្សាយថ្ងៃនេះ ក្នុងហ្នឹងទីក្រុងភ្នំពេញ មាន ៣ នាក់ ហើយនៅខេត្ត ២ នាក់។ អញ្ចឹងការដែលវៀតណាមឆ្លងច្រើន ក៏ត្រូវមើលឃើញថា គាត់មានមនុស្សជិត ១០០ លាននាក់។ (ក្នុងចំណោម)មនុស្ស ១០០ លាននាក់ កម្រិតនៃការឆ្លងប៉ុណ្ណឹង វាមិនមែនឆ្លងច្រើនហួសហេតុពេកទេ។ សម្រាប់យើងមនុស្ស ១៦ លាននាក់ ក្នុងករណីឆ្លង ៣ ខ្ទង់ ចូលដល់រយ អាហ្នឹងចាត់ទុកថាច្រើន។ ប៉ុន្ដែ នៅប្រទេសដែលមានមនុស្សរយលាននាក់ ឆ្លងបួនខ្ទង់ក៏មិនទាន់ថាច្រើនទេ។
កុំប្រើសារធាតុហាមឃាត់ ដើម្បីកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិ
សម្រាប់ការចេញទៅប្រកួត ខ្ញុំគាំទ្រការលើកឡើងរបស់ ឯកឧត្តម ថោង ខុន ហើយក៏ដូចជាបណ្ដាំមុនៗរបស់ខ្ញុំដែរ នោះគឺខិតខំយ៉ាងម៉េចធ្វើការប្រកួតដោយសមត្ថភាព ចៀសវាងឱ្យខាងតែបាននូវការបំពានលើបទបញ្ញត្ដិ នៃការប្រកួត និងត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់សារធាតុប៉ូវកម្លាំង ដែលត្រូវបានហាមឃាត់ … នេះជាចំណុចពិសេសនិងភាពថ្លៃថ្នូររបស់ប្រទេស។ ក្មួយៗដែលជាកីឡាករ/ការិនី ត្រូវដឹងឱ្យច្បាស់ថា ការទៅប្រកួតនេះ គឺកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាទៅជាមួយ។ ដូច្នេះ ក្មួយៗត្រូវដឹងថា នៅជាប់នឹងខ្លួនក្មួយមានតួអង្គព្រះមហាក្សត្រ មានតួងអង្គនីតិបញ្ញត្ដិ និងមានតួអង្គនីតិប្រតិបត្ដិ ជាពិសេសមានប្រជាជនជិត ១៧ លាននាក់ នៅជាមួយនឹងក្មួយ។ កិត្ដិយស និងសេចក្ដីថ្លៃថ្នូរវាសំខាន់ណាស់ សម្រាប់ប្រទេសជាតិរបស់យើង។ ដូចនេះ សារធាតុលើកកម្លាំងនេះមិនត្រូវប្រើដាច់ខាត។ ការប្រកួតអាចមានការថ្លោះធ្លោយដោយអចេតនា ប៉ុន្ដែ សម្រាប់ការប្រើប្រាស់សារធាតុលើកកម្លាំង ដែលខុសអំពីបម្រាម គឺជាចេតនាពិតប្រាកដ។ ដូចនេះ ប្រសិនបើមានបញ្ហានេះ វាជារឿងអសោចសម្រាប់មុខមាត់ប្រទេសជាតិរបស់យើង។ មិនត្រូវឱ្យមានរឿងនេះកើតឡើងដាច់ខាតនៅក្នុងកីឡារបស់យើង។
បើទោះបីជាដាក់ចេញគោលដៅយ៉ាងម៉េចក៏ដោយថា ត្រូវយកមេដាយមាសឱ្យបានប៉ុណ្ណេះ/ប៉ុណ្ណោះ ដាក់ប៉ុន្មានដាក់ទៅ ប៉ុន្ដែ បើមានខូច(ឈ្មោះ)ហ្នឹងហើយ កីឡាប៉ុន្មានទៀតវាស្ទើរតែបាត់បង់មុខមាត់ប្រទេសជាតិតែម្ដង។ អញ្ចឹង ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់បំផុតទៅលើបញ្ហាវិន័យកីឡា ដែលក្នុងនោះ ការ(ប្រើ)សារធាតុលើកកម្លាំងខុសបទបញ្ញត្ដិ ត្រូវតែធានាថាគ្មាននៅក្នុងកីឡារបស់យើង។ ឯរឿងនៃការលេង ត្រូវគោរពនូវបទបញ្ញត្ដិនៃវិញ្ញាសានៃការប្រកួត។ ឧទាហរណ៍៖ វាយបុក គេហាមវាយប្រដាប់ការពារ ឯងទៅវាយប្រដាប់ការពារ អាហ្នឹងខុស។ ប៉ុន្ដែ ប្រសិនបើទាត់ទៅវាជ្រុល … គេអាចយោគយល់បាន។ កីឡាបាល់ទាត់ គឺដូចគ្នា ជួនកាលអត់មានចេតនាទេ ជួនកាលវាទប់មិនទាន់។ អញ្ចឹង វាមានចេតនា និងអចេតនារបស់វា។
កីឡាមានស្តង់ដាររួម នយោបាយ ប្រជាធិបតេយ្យ សិទ្ធិមនុស្សមិនមានស្តង់ដាររួមទេ
នៅលើពិភពលោកនេះ ដូចដែលខ្ញុំធ្លាប់បាននិយាយថា មានតែកីឡាទេដែលមានស្ដង់ដាររួម។ កុំនិយាយពីស្តង់ដារអន្ដរជាតិលើលទ្ធិប្រជាធិបតេយ្យ/សិទ្ធិមនុស្ស លើបញ្ហានេះ/នោះ។ គ្មានទេ។ ចំណុចនេះ យើងគោរពចំពោះតួនាទីកីឡា ដែលតួនាទីកីឡានេះ គេហៅថា ស្ដង់ដារអន្ដរជាតិ ហើយមានតែក្នុងវិស័យកីឡាហ្នឹង។ ប៉ុន្ដែ ស្ដង់ដារលើបញ្ហានយោបាយ (លើការ)គ្រប់គ្រង លើបញ្ហាប្រជាធិបតេយ្យ (និង)សិទ្ធិមនុស្សអី គឺអត់មានស្ដង់ដារអន្ដរជាតិទេ។ អ្នកខ្លះលឺសូរខ្ញុំនិយាយអញ្ចឹង ពួកគេមិនបានពិចារណាឱ្យបានពិតប្រាកដថា ស្ដង់ដារវាយ៉ាងម៉េច? គេអាចពេបជ្រាយ ឬវាយបកមកលើខ្ញុំ។ តែខ្ញុំមិនខ្វល់ទេ អ្នកណាចង់ថាអីថាទៅ។ នេះជាសិទ្ធិរបស់ខ្ញុំក្នុងការអត្ថាធិប្បាយ។
យើងពិនិត្យតែប៉ុណ្ណេះទៅបានហើយ។ ខ្ញុំនិយាយពីប្រទេស ដែលហៅថា បិតាប្រជាធិបតេយ្យទៅចុះ គេអនុវត្ដស្ដង់ដារខុសគ្នា។ ឧទារហណ៍៖ នៅសហរដ្ឋអាមេរិកមានប្រជាជនគាំទ្រត្រឹមតែ ៤០% ឬក្រោម ៤០% គឺអាចធ្វើប្រធានាធិបតីបានហើយ។ មូលហេតុអី? យើងគិតមើលទៅ អំពីការបោះឆ្នោត ប្រជាពលរដ្ឋចេញទៅបោះឆ្នោតមាន ៦០% យើងថា ៧០% ទៅចុះ។ អញ្ចឹង ដល់ពេលទៅបោះឆ្នោត សន្លឹកឆ្នោតមិនចែកជាពីរ? ប្រសិនបើប្រដំប្រសង(គ្នា) មួយ ៣៦% មួយ(ទៀត) ៣៤% បើអញ្ចឹងទេមានតែ ៣៦% ក្នុងចំណោមអ្នកមកបោះឆ្នោត ៧០%។ បើយើងគិតយកសន្លឹកឆ្នោតដែលទទួលបាន មកបូកជាមួយប្រជាជនទូទាំងប្រទេស រាប់ទាំងប្រជាជនដែលមិនបានមកបោះឆ្នោត បានសេចក្ដីថា ភាគរយទាបណាស់។ ហ្នឹងប្រជាធិបតេយ្យនៅអាមេរិក។
