សូមក្រាបថ្វាយបង្គំ ព្រះតេជ ព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ !
បន្ទាប់ពីការដឹកនាំប្រជុំ ដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការនៃគណៈកម្មការប្រឆាំង កូវីដ-១៩ រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធនានា បានបង្ហាញឲ្យឃើញលទ្ធផល ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូន ដើម្បីជាការអនុវត្តបន្ទាប់ពីការទទួលសារនេះរួចហើយ។
ទី ១ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស តាមទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាជនធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ឬមិនពាក់ម៉ាស់។ ដូច្នេះ មានន័យថា ចាប់ពីម៉ោងដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសបានដោយខ្លួនឯង បន្តពាក់ម៉ាស់តទៅទៀត ឬក៏ឈប់ពាក់ម៉ាស់នៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត។ អត្ថន័យនៃកន្លែងដែលមានការបិទជិតដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិតហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់។
ក្នុងករណីដែលមានការលំហ ដូចជាការនៅក្នុងអាគារដដែល ប៉ុន្តែមានលំហនៅខាងក្រៅ អាចដោះម៉ាស់ចេញ ហើយកាន់តែច្បាស់ទៅទៀតនៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្តផ្សេងៗដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ឬមិនពាក់ម៉ាស់។ ចំពោះទីតាំងមួយចំនួនផ្សេងទៀត រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់ ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ។
រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ លើកទឹកចិត្តឲ្យមានការពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សកកកុញ ប្រមូលផ្តុំ និងនៅទីកន្លែងដែលមានការសង្ស័យថាអាចមានករណី កូវីដ-១៩ នៅទីនោះ។ ដូច្នេះ នេះគឺជាជម្រើសដែលល្អបំផុតសម្រាប់ចូលរួមចំណែកជាមួយបងប្អូនជនរួមជាតិ បន្ទាប់យើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ។ ជាមួយនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមទូលប្រគេនថា ទីកន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដារដែលរៀបចំដោយក្រសួង ដូចជាភោជនីយដ្ឋាន ឬក៏ទីកន្លែងមួយចំនួនដែលមានការបិទជិត ក៏ត្រូវបន្តអនុវត្តទៅតាមនោះនិងទៅតាមការជាក់ស្តែង នៃទីកន្លែងនីមួយៗ ដោយមិនស្លាប់ក្រឡានោះទេ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងនឹងបានរំដោះខ្លួនចេញពីការលំបាក ការចំណាយ ដោយយើងបានយកវ៉ាក់សាំងមកជំនួសឲ្យការពាក់ម៉ាស់។
ដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តភាពនៃការមិនពាក់ម៉ាស់ និងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ លើកចំណុចទី ២ អំពាវនាវចំពោះប្រជាពលរដ្ឋ សូមទទួលយកវ៉ាក់សាំងដូសទី ៣ ដែលចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេស គឺបន្ទាប់ពីបងប្អូនដែលបានចាក់ពីរដូសរួចមកហើយ ត្រូវបន្ដចាក់ដូសទី៣។ ចំណុចនេះ ជាការទាមទារក្នុងបញ្ហាសុខុមាលភាពផ្ទាល់ខ្លួនរបស់បងប្អូន និងការពារអាយុជីវិតក៏ដូចក្រុមគ្រួសាររបស់បងប្អូន និងជីវិតរបស់យើងម្នាក់ៗ។
