រៀនរស់តាមរបៀបថ្មីក្នុងបរិបទ កូវីដ-១៩ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី
សម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងទីនេះ។
សូមធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមុននេះ កម្មវិធីនេះគឺគ្រោងចាប់ផ្ដើមនឹងធ្វើសម្ពោធកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ប៉ុន្តែពេលនោះ ជាអកុសល ព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើង និងបានញាំញីព្រះរាជាណាចក្រកម្ពុជា ស្ទើរតែធ្លាក់ទៅក្នុងអន្លង់មរណៈ។ យើងបានលើកពេលវេលានោះ រហូតមកដល់ពេលនេះ។ ថ្ងៃនេះ ខ្ញុំក៏ចង់បញ្ជាក់ជូនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ក៏ដូចជា សម្ដេច ឯកឧត្តម លោកជំទាវ ដែលចូលរួមនៅនៅទីនេះ (ថា)នេះហើយ ដែលហៅថា ការរស់នៅតាមរបៀបថ្មីក្នុងបរិបទ កូវីដ-១៩ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី។ ពីសាលដែលដាក់បាន ២ ពាន់នាក់ យើងដាក់ត្រឹមតែមនុស្ស ៥ រយនាក់តែប៉ុណ្ណោះ។ កូវីដ-១៩ អាចបំផ្លាញយើងបាន ក៏ប៉ុន្តែ កូវីដ-១៩ ក៏មិនអាចទប់ស្កាត់នូវដំណើរឈានទៅមុខរបស់យើងទេ។ កូវីដ-១៩ អាចរារាំងយើងក្នុងមួយរយៈ ចាប់ពីខែកុម្ភៈ នឹងការគ្រោងសម្រាប់ការសម្ពោធថ្ងៃទី ០៤ ខែមេសា រហូតមកដល់ថ្ងៃនេះ ទី ០៨ ខែវិច្ឆិកា ប៉ុន្តែនេះគ្រាន់តែជាការរារាំង ប៉ុន្តែមិនអាចនឹងបញ្ឈប់នូវសកម្មភាពរបស់យើងបាននោះទេ។
ឆ្នាំ ២០២១ សម្ពោធទីស្តីការក្រសួងថ្មី ៣, បញ្ចុះបឋមសីលាកសាងក្រសួងមហាផ្ទៃថ្មី
ឆ្នាំនេះ យើងនឹងត្រូវធ្វើពិធីសម្ពោធក្រសួងចំនួន ០៣៖ ក្រសួងទី ១ យើងបានសម្ពោធតាំងពីខែមករា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ គឺសម្ពោធទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ។ តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់នូវក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់ឱកាសឱ្យខ្ញុំបានរៀបចំនូវទីស្ដីការក្រសួងចាស់ របស់ក្រសួងសាធារណការ ប្រគល់ទៅឱ្យក្រសួងរ៉ែ និងថាមពល ហើយក៏ផ្ដល់ឱកាសឱ្យយកទីស្ដីការចាស់ របស់ក្រសួងរ៉ែ និងថាមពល ទៅឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ … ថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យើងក៏មានឱកាសតាំងពីប៉ុន្មានខែមុន យកទីស្ដីការចាស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ យកក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ទៅឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម រាជធានីភ្នំពេញ។
នៅសល់ក្រសួងមួយទៀត ដែលនឹងត្រូវសម្ពោធចំខួបលើកទី ២៣ គឺថ្ងៃទី ២៩ ខែធ្នូ គឺសម្ពោធក្រសួងការពារជាតិថ្មីតែម្ដង។ តាមសួរសម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី ១១ ខាងមុននេះ នឹងធ្វើពិធីបញ្ចុះបឋមសីលា កសាងក្រសួងមហាផ្ទៃថ្មី ដែលនឹងត្រូវចំណាយថវិកាប្រមាណ ៦០ លានដុល្លារសហរដ្ឋអាមេរិក។ មានថវិការួចស្រេចដើម្បីនឹងកសាងហើយ ព្រោះដល់ពេលវេលាដែលយើងត្រូវមានកន្លែងធ្វើការឱ្យសមរម្យ។
វិធីសាស្ត្រយកសេះដូរសេះ កសាងអគារក្រសួងនានា
ចំណុចនេះ យើងទាំងអស់គ្នាបានឃើញ បានដឹងអំពីដំណើរវិវឌ្ឍន៍របស់ជាតិយើង នៅពេលដែលយើងចូលមកដល់ទីក្រុងភ្នំពេញ តើយើងមានថ្មីខ្លះ? សម្រាប់ក្រសួងនានា គឺមានក្រសួងតិចណាស់ដែលបានទៅកាន់កាប់អតីតក្រសួងចាស់ ក្នុងហ្នឹងមានក្រសួងការពារជាតិទៅកាន់កាប់ក្រសួងចាស់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅកាន់កាប់ក្រសួងចាស់, ខ្ញុំទៅកាន់កាប់ក្រសួងការបរទេសក៏ទៅកាន់កាប់ក្រសួងចាស់ដែរ ក៏ប៉ុន្តែដោយសារតូចពេក ខ្ញុំក៏ដូរទៅកន្លែងពុទ្ធិកមហាវិទ្យាល័យ តែឥឡូវទៅកសាងនៅទីកន្លែងថ្មី។ ឯក្រៅពីនោះ គឺដូចជាក្រសួងអប់រំ ត្រូវប្រែក្លាយទៅជាក្រសួងមហាផ្ទៃ ដាក់នៅក្បែរហ្នឹង ហើយបើក្រសួងកសិកម្មវិញ គឺតា នៅ សាមុំ គាត់យកក្រសួងជាផ្ទះដែលនៅជិតបំផុត ធ្វើជាក្រសួងកសិកម្មតែម្ដង។ គាត់ចោល(ក្រសួង)នៅក្បែរចំការមន។ សូម្បីតែធនាគារ យើងមានធនាគារឯណា បើធនាគារគេវាយកម្ទេច រលំបាក់បាត់ទៅហើយ។ អញ្ចឹងយើងទៅធ្វើកន្លែងនេះបន្ដិច កន្លែងនោះបន្ដិច។
ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចម ប្រសិទ្ធ បានរៀបចំក្រសួងហ្នឹងមួយយកទៅធ្វើកន្លែងហ្នឹង។ ដំបូងគេថា កៀនក្រុង ក៏ប៉ុន្តែកន្លែងហ្នឹងត្រូវប៉ាន់ជាងអីទៅទៀត។ អញ្ចឹងខ្ញុំនៅតែគាំទ្រគំនិតរបស់ខ្ញុំ អំពីការយកសេះដូរសេះ។ យើងអត់មានជម្រើសទេ … យើងអត់មានទុនធ្វើ អញ្ចឹងវិធីតែមួយគត់ វិស័យឯកជនមានដី … គេធ្វើអគារឱ្យ។ គេយកដីហ្នឹងវាត្រូវប៉ាន់ជាង។ អញ្ចឹងទេ ដីតូចមួយរបស់យើងទៅយកបានមួយហិកតាជាង ពីរហិកតា រួចហើយអគារមានស្រាប់។ គេយកអានេះទៅ ដល់ឥឡូវហ្នឹងវាត្រូវប៉ាន់អានោះ ថ្លៃជាងអានេះមិនដឹងប៉ុន្មានដងទៅទៀត។ ខ្ញុំនៅតែគាំទ្រនូវគំនិតរបស់ខ្ញុំ ដែលខ្ញុំបានផ្ដល់ឱកាសឱ្យក្រសួងនានាបានប្ដូរពីកន្លែងនេះ ដីនេះទៅធ្វើនៅដីនោះ បង្កើតទៅជាក្រសួង ដើម្បីនឹងប្រើប្រាស់សម្រាប់ទៅថ្ងៃក្រោយ។