ប៉ុន្ដែ ប្រជាធិបតេយ្យនៅបារាំង ដែលទើបបោះឆ្នោតហើយថ្មីៗនេះ បើមិនលើស ៥០% ទេ គឺមិនអាចធ្វើជាប្រធានាធិបតីបានទេ។ ដោយបារាំងបានអនុវត្ដនូវការបោះឆ្នោតពីរជុំ។ ជុំទី ១ បើមិនអាចរកអ្នកបានសម្លេងលើស ៥០% បាន គេត្រូវបោះឆ្នោតជុំទី ២ ដោយយកអ្នកលេខ ១ និងលេខ ២ ទៅបោះចុងក្រោយ។ អញ្ចឹង កាលពីថ្ងៃអាទិត្យមុននេះ ប្រធានាធិបតី Emmanuel Macron ដែលត្រូវចប់ក្នុងអាណត្តិទី ២ … គាត់និយាយ ដែលស្តាប់ជាគោលៗថា គាត់ដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតឱ្យគាត់នេះ គឺមានមួយចំនួនមិនស្រឡាញ់គាត់ទេ ក៏ប៉ុន្តែបញ្ហាសំខាន់ គឺរារាំងពួកជ្រុលនិយមឡើងកាន់អំណាច។ ទិសដៅ គឺអញ្ចឹង។
ប៉ុន្តែគាត់ថា គាត់នៅតែអរគុណ ព្រោះនៅបារាំងគេខ្លាចបំផុត គឺក្រុម Le Pen ឡើងកាន់អំណាច។ ដល់អញ្ចឹង អ្នកខ្លះគាត់អត់មានជម្រើសទេ ខ្លាចក្រែងលោក្រុម Le Pen ឡើងកាន់អំណាច គឺគាត់លំបាក។ បើអញ្ចឹងត្រូវតែបោះអោយ Emmanuel Macron តែម្តង ។ អញ្ចឹង Emmanuel Macron គាត់ដឹង តែគាត់នៅតែថ្លែងអំណរគុណ សម្រាប់ការបោះឆ្នោតរបស់គាត់។
… លើកឡើងចំណុចនេះ វាបង្ហាញច្បាស់អំពីប្រជាធិបតេយ្យថាដំណើរការអត់ដូចគ្នាទេ ពីប្រទេសមួយទៅកាន់ប្រទេសមួយ។ ប៉ុន្តែ គេហៅថាប្រភេទប្រជាធិបតេយ្យដូចគ្នា។ អញ្ចឹង ដំណើរការប្រជាធិបតេយ្យវាមិនដូចគ្នាទេ ប្រទេសខ្លះប្រកាន់យករបបប្រធានាធិបតី ដែលហៅថា (Régime présidentiel) ប្រទេសខ្លះប្រកាន់យករបបសភា ដែលហៅថា (Régime parlementaire)។ អញ្ចឹង ទោះបីជារបបប្រធានាធិបតី ឬរបបសភាក៏ដោយ ក៏គេហៅបែបប្រជាធិបតេយ្យដូចគ្នា។ ក៏ប៉ុន្តែ វាមិនមែនជាស្តង់ដារតែមួយទេ។ ខ្ញុំសូមនិយាយកន្លែងហ្នឹងបន្តិចទៅចុះ ដោយសារយើងរៀបចំចូលទៅដល់ដំណាក់កាលនៃការបោះឆ្នោតដែរ។ យើងក៏ត្រូវយល់ដឹងថា តើអំណាចនៅកន្លែងណា? ត្រូវដឹងអំពីរបបរបស់វា។
របបប្រធានាធិបតី អំណាចនៅលើប្រធានាធិបតី។ របបសភា អំណាចស្ថិតនៅលើនាយករដ្ឋមន្ត្រី។ អញ្ចឹង បើយើងមើលនៅក្នុងប្រទេសនៅលើពិភពលោក របបប្រធានាធិបតីមាននៅអាមេរិក មាននៅបារាំង។ ទោះបីជាប្រធានាធិបតីមានសិទ្ធិប្រជាជនបោះឆ្នោតដោយត្រង់ក៏ដោយ ប៉ុន្តែប្រធានាធិបតីគ្មានសិទ្ធិទាំងអស់នោះទេ ព្រោះរដ្ឋាភិបាលក៏មានអំណាចមួយភាគ។ វាប្លែកត្រង់កន្លែងហ្នឹង។ ជួនកាលប្រធានាធិបតីបក្សផ្សេង រដ្ឋាភិបាលបក្សផ្សេង។ សភាដាក់ទៅ ប្រធានាធិបតីពេញចិត្ត ឬមិនពេញចិត្ត ត្រូវតែស៊ីញ៉េឱ្យ។
នៅអាស៊ានរបស់យើង របបប្រធានាធិបតីមានពីរប្រទេស គឺហ្វីលីពីន និងឥណ្ឌូនេស៊ី។ អញ្ចឹង របបប្រទេសទាំងពីរនេះ អត់មាននាយករដ្ឋមន្ត្រីទេ។ អំណាចនៅនឹងប្រធានាធិបតី។ កូរ៉េខាងត្បូងក៏ជារបបប្រធានាធិបតីដែរ ក៏ប៉ុន្តែមាននាយករដ្ឋមន្ត្រី តែនាយករដ្ឋមន្ត្រីអំណាចតិច អំណាចនៅហ្នឹងប្រធានាធិបតីទៅវិញ។ ថៃ និងកម្ពុជា អាហ្នឹងជារបបសភា ដោយអំណាចនៅនឹងនាយករដ្ឋមន្រ្តី។ ឥណ្ឌា គឺអំណាចនៅនឹងនាយករដ្ឋមន្ត្រី មានប្រធានាធិបតី ក៏ប៉ុន្តែជានិមិត្តរូប។ ត្រូវស្គាល់ប្រព័ន្ធរបស់វា។
ខ្ញុំឃើញមនុស្សមួយចំនួនឡើងវិភាគ។ គួរអាសូរ។ ក្នុងឋានៈជាខ្មែរ ខ្ញុំមានការខ្មាសអៀន។ (អ្នក)ខ្លះមើលស្រាលសញ្ញាបត្រ/សិក្សានៅកម្ពុជា ប៉ុន្តែដល់អ្នកដែលជាប់បណ្ឌិតនៅកម្ពុជារត់ទៅក្រៅប្រទេស ស្រាប់តែហៅលោកបណ្ឌិត ក្នុងពេលជាមួយគ្នា គេបែរជាបន្តុះបង្អាប់ការសិក្សានៅក្នុងស្រុក។ ពេលបានទៅនៅក្រៅស្រុក ទៅជាបណ្ឌិត។ នេះបណ្ឌិតរៀនតាំងពីកូនក្មេងក្រោមសាលាយើង ក្រោយឆ្នាំ ១៩៧៩ … រៀនយកបរិញ្ញា(បត្រ)ក៏នៅហ្នឹង បរិញ្ញា(បត្រ)ជាន់ខ្ពស់ក៏នៅហ្នឹង បណ្ឌិតក៏នៅហ្នឹង។ ដល់ចេញទៅក្រៅ គេហៅបណ្ឌិតលាន់។ ដូច្នេះ ខ្មែរមានតម្លៃដែរតើ។ សញ្ញាបត្រខ្មែរវាល្អដែរ។
អាណោចអាធ័មណាស់ ពេលដែលឃើញអ្នកដែលតាំងខ្លួនជាបណ្ឌិតមួយចំនួនចេញមកវិភាគ អត់ស្គាល់អ្វីទៅដែលហៅថា របបប្រធានអញ្ចេះទៅចុះ។ សូម្បីតែក្នុងប្រព័ន្ធរដ្ឋាភិបាល ប្រព័ន្ធសភា គេមានសម្លេងភាគតិចនិងភាគច្រើន។ ក្រុមប្រឹក្សាធម្មនុញ្ញ យើងមើលក្នុងច្បាប់ នៃការគ្រប់គ្រងទៅចុះ គេអនុម័តប្រើរបៀបម៉េច។ ប៉ុន្តែដោយឡែកក្នុងរដ្ឋាភិបាល នីតិប្រតិបត្តិ គេហៅរបបប្រធាន ដូចជារដ្ឋាភិបាល បើនាយករដ្ឋមន្ត្រីសម្រេចហើយ គឺអត់ទេ អត់មានត្រូវការថា ក្នុងគណៈរដ្ឋមន្ត្រីសូមមតិសម្លេងភាគច្រើន/តិចអត់ទេ។ តែនាយករដ្ឋមន្ត្រីថាយ៉ាងម៉េច គឺអញ្ចឹងហើយ។
បាន(មាន)អ្នកខ្លះចេះតែថា នាយករដ្ឋមន្ត្រីចេះតែប្រកាស រដ្ឋមន្ត្រីចេះតែធ្វើតាម។ ធ្វើនាយករដ្ឋមន្រ្តីមិនឱ្យជាអ្នកប្រកាស? បើភ្លើណាស់ រៀនសូត្រឱ្យហើយចាំនិយាយ។ តាមក្រសួងមួយៗរដ្ឋលេខាធិកាច្រើនមែន ប៉ុន្តែ អត់មានតម្រូវឱ្យយកសម្លេងភាគតិច/ច្រើនក្នុងបណ្តារដ្ឋលេខាធិកា ឬអនុរដ្ឋលេខាធិការទេ។ រដ្ឋមន្ត្រីសម្រេចយកតែម្តង។ អញ្ចឹង បានជានៅក្នុងអត្ថបទគតិយុត្តិមួយចំនួន ដែលស្នើមកនាយករដ្ឋមន្ត្រីចុះហត្ថលេខា យោងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ឧទាហរណ៍អញ្ចឹងទៅចុះ តែងតាំងមន្ត្រី យោងតាមសំណើរដ្ឋមន្ត្រីនេះ/នោះ។ ហ្នឹងរដ្ឋមន្ត្រីជាអ្នកស្នើ ហើយនាយករដ្ឋមន្ត្រីសម្រេចយកតែម្តង។ នេះខ្ញុំគ្រាន់តែលើកឡើង ដើម្បីជាការចែករំលែក ហើយការចែករំលែកហ្នឹងក៏អាចចែកទៅ សម្រាប់អ្នកដែលគេហៅថា អ្នកដែលមិនចេះ ធ្វើចេះគ្រប់រឿងនោះ ហើយមិនដែលធ្វើរដ្ឋមន្ត្រីម្តងណាសោះ ឬមិនដែលស្គាល់រសជាតិនាយករដ្ឋមន្ត្រីយ៉ាងម៉េចសោះ ហើយមកប្រដៅឯងឱ្យធ្វើនាយករដ្ឋមន្ត្រីទៅកើត? …។