ដើម្បីចៀសវាងនូវការភាន់ច្រលំណាមួយ ទោះបីជាខ្ញុំព្រះករុណាបានប្រើពាក្យថាដូចជាកាតព្វកិច្ច ក៏ប៉ុន្ដែវាមិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ។ ការប្រើពាក្យកាតព្វកិច្ចអាចមានការភាន់ច្រទ្បំ ប៉ុន្ដែអ្វីដែលខ្ញុំព្រះករុណាខ្ញុំនិយាយនៅក្នុងបញ្ហាដូសទី ៣ នេះ គឺបងប្អូនចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយទោះបីជាបងប្អូនមិនបានចាក់ ក៏មិនមានច្បាប់មួយណាតម្រូវឲ្យមានការផាកពិន័យ ឬ(ដាក់ទោសតាម)វិធានការរដ្ឋបាលនោះទេ។ ក៏ប៉ុន្ដែ ខ្ញុំព្រះករុណាខ្ញុំនៅតែទទូចឲ្យបងប្អូនជនរួមជាតិរបស់យើងបន្ដទទួលយកនូវដូសទី ៣ ដែលជាដូសតិចបំផុតត្រូវតែមានសម្រាប់អ្នកដែលចាក់ដូសទី ១ និងទី២ រួចហើយ។
ប្រសិនបើបងប្អូនយើងមានការពេញចិត្តនឹងមកទទួលនូវដូសទី ៤ បន្ថែមទៀត ហើយយើងកំពុងតែពិនិត្យអំពីលទ្ធភាពនៃការចាក់ដូសទី ៥ សម្រាប់មន្ដ្រីជួរមុខរបស់យើងជាបន្ដទៀត ដែលយើងពុំមានការលំបាកណាមួយអំពីការខ្វះវ៉ាក់សាំងចាក់បងប្អូននោះទេ។ អ្វីដែល ខ្ញុំព្រះករុណាខ្ញុំអំពាវនាវចង់បានបំផុតគឺការទទួលយកវ៉ាក់សាំងដូសទី ៣ នេះតែម្ដង សម្រាប់ប្រជាពលរដ្ឋប្រមាណជា ៦ លាន ៤ សែន នាក់ ដែលមិនទាន់បានទទួលនូវវ៉ាក់សាំងដូសទី ៣ នេះនៅឡើយ។ ខ្ញុំព្រះករុណាខ្ញុំបញ្ជាក់ថា ទោះបីបងប្អូនមិនបានចាក់ក៏មិនមានការផាកពិន័យ ឬមានទណ្ឌកម្មណាមួយនោះទេ តែនេះជាបញ្ហាសុខុមាលភាពផ្ទាល់ខ្លួនរបស់បងប្អូនម្នាក់ៗ និងក្រុមគ្រួសារខ្លួនតែប៉ុណ្ណោះ។ នេះចាត់ទុកថាវាជាកាតព្វកិច្ច ដែលខាងផ្នែកសុខភាពរបស់យើងតម្រូវឲ្យចាក់ដូសទី ៣ នេះ ដើម្បីរក្សានូវភាពធន់នៅក្នុងសុខភាពរបស់យើង និងការរួមចំណែករបស់បងប្អូនទៅលើការចូលរួមការពារនូវជំងឺ កូវីដ-១៩។
ខ្ញុំព្រះករុណាខ្ញុំ បន្ដលើកទឹកចិត្តឲ្យបុគ្គលគ្រប់រូបធ្វើតេស្ដរហ័សរកមេរោគ កូវីដ-១៩ ក្នុងករណីមានការសង្ស័យត្រូវដាក់ខ្លួននៅដាច់ដោយឡែក ហើយធ្វើការព្យាបាល … ព្រោះថាបន្ទាប់ពីការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ គឺយើងត្រូវតាមដានឲ្យបានដិតដល់ទៅលើចំណុចទាំងឡាយដែលអាច(មានការ)ឆ្លងកើតឡើង ហើយដែលរាជរដ្ឋាភិបាលត្រូវប្រកាន់យកនូវអភិក្រមគ្រប់គ្រងតាមរយៈនៃការឲ្យពាក់ម៉ាស់ឡើងវិញ ឬក៏ទាំងស្រុងទូទាំងប្រទេស ឬក៏មួយផ្នែកណាមួយនោះ។
បន្ទាប់ពីការលើកលែងការពាក់ម៉ាស់ ខ្ញុំស្នើប្រជាពលរដ្ឋក៏ត្រូវតាមពិនិត្យខ្លួនឯង ធ្វើតេស្តរុករកអំពីទាក់ទិនជាមួយនឹង កូវីដ-១៩ ផ្នែកអាជ្ញាធរជាពិសេសផ្នែកសុខាភិបាល ត្រូវតាមដានការវិវត្តប្រែប្រួលនៃបញ្ហាទាំងអស់នេះ ដើម្បីយើងមានវិធានការទាន់ពេល។ វិស័យសុខាភិបាល ត្រៀមឆ្លើយតបជាមួយនឹងបញ្ហាទាំងឡាយដែលអាចកើតឡើងជាយថាហេតុ ព្រោះថានៅលើពិភពលោកយើងនេះ កូវីដ-១៩ មិនទាន់អស់នៅឡើយទេ។
បន្ថែមដោយ កូវីដ-១៩ ចម្លងប្រភេទថ្មីៗកើតឡើង ដែលតាមអង្គការសុខភាពពិភពលោកបានប្រកាសនូវប្រភេទថ្មី ៣ ផ្សេងទៀត ប្រសិនបើប្រភេទទាំងនេះវាកាចសាហាវ រាជរដ្ឋាភិបាលក៏ត្រូវតែមានវិធានការ ដើម្បីដាក់អោយពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវអោយមានការធ្វើអ្វីដើម្បីការពារនូវសុខភាពរបស់បងប្អូនជាចាំបាច់។ វិស័យសុខាភិបាលត្រូវតែតាមដានអោយបានម៉ត់ចត់ និងត្រៀមបម្រុងកម្លាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ដែលកើតឡើងបន្ទាប់ពីការដែលយើង ដោះកាតព្វកិច្ចពាក់ម៉ាស់នេះចេញ។
ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ការដកម៉ាស់ចេញនឹងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង ហើយក៏នឹងចូលរួមចំណែកទៅលើការសន្សំសំចៃក្នុងការប្រើប្រាស់ ដោយផ្ទេរពីការចំណាយពីការប្រើប្រាស់ទិញម៉ាស់មកពាក់ បង្វែរទៅជាការទិញម្ហូបអាហារ ទិញសម្លៀកបំពាក់អោយកូនចៅ និងទុកសន្សំប្រាក់កាក់នោះប្រើប្រាស់ទៅលើគោលដៅផ្សេង។ ខ្ញុំព្រះករុណាខ្ញុំនៅតែនិយាយដដែល ដើម្បីធានាថាភាពស៊ាំសហគមន៍នឹងមានការរឹងមាំ បន្ទាប់ពីការដោះម៉ាស់នេះ គឺវ៉ាក់សាំងជំនួសម៉ាស់ទាំងស្រុង។ បងប្អូនដែលមិនទាន់ចាក់ដូសទី៣ ត្រូវអញ្ជើញមកចាក់ដូសទី៣ ហើយបើកមានការចាំបាច់ដើម្បីទទួលយកដូសទី៤ ក៏យើងចាក់ដូសទី៤ ជូន និងត្រៀមបម្រុងសម្រាប់ចាក់ដូសទី៥ ចំពោះមន្ត្រីជួរមុខរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមអបអរសាទរនិងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលក្នុងរយៈកាលកន្លងទៅបានចូលរួមយ៉ាងសកម្ម គាំទ្រទៅដល់វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញ តាមរយៈក្រសួងសុខាភិបាលក្តី តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិក្តី តាមរយៈសារសំឡេងរបស់ខ្ញុំព្រះករុណាខ្ញុំជូនប្រជាពលរដ្ឋក្តី។ ដោយសារតែកិច្ចសហប្រតិបត្តិការ និងការចូលរួមពីប្រជាពលរដ្ឋនេះហើយ ដែលធ្វើអោយប្រទេសយើងមានភាពធូរស្រាល។ ថ្ងៃនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានអ្នកឆ្លងជំងឺ កូវីដ-១៩ ត្រឹមតែ ២នាក់ តែប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន។ ជាលើកដំបូងនៅក្នុងប្រវត្តិជាង ១ឆ្នាំ ក្នុងរាជធានីភ្នំពេញពុំមានអ្នកឆ្លងនោះទេ សម្រាប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កាលពីម្សិលមិញ។ នេះគឺជារឿងដ៏គួរអោយត្រេកអរ ដែលមានការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការទាំងនេះ។
ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលថ្ងៃនេះនឹងបានរំដោះខ្លួនចេញពីម៉ាស់ ក៏ប៉ុន្តែក៏នៅតែអំពាវនាវអោយរក្សាទុកម៉ាស់ជាប់នឹងខ្លួន នៅពេលដែលចូលដល់កន្លែងដែលត្រូវចាំបាច់ពាក់ម៉ាស់ដូចបានកំណត់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធនឹងរៀបចំវិធានការបញ្ជាក់ទៅតាមក្រោយ ថាកន្លែងណាដែលពាក់ កន្លែងណាដែលមិនពាក់ គឺទីកន្លែងដែលបិទជិតរបៀបណានោះ។ បើសិនជាទីកន្លែងដែលបិទជិតនោះ គេមិនបើកម៉ាស៊ីនត្រជាក់ ប៉ុន្តែគេបើកបង្អួចគឺអាចចាត់ទុកថា ជាការរំដោះខ្លួនចេញពីការពាក់ម៉ាស់ថែមទៀត។ នេះគឺជាចំណុចចង់បានរបស់ប្រជាពលរដ្ឋរបស់យើង ហើយក៏ជាការចង់បានរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការសន្សំសំចៃ … សម្រាប់ក្រុមគ្រួសាររបស់ខ្លួន។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមប្រគេនពរ និងជូនពរចំពោះព្រះសង្ឃ បងប្អូនជនរួមជាតិសូមប្រកបតែនឹងពុទ្ធពរ និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអោយការដោះម៉ាស់របស់យើងនឹងជាបន្ទុករបស់ប្រជាពលរដ្ឋតម្រូវសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ទទួលបានជោគជ័យនៅពេលខាងមុខ។ សូមអរព្រះគុណ និងសូមអរគុណ៕