FN ៖ រយៈពេល១១ ខែឆ្នាំ២០២១នះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ២ ៥៦០.១២លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ។
លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០.២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤.៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៤៩.៣១ ប៊ីលានរៀល (ប្រមាណជា ១២.១៧ លានដុល្លារអាមេរិក) ស្មើនឹង ៥.,២៤%។
សរុបរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០ ៣៦៨.៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០.១២ លានដុល្លារអាមេរិក) ស្មើនឹង ១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា កត្តាដែលធ្វើឱ្យលទ្ធផលប្រមូលចំណូលពន្ធកើនឡើងក្នុងខែវិច្ឆិកា និងឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ ១១ខែ ឆ្នាំ២០២១ រួមមាន៖
* ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ តាមរយៈចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្មនិងទាន់ពេលវេលា ដែលអាចកសាងភាពធន់របស់សហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ ព្រមទាំងក្រោមការដឹកនាំចង្អុលបង្ហាញ ប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួច របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
* ការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ * ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filling App, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក (E-Document Submission System) ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/លិខិតអនុញ្ញាតនានាតាមប្រព័ន្ធអនឡាញ
* សាធារណៈជនទូទៅអាចប្រើប្រាស់ GDT Taxpayer App ដែលអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធអចលនទ្រព្យ តាមរយៈទូរស័ព្ទដៃ ដោយចំណេញពេលវេលា ងាយស្រួល និងចៀសផុតពីហានីភ័យនៃការឆ្លងជំងឺរាតត្បាតកូវីដ-១៩
* កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបានភាពងាយស្រួលនិងចំណេញពេលវេលា ក្នុងការបង់ពន្ធបានពីគ្រប់ទីកន្លែង ទទួលបាននូវបច្ចុប្បន្នភាពនិងព័ត៌មានថ្មីៗអំពីពន្ធដារ តាមដានឯកសារ ព្រមទាំងទទួលសេវាអ្នកជាប់ពន្ធពីអគ្គនាយកដ្ឋានពន្ធដារ
* ជម្រើសបង់ពន្ធតាមតាមរយៈធនាគារពាណិជ្ជជាដៃគូដែលគិតមកដល់បច្ចុប្បន្នមាន ០៨ ក្នុងនោះមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារវឌ្ឍនៈ ធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
* ការចុះអង្កេតសហគ្រាសតាមដងផ្លូវបានផ្តល់នូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ ក្នុងការអនុវត្តការគ្រប់គ្រងការចុះបញ្ជីពន្ធដារសហគ្រាស ហើយអគ្គនាយកដ្ឋានពន្ធដារបានពង្រឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា និងបន្តពង្រឹងការធ្វើបច្ចុប្បន្នភាពសហគ្រាស ស្របតាមខ្លឹមសារប្រកាសលេខ ៧០១ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ដែលបានផ្តល់លទ្ធភាពក្នុងការទប់ស្កាត់ការគេចវេះពន្ធគ្រប់រូបភាពបានទាន់ពេលវេលា
Ut Theara, [13-Dec-21 6:33 PM]
* ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានរហូតដល់ ១១៩ ៨១១ ករណី កើនឡើងប្រមាណជា ២៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០៕