ខ្សែសង្វាក់ផ្គត់ផ្គង់សកលជួបវិបត្តិ ដោយសារកូវីដ-១៩ និងបញ្ហាអន្តរជាតិមួយចំនួន
វិលត្រឡប់មកបញ្ហាកីឡា គឺជាបញ្ហាអន្តរជាតិតែមួយគត់ ដែលគោរពបានគ្រប់ប្រទេសទាំងអស់ ធ្វើតាមគ្រប់ប្រទេសទាំងអស់។ ពិតហើយ នៅពេលខាងមុខនេះ មានតម្រូវការលើបញ្ហាដូចៗ គ្នាមួយចំនួន ឧទាហរណ៍៖ ការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈអីមួយចំនួន អាចក្លាយទៅជាស្តង់ដាររួម ប៉ុន្តែនៅមានបញ្ហានៅឡើយទេ។ ឧទាហរណ៍៖ អឺរ៉ុបចោទឥណ្ឌូនេស៊ី និងម៉ាឡេស៊ីថា កាប់ព្រៃច្រើនពេកដាំដូងប្រេង។ អញ្ចឹង គេគំរាមកុំទិញប្រេងដូងពីឥណ្ឌូនេស៊ី ឬម៉ាឡេស៊ី ថាមកពីកាប់ព្រៃ។ ប៉ុន្តែ ខាងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ប្រាប់ត្រឡប់ទៅវិញថា កាប់ព្រៃដែលមិនផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ច តែដាំដូងប្រេងជំនួសវិញ។ វាទៅជាព្រៃដែរ។ ការបកស្រាយវានៅខុសគ្នាកន្លែងហ្នឹងទៀត។ យើងក៏ធ្វើអញ្ចឹងដែរ ព្រៃមួយចំនួនហ្នឹងវារិចរឹលតាំងពីណាពីណី យើងជួសវិញដោយដើមកៅស៊ូ/ដើមស្វាយចន្ទី ដែលទៅជាផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ច។ លឺថាឥឡូវនេះ ឥណ្ឌូនេស៊ីគាត់ចាប់ផ្តើមផ្អាកការនាំចេញដូងប្រេង។ មុននេះ អឺរ៉ុបគំរាមឈប់ទិញដូងប្រេង ដោយសារតែការកាប់ព្រៃឈើ។ ស្រាប់តែឥណ្ឌូនេស៊ី គាត់ផ្អាកមិនឱ្យនាំចេញដូងប្រេង បង្កើតចលាចលទីផ្សារលើបញ្ហាប្រេងដូងទៀត។ គេហៅថា ពិភពលោកដ៏ច្របូកច្របល់ដោយសារតែការបកស្រាយខុសៗគ្នា និងការមិនយល់គ្នា ឬក៏ខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងជួបនៅវិបត្តិដោយសារកូវីដ-១៩ និងម្ខាងដោយសារបញ្ហាអន្តរជាតិមួយចំនួនផ្សេងទៀត។
ឥឡូវនេះ មិនមែនមានតែបញ្ហារុស្សី និងអ៊ុនក្រែនទេ បញ្ហានៅមជ្ឈិមបូព៌ាកើតឡើងថ្មីៗថែមទៀត។ សូម្បីតែវិស័យកីឡានៅបណ្តាប្រទេសទាំងហ្នឹង កំពុងតែរងផលប៉ះពាល់ដោយមិនអាចធ្វើការប្រកួតបាន។ កាលកីឡារបស់យើងទៅប្រកួតជាមួយអ៊ីរ៉ាក់ឬក៏ស៊ីរី ទៅប្រកួតនៅប្រទេសណាមួយនោះកន្លងទៅ (នៅបារ៉ែន)។ ប្រទេសខ្លះត្រូវធ្វើម្ចាស់ផ្ទះ ប៉ុន្តែដោយសារសន្តិសុខរបស់ប្រទេសខ្លួនមិនធានា ត្រូវខ្ចីប្រទេសគេប្រកួត។ បន្តិចទៀតប្រហែលសុខភាពសាធារណៈ ដូចជាបញ្ហាជំងឺឆ្លងកើតឡើងនៅប្រទេសនោះៗ អាចខ្ចីប្រទេសមួយទៀតប្រកួតសិន។ គេអាចខ្ចីគ្នាបាន។ យើងមិនខ្ចីអ្នកណាទេ សុខចិត្តថាសូមពន្យារពេល។ ប៉ុន្តែ ឆ្នាំ២០២៣ គឺជាកាតព្វកិច្ច ព្រោះយើងបានត្រៀមមូលដ្ឋានរួចហើយ។
ស្នើផ្ទេរអ្នកជំងឺកូវីដ១៩ ចេញ ដើម្បីប្រគល់ស្តាដអូឡាំពិកឱ្យវិស័យកីឡាវិញ
ឃើញតួលេខ នៃចំនួនអ្នកជំងឺកូវីដ-១៩ របស់យើងនៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ដែលឱ្យតួលេខមកខ្ញុំពីម្សិលនេះ មានចំនួនតែ ៩៣ នាក់ទេ។ ក្នុង ៩៣ នាក់នេះ មាននៅទីក្រុងភ្នំពេញតែ ២៦ នាក់ទេ ក្នុង ២៦ នាក់ មាន ៨ នាក់ ជំងឺធម្មតា គេដាក់ប្រើអុកស៊ីសែនធម្មតា។ មានអ្នកជំងឺប្រើម៉ាស៊ីនជំនួយដង្ហើមម្នាក់ អុកស៊ីសែនធម្មតា ៨ នាក់ នៅក្នុង ICU ៩ នាក់។ អញ្ចឹងទេ ខ្ញុំសូមស្នើឱ្យពិនិត្យនិងពិភាក្សាគ្នាអញ្ចេះ។ យើងនៅជំពាក់ស្តាដអូឡាំពិកដែលមិនទាន់បានប្រគល់ទៅឱ្យកីឡា។ ខ្ញុំគិតថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏អាចមើលបាន តាមរយៈការផ្សាយបន្តផ្ទាល់ឬព័ត៌មាន។ ឯកឧត្តម ម៉ម ប៊ុនហេង ក៏អាចមើលបាននិងអ្នកពាក់ព័ន្ធ។
ឥឡូវនេះ យើងកំពុងសាងសង់នូវមន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលបានមនុស្សជាង ១ ម៉ឺននាក់ ដែលនឹងរួចនៅដើមឆ្នាំក្រោយ។ នៅស្តាដអូឡាំពិករបស់យើងនេះ យើងបានផ្ទេរច្រើនហើយ ប៉ុន្តែខ្ញុំមិនចង់ឱ្យបន្តទៀតទេ។ អញ្ចឹងសូមពិភាក្សាគ្នា។ អាចនឹងយកអ្នកជំងឺរបស់យើងទៅដាក់នៅមន្ទីរពេទ្យ ហ្លួងម៉ែ ឬកន្លែងផ្សេង។ មន្ទីរពេទ្យ ហ្លួងម៉ែ ឥឡូវគឺត្រូវបិទទ្វារ(បណ្តោះអាសន្ន)ហើយ។ អញ្ចឹង អាចផ្ទេរអ្នកជំងឺនៅទីនេះទៅចាក់អង្រែ។ ចង់ពិភាក្សាគ្នារឿងនេះ ឬទៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅមន្ទីរពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តាដនេះ សម្រាប់ការជួសជុលឱ្យហើយ ព្រោះយើងនៅសល់ពេលតែ ១ ឆ្នាំទៀតទេ ការប្រកួតស៊ីហ្គេមនឹងមកដល់ ហើយយើងក៏យកកន្លែងហ្នឹងធ្វើការហ្វឹកហាត់បន្ថែមទៀតដែរ ទាន់អ្នកជំងឺរបស់យើងមានការថយចុះ។
រៀបចំ មន្ទីរពេទ្យ ហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសមហារីក
ឯមន្ទីរពេទ្យ ហ្លួងម៉ែ ថ្ងៃក្រោយ ខ្ញុំគិតថា អាចរៀបចំមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យមហារីកតែម្តង។ ថ្ងៃមុនកូនប្រសាររបស់ខ្ញុំ គេជាបណ្ឌិតផ្នែកសុខភាពសាធារណៈ នាំកូនទៅបាយជាមួយឪពុកម្តាយ។ គេសួរថា “ពុក! មន្ទីរពេទ្យ(ហ្លួងម៉ែ)ហ្នឹងគួរតែរៀបចំឱ្យទៅជាឯកទេសអីមួយ ពិសេស គឺផ្នែកមហារីក”។ ខ្ញុំយល់ថាសមស្រប។ ថ្ងៃក្រោយអាចរៀបចំមន្ទីរពេទ្យហ្នឹងឱ្យទៅជាផ្នែកឯកទេសខាងមហារីកតែម្តង ព្រោះឥឡូវមហារីកមានច្រើនណាស់ តែរកមិនឃើញទេ យើងនៅត្រង់នេះបន្តិច ត្រង់នោះបន្តិច។ ខ្ញុំគាំទ្រទៅលើការរៀបចំបែបនេះ។ ថ្ងៃក្រោយផ្នែកកូវីដ-១៩ ផ្នែកស្អីនោះ គឺយើងនឹងមានកន្លែងមួយ ដើម្បីរៀបចំកូវីដ-១៩ នេះជាង ១ ម៉ឺនគ្រែ ដែលសាលាក្រុងកំពុងតែធ្វើ។
ឯកឧត្តម ឃួង ស្រេង ដឹកនាំការងារនេះ (សម្តេចសួរ ឯកឧត្តម ឃួង ស្រេង ពីដំណើរការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩)។ អញ្ចឹង ខ្ញុំសុំស្នើថា ចេញពីហ្នឹងទៅ គឺនាំគ្នាពិភាក្សាគ្នា អាចផ្ទេរអ្នកជំងឺទៅកាន់ទីតាំងដែលអាចស្រួលគ្រប់គ្រង គឺរុញទៅចាក់អង្រែក៏បាន ព្រោះចាក់អង្រែទទួលបានច្រើនដែរ។ យើងត្រៀមរៀបចំ សម្រាប់មន្ទីរពេទ្យ ហ្លួងម៉ែ ឱ្យក្លាយទៅជាផ្នែកឯកទេសខាងមហារីក។ បើទោះបីជាកូវីដ-១៩ ស្រុកខ្មែរថយចុះក៏ដោយ ប៉ុន្តែយើងអត់ខ្វះស្មារតីត្រៀមបម្រុង សម្រាប់ឆ្លើយតបជាមួយនឹងគ្រោះអាសន្នសុខភាពសាធារណៈ ដែលកើតមកពីជំងឺកូវីដ-១៩ ឬមិនមែនជាកូវីដ-១៩ ដែលមានសមត្ថភាពទ្រទ្រង់ជាង ១ ម៉ឺននាក់។ នៅទីនោះមានកន្លែងសម្ភព មានកន្លែងវះកាត់ស្អីៗនៅទីនោះ។ នេះជាការបម្រុងទុករបស់យើង។
យើងមានលទ្ធភាព ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម
សម្រាប់ឆ្នាំក្រោយនេះ យើងបានបង្កកថវិកាសម្រាប់ ៤ ឆ្នាំហើយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំចាប់ផ្តើមបង្កកបន្ថែមចំនួន ៣០ ពាន់លាន(រៀល)។ អញ្ចឹង ៤ ឆ្នាំ តម្រូវការរបស់យើង ១២០ ពាន់លានរៀល វាត្រូវជា ៤០ លានដុល្លារ (អាមេរិក) ដើម្បីត្រៀមការប្រកួតឆ្នាំក្រោយ។ ត្រូវចាយលុយ។ ចំណុចនេះហើយ ដែលយើងត្រូវមើលឃើញ។ ខ្ញុំធ្លាប់និយាយទៅប្រជាពលរដ្ឋ/កីឡាករ/ការិនីរបស់យើង ខ្ញុំបានស្នើមេដឹកនាំអាស៊ានឱ្យមានការយោគយល់។ នៅឆ្នាំ ២០១១ នៅឥណ្ឌូនេស៊ី កាលអតីតប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang គឺខ្ញុំថា សុំថ្នាក់ដឹកនាំអាស៊ានមេត្តាយោគយល់ ពេលនេះកម្ពុជាមិនទាន់អាចមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ(ស៊ីហ្គេម)ទេ ព្រោះយើងខ្ញុំត្រូវការថវិកា ដើម្បីបម្រើឱ្យការអភិវឌ្ឍ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ប្រធានាធិបតីឥណ្ឌូនេស៊ី គាត់ថា ត្រឹមត្រូវណាស់ៗ។
ប៉ុន្តែ ឆ្នាំ២០២៣ យើងមានមូលដ្ឋានហើយ ដោយមិត្តចិនបានជួយស្តាដមួយដ៏ធំ សម្រាប់ការប្រកួតរបស់យើង ជាមួយនឹងមូលដ្ឋានដែលយើងបានរៀបចំមួយចំនួនរួចមកហើយ បូកនឹងសមិទ្ធផលដូចជាស្តាដអូឡាំពិក ដោយព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះអង្គបានទុកជាកេរ្តិ៍មរតកសម្រាប់យើង ដែលកូនចៅជំនាន់ក្រោយអរព្រះគុណ ចំពោះព្រះករុណាព្រះបិតាជាតិ ដែលព្រះអង្គបានរៀបចំទុកឱ្យកូនចៅប្រើប្រាស់ជំនាន់ក្រោយនេះ។
ប្រសិនបើគ្មានរដ្ឋប្រហារ ១៩៧០ វិស័យកីឡាកម្ពុជាមិនដើរថយក្រោយទេ
… បើសិនកុំមានសង្គ្រាម កីឡារបស់កម្ពុជាអាចលឿនទៅជាងនេះឆ្ងាយ ព្រោះពេលនោះព្រះករុណាព្រះបិតា ព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងណាស់។ យើងឃើញរូបភាពព្រះអង្គបានមេដាយ ព្រះអង្គពាក់មេដាយផ្ទាល់ ទោះបីសំរិទ្ធក៏ដោយ ប្រាក់ក៏ដោយ បំពាក់មេដាយផ្ទាល់ៗតែម្តង។ ព្រះអង្គយកព្រះទ័យទុកដាក់ទៅលើវិស័យអប់រំជាតិនិងកីឡានេះ គឺថា ព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងណាស់។ ពេលធ្វើ GANEFO (The Games of the New Emerging Forces) កម្ពុជារៀបចំបានស្តាដអូឡាំពិកមួយ ទុកជាកេរ្តិ៍មរតកឱ្យយើងដល់រាល់ថ្ងៃហ្នឹង។ ពេលហ្នឹងប្រទេសរបស់យើងក៏ជាប្រទេសមួយលូតលាស់ នៅក្នុងចំណោមប្រទេស ដែលលូតលាស់នៅក្នុងតំបន់ដែរ។
ប៉ុន្តែ អកុសលសង្គ្រាមឆ្នាំ ១៩៧០ ស្អីក៏ខ្ទេច។ ទីក្រុងភ្នំពេញរកមនុស្សនៅមិនបាន ហើយមរតកដ្ឋានកន្លែងកីឡាតាមខេត្តនានាមានគ្រប់កន្លែង ដែលយើងប្រើប្រាស់រាល់ថ្ងៃ មានកន្លែងទាល់បាល់ មានកន្លែងហែលទឹក ដែលព្រះអង្គបានបន្សល់ទុកជាមរតក សម្រាប់ពួកយើងជំនាន់ក្រោយមកដល់ពេលនេះ។ ឥឡូវ ពួកយើងធ្វើសម្រាប់កូនចៅយើងថ្ងៃក្រោយ។ ពួកអ្នកនៅខាងលើ សួរមើលនៅរស់បានប៉ុន្មានទៀត? ពួកយើងយ៉ាងតិចណាស់បាន ៣០ ឆ្នាំទៀតទេ។ ខ្ញុំមានលទ្ធភាព ៣០ ឆ្នាំទៀត។ លទ្ធភាពខ្ញុំខ្ពស់។