ដល់ដំណាក់កាលកសាងអគារស្ថាប័នបម្រើសេវាប្រជាជន
ពេលមុននេះ សូម្បីតែទីស្ដីការគណៈរដ្ឋមន្រ្តី ក៏ខ្ញុំអត់ធ្វើដែរ។ ខ្ញុំបាននិយាយថា តម្រូវការពេលនេះ មិនមែនកន្លែងធ្វើការល្អទេ គឺវិនិយោគជួយប្រជាជន។ ស៊ីហ្គេម ក៏ខ្ញុំបានប្រកាសដែរ។ ខ្ញុំបានស្នើសុំមេដឹកនាំអាស៊ាន ឱ្យមានការយោគយល់ ព្រោះខ្ញុំត្រូវការលុយ ដើម្បីធ្វើផ្លូវ លុយធ្វើស្ពាន លុយធ្វើប្រឡាយទឹក លុយធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ មិនទាន់មានលុយធ្វើស៊ីហ្គេមទេ។ អញ្ចឹងបានយើងលើកទៅធ្វើនៅឆ្នាំ ២០២៣ ឯណោះ។ ពេលហ្នឹង ប្រធានាធិបតីឥណ្ឌូនេស៊ី គាត់ប្រើពាក្យ គាត់ថា “ត្រឹមត្រូវ”។ ប៉ុន្តែឥឡូវនេះ មិនអាចដូចមុនបានទេ ផ្ទះប្រជាជនឡើងដល់ណាដល់ណីហើយ។ យើងទុកស្ថាប័នឱ្យនៅតូចតាច … វាមិនស្របជាមួយនឹងទីកន្លែងបម្រើសេវាប្រជាជន។ ដូច្នេះហើយ យើងក៏មានតម្រូវការនឹងធ្វើការបែបនេះ។
ខ្ញុំសូមកោតសរសើរចំពោះការខិតខំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានខិតខំកសាងនូវសំណង់នេះឡើង។ ការពិតទៅ (មានការ)ប្រទាញប្រទង់គ្នា។ លុយដែលបានចំណាយហ្នឹង អត់បានចេញថវិកាជាតិមកនេះទេ។ ខ្ញុំទាញយក ៥ លានដុល្លារសហរដ្ឋអាមេរិកត្រឡប់ទៅវិញ។ អគារនេះ (ត្រូវបាន)បានកាត់បន្ថយទំហំ ដោយខ្ញុំទាញយក ៥ លានដុល្លារសហរដ្ឋអាមេរិកត្រឡប់ទៅវិញ ជួយ កូវីដ-១៩ សិន។ ប៉ុន្តែ ធ្វើបានប៉ុណ្ណេះ វាល្មមណាស់ទៅហើយ។ ប៉ុន្តែមើលចំណារខ្ញុំឱ្យច្បាស់ ក្នុងសៀវភៅប្រគល់ឱ្យ ព្រោះខ្ញុំអត់មានពេល ដើម្បីមកសរសេរទៀតទេ។
កម្ពុជា/អូស្ត្រាលី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាទ្វេភាគី ជាក្របខណ្ឌរវាងអាស៊ាន/អូស្រ្តាលី និងឥណ្ឌូប៉ាស៊ីហ្វិក
ខ្ញុំចេញពីហ្នឹង ខ្ញុំទៅជួបរដ្ឋមន្រ្តីការបរទេសរបស់អូស្ដ្រាលី ដែលនឹងពិភាក្សាគ្នាយ៉ាងច្រើន ទៅលើកិច្ចសហប្រតិបត្តិការជាទ្វេភាគី ជាក្របខណ្ឌរវាងអាស៊ាន និងអូស្រ្តាលី និងជាក្របខណ្ឌហួសពីនេះទៅទៀត គឺទាក់ទងជាមួយនឹងឥណ្ឌូប៉ាស៊ីហ្វីក ដែលកំពុងមានបញ្ហា។ ជាពិសេស គឺការបារម្ភរបស់បណ្ដាប្រទេសអាស៊ានមួយចំនួន ទាក់ទងជាមួយនឹងតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ សូមបញ្ជាក់ឱ្យហើយ (សំរាប់)អ្នកនៅខាងក្រៅ (ដែល)គិតថារដ្ឋមន្រ្តីការបរទេសអូស្រ្ដាលីមកដល់ផ្ទះ មកកៀបសង្កត់ សម្រាប់ ហ៊ុន សែន អ្នកដែលចង់មកកៀបសង្កត់ សូមមិនចាំបាច់មកទេ ព្រោះឱ្យ Visa ឬមិនឱ្យ Visa ជាសិទ្ធិរបស់កម្ពុជា។ អ្នកខ្លះនៅក្រៅប្រទេសចូលចិត្តតែថា គេមកហ្នឹង គេមកសង្កត់។
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស៖ គោលនយោបាយពាណិជ្ជកម្មអង់គ្លេស ជាមួយកម្ពុជាអត់មានការប្រែប្រួល
កាលដែលរដ្ឋមន្រ្តីការបរទេសអង់គ្លេសមក … ខ្លះពណ៌នាថា លោក ហ៊ុន សែន ខ្លាចរដ្ឋមន្រ្តីការបរទេសអង់គ្លេស។ ប៉ុន្តែពេលហ្នឹង ខ្ញុំកំពុងធ្វើចត្តាឡីស័ក។ មកទទួលរបៀបម៉េច វាមិនឆ្លងដល់គេហើយទេ។ យើងក៏មិនច្បាស់ខ្លួនឯងផង។ ផ្ទុយទៅវិញ អង់គ្លេស គាត់ត្រូវការយើងគាំទ្រគាត់ ឱ្យក្លាយទៅជាដៃគូជាមួយនឹងអាស៊ាន… រឿងអីដែលខ្ញុំត្រូវខ្លាចអង់គ្លេស។ ជាពិសេសទៅទៀត អង់គ្លេសនេះ ជាមួយនឹងយើង លើបញ្ហាសហប្រតិបត្តិការពាណិជ្ជកម្ម គឺនៅតែល្អ។ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំធំជាងគេនៅក្នុងអឺរ៉ុប។ ខ្ញុំជួបលោកជំទាវ Theresa May ដែលជាអតីតនាយករដ្ឋមន្រ្តីរបស់អង់គ្លេស មុនពេល BREXIT ឬចាកចេញពីអឺរ៉ុប អង្គុយតុបាយជាមួយគ្នានៅប៊្រុចសែល គាត់បានបញ្ជាក់ច្បាស់ថា គោលនយោបាយពាណិជ្ជកម្មរបស់អង់គ្លេស ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងហ្នឹងមានកម្ពុជាអត់មានការប្រែប្រួលទេ។ អ្នកណាចង់ EBA មិន EBA គាត់អត់ខ្វល់ទេ គាត់ខ្វល់ពីរឿងគាត់ដកខ្លួនថយចេញពីអឺរ៉ុបតែប៉ុណ្ណោះ។ រឿងអីដែលខ្ញុំត្រូវគេចវេះពីការជួប? បើគេចវេះពីការជួប គឺមិនឱ្យមក(កម្ពុជា)តែម្ដង។ ប៉ុន្តែ ពេលដែលគាត់រៀបចំដំណើរមកទៅហើយ ខ្ញុំ(ក៏ត្រូវធ្វើ)ចត្តាឡីស័ក។ គាត់ក៏មានអធ្យាស្រ័យអំពីបញ្ហាហ្នឹង។
កម្ពុជានឹងធ្វើពាណិជ្ជកម្មជាមួយនឹងអូស្រ្តាលីកាន់តែច្រើន
ឯរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីក៏មកទៀត។ បន្ដិចទៀត ខ្ញុំនឹងចេញទៅជួប គឺមិនមែនជាការមកសង្កត់ទេ។ ប្រហែលជាការពន្យល់របស់គាត់ឱ្យយើងយល់អំពីអ្វីដែលហៅថា AUKUS ដែលជាសម្ព័ន្ធភាពរវាងអូស្រ្ដាលី អាមេរិក និងអង់គ្លេស។ ប្រហែលជារឿងហ្នឹង សំខាន់ជាងរឿងដទៃ។ នេះបើតាមការស្មានរបស់ខ្ញុំ។ ជាធម្មតាទេ អ្នកនយោបាយតែងតែមានការប៉ាន់ស្មានថា មិត្តភក្ដិរបស់យើងនិយាយពីអី។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការទ្វេភាគីនៅមានរឿងច្រើនណាស់។ ក្នុងរយៈពេលតែប៉ុន្មានខែ យើងជីកមាសបានជិត ៨០០ គីឡូក្រាម ដែលយើងធ្វើតាំងពីខែមិថុនា … ឥឡូវកំពុងសិក្សានៅកន្លែងផ្សេង ដែលជាក្រុមហ៊ុនមួយដ៏ធំក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានការកើនឡើង។ ជាមួយនោះ ពេលដែល RCEP(Regional Comprehensive Economic Partnership) បានចូលជាធរមាន … ព្រោះសច្ចាប័នគ្រប់គ្រាន់ហើយ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានរាយការណ៍ឱ្យខ្ញុំ … ព្រោះគេដាក់ថា ប៉ុន្មានប្រទេសនៅអាស៊ាន ប៉ុន្មានប្រទេសជាដៃគូ ឱ្យសច្ចាប័ន គឺកិច្ចព្រមព្រៀងចូលជាធរមាននៅខែមករា ខាងមុខនេះតែម្ដង។ ដូច្នេះ យើងនឹងធ្វើពាណិជ្ជកម្មជាមួយនឹងអូស្រ្តាលីកាន់តែច្រើន។ នៅមានអូស្រ្តាលីមេគង្គ នៅមានអូស្រ្ដាលីអាស៊ាន នៅមានអូស្រ្តាលីអាស៊ីបូព៌ា។
(១) ថែអគារប្រើប្រាស់យូរអង្វែង (២) ធ្វើការល្អ មានប្រសិទ្ធភាព/ផលប្រយោជន៍ (៣) សំចៃទឹក/ភ្លើង
អញ្ចឹងបានជាខ្ញុំអត់មានពេលសរសេរទេ។ ខ្ញុំងាកមកនេះវិញ។ ខ្ញុំចារ ៣ ចំណុចនៅក្នុងហ្នឹង៖ ចំណុចទី ១ ការធ្វើឱ្យមានអគារ វាលំបាកហើយ ក៏ប៉ុន្តែការថែទាំអគារដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ក៏ជារឿងលំបាកដែរ។ បើសិនជានៅខាងក្រៅ គម្រោងនានា ខ្ញុំតែងតែនិយាយថា ការធ្វើឱ្យគម្រោងនេះកើតឡើង គឺវាជារឿងលំបាកហើយ តែធ្វើឱ្យគម្រោងនេះមាននិរន្តរភាពទៅមុខ វាកាន់តែលំបាកជាងនេះទៀត។ ខ្លះសម្ពោធគម្រោងរួចហើយ គម្រោងដួលរលំបាត់ទៅ។ អគារធ្វើបានអញ្ចឹង រួចហើយទីចុងបំផុត ធ្លុះធ្លាយ ប្រើមិនបានយូរអង្វែង ត្រូវប្រើ ៥០ ឆ្នាំ យើងប្រើបានតែ ២០ ឆ្នាំ។ ចំណុចទី ២ ខ្ញុំចារថា បានកន្លែងធ្វើការល្អ វាប្រសើរហើយ ប៉ុន្តែវានឹងប្រសើរជាងហ្នឹងទៀត បើយើងធ្វើការឱ្យល្អ និងឱ្យមានប្រសិទ្ធភាព។ ហ្នឹងខ្ញុំចារពីល្ងាច ប៉ុន្តែព្រឹកមិញ បន្ថែមមួយចំណុចទៀត សន្សំសំចៃភ្លើងនិងទឹក ព្រោះអគារនេះធំណាស់ …
ឥឡូវគេមិនប្រើពាក្យ “ស៊ី” ទេ។ គេប្រើពាក្យ “ញ៉ាំ”។ វាញ៉ាំភ្លើងច្រើនណាស់ អញ្ចឹងទេសូមប្រយ័ត្នប្រយែង។ ឧទាហរណ៍ អគារហ្នឹងកំពុងតែបើកភ្លើង មិនដឹងប៉ុន្មានទេ។ អគារនេះអាចត្រូវការដល់ ១ មេហ្គាវ៉ាត់ ឬ២ មេហ្គាវ៉ាត់ឯណោះ … អញ្ចឹងបើសិនជាភ្លើងចេញពីធ្វើការ ម៉ាស៊ីនត្រជាក់នៅតែបើក ភ្លើង(អំពូល)នៅតែបើក នោះហើយជាការខ្វះការសន្សំសំចៃ។ ពេលយើងចូលធ្វើការ យើងត្រូវបើក ប៉ុន្តែពេលយើងចេញពីធ្វើការ យើងក៏ត្រូវតែបិទ។ ការបើក(ម៉ាស៊ីនត្រជាក់)ទៀតសោត ក៏ត្រូវកម្រិត។ បើយើងបើកកាន់តែត្រជាក់ ភ្លើងវាស៊ីកាន់តែខ្លាំង។ អញ្ចឹងបានមានពេលខ្លះ គឺគេកំណត់តែម្ដង គេដាក់ថា អ្នកឯងត្រូវតែ(បើកម៉ាស៊ីនត្រជាក់) ២៣ អង្សារ ខុសពីហ្នឹងទាបជាងហ្នឹង វាអស់ថ្លៃភ្លើងច្រើនពេក។
នេះខ្ញុំគ្រាន់តែលើកឡើង ដើម្បីឱ្យយើងទាំងអស់គ្នាយល់។ មានអគារធ្វើការល្អ គឺវាល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ ស្នូលរបស់វា គឺនៅត្រង់ប្រសិទ្ធភាពការងារ។ ត្រូវចាំ យុទ្ធសាស្រ្ដចតុកោណ ចំណុចចុងក្រោយគេ គឺប្រសិទ្ធភាព។ បើកន្លែងធ្វើការល្អ បើជាអត់ប្រសិទ្ធភាព ស្មើសូន្យ មានអីទៀត។ ឥឡូវយើងធ្វើលេខទៅ អគារល្អ ដកនឹងធ្វើការមិនល្អ ស្មើសូន្យ។ ប៉ុន្តែបើអគារល្អ កន្លែងអង្គុយធ្វើការល្អ បូកជាមួយនឹងប្រសិទ្ធភាព ស្មើនឹងផលប្រយោជន៍ វាទៅជាអញ្ចេះ។ ត្រូវហើយ មកដល់ដំណាក់កាលនេះ វាត្រូវតែមានអញ្ចឹង។ ខ្ញុំទើបនឹងផ្ដល់ថវិកាឱ្យទៅសាលាខេត្តព្រះសីហនុ មានលុយតែប៉ុណ្ណឹង ជាង ៣ លានដុល្លារសហរដ្ឋអាមេរិក។ ធ្វើទៅ។ ព្រោះអគារធំៗណាស់នៅខេត្តព្រះសីហនុ។ ខ្ញុំជាមួយនឹងឯកឧត្តម ជា សុផារ៉ា និយាយជាមួយគ្នាថា ទោះយក គួច ចំរើន ទៅ ១០០ ក៏ដោយ ក៏កំពង់សោមនៅតែប៉ុណ្ណឹង។ មូលហេតុអី? … អគារខ្ពស់ៗមេឃ ប៉ុន្តែនិយាយពីផ្លូវ ខ្ទេច។
ករណីរលំអគារនៅខេត្តព្រះសីហនុ៖ បទពិសោធន៍អំពីអន្តរាគមន៍ថ្នាក់ជាតិ
