FN៖ របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបង្ហាញក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ៣,០៣៣.០២មេហ្គាវ៉ាត់ ស្មើនឹង៧៥.៥៧% ខណៈការនាំចូលអគ្គិសនីមកពីប្រទេសជិតខាងមាន ៩៨០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៤.៤៣ភាគរយ។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ប្រភពអគ្គិសនី នាំចូលរួមមានមកពីប្រទេសថៃ មានចំនួន២៧៧.៣០មេហ្គាវ៉ាត់, វៀតណាម ៣៣២.៤៥មេហ្គាវ៉ាត់ និងឡាវ ៣៧១មេហ្គាវ៉ាត់។
បន្ថែមពីនេះ សម្រាប់ផែនការឆ្នាំ២០២២ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣,១១៦.០២មេហ្គាវ៉ាត់ ស្មើនឹង៧៣.៣៧ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៦.៦៣ភាគរយ។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន៨កន្លែង ដែលអាចផលិតបានចំនួនជាង ២,០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បការតភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិសម្រេចបានជិត១០០ភាគរយហើយ។
អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញលក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិតអគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា។
របាយការណ៍បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះមានប្រើដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តមួយចំនួន ក្នុងនោះមាន៖ ខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
របាយការណ៍ដដែលបានបន្ថែមថា ក្រៅពីការអភិវឌ្ឍផលិតអគ្គិសនីក្នុងស្រុក កម្ពុជាគ្រោងនាំចូលបន្ថែមអគ្គិសនីពីប្រទេសឡាវចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារីអគ្គសនីកំពុងដំណើរការចំនួន១០កន្លែង។
លោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះមានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាព ផលិត បញ្ជូន ចែកចាយ និងការភ្ជាប់បណ្ដាញឱ្យអ្នកប្រើប្រាស់អគ្គសនី ឱ្យទាន់តាមផែនការកំណត់។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្តជំរុញការកែលម្អការផ្ដល់សេវាឱ្យអ្នកប្រើប្រាស់កាន់តែខ្លាំង ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ រួមទាំងពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនី ឱ្យរឹតែមានប្រសិទ្ធភាពជាដើម។
គិតមកត្រឹមចុងឆ្នាំ២០២១ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណ ចែកចាយធ្វើការវិនិយោគ និងការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជនមានចំនួន ១៤,១៥១ភូមិ ស្មើនឹង ៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ដោយក្នុងចំណោមភូមិទាំងអស់នេះ មានចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ភាគរយពុំទាន់មានខ្សែបណ្ដាញទៅដល់៕