គ្រូទាយថា ខ្ញុំអាយុ ១០១ ឆ្នាំ ប៉ុន្តែ ខ្ញុំមិនកាន់អំណាចរហូតដល់ ១០១ ឆ្នាំទេ។ ច្រើនណាស់ ១០ ឆ្នាំទៀតប៉ុណ្ណឹង ព្រោះពូជរបស់ខ្ញុំមិនទាបជាង ៩០ ឆ្នាំទេ។ ឪពុករបស់ខ្ញុំ ទោះបីគាត់ឆ្លងកាត់ការលំបាកយ៉ាងម៉េចក៏គាត់បាន ៩០ ឆ្នាំដែរ។ ជីតារបស់ខ្ញុំបានដល់ ៩៣ ឆ្នាំ។ ជីដូនបាន ៩១ ឆ្នាំ។
ប្រើប្រាស់ម៉ាស N95 សម្រាប់កីឡាករ/ការិនី ទៅប្រកួតស៊ីហ្គេមនៅវៀតណាម
នៅក្នុងពេលដែលអ្នកទាំងអស់គ្នា ធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីនោះត្រូវតែប្រុងប្រយ័ត្នលើបញ្ហាសុខភាព ហើយត្រូវស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ។ កូវីដ-១៩ នៅប្រទេសវៀតណាម ពិតមែនតែមានការថមថយ ក៏ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្ន។ ការពាក់ម៉ាសត្រូវពិនិត្យឱ្យច្បាស់។ ឯកឧត្តម ថោង ខុន ត្រូវមើលអំពីបញ្ហាម៉ាសហ្នឹង។ ម៉ាសមានច្រើនប្រភេទ។ ម៉ាសដើម្បីទប់ទល់ជាមួយនឹងស្ថានភាពខ្លាំង ត្រូវប្រើម៉ាសអី? ខ្ញុំគិតថា N95 ដែលខ្ញុំប្រើ។ ហ្នឹងម៉ាសពេទ្យ។ ទោះបីថ្លៃបន្តិច តែគួរតែឱ្យបងប្អូនយើងប្រើប្រាស់អាហ្នឹង។ N95 ទិញសម្រាប់ឱ្យកីឡាករ/ការិនីរបស់យើង ប្រើប្រាស់នៅពេលទៅប្រកួត។ ឥឡូវប្រើម៉ាសប្រហែលមិនមានស្តង់ដារដូចគ្នាទេ ឬអាចប្រើតាមវិធីនេះក៏បាន។ សួរមើលខាងកងទ័ពរបស់យើង ដែលផលិតឱ្យអាហ្នឹងមានផ្លាកកងទ័ព។ ចែកអស់ហើយ អត់មានទុកសាគួរ។
រៀបចំធ្វើម៉េចឱ្យប្រើប្រាស់ N95 ទាំងអស់ ព្រោះម៉ាសមានច្រើនប្រភេទ។ ប្រភេទខ្លះអាចទប់ទល់បានក្នុងកម្រិតណាមួយ។ N95 ហ្នឹងម៉ាសពេទ្យតែម្តង ដើម្បីធានាថា យើងមិនមានកូវីដ-១៩ ដែលត្រូវផ្អាកមិនឱ្យចូលប្រកួត។ តែចាប់ផ្ដើមតេស្ដរកឃើញកូវីដ-១៩ ហើយ គឺគេមិនឱ្យចូលប្រកួតទេ។ មានការផ្សាយរាល់ថ្ងៃ កីឡាករបាល់ទាត់ណាមិនបានចូលរួមប្រកួត ដោយសាររកឃើញកូវីដ-១៩។ សូម្បីតែកីឡាប្រទេសឥណ្ឌូនេស៊ី ភូមា មកប្រកួត Super Cup Suzuki មកដល់ស្រាប់តែកីឡាករកើតកូវីដ-១៩ ខានចូលប្រកួត។ ហ្នឹងជាចំណុចត្រូវយកចិត្តទុកដាក់ អំពីសុខុមាលភាពរបស់កីឡាករ/ការនីរបស់យើង។
ឈ្នះចាញ់ជារឿងធម្មតារបស់កីឡា ឯរឿងខុសវិន័យវាជាការអាប់ឱនកិត្តិយសប្រទេសជាតិ
ខ្ញុំមិនមានអនុសាសន៍អីផ្សេង ក្រៅតែពីការផ្ដាំផ្ញើថែទាំសុខភាព និងឱ្យគោរពវិន័យកីឡា ហើយរក្សានៅភាពថ្លៃថ្នូរសម្រាប់ប្រទេសជាតិរបស់យើង។ សូមកុំភ្លេច នៅពេលប្រកួតថាមានមនុស្ស ១៧ លាននាក់នៅពីក្រោយខ្នងជាមួយយើង។ ឈ្នះក៏ ១៧ លាននាក់នេះឈ្នះ ចាញ់ក៏ ១៧ លាននាក់នេះចាញ់។ ប៉ុន្តែ រឿងឈ្នះចាញ់ជារឿងធម្មតារបស់កីឡា។ ឯរឿងខុសវិន័យ ជាពិសេស ប្រើប្រាស់សារធាតុដែលមានការហាមឃាត់ វាជាការអាប់ឱនកិត្តិយស ដែលវាអន្តរាយដល់មុខមាត់របស់ប្រទេសតែម្ដង។ ខ្ញុំ(សង្កេត)ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំហើយ ដែលកីឡាករ/ការនីរបស់យើងមិនដែលជួបប្រទះបញ្ហានោះ។ យើងឃើញថា គ្រប់ប្រទេសជួនកាលកើតឡើងបន្ទាប់ពីការប្រកួតហើយ ត្រូវគេដកហូតត្រឡប់ទៅវិញនូវពានស្អីៗ។ ទោះអាជ្ញាកណ្ដាលប្រកាសឱ្យឈ្នះ ប៉ុន្តែបន្ទាប់ពីហ្នឹងទៅ គេយកទឹកនោមទៅមើលស្រាប់តែចេញសារធាតុគ្រឿងញៀន ដូច្នេះគេប្រកាសអត់ឱ្យជាប់ត្រឡប់ទៅវិញ។
រៀបចំតម្លើងបៀវត្សរ៍អ្នកចូលនិវត្តន៍ កាត់បន្ថយគម្លាតបៀវត្សរ៍រវាងអ្នកចូលនិវត្តន៍មុន/ក្រោយ
ជាមូលដ្ឋាន យើងបានប្រឹងប្រែងហ្វឹកហាត់ ដែលតាមរយៈនោះយើងផ្ដល់សម្រាប់ការហ្វឹកហាត់ សម្រាប់វិស័យកីឡារបស់យើងបានច្រើន ហើយដែលមានប្រាក់ឧបត្ថម្ភទៀងទាត់សម្រាប់ការហ្វឹកហាត់ ពិតមែនតែសេដ្ឋកិច្ចនៅក្រ។ បើសេដ្ឋកិច្ចយើងឡើងលើសពីនេះ ខ្ញុំគិតថាដំណើរការឧបត្ថម្ភនឹងមានច្រើនជាងនេះ។ ខ្ញុំក៏សូមយកឱកាសនេះ សុំអភ័យទោសពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលពីរឆ្នាំកន្លងហើយមិនបានដំឡើងបៀវត្សរ៍ឱ្យបងប្អូន។ បៀវត្សរ៍នៅទ្រឹង។ តែខ្ញុំណែនាំឱ្យធ្វើកិច្ចការបន្ទាន់មួយ គឺរកវិធីតម្លើងបៀវត្សរ៍សម្រាប់អតីតយុទ្ធជននិងអ្នកចូលនិវត្តន៍មុន ដែល(មាន)ប្រាក់ខែទាប។
ត្រូវឡើងអាហ្នឹងឱ្យបានលឿន ព្រោះមួយឆ្នាំយើងទុក ៣០ ពាន់លាន(រៀល)ដែរ ប៉ុន្តែ ខ្ញុំបានណែនាំទៅ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួចហើយ ឱ្យបន្ថែមថវិកា ដើម្បីរុញឱ្យបានលឿន។ ឧទាហរណ៍៖ ចូលនិវត្តន៍មុនក្នុងពេលដែលគាត់មានប្រាក់ខែត្រឹមតែ ៦០ ម៉ឺន(រៀល) ដល់ពេលចូលនិវត្តន៍ប្រាក់ខែគាត់នៅសល់តែ ៤០ ម៉ឺន(រៀល)។ ដល់អ្នកចូលនិវត្តន៍ក្រោយ ប្រាក់ខែគាត់ ១ លាន(រៀល) ចូលនិវត្តន៍សល់ ៨០ ម៉ឺន(រៀល)។ វាមានគម្លាតគ្នារវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ។