ពេលខ្ញុំទៅសង្រ្គោះអ្នកនៅជាប់គាំងនៅក្រោមដី(ក្នុងគំនរអគាររលំ) មិនដឹងថាខ្ញុំមិនវិញ្ញាណទីប៉ុន្មាន។ ពេលបាក់អគារ ខ្ញុំចាប់ផ្ដើមឡើងយន្តហោះទៅប្រជុំអាស៊ាននៅទីក្រុងបាងកក។ ទៅដល់បាងកក ធ្វើការទាំងយប់ ហើយហោះមកវិញភ្លាម។ ទៅដេកនៅហ្នឹងដូចជាមួយយប់ មកដល់ពោធិ៍ចិនតុង ចុះពីលើយន្តហោះ គ្រាន់តែធ្វើដំណើរចុះមានមនុស្សស្រែកចូលត្រចៀកថា “ជួយផងៗ” ដូចជារឿងស្អីប្លែក។ មកដល់ឃើញឯកសារនៅលើតុ អង្គុយចារឯកសារ នៅតែមានសំឡេងស្រែកនៅត្រចៀកតែម្ដង ឱ្យជួយផង … ងូតទឹកអីហើយ មកបាយ នៅតែមានសំឡេងស្រែក។ ខ្ញុំប្រាប់គ្រួសារខ្ញុំថា ច្បាស់ជាមានមនុស្សនៅរស់ (ក្នុងករណីរលំអគារនៅខេត្តព្រះសីហនុ)។ ក្នុងពេលហ្នឹង ថ្នាក់ជាតិរបស់យើងអត់មានចុះ(ទៅកន្លែងកើតហេតុ)ទេ។ ឯកឧត្តម យន្ដ មីន នៅបញ្ជាដោះស្រាយនៅទីនោះ។ ឯកឧត្តម សាយ សំអាល់ ចុះទៅក្នុងឋានៈជាប្រធានក្រុម(ការងារបក្ស) រួចហើយគឺទៅសៀមរាប។ អញ្ចឹងខ្ញុំខ្ជិលខ្វល់។ ប្រពន្ធខ្ញុំក៏ឱ្យយោបល់ថា គួរតែទៅមើល។ ខ្ញុំរៀបចំភ្លាមៗ ពាក់ខោអាវទាហានចេញដំណើរទៅតែម្ដង។ តាមផ្លូវ បង្ហោះតាមហ្វេសប៊ុក, ឧកញ៉ា លាង ឃុន មុនគេ ចូលរួមជួយប៉ុណ្ណេះ ហើយឧកញ៉ា គិត ម៉េង។ ចូលរួមជួយ។ ទម្រាំទៅដល់នោះបានប៉ុន្មានលានដុល្លារឯណោះ។
ទៅដល់ ចុះតែពីលើឡាន គេថាកន្លែងហ្នឹង គឺកន្លែងដែលស្លាប់អស់មនុស្សប៉ុន្មាន(នាក់)។ ខ្ញុំឈរចង្អុលកន្លែងនោះ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រហែលជានៅចាំ។ ខ្ញុំចង្អុលទៅកន្លែងហ្នឹង រួចហើយខ្ញុំឡើងទៅលើហ្នឹងទៀត។ មានរូបភាពដែលខ្ញុំឡើងទៅលើកន្លែងហ្នឹង។ ខ្ញុំថាកន្លែងហ្នឹងច្បាស់ជានៅ(មានមនុស្ស)។ មានអី នៅ(មានមនុស្ស) ០២ នាក់។ យ៉ាងហោចណាស់យកបាន ០២ នាក់នៅមានជីវិតរស់។ ពេលហ្នឹង វង្ស ពិសេន សុំយោបល់ខ្ញុំថា សុំធ្វើប្រតិបត្តិការរហ័ស ព្រោះមិនអាចមានមនុស្សនៅរស់ទេ។ ខ្ញុំប្រាប់ថា “កុំ! បើមិនទាន់ដល់ ៧២ ម៉ោងទេ គឺមនុស្សអាចនៅរស់ ហើយប្រសិនបើនៅក្នុងហ្នឹងមានសំណើមទឹក (ព្រោះយើងបាញ់ទឹកទំលាក់ចូលទៅ) ថែមទៀត គឺអាចរស់លើស ៧២ ម៉ោង”។ និយាយឱ្យត្រង់ ខ្ញុំតក់ស្លុតណាស់។ នៅពេលដែលចេញពីប្រទេស នៅក្នុងប្រទេសអត់មានថ្នាក់ជាតិចុះជួយ … ខ្ញុំចេញទៅតែម្ដង បង្ហោះតាមហ្វេសប៊ុកថា ខ្ញុំទៅកំពង់សោម។
ដល់ពេលយកមនុស្សចេញផុត សំឡេងស្រែកឱ្យជួយ គឺបាត់រលីង … និយាយព្រឺសម្បុរខ្លួនឯង។ សង្គ្រោះបាន ០២ នាក់មកមែន ហើយ ០២ នាក់ហ្នឹង នៅមានកម្លាំងកំហែងទៀត។ ខ្ញុំតាមទៅដល់មន្ទីរពេទ្យ នៅនិយាយលេងថា ឱ្យការប្រពន្ធ ដែលក្រោយមកគេហៅថា រោងបុណ្យខ្មោច អត់មានខ្មោច។ មានចម្រៀងមួយបទហ្នឹង ដោយសារតែម្ដាយនោះ ធ្វើរោងបុណ្យខ្មោចសម្រាប់ឱ្យកូនទៅហើយ តែមិននឹកស្មានថាកូនហ្នឹងវានៅរស់។ បើសិនធ្វើប្រតិបត្តិការរហ័ស ហើយពេលហ្នឹង ប្រសិនបើឯកឧត្តម ជា សុផារ៉ា កុំទៅតាមជាមួយ យកឧបករណ៍កាយរបស់ក្រុមហ៊ុន ពិស្ណុកា យកទៅ ប្រហែលជាយើងដោះមិនចេញទេ …។ (និយាយនេះ)ហ្នឹងនិយាយបែកអូរហូរជាស្ទឹង ប៉ុន្តែក៏ជាបទពិសោធន៍មួយ ដែលទាក់ទងនឹងរឿងសំណង់ ដែលថ្ងៃក្រោយយើងត្រូវប្រយ័ត្នប្រយែង។
ប៉ុន្មានថ្ងៃមុន ឃើញដូចនៅប្រទេសណា អគារដួលរលំស្លាប់អស់ប៉ុន្មាន អគារចាស់ ឬអគារថ្មីដែលដួលរលំហ្នឹង? អគារដួលរលំ មិនមែនមានតែស្រុកខ្មែរឯណា។ ក្រោយមក យើង(មានអគារ)ដួលរលំកែបមួយទៀត តែនៅកែប យើងចុះទៅទាន់ពេលវេលា។ អាហ្នឹងជាបទពិសោធន៍ ថ្នាក់ជាតិត្រូវតែអន្តរាគមន៍បន្ទាន់ ទៅលើមុខសញ្ញាដែលត្រូវជួយ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបំពាក់គ្រឿងសម្ភារ ដូចជាប៉ុន្មានអង្គភាពហើយ សម្រាប់ការសង្រ្គោះបន្ទាន់ បន្ទាប់ពីមានបទពិសោធន៍ហ្នឹង … ហើយមានម្នាក់ ក្លាយទៅវីរៈជននៅក្នុងអង្គភាពវិស្វកម្ម។ កាលហ្នឹង សម្ដេច ទៀ បាញ់ បានឱ្យឡើងដល់ស័ក្ដិប៉ុន្មាន? ឱ្យឡើង ស័ក្ដិ ៣។ យុទ្ធជនម្នាក់ហ្នឹង (ជា)អ្នកសង្រ្គោះ អត់គិតពីជីវិតខ្លួនឯងទេ។ ចូលទៅយក។ ចុះបើបាក់ចុះមកទៀត វាមិនងាប់ខ្លួនឯង។ តម្លៃអ្នកសង្រ្គោះនៅកន្លែងហ្នឹង។
គណបក្សប្រជាជនឈ្នះឆ្នោត បង្កើតក្រសួងថ្មីពីរ
ឥឡូវខ្ញុំបកមកនិយាយពីរឿងបញ្ហាសំណង់បន្ដិច។ ការគ្រប់គ្រងសំណង់របស់យើង វាមានប្រវត្តិរបស់វា។ តាមពិនិត្យ កាលពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់ឆ្នាំ ១៩៧៥ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រប់គ្រងដោយនាយកដ្ឋាននគរូបនីយកម្ម និងលំនៅដ្ឋាននៃក្រសួងសាធារណការ។ នៅតាមខេត្ត កិច្ចការនេះ គ្រប់គ្រងដោយមន្ទីរសាធារណការខេត្ត។ ដល់ក្រោយឆ្នាំ ១៩៧៩ យើងមានមន្ទីររៀបចំក្រុងមួយ … មន្ទីររៀបចំក្រុងរបស់យើងកាលពីពេលនោះ ទី យ៉ាវ ឬក៏ គ្រី ម៉េងហុង ជាអ្នកគ្រប់គ្រងដំបូង? ទី យ៉ាវ ។ ពេលនោះ បង្កើតនូវទីក្រុងភ្នំពេញ ហើយតាមខេត្ត ខេត្តខ្លះដាក់នូវមន្ទីរផែនការ ខេត្តខ្លះនៅមន្ទីរឧស្សាហកម្ម។ ឆ្នាំ ១៩៨៦ នៅពេលដែលខ្ញុំក្លាយទៅជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ខ្ញុំជាអ្នកបង្កើតអគ្គនាយកដ្ឋានសំណង់ ហើយយក ទី យ៉ាវ ធ្វើជាអគ្គនាយក។ ក៏ប៉ុន្តែអគ្គនាយកសំណង់របស់យើងនៅពេលនោះ គឺគិតគូរតែពីរឿងសំណង់ទេ អត់បានរៀបចំការគិតគូរអំពីការរៀបចំដែនដីទេ។ មកដល់ក្រោយការបោះឆ្នោត ១៩៩៣ ផ្នែកសំណង់នេះ គឺត្រូវបានបញ្ចូលមកនៅក្រោមក្រសួងសាធារណការ អញ្ចឹងបានជាដីដែលស្នាក់ការ ហ្វ៊ុនស៊ិនប៉ិច នេះ ជាដីរបស់ខាងអគ្គនាយកដ្ឋានសំណង់។ អាហ្នឹងនិយាយប្រវត្តិរបស់វា …។
… ខ្ញុំសូមនិទានរឿងកន្លែងនេះបន្តិច ដើម្បីយើងឲ្យដឹង។ ឆ្នាំ ១៩៩៨ គឺគណបក្សប្រជាជនជាអ្នកឈ្នះឆ្នោត ខ្ញុំបង្កើតក្រសួងពីរ ហើយទីកន្លែងដែលខ្ញុំគិតរៀបចំ ផ្ទះនៅតាខ្មៅ។ តាខ្មៅ គេហៅថាសម្បុកប្រវត្តិសាស្ត្រ។ ឯកសារនយោបាយឈ្នះឈ្នះ … កើតនៅហ្នុង។ ក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ត្រៀមធ្វើនាយករដ្ឋមន្ត្រីត្រូវរៀបចំ ក្រសួងទីមួយគឺក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងទីពីរ ក្រសួងធនធានទឹក។ ផ្នែកធនធានទឹក មុនដំបូងជានាយកដ្ឋានធារាសាស្ត្រ បន្ទាប់ទៅអគ្គនាយកដ្ឋានធារាសាស្ត្រ។ ខ្ញុំគិតថាបើធ្វើបែបនេះតទៅទៀតមិនដឹងថ្ងៃណាបានប្រទេសកម្ពុជាមានប្រព័ន្ធស្រោចស្រពទេ ព្រោះលុយទៅអាណាប័ក(ដែលជា)ក្រសួងកសិកម្ម ទម្រាំតែដល់ផ្នែកធារាសាស្ត្រវាមិនដឹងប៉ុន្មានគន្លាក់ … អញ្ចឹងបង្កើតក្រសួងធនធានទឹកដែលដោះស្រាយការគ្រប់គ្រងធនធានទឹកផង និងជាពិសេសដោះស្រាយបញ្ហាប្រព័ន្ធស្រោចស្រព។ ក្រសួងទីពីរគឺក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីឱ្យកើតទៅជាក្រសួង។ ពេលនោះដំឡើងរដ្ឋលេខាធិការក្រសួងកិច្ចការនារីឱ្យទៅជាក្រសួងកិច្ចការនារី …។
ហៅឱ្យកិច្ចព្រមទីក្រុងប៉ារីសមកគ្របដណ្ដប់វិញ គឺកំពុងហៅបរទេសមកត្រួតត្រាកម្ពុជាសាជាថ្មី
ក្រសួងអភិវឌ្ឍជនបទបង្កើតរួចហើយ បង្កើតក្នុងអាណត្តិទីមួយ។ ប៉ុន្តែអាណត្តិទីមួយមានពីរគន្លាក់។ អាណត្តិទីមួយគឺធ្វើរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលរដ្ឋកម្ពុជាសុខចិត្តរំលាយខ្លួន មុនពេលរដ្ឋធម្មនុញ្ញចូលជាធរមាន ព្រោះនៅក្នុងដំណាក់កាលកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ និយាយបន្តិចទៅចុះ ដោយសារតែមានមនុស្សច្រើន ដែលធ្វើចេះដឹង។ បើចេះដឹងឱ្យល្អទៅ ខ្ញុំចង់រៀនសូត្រពីគេដែរ។ ក៏ប៉ុន្តែចេះដឹងជ្រុលរហូតដល់ថា កែរដ្ឋធម្មនុញ្ញ ២ ភាគ ៣ មក ៥០ បូក មួយ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយចង់យកកិច្ចព្រមព្រមព្រៀងទីក្រុងប៉ារីសទៅដោះស្រាយបញ្ហាភូមាទៅទៀត។ នេះគឺជារឿងដែលគួរឱ្យចង់សើច។ ឥឡូវខ្ញុំនិយាយអាហ្នឹងបន្តិច ដើម្បីយើងអាចយល់គ្នា … អ៊ុនតាក់អស់ភារកិច្ចគ្រប់គ្រងកិច្ចការនៅក្នុងប្រទេសកម្ពុជា ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតទៅដល់សភាធម្មនុញ្ញក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល … បើនៅក្នុងដំណាក់កាលអ៊ុនតាក់នេះ … អ្នកដែលចង់ហៅឱ្យកិច្ចព្រមទីក្រុងប៉ារីសមកគ្របដណ្ដប់វិញ អ្នកកំពុងហៅបរទេសមកត្រួតត្រាកម្ពុជាសាជាថ្មី។
អ្នកត្រូវមើលចំណុចនេះមួយ បើអ្នកជាខ្មែរហើយអ្នកជាមនុស្សមិនមែនជាតិរច្ឆាន មិនមែនជាសត្វ អ្នកត្រូវតែច្បាស់ត្រង់កន្លែងថា “SNC ជាប្រភពអំណាចតែមួយគត់” ប៉ុន្តែ (មាន)ចែងច្បាស់ថា “SNC ធ្វើការតាមកុងសង់ស៊ីស”។ ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធាន SNC នឹងធ្វើការសម្រេចដោយយោង(តាមការ)គិតគូរទៅលើគំនិតសមាជិកដទៃ។ ក្នុងករណីមិនអាចសម្រេចបាន ប្រធានអ៊ុនតាក់ជាអ្នកសម្រេច។ អ្នកធំជាងស្រុកខ្មែរ ដំណាក់កាល អ៊ុនតាក់ មិនមែនព្រះករុណាព្រះបិតាទេ គឺអ៊ុនតាក់។ ប្រធានអ៊ុនតាក់ជាអ្នកណា? ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ ទើបបញ្ជាបាន។ អ្នកត្រូវយល់។ ពេលនេះ (តាម)រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រព្រះអង្គធំជាងគេ។ ម៉េចក៏ចង់ហៅគេមកត្រួតត្រាឡើងវិញ … ម៉្យាងទៀត អ៊ុនតាក់ បានចប់ភារកិច្ចហើយ។ អង្គការសហប្រជាជាតិចប់ភារកិច្ចហើយ។
ឥឡូវនិយាយគ្នាអញ្ចេះមួយទៀត។ កាត់ទោសខ្មែរក្រហម អត់មានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ អ្នកឯងថាខុសទេ។ ហ្នឹងអធិបតេយ្យខ្មែរដែលត្រូវធ្វើការសម្រេចចិត្ត ចូលរួមជាមួយអង្គការសហប្រជាជាតិ កាត់ទោសខ្មែរក្រហម។ ខ្ញុំមិនយល់។ មនុស្សខ្លះបែរជាបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ និយាយចុះ តែខ្ញុំធ្វើតាមរដ្ឋធម្មនុញ្ញ ព្រោះធាតុចូលទាំងប៉ុន្មានវាចូលមកក្នុងហ្នឹងទាំងអស់ហើយ។ ប៉ុន្តែសុំកុំច្រឡឺម។ កុំព្រហើន។ សុំផ្ដាំតែប៉ុណ្ណឹង។ និយាយអីនិយាយចុះ ក៏ប៉ុន្តែបើចូលដល់ខុសច្បាប់ធ្ងន់ពេកគឺដាក់ហើយ។ ឧទាហរណ៍ អ្នកឯងមានមូលដ្ឋានផ្លូវច្បាប់មកពីណា ចោទយើងថាសភាកែពី ២ ភាគ ៣ មក ៥០ បូក ១ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស វាមានបានកំណត់ថាសភាធម្មនុញ្ញកម្ពុជាត្រូវតែ ២ ភាគ ៣ ឯណា។