អញ្ចឹង បានជាក្នុងរយៈពេលកន្លងទៅនេះ តាមរយៈការខិតខំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគោលនយោបាយកាត់បន្ថយគម្លាត រវាងអ្នកចូលនិវត្តន៍មុននិងអ្នកចូលនិវត្តន៍ក្រោយគឺយើងបានកាត់បន្ថយគម្លាត។ ឥឡូវយើងបានឡើងដល់ ៦៤ ម៉ឺន(រៀល)ហើយ ក្នុងពេលដែលអ្នកចូលនិវត្តន៍ក្រោយបាន ៨០ ម៉ឺន(រៀល)។ អញ្ចឹងវានៅកៀកគ្នា។ រុញតែបន្តិចទៅវាឡើងក្បែរគ្នាហើយ។ សប្បាយចិត្តទាំងអស់គ្នា។ យ៉ាងហោចអ្នកដែលចូលនិវត្តន៍ក្រោយបានដល់ ២០០ ដុល្លារ(អាមេរិក)/ខែ។ អញ្ចឹង ត្រូវរុញអ្នក(ចូលនិវត្តន៍មុន)នេះឱ្យបានទៅដល់នោះ ទាំងយុទ្ធជន កងទ័ព នគរបាល មន្ត្រីរាជការស៊ីវិល។ ត្រូវប្រឹងធ្វើកិច្ចការហ្នឹង។ នេះជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីដោះស្រាយបញ្ហាសម្រាប់ការលំបាករបស់អ្នកចូលនិវត្តន៍។
គិតត្រឹមថ្ងៃទី ២៧ មេសា ២០២២ ចំណូលពន្ធដារសម្រេចបាន ៥៣%
ឯការព្យាករសេដ្ឋកិច្ច បើសិនជាផលប៉ះពាល់វាមិនធំហួសបណ្ដាលមកកូវីដ-១៩ និងបណ្ដាលមកពីសង្គ្រាម(រវាង)រុស្សី-អ៊ុយក្រែន លទ្ធភាពតម្លើងបៀវវត្សរ៍សម្រាប់ឆ្នាំ ២០២៣ គឺមាន។ គ្រាន់តែទំហំប៉ុណ្ណា គឺយើងចាំគិតគ្នាក្រោយ … ឯកឧត្តម គង់ វិបុល បានវាយឱ្យខ្ញុំថា ចំណូលគិតត្រឹមថ្ងៃទី ២៧ មេសា ២០២២ ពន្ធដារសម្រេចបាន ៥៣% រួចស្រេចទៅហើយ។ អញ្ចឹង បើគិតទៅដាច់ខែនេះ យើងថា ៥៣%។ យើងប្រើពេល ៤ ខែ សម្រេចបាន ៥៣%។ ឆ្នាំទៅពន្ធដារសម្រេចលើសផែនការរហូតទៅដល់ ១២៤%។ ឆ្នាំនេះ បើល្បឿន នៃប្រាក់ចំណូលដែលយើងប្រមូលបាន វានឹងអាចផ្ដល់ឱកាសឱ្យយើង(នូវលទ្ធភាព)បន្ធូរបន្ថយនូវភាពតានតឹង។
ចំណាយ ៤០ លានដុល្លារ/ខែ ចិញ្ចឹមពលរដ្ឋ ៧០ ម៉ឺនគ្រួសារ ដើម្បីកុំឱ្យគាត់ធ្លាក់ចុះក្រោមបន្ទាត់ភាពក្រីក្រ
យើងកំពុងចាយមួយខែ ៤០ លានដុល្លារ សម្រាប់ចិញ្ចឹមពលរដ្ឋ ៧០ ម៉ឺនគ្រួសារ ដែលប្រហាក់ប្រហែលប្រជាជនជិត ៣ លាននាក់ ដើម្បីកុំឱ្យគាត់ធ្លាក់ចុះក្រោមបន្ទាត់ភាពក្រីក្រ ក្នុងដំណាក់កាលកូវីដ-១៩។ រាជរដ្ឋាភិបាលហ៊ានចាយ។ គិតទៅមួយខែយើងចាយ ៤០ លានដុល្លារ មួយឆ្នាំត្រូវចាយអស់ ៤៨០ លានដុល្លារ តែនេះជាចំណាយចាំបាច់។ មិនទាន់គិតរឿងចំណាយលើការព្យាបាលជំងឺស្អីៗទេ គិតតែរឿងចិញ្ចឹមប្រជាពលរដ្ឋ។ នេះជាសំណាញ់សុវត្ថិភាពសង្គម។ នៅក្នុងដំណាក់កាលលំបាក តែយើងមិនខ្ជះខ្ជាយទេ។ កងទ័ពនគរបាលយើង ត្រូវដេរម៉ាសឱ្យ ដែលមុននេះយើងពាក់ម៉ាសធម្មតា។ មួយថ្ងៃយើងប្រើម៉ាសច្រើន ហើយជួនកាលអាវត្រេអ៊ី ប៉ុន្តែម៉ាសស។ ត្រូវរៀបចំម៉ាសតាំងពីទាហាន ប៉ូលីស ប៉េអឹម ឱ្យមានប្រភេទរបស់វា។
ការបន្តពាក់ម៉ាស មិនមែនជាកាតព្វកិច្ច តែជាការសម្រេចចិត្តផ្ទាល់របស់បុគ្គលម្នាក់ៗ
ពិតមែនឥឡូវលើកលែងបម្រាមត្រូវតែពាក់ម៉ាស ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញប្រជាពលរដ្ឋរបស់យើង ខ្ញុំសប្បាយចិត្តទៅវិញ។ ខ្ញុំស្រាវជ្រាវទៅ គាត់ពាក់ម៉ាសពីរឆ្នាំនេះ គាត់ថាគាត់ស្រួលខ្លួន។ ពីដើមមួយឆ្នាំគាត់ផ្ដាសាយ ៣-៤ ដង។ តាំងពីពេលដែលគាត់ពាក់ម៉ាសមក គាត់អត់ផ្ដាសាយ។ បើអញ្ចឹង បន្តពាក់ម៉ាសទៀតទៅ ព្រោះអញ្ចេះរឿងពាក់ម៉ាសនេះ តាំងពីជំនាន់មុនកូវីដ-១៩ ម្ល៉េះ។ យើងឃើញតាមផ្លូវ មនុស្សមួយចំនួនជិះម៉ូតូពាក់ម៉ាស ដោយគាត់មិនចង់ឱ្យដីហុយមកចូលមាត់/ច្រមុះគាត់។
អញ្ចឹង ការបន្តពាក់ម៉ាស មិនមែនជាកាតព្វកិច្ច ហើយជាការសម្រេចចិត្តផ្ទាល់របស់បុគ្គលម្នាក់ៗ ដើម្បីការពារសុខភាព(ខ្លួនឯង)។ នោះគឺជាវិធីការពារខ្លួនដ៏ល្អ។ បើចង់ពាក់ ទុកសិទ្ធិឱ្យប្រជាជនសម្រេចខ្លួនឯង ទៅលើការការពារសុខភាព យកការទទួលខុសត្រូវផ្ទាល់ខ្លួន ដើម្បីជោគជ័យទាំងអស់គ្នា។ ឆ្នាំនេះ ដាក់គោលដៅមេដាយមាសប៉ុន្មាន? ឆ្នាំក្រោយយើង(ធ្វើ)ជាម្ចាស់ផ្ទះ(ស៊ីហ្គេម)។
ឥឡូវ កីឡាមួយប្រភេទរបស់កូរ៉េខាងជើង ត្រូវបានគេទទួលស្គាល់ហើយ សម្រាប់ការប្រកួតនៅកម្ពុជា។ អញ្ចឹងទេ លទ្ធភាពអ្នកទាំងនេះពូកែ។ យើងទៅវាយនៅខាងក្រៅបានមេដាយច្រើនណាស់ ប៉ុន្តែគ្រាន់តែមិនទាន់ទទួលដាក់ចូលក្នុង SEA Games។ បើសិនជាអាហ្នឹងដាក់ចូលក្នុង SEA Games លទ្ធភាពរបស់យើង គឺមានច្រើន។ កែវ រ៉េមី ប្រធានសហព័ន្ធ។
តើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មានផលប៉ះពាល់អីទៀតមកលើកម្ពុជានិងពិភពលោក
ម្សិលមិញ ខ្ញុំនិយាយពីរឿងបញ្ហារុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប៊ុលហ្ការី និងប៉ូឡូញ ដែលមិនព្រមទូទាត់ជាប្រាក់ Ruble ស្រាប់តែក្រោយការសម្រេចនេះ យប់មិញនេះដូចជា ៣ ប្រទេស បើកគណនីដើម្បីទូទាត់ជាប្រាក់ Ruble ខ្លាចរុស្សីផ្ដាច់អាហ្នឹង។ នយោបាយទណ្ឌកម្ម មិនមែនត្រូវតែគេទេ វាត្រូវទាំងខ្លួនឯងដែរ។ ឥឡូវ ប្រទេសដែលត្រូវរុស្ស៊ីកាត់ឧស្ម័ន ត្រូវតែកាប់ឧសយកមកដុតជំនួស។ នៅអាល្លឺម៉ង់ ដែលធ្លាប់តែបញ្ចេញឧស្ម័នដើម្បីជួយឱ្យមានកំដៅ ឥឡូវត្រូវកាត់បន្ថយ។ មិនមែនរឿងលេងទេហ្នឹង។ សង្វាក់ផ្គត់ផ្គង់សកលគឺត្រូវជួបបញ្ហា។ យើងកំពុងតែរង់ចាំមើល តើមានផលប៉ះពាល់អីទៀតមកលើយើង ដែលផ្ដើមចេញវិបត្តិសង្គ្រាមនៅអ៊ុយក្រែន?