ដើម្បីដំណើរការប្រជាធិបតេយ្យឱ្យកាន់តែល្អ ថ្ងៃក្រោយគេមិនអាចនឹងកំណត់ ៥០ បូក ១ នោះទៅទៀត គេកំណត់ភាគច្រើនទៅវិញ។ ឱ្យតែភាគច្រើនឈ្នះហើយ បង្កើតរដ្ឋាភិបាលបានហើយ។ ប៉ុន្តែវាក៏ឆាប់រលំទៅវិញដែរ នៅពេលដែលគេបោះឆ្នោតដកការទុកចិត្ត។ អញ្ចឹងបានគេស្វះស្វែងឱ្យមាន ៥០ បូក ១ នោះ។ អញ្ចឹង បើអ្នកឯងចោទសភាថាខុស គេមានសិទ្ធិទៅវាយខ្នោះអ្នកឯង។ ផ្ដាំផ្ញើទៅផង។ ល្មមៗបានហើយ។ តិចថា ហ៊ុន សែន មិនហ៊ាន។ និយាយគ្នាឱ្យច្បាស់។ ហ៊ុន សែន ហ៊ានវាយខ្នោះអ្នកនយោបាយម៉ោង ១២ យប់ រឿងអីខ្លាចមិនហ៊ានវាយខ្នោះត្រឹមពួកអ្នកឯង ឱ្យមកដោះស្រាយជាមួយតុលាការ។ ហេតុអីបានចោទសភាថាខុស កែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក ៥០ បូក ១ (ខុស) … ពីរដងហើយខ្ញុំចាំ។
ថ្ងៃមុន ថ្ងៃដែលខ្ញុំចេញដំណើរទៅសៀមរាប គឺជាថ្ងៃដែលខ្ញុំសម្រេចដាក់ធ្វើជាបញ្ជីមួយបង្កើតជាក្រសួងពីរហ្នឹង ប្រហែលជាខ្ទង់ថ្ងៃទី ២១ ឬ ២២ ខែកញ្ញា ឆ្នាំ១៩៩៨។ ថ្ងៃ ២៤ គេបាញ់ខ្ញុំ។ ខ្ញុំគួរតែរំលឹករឿងនេះ។ នៅត្រង់ថា ឈុន លាង ថ្ងៃនេះអត់មកហ្នឹងគេ? អាំងទ្រី មកអត់? ឈុន លាង ទូរស័ព្ទតាំងពីសាំងហ្កាពួរ ថា ពូកុំទៅ ពូត្រូវដឹងថាសត្វខ្លាបើសិនជាចូលក្នុងភូមិហើយ ឆ្កែក៏វាខាំបានដែរ។ រឿងនេះហាក់ដូចជាមិនស្រួលទេ។ ខ្ញុំហាក់ដូចជាអត់ស្រួលសោះលោកពូ។ ពូគួរកុំទៅ។ ខ្ញុំក៏ប្រាប់ទៅវិញថា បើពូមិនទៅ ធ្វើម៉េចពូមានសុពលភាពជាតំណាងរាស្ត្រ។ ត្រូវតែទៅ។ ទៅគេបាញ់មែន។ បេបួនគ្រាប់។ ឆេះតែមួយគ្រាប់។ ហ៊ុន សែន មានសំណាងរស់ដល់សព្វថ្ងៃ។ នេះជាប្រវត្តិរបស់វា។ វាភ្ជាប់ជាមួយរឿងហ្នឹង …។
ថ្ងៃនេះខ្ញុំក៏គួរតែនិយាយដែរ។ អ៊ឹង ហួត ត្រូវបានបោះឆ្នោតឱ្យធ្វើនាយករដ្ឋមន្ត្រីទីមួយ ពីក្នុងខែ ៨ ឬ ៩ បោះរួចហើយបានទៅអង្គការសហប្រជាជាតិ។ គ្រាន់តែទៅអង្គការសហប្រជាជាតិ គេអត់ទទួលស្គាល់គាត់ មាននាយករដ្ឋមន្ត្រីដល់ទៅពីរ មាននាយករដ្ឋមន្ត្រីទីមួយនិងនាយករដ្ឋមន្ត្រីទីពីរ ដល់កងអង្គរក្សសម្រាប់ការពាររថយន្តក្បួនស្អីៗ គឺគេមកការពារឱ្យនាយករដ្ឋមន្ត្រីទី ២ ដល់នាយករដ្ឋមន្ត្រីទី ១ ចូលទៅបន្ទប់នាយករដ្ឋមន្ត្រីទី ២ទាល់តែមានផ្លាក។ រឿងវាអញ្ចេះ។ ប៉ុន្តែ អ៊ឹង ហួត នេះគាត់ទៅរៀបចំនិវេសនដ្ឋាន។ ខ្ញុំចេះតែឆ្ងល់ថា ចុះធ្វើនាយករដ្ឋមន្ត្រីត្រឹមតែប៉ុន្មានខែទេ ម៉េចក៏ត្រូវធ្វើនិវេសនដ្ឋាន។ កាលហ្នឹងដូចមានវីឡា ៣ ធ្វើជានិវេសនដ្ឋានរបស់គាត់។ ក្រោយមកទៅជាក្រសួងដែនដីយើងហ្នឹង។ ហ្នឹងដូចស្ថានទូតប្រទេសណាទេ ហុងគ្រី មិនដឹង … ដែលគេបិទទៅ គេប្រគល់ឱ្យយើងវិញ។ ខ្ញុំមិនយល់។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីវាយូរក្រែលដែរហើយ ខ្ញុំមិនដែលមាននិវេសនដ្ឋានឯណាផ្សេងអញ្ចឹងទេ។ គ្រាន់តែឯកឧត្តម អ៊ឹង ហួត នោះអស់ផ្ទះប៉ុន្មាន។ ផ្ទះនៅវត្តថាន់នោះមួយ … ចូលមកមួយវឹបដំបូង អ្នកនៅភ្នំពេញអត់មានផ្ទះនៅផង យើងចេះតែប្រគល់ផ្ទះឱ្យអ្នកនេះអ្នកនោះ ដល់ពេលឃោសនាបោះឆ្នោត ថាឯងយកផ្ទះគេ។ កាលហ្នឹងខ្ញុំដាក់ខ្លាំងតែម្តងថា ប្រគល់ផ្ទះមកវិញឱ្យអស់។ អ្នកណាចូលមកមានផ្ទះប្រគល់មកវិញទាំងអស់។ អញ្ចឹងបានមានពេលខ្លះឈឺចាប់ណាស់។
រាជធានីភ្នំពេញរីកទំហំទ្វេដង
… មើលលេងតាមក្បួន ហ៊ុន សែន ម្តងមើល។ អម្បាញ់មិញជិះមក យ៉ាងណាក៏វាមានមោទនភាពដែរ។ ដីដែលយើងធ្លាប់ឃើញក្រឡុក ថ្លុក ត្រពាំង វាលស្រែ ទៅបេះម្អមស៊ី ឥឡូវទៅជាផ្ទះខ្ពស់ៗ អស់រលីងហើយ។ ឥឡូវទុកឱ្យខ្ញុំធ្វើម្តង ទាន់អាណត្តិរបស់ខ្ញុំ។ ធ្វើតាំងពីទីក្រុងភ្នំពេញជាង ៣០០ គីឡូម៉ែតការ៉េ ឥឡូវភ្នំពេញឡើងជិត ៧០០ គីឡូម៉ែតការ៉េ។ អភិវឌ្ឍបើកទូលាយផង ប៉ុន្តែអ្វីដែលសំខាន់គឺអាស៊ីជម្រៅ។ ពីដើមមួយហិកតាមានដី មានសំណង់ត្រឹមតែ ៥០០០ ម៉ែត្រការ៉េទេ ឥឡូវមួយហិកតាដដែលសំណង់ឡើង ៥០០០០ ម៉ែត្រការ៉េ។ អាហ្នឹងហើយស្ថានភាពស៊ីជម្រៅ។ ខ្ញុំស្អប់បំផុត ស្អប់ពេលទឹកជំនន់ម្តងៗ គឺជេរនោះជេរ។ ជេរថាឯងលុបបឹង។ ស្គាល់ទេពាក្យជំនន់។ សូម្បីផ្នែកក្រសួងធនធានទឹកហ្នឹង បង លឹម គានហោ នៅខាងក្រោយស្រាប់ ស្គាល់ទេពាក្យជំនន់។ អ្វីទៅដែលហៅថាជំនន់? បើក្បាលចេញនិងក្បាលចូលវាមិនស្របគ្នាហើយ គឺវាជំនន់ហើយ។ វាមិនមែនត្រឹមតែពីព្រែកត្នោតមកឯណា។ ទន្លេមេគង្គ ឆ្នាំ ២០០០ យើងមិនចង់ងាប់ចង់រស់? បើយោងទៅតាមកាលប្រវត្តិ ចាំបានទេ ជំនន់ឆ្នាំ ១៩៩១ មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មុនខ្ញុំ(ជិះយន្ត)ហោះទៅប៉ាតាយ៉ា។ ខ្ញុំចុះទៅ។ ខ្ញុំចង់ខឹងបង ហែម ខន។ ស្លៀកខោអាវដេកជួបជាមួយខ្ញុំចុះទៅ។ ខ្ញុំថាទេ ចៅហ្វាយខេត្តនេះស្លៀកខោអាវដេកអញ្ចេះ តែអត់មាត់ទេ។ ព្រឹកឡើងខ្ញុំកំពុងអង្គុយដុសធ្មេញ ស្រាប់តែចូលទៅក្នុងផ្ទះ ចេញបង ហែម ខន ហែលមកតើ។ បានជាគាត់ពាក់ខោអាវដេក ធ្វើអភិបាលខេត្ត។
ពេលហ្នឹងមិនទាន់មាននរណាធ្វើស្អី តែទឹកវាមក។ ប៉ុន្តែវាមានប្រវត្តិមួយ។ មុនឆ្នាំ ១៩៥០ ដូចជាខ្ទង់ឆ្នាំ ១៩៤៦ ឬឆ្នាំ ១៩៤៨ គេថា ពីកំពង់ស្ពឺដល់ភ្នំពេញគេអុំទូក ព្រោះវាលិចទាំងអស់។ បានសេចក្តីថា មកពីលើខ្លាំង ខាងក្រោមវាកើតបញ្ហាហើយ។ មិនមែនតែស្រុកខ្មែរឯណា ស្រុកបារាំងក៏វាជំនន់ ស្រុកអ៊ីតាលីក៏វាជំនន់ ស្រុកមួយចំនួនក៏ជំនន់។ អាហ្នឹងវាមកពីអី? វាមកពីលើហ្នឹងវាខ្លាំង ក្រោមដោះវាមិនរួច។ តិចៗ ដៀមដាមឱ្យអភិបាលរាជធានីភ្នំពេញហើយ ថាគ្រាន់តែទឹកភ្លៀងបន្តិចលិចក្រុងដែរ។ ក្រុងភ្នំពេញថ្ងៃនេះ វាគ្រាន់បើហើយ។ ខ្ញុំធ្លាប់នៅទីក្រុងភ្នំពេញតាំងពីជំនាន់ផ្លូវកម្ពុជាក្រោម (ដែល)ដើរយកចានស្រាក់ ត្រូវដាក់ស្នួរដើរទៅតាមផ្ទះ។ ទឹកដក់នៅក្នុងហ្នឹង។ មិនទាន់មានលូ មានអីណា ដំណាក់កាលនោះ។ អភិវឌ្ឍបានមានប៉ុណ្ណឹង គឺវាល្អណាស់ទៅហើយ។ កាលណាលេងម្តង ១០០ ឬ ២០០ មីល្លីម៉ែត្រ រឿងអីខាងក្រោមទប់ជាប់ កុំថាលូ កុំថាព្រែក សូម្បីតែទន្លេមេគង្គតែវាឡើង … វាឡើងដោយសារទឹកភ្លៀងវាមកពីលើ … ឥឡូវកុំខ្វល់ច្រើនពេក។ ធ្វើ។
ពីដើមភ្នំពេញសុទ្ធតែបឹងតើ។ ឥឡូវយើងមានរឿងអី? តែត្រូវព្រួយបាក់ទំនប់កប់ស្រូវទៀត។ ឥឡូវខ្ញុំដាក់សំណួរមួយឱ្យ ឯកឧត្តម លឹម គានហោ ដើម្បីឆ្លើយ។ មានរឿងអីដែលត្រូវដេកព្រួយ ឱ្យតែទឹកឡើង មកនាំគ្នាព្រួយរឿងបាក់ទំនប់កប់ស្រូវ។ មូលហេតុដែលទំនប់កប់ស្រូវវាបាក់ ដោយសារតែទឹកវាមកបុកដល់ទំនប់ហ្នឹងតែម្តង។ អញ្ចឹងចាក់ដីប៉ុន្មានរយម៉ែត្រទៅមុខ កុំឱ្យបាក់ទៀតមើល … ខ្ញុំយល់ការពិតភាពច្រណែនតែប៉ុណ្ណឹងទេ ច្រណែននឹងការអភិវឌ្ឍ។ សូម្បីតែបឹងមួយនៅក្នុងហ្គ្រេនភ្នំពេញ ត្រពាំងមួយ ហើយអ្នកណាទៅរករឿង លាង ឃុន ត្រពាំងហ្នឹង។ បើសិនជាខ្ញុំជាម្ចាស់ការដ្ឋាន ជាម្ចាស់កម្មសិទ្ធហ្នឹង ខ្ញុំលុបវាចោលតាំងពីយូរហើយ។ ពួកយើងទៅវាយកូនហ្គោលតែងតែធំក្លិនអាក្រក់។ ធំុក្លិនអាទឹកហ្នឹង ហើយនឹងត្រីវាងាប់ … អញ្ចឹងយើងមិនចំណេញដី។ ទុកធ្វើអីអាហ្នឹង។ ទីចុងបំផុត សុទ្ធតែការហូរចូលនៃគ្រឿងគគ្រិចទៅក្នុងហ្នឹង។
អញ្ចឹងធ្វើនៅទីនេះប៉ះ ធ្វើនៅទីនោះប៉ះ។ ឥឡូវចោទជាសំណួរមើល នៅភ្នំពេញមានបឹងអីខ្លះ បឹងរាំង បឹងព្រលឹត បឹងកេងកង បឹងតេជោ ផ្សារអូរឫស្សី អាហ្នឹងអូរតើ តែគេបង្កើតទៅជាផ្សារម៉េចក៏គេធ្វើបាន។ ដល់សម័យ ហ៊ុន សែន ម៉េចក៏ធ្វើមិនបាន … វាទាក់ទងអីនឹងជំនន់ព្រែកត្នោត(ឬ?) វាអត់ទាក់ទងអីនឹងជំនន់ព្រែកត្នោតទាល់តែសោះ។ ព្រែកត្នោតហ្នឹង បើទោះបីអត់ធ្វើអីក៏គង់តែវាធ្លាប់ពីមុនមកហើយ។ យើងនៅចាំបានទេ បង្កើតរដ្ឋាភិបាល ប្រជុំរដ្ឋាភិបាលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោយការបង្កើតរួចហើយ ប្រជុំលើកដំបូង ដែលខ្ញុំដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ រួចហើយល្ងាចហ្នឹងខ្ញុំទៅចែកជំនួយនៅកណ្តាលស្ទឹង ខែ ១២ មានជំនន់ព្រែកត្នោត។ តើហ្នឹងមកពីអីដែរ? …
និយាយអញ្ចឹង ខ្ញុំមិនលើកទឹកចិត្តឱ្យទៅខ្ទប់មុខទឹក ចរន្តទឹកនោះទេ … ប៉ុន្តែស្អីឡើងលុបបឹងៗ។ ព្រែកត្នោតវានៅឯណោះ រួចនេះវានៅខាងលើ រួចម៉េចបានវាទាក់ទងនឹងជំនន់ព្រែកត្នោតនឹងគេដែរ។ រួចគ្នាយើងក៏ខំបន្តតាមទៅជាមួយទៀត។ អញ្ចឹងបានចង់លត់គ្នាយើងថ្ងៃហ្នឹងបណ្តោយ កុំឱ្យពូកែនិយាយរឿងលុបនេះ លុបនោះ បុកនេះបុកនោះ។ ខិតខំជម្លៀសទៅ ខិតខំធ្វើទៅ ប្រសើរជាងអង្គុយជេរគ្នា … ហ្នឹងវាទាក់ទងរឿងដែនដីដែរ។ នេះចាក់ដីប៉ុន្មានម៉ែត្រ? ៤ ម៉ែត្រ។ បើកុំចាក់ដីបាន ៤ ម៉ែត្រ ទុកចាប់ត្រីក្រាញ់ អាហ្នឹងវាអត់មានសំណង់ហ្នឹងទេ។ ឥឡូវរើសទៅ ទុកកន្លែងហ្នឹងចាប់ត្រីក្រាញ់ ចាប់ត្រីអណ្តែង ឬក៏ត្រូវចាក់ដីវាដើម្បីអភិវឌ្ឍបែបហ្នឹង។
គ្មានការអភិវឌ្ឍដែលគ្មានសម្ពាធលើបរិស្ថានសោះនោះទេ
… ឥឡូវដើម្បីប្រមូលឈើមកវិញ វាយកម្ទេចផ្ទះចោលឱ្យអស់ អាណាកសាងក្រោយឆ្នាំ ១៩៧៩ វាយចោលទាំងអស់ ព្រោះឈើវានៅក្នុងផ្ទះអ្នកទាំងនោះ ទ្វារ បង្អួច ស្អីៗ ហ្នឹងមិននៅក្នុងផ្ទះហ្នឹង រាប់ទាំងអាពួកប្រឆាំង មិនប្រឆាំង នាំគ្នាថាឈើទៅណាអស់។ ចុះបើពួកលោកឯងចេះតែលើកទឹកចិត្តទៅទិញឈើយកមក។ តែឈើវាមកគឺមនុស្សកាប់ហើយ បានជាធ្វើឱ្យវាលំបាកនោះ។ ឥឡូវលើកទឹកចិត្តប្រើស្អីជំនួសឈើហ្នឹងបន្តទៀត។ ម្នាក់ៗ គិតថានាំគ្នាជេរតែ ហ៊ុន សែន បណ្តោយឱ្យគេកាប់ឈើ។ គ្មានអ្នកណាបណ្តោយទេ ប៉ុន្តែឈើនឹងគឺគេត្រូវកាប់។ នេះកាប់បន្តិចទៅ នោះកាប់បន្តិចទៅ ណាកាប់ធ្វើអុសផង កាប់ធ្វើធ្យូងផង។ រឿងរ៉ាវវាច្រើនណាស់ណា វាមិនមែនស្រួលទេ។ និយាយអំពីទស្សនៈអភិរក្ស និងការអភិវឌ្ឍ នៅលើពិភពលោក វាតែងតែមានគេធ្វើអញ្ចឹង ហើយចុះម៉េចបានយើងធ្វើវាមិនបាន? រួចហើយខ្លះជាអ្នកប្រឆាំង ប៉ុន្តែវាមកទិញដីខាងហ្នឹងដែរ។ វាមានដីនៅកន្លែងហ្នឹងដែរ។ បើអញ្ចឹង ដើម្បីកុំឱ្យវាមានដីមានតែដកកម្មសិទ្ធវា។ ឯងមកពូកែទិតៀន អញដកកម្មសិទ្ធឯងគ្រវ៉ាត់ចោល យកដីឯងតែម្តង។ ប៉ុន្តែបើយកដីវា វាថាឯងដណ្តើមដីវាទៀត។ ប៉ុន្តែ វាអ្នកមកចាប់ដី។ រឿងវាអញ្ចេះ។ រួចចាប់ដីនៅកន្លែងនេះ ចាប់ដីនៅកន្លែងនោះ។ ប្រជាជនកើនឡើងគឺវាត្រូវតែបាត់បង់ដីហើយ។ វាគ្មានការអភិវឌ្ឍណាមួយដែលគ្មានសម្ពាធលើបរិស្ថានសោះនោះទេ។