IMF ទម្លាក់ការព្យាកររហូត។ ឥឡូវ អតិផរណាកំពុងកើតឡើងតាមប្រទេសជាច្រើន។ ថៃកំពុងមានបញ្ហាប្រាក់ Baht កំពុងចុះថ្លៃ។ ទាំងនេះគឺជាចំណុចរួម ដែលអម្បាញ់មិញខ្ញុំបានសុំអធ្យាស្រ័យពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលមិនបានតម្លើងបៀវត្សរ៍ក្នុងរយៈកាលពីរឆ្នាំកន្លងទៅ ដោយសាមកពីកូវីដ-១៩។ ឥឡូវ បន្ថែមលើកូវីដ-១៩ វាទៅជាបញ្ហាសង្គ្រាម។ បើនិយាយពីក្របខណ្ឌសេដ្ឋកិច្ចវិញ វាក្លាយទៅជាសង្គ្រាមលោកលើកទី ៣ បាត់ទៅហើយ។ បើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ច វាការចាប់ផ្ដើមរួចស្រេចទៅហើយ។ អញ្ចឹង យើងត្រូវបង្កើនការខិតខំទ្វេដង ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់យើង ទន្ទឹមនឹងធានាស្ថិរភាពខាងនយោបាយ។
កុំភ្លេច មានថ្ងៃនេះ អង្គុយថ្ងៃនេះ នៅក្នុងមហោស្រពដ៏ធំមួយនេះ តើចាប់ផ្ដើមពីអ្វី? មិនមែនចាប់ផ្ដើមពីសង្គ្រាមទេ គឺចាប់ផ្ដើមពីសន្តិភាព។ បើគ្មានសន្តិភាពទេ កុំសង្ឃឹមថា មានមហោស្រពកោះពេជ្រនេះ ហើយកុំសង្ឃឹមថា បាននាំគ្នាទៅចូល(រួមប្រកួត) SEA Games បានជាង ៥០០ នាក់នោះ ហើយកុំសង្ឃឹមថា ធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ ២០២៣។
អតីតមេបញ្ជាការយោធា UNTAC គួរទៅមើលការអភិវឌ្ឍនៅប៉ៃលិន
ម្សិលមិញ ខ្ញុំជួប ហើយខ្ញុំបាយជាមួយនឹងមេបញ្ជាការ UNTAC (John Sanderson)។ គាត់នឹងទៅតំបន់ ដែលពួកគាត់ចូលអត់ចុះ។ ខ្ញុំលើកទឹកចិត្តឱ្យគាត់ទៅប៉ៃលិន ប៉ុន្តែគាត់នឹងទៅអន្លង់វែង។ ខ្ញុំបានប្រាប់គាត់ថា នៅប៉ៃលិនក៏មានអគារខ្ពស់ដែរ សូម្បីតែសាលារៀនដែលខ្ញុំធ្វើ សុទ្ធតែ ៣-៤ ជាន់ នៅឯប៉ៃលិន។ នៅតំបន់ធ្លាប់មានសង្គ្រាម (ដូចជា)៖ កំរៀង ភ្នំព្រឹក ម៉ាឡៃ សំពៅលូន។ ពេល(កម្ពុជាគ្រប់គ្រងដោយអ៊ុកតាក់)នោះ ទាំងប្រធាន UNTAC មេបញ្ជាការយោធា UNTAC អនុប្រធាន UNTAC ទាហានខ្មែរក្រហម ២ នាក់ ដាក់ប្ញស្សី ១ ដើម អត់ឱ្យចូល។ ចូលម៉េចបាន អត់ឱ្យចូល។ ឯកឧត្តម John Sanderson ថ្ងៃនេះ នៅ(ភ្នំពេញ)ហ្នឹងទេ បន្ទាប់ទៅដូចជាគាត់ទៅសៀមរាប រួចហើយទៅអន្លង់វែង រួចហើយដូចជា(បន្ត)ទៅដល់បាត់ដំបង។ បើបានជាគាត់ទៅដល់បាត់ដំបង ជម្រុញគាត់បន្ថែមឱ្យគាត់ទៅដល់ប៉ៃលិន កន្លែងគាត់ធ្លាប់ចុះឧទ្ធម្ភាគចក្រ ហើយគេអត់ឱ្យគាត់ចូល។
កុំចាំមានសង្គ្រាម បានស្រែករកសន្តិភាព
សន្តិភាពរកបានដោយលំបាកណាស់។ អញ្ចឹង ត្រូវនាំគ្នាការពារសន្តិភាព។ បើចង់ការពារវិស័យកីឡា ឬវិស័យផ្សេងៗ ដែលកំពុងរីកលូតលាស់(សព្វថ្ងៃ)នេះ ត្រូវការពារសន្តិភាពឱ្យបាន កុំឱ្យមានការបំផ្លាញដូចក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ បង្កើតឡើង(នូវ)សង្គ្រាម អ្វីៗក៏បំផ្លាញអស់។ កុំចាំបាត់សន្តិភាព បានស្រែករកសន្តិភាព។ កុំចាំមានសង្គ្រាម បានស្រែករកសន្តិភាព។ ឥឡូវ ការជាក់ស្តែង ប្រជាជនអ៊ុយក្រែនកំពុងតែរត់ភៀសខ្លួន។ អ្វីដែលប្រជាជនអ៊ុយក្រែនកំពុងត្រូវការនៅពេលនេះ មនុស្សជិត ៥០ លាននាក់ កំពុងស្រែករកសន្តិភាពគ្រប់គ្នា មិនខុសពីខ្មែរយើងកាលពីជំនាន់សង្គ្រាមទេ។ នៅអ៊ីរ៉ាក់ នៅលីប៊ី នៅស៊ីរី នៅយ៉េមែន សុទ្ធតែកំពុងពង្រឹងសន្តិភាពបន្ទាប់ពីសង្គ្រាម។ កងទ័ពយើងនៅលីបង់ នៅស៊ូដង់ខាងត្បូង នៅអាហ្វ្រិកកណ្តាល នៅម៉ាលី ជាពិសេស នៅអាហ្វ្រិកកណ្តាល និងម៉ាលី គឺកងទ័ពយើងក៏កំពុងប្រឈមនឹងបញ្ហាការវាយឆ្មក់នៃក្រុមឧទ្ទាម។
មូលដ្ឋានសន្តិភាព ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ៧,៥% ពីរទសវត្សរ៍ជាប់គ្នា
មូលដ្ឋានសន្តិភាពនេះ ដែលធ្វើឱ្យយើងមានកំណើនសេដ្ឋកិច្ច ៧,៥% ពីរទសវត្សរ៍ជាប់គ្នា ដែលយើងឆ្លងផុតពី ដំណាក់កាលនៃប្រទេសប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយដែលយើងកំពុងតែមានមហិច្ឆតាធ្វើឱ្យឆ្នាំ ២០៣០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ បើយោងទៅលើបង្គោលថ្មី ដែលត្រូវបោះតាមការគិតគូរឡើងវិញ ចំណូលសព្វថ្ងៃសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ គឺឡើងដល់ទៅជាង ២ ពាន់ដុល្លារអាមេរិក ប៉ុន្តែបើគិតទៅតាមបង្គោលឆ្នាំ ២០១១ ចំណូលយើងទើបនឹងមាន ១៧០០ (ដុល្លារអាមេរិក)ជាង។ បើសិនជាប្រាក់ចំណូលរបស់យើងកាន់តែខ្ពស់ ភាពអនុគ្រោះនៃការរកឥណទានពីខាងក្រៅក៏កាន់តែលំបាក ដោយសារគេត្រូវការឱ្យខ្ចី តែការប្រាក់ពាណិជ្ជកម្ម។ ខ្ញុំបានឱ្យអនុសាសន៍រួចហើយ ត្រូវគិតឱ្យច្បាស់។ យើងអាចនៅនិយាយបានជាមួយចិន/ជប៉ុន/កូរ៉េខាងត្បូង/ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីនឹងបន្តហិរញ្ញប្បទាន សម្រាប់ការប្រាក់ថោកជាងសម្បទាន។ យើងត្រូវការបន្តការអភិវឌ្ឍ ហើយដើម្បីការអភិវឌ្ឍបាន គឺមានតែរក្សាសន្តិភាពតែប៉ុណ្ណឹង។ គ្មានអីខុសពីហ្នឹងនោះទេ។
បន្តការរួបរួម ដើម្បីការពារការឆ្លងរាលដាលនៃកូវីដ-១៩
អំពាវនាវចំពោះប្រជាពលរដ្ឋ បន្តការរួបរួម ដើម្បីការពារការឆ្លងរាលដាល នៃកូវីដ-១៩ បើទោះបីថាឥឡូវវាស្ងប់ ប៉ុន្តែ មិនត្រូវឃើញថា ទឹកស្ងប់វាគ្មានត្រី ឬគ្មានសត្វមានពិសនៅក្នុងទឹកនោះទេ។ កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ហើយត្រូវបន្ត(មក)ទទួល(ការចាក់)វ៉ាក់សាំង គឺមានតែវ៉ាក់សាំងទេ ដែលអាចជួយយើងជំនះនូវការលំបាក។ អ្នកដែលឆ្លងរួចហើយ សំណាងហើយដែលបានឆ្លងរួចហើយនោះ។ អ្នកដែលមិនទាន់ឆ្លងទៅវិញទេ ដែលព្រួយចិត្ត។ អ្នកដែលឆ្លងរួចហើយមានអង់ទីគ័រ។ ហើយអា Omicron វាចម្លែកអញ្ចេះ ទី (១) វារត់រកអ្នកធំ ទី (២) រត់រកកូនក្មេង។ អញ្ចឹង បានជាមេដឹកនាំយើងមួយចំនួនឆ្លងកូវីដ-១៩ ប៉ុន្តែ Omicron ហ្នឹងវាស្រាល។ បើចៅខ្ញុំ ក្នុងចំណោមចៅ ២២ នាក់ មានពាក់កណ្តាលកើត Omicron រាប់ទាំងអា ២ ខួប ក៏វាកើតដែរ។ ឥឡូវ ដល់តែអា ២ ខួប ហ្នឹងវាកើតតែមួយភ្លែត វាជាទៅ វាស្រួលខ្លួនរបស់វាទៅ។ ឯយើងមិនទាន់កើតទើបជាបញ្ហា។
ថ្ងៃ ១០ ឧសភា ទៅប្រជុំពិសេសអាស៊ាន-អាមេរិក នៅវ៉ាស៊ីងតោន
ថ្ងៃទី ១០ ឧសភា (២០២២)នេះ ខ្ញុំត្រូវហោះទៅអាមេរិក ដើម្បីចូលរួមប្រជុំពិសេសអាស៊ាន-អាមេរិក នៅវ៉ាស៊ីងតោន។ ឃើញលិខិតរបស់ប្រធានាធិបតីអាមេរិក Joe Biden បានផ្ញើមកខ្ញុំហើយ។ ត្រឡប់ទៅវិញខ្ញុំនឹងចុះហត្ថលេខានូវលិខិតឆ្លើយតប។ ល្ងាចថ្ងៃទី ១០ (ឧសភា ២០២២) ខ្ញុំទៅដល់។ ថ្ងៃទី ១០-១១ (ឧសភា ២០២២) គឺខ្ញុំធ្វើការជាមួយប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ ដែលអាចនឹងមានការជួបជុំប្រមាណជាង ១ ពាន់នាក់ ព្រោះកន្លែងដាក់មានត្រឹមប៉ុណ្ណឹង។ ប៉ុន្តែ នៅល្ងាចថ្ងៃទី ១០ (ឧសភា ២០២២) ខ្ញុំជួបបងប្អូនខ្មែរយើងមួយចំនួនមុន។ ដល់ថ្ងៃទី ១១ (ឧសភា ២០២២) ជួបទ្រង់ទ្រាយធំ។ ដល់ថ្ងៃទី ១២-១៣ (ឧសភា ២០២២) គឺប្រជុំ ២ ថ្ងៃ។ ថ្ងៃទី ១៤ (ឧសភា ២០២២) ហោះមកវិញ។ ថ្ងៃទី ១៥ (ឧសភា ២០២២) មកដល់ទីនេះ។
យប់ថ្ងៃទី ២០ (ឧសភា ២០២២) ត្រូវចាប់ផ្តើមហោះចេញទៅអឺរ៉ុប។ ទៅស្វ៊ីស។ ពីមុនគ្រោងថានឹងជួលយន្តហោះគេផ្សេង ដែលហោះបានឆ្ងាយជាង ប៉ុន្តែឥឡូវសម្រេចថា ទៅយន្តហោះដែលធ្លាប់ប្រើនៅក្នុងតំបន់ គឺទៅចុះនៅឥណ្ឌា។ ប៉ុន្តែ ប្រាប់ឱ្យហើយថា យប់នោះបណ្តាឧបនាយករដ្ឋមន្ត្រីធ្លាប់តែជូនដំណើរ មិនចាំបាច់ជូនទេ ទាំងទៅ/មក មិនចាំបាច់ជូនទេ កុំឱ្យពិបាក។ ម៉ោង ១២:៣០ នាទីយប់ ខ្ញុំនឹងចេញដំណើរ។ ទៅចាក់សាំងនៅឥណ្ឌា។ បន្ទាប់ទៅៗចាក់សាំងនៅអ៊ីរ៉ង់ រួចហើយបានទៅដល់ Zurich។ ទៅដល់ Zurich គឺត្រៀមជួបប្រជាជនខ្មែរនៅអឺរ៉ុប ហើយផ្សាយផ្ទាល់ចេញពីទីនោះមក។
ថ្ងៃនោះចំថ្ងៃទី ២១ (ឧសភា ២០២២) គឺថ្ងៃយុទ្ធនាការបោះឆ្នោត តែខ្ញុំមិនឃោសនាបោះឆ្នោតទេ។ ខ្ញុំជួបប្រជាពលរដ្ឋ។ ខានជួបពួកគាត់ ២-៣ ឆ្នាំមកហើយ។ ខ្ញុំតែងតែទៅជួបពួកគាត់នៅប្រ៊ុចសែល/ហ្សឺណែវ។ ខានជួបពួកគាត់ដោយសារបញ្ហាកូវីដ-១៩។ ថ្ងៃទី ២៥ (ឧសភា ២០២២) ត្រូវហោះត្រឡប់មកវិញ។ ម៉ោង ៦ ព្រឹក ធ្វើម៉េចឱ្យចុះដល់ពោធិ៍ចិនតុង ព្រោះម៉ោង ១១ ថ្ងៃត្រង់ ខ្ញុំចាប់ផ្តើមចូលរួមប្រជុំជាមួយបណ្តាប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀតតាមរយៈអនឡាញ នៅក្នុងវេទិកាអនាគអាស៊ី។
នេះជាការសាកល្បងដោយយន្តហោះព្រះរាជាណាចក្រកម្ពុជារបស់យើង។ កាលពីមុនរៀបចំថ្វាយព្រះមហាក្សត្រ ព្រះអង្គយាងត្រង់ភ្នំពេញ-ប៉ារីសតែម្តង។ យន្តហោះធុនតូច តែល្បឿនវាលឿននិងហោះបានឆ្ងាយ ហោះបានដល់ទៅ ១៣ ម៉ោង។ (យន្តហោះរបស់យើង)នេះ ត្រូវចាក់សាំង ២ កន្លែង។ បើសាកល្បងហោះអាហ្នឹងបានហើយ ថ្ងៃក្រោយព្រះមហាក្សត្រយាងទៅទ្វីបអឺរ៉ុប អាចទៅតាមហ្នឹង(បាន) គ្រាន់តែត្រូវចុះចាក់សាំងច្រើនកន្លែងបន្តិច។ ខ្ញុំទៅអាមេរិក គឺទៅតាមយន្តហោះផ្សេងមួយទៀត ដែលត្រូវចុះចាក់សាំង ២ កន្លែងទៀតដែរ មិនអាចហោះឆ្លងសមុទ្របានទេ ដូចជាចុះចាក់សាំងនៅកូរ៉េខាងត្បូង បន្ទាប់ទៅដូចជាចុះចាក់សាំងនៅកោះ Guam របស់អាមេរិក។ បន្ទាប់ទៅបានហោះត្រង់ទៅវ៉ាស៊ីងតោន។ តែខ្ញុំស្រួលទេ យន្តហោះអត់ទាន់ឡើងផុតជើងផង គឺដេកបាត់ហើយ។ ដាក់កាសស្តាប់ចម្រៀងរហូត។ ដឹងខ្លួនឡើងលឺសូរចម្រៀងបំពេ លក់ទៀតហើយ។ ចុះទៅស្រឡះមុខ ធ្វើការបណ្តោយ។
ជូនប្រាក់ជាប់ហោប៉ៅដល់កីឡាករ/ការិនី ដែលត្រូវចេញទៅប្រកួតស៊ីហ្គេមនៅវៀតណាម
ថ្ងៃនេះ មានគ្រូពេទ្យប្រចាំការនៅទីនេះ។ ខ្ញុំនាំមកថវិកា (ចំនួន) ៣ លានរៀល សំរាប់ក្រុមគ្រូពេទ្យរបស់យើង។ ឯសម្រាប់ប្រតិភូកីឡានិងកីឡាករ/ការិនី ដែលចេញទៅប្រកួត SEA Games នៅទីក្រុងហាណូយ លើកទី ៣១ ប្រទេសវៀតណាម (ចំនួន) ៥៦០ នាក់/ម្នាក់ៗ ជូនថវិកា ៥០០ ដុល្លារអាមេរិក។ ៥០០ ដុល្លារអាមេរិក ជាចំនួនមួយដ៏តិច ក៏ប៉ុន្តែបូករួមទៅ រាជរដ្ឋាភិបាលក៏បានចំណាយច្រើនដែរ ដល់ទៅបានមេដាយមាសមកវិញ ក៏មានការកំណត់ត្រូវចេញថវិកាទៀត (សម្តេចសួរនាំ ឯកឧត្តម ថោង ខុន រឿងការធ្វើដំណើររបស់កីឡាករ/ការិនី)។ ចុងបញ្ចប់ហើយ ជូនពរ ចំពោះក្មួយៗកីឡាករ/ការិនី ជូនពរប្រតិភូដឹកនាំកីឡា ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