ឥឡូវយើងពិនិត្យមើលប្រវត្តិស្រុកខ្មែរ។ ដីឡើងថ្លៃមាន ២ ដំណាក់កាល តែដីបាត់បង់តម្លៃមាន ១ ដំណាក់កាល (អាចថាមាន ២ ដំណាក់កាលចុះ)។ ដីឡើងថ្លៃដំណាក់កាលទី ១ គឺដំណាក់កាលសម័យសង្គមរាស្រ្តនិយម ពេលនោះមានការអភិវឌ្ឍ។ ដល់អញ្ចឹងអ្នកតាមដងទន្លេ អ្នកមន្រ្តីរាជការភ្នំពេញខ្ញុំគ្រាន់តែរើចូលក្រសួងធម្មការ ស្រាប់តែមានឃ្លាំងមួយដាក់សុទ្ធតែលោកនេះសុំដីប៉ុណ្ណេះប៉ុណ្ណោះ។ សុទ្ធតែអ្នកតំណាងរាស្រ្ត សុទ្ធតែស្អីៗ។ អ៊ិន តាំ ខូចជាងគេ។ និយាយឲ្យពិត អ៊ិន តាំ ខូចជាងគេទាំងអស់។ មន្រ្តីរបស់ព្រះករុណាកាលពីជំនាន់នោះ អ៊ិន តាំ … នេះខូចជាងគេ។ ចេង ហេង នេះក៏ខូចដែរ។ នៅខាងកំពង់ចាម នៅខាងតំបែ ចំការកៅស៊ូ អ៊ិន តាំ សិរីមតៈ ក៏ខូចដែរ មានចំការកៅស៊ូ … អ៊ិន តាំ ទៅធ្វើចៅហ្វាយខេត្តបាត់ដំបង បង្កើតរឿងឲ្យព្រះករុណា។ ធ្វើផ្លូវទៅសំឡូតមិនប្រគល់ឲ្យប្រជាជនទេ ទៅប្រគល់ឲ្យពួកមន្រ្តី។ បង្កើតរឿងចម្បាំងរាំងជល់នៅសំឡូត បានយកកម្លាំងទ័ពទៅបង្រាប។ ខ្ញុំបានដឹងរឿងដោយសារត្រកូល ហ៊ុន មួយនៅ Lyon ទៅយកក្មួយរបស់ អ៊ិន តាំ។ ពេលហ្នឹងមកជួបខ្ញុំនៅប៉ារីសបានខ្ញុំដឹង។ គាត់និយាយថាអង្កាលអ៊ំ ទៅធ្វើចៅហ្វាយខេត្តបាត់ដំបងមានដីស្រែជាង ៤០០ ហិកតា។ បានខ្ញុំថាទេ តាតាំទៅត្រង់ណាមានដីនៅត្រង់ហ្នឹង។ អញ្ចឹងបញ្ហាដីធ្លីមិនមែនទើបតែឥឡូវ។ ពេលដែលមានការអភិវឌ្ឍ វាតែងតែប៉ះពាល់ហើយ។ ដូចដែលខ្ញុំធ្លាប់និយាយ។ ហេតុអីបានគេហៅថាខេត្តព្រៃវែង? មកពីព្រៃហ្នឹងវាវែងមែន។ ប៉ុន្តែ ឥឡូវមានព្រៃឯណា។ វាទៅជាវាលវែងដោយសារមនុស្សវាកើនឡើង។
ដីត្រូវបាត់បង់នូវតម្លៃរបស់វានៅពេលដែលសង្រ្គាមកើតឡើង។ រត់ចោលដីធ្លីព្រោះគ្រាប់បែក B52, Napalm សុទ្ធតែតំបន់មានសង្រ្គាម។ បាត់បង់តម្លៃទៅ។ ដល់ ប៉ុល ពត កាន់អំណាច ក៏កាន់តែបាត់ទៅទៀត។ ប៉ុល ពត យកទាំងអស់។ ក្រោយ ប៉ុល ពត ហើយក៏នៅតែបាត់បង់តម្លៃដែរ។ នៅចាំអ្នកដែលនៅជំនាន់នោះ។ យើងឲ្យប្រជាជនធ្វើដី ១ ហិកតា ត្រូវផ្តល់លុយគាត់ឲ្យប៉ុន្មាន? ជួលគាត់ទៅធ្វើ ឲ្យលុយគាត់ទៅធ្វើទៀត។ ជា ចាន់តូ បង ជា សុទ្ធ អ្នកគ្រប់គ្រងរឿងហ្នឹង … យើងសុទ្ធតែផ្តល់លុយឲ្យដើម្បីឲ្យគាត់ទៅហែកដីថ្មី។ ដល់ឥឡូវនេះដីវាឡើងថ្លៃនិយាយពីទាស់គ្នា ហើយមួយណាក៏អះអាងថាខ្ញុំនៅតាំងពីឆ្នាំ ១៩៧៩។ កន្លែងហ្នឹងកន្លែងវាយគ្នាសុទ្ធ មកអះអាងរបៀបហ្នឹងធ្វើម៉េចនឹងត្រូវ។
យកកិច្ចព្រមព្រៀងប៉ារីសគ្របលើរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ព្រឹទ្ធសភា សភា រាជរដ្ឋាភិបាល មិនបានទេ
ឆ្នាំ ១៩៨៩ ពេលកិច្ចព្រមព្រៀងក្រុងប៉ារីសបរាជ័យ គេហៅថាប្រជុំបរាជ័យ ខ្ញុំធ្វើដំណើរជាមួយ ទៀ បាញ់ ឆ្លងកាត់ស្ពានប៉ោយប៉ែត ស្ពាននៅ ផ្លូវរទេះភ្លើងមានរូបភាពនៅសល់ ទៅដេកនៅបន្ទាយមានជ័យមួយយប់ …និយាយពីស្រួចដូលម្ជុល។ ម្ខាងខ្មែរ ខ្មែរក្រហមនៅមេឡៃ ម្ខាងគឺ ហ្វ៊ុនស៊ិនប៉ិច សឺន សាន។ សុទ្ធតែព្រៃត្រែង។ រួចហើយមកអះអាងថា កាន់កាប់តាំងពីឆ្នាំ ១៩៧៩។ បើពី ១៩៧៩ វានៅសល់ វាចាំបាច់ទៅជិះឡានអញ្ចឹងធ្វើអី? ចប់ម៉ោង ៣ កន្លះល្ងាច ប្រសិទ្ធិ ក៏ទៅដែរកាលហ្នឹង … ជិះឧទ្ធម្ភាគចក្រពី Aranyaptrathet ទៅ Bangkokដើម្បីជួប Chatichai Choonhavan និង Chavalit Yongchaiyudh នៅពេលនោះ។ មុនដកកងទ័ពវៀតណាមដូចជា ៣ ថ្ងៃ យើងត្រូវរកការស្រុះស្រួលជាមួយនឹងអ្នកជិតខាងរបស់យើង។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនមែនទើបនឹងធ្វើ មិនមែនទើបនឹងទៅដល់ភ្លាមនាំគ្នាចុះហត្ថលេខាទេ … ខ្ញុំបាននិយាយហូរហែរួចមកហើយ។ ថ្ងៃមុនក៏គេចាក់ដែរ ខួបលើកទី ២៧ ថ្ងៃហ្នឹងទី ២៧ ចំពេលដែលខ្ញុំនៅហ្សឺណែវ។ អញ្ចឹងខ្ញុំក៏និយាយពីប្រវត្តិហ្នឹងទៅ តែប្រវត្តិបញ្ចេញបានប្រហែលជា ៦០ ភាគរយទេ ៤០ ភាគរយទៀត មិនទាន់បញ្ចេញបានទេ។ (មានរឿង)ក្រោមតុលើតុ។ តែខ្ញុំបាននិយាយបញ្ចូលក្នុងវីដេអូខ្ញុំ ៨០ ម៉ោងរួចហើយ។ គន្លាក់របស់វាយ៉ាងម៉េចអីយ៉ាងម៉េចរឿងកន្លែងហ្នឹង។
អញ្ចឹងអ្នកដែលចង់សើរើកិច្ចព្រមព្រៀងក្រុងប៉ារីស អ្នកឯងចង់ហៅបរទេសឲ្យមកត្រួត? អ្នកឯងត្រូវចាំមើលច្បាស់ កថាខណ្ឌទាក់ទងជាមួយនឹងសិទ្ធិសម្រេចរបស់ប្រធានអង្គការរបស់អង្គការសហប្រជាជាតិ ប្រទេសនេះមិនត្រូវដាក់ឲ្យនៅក្រោមអាណានិគមរបស់អ្នកណាទេ។ គេស្ម័គ្រទៅវិញអស់ហើយឯងចង់ហៅមកទៀត។ គ្រាន់តែកុំព្រហើន កុំបកស្រាយប៉ះពាល់ដល់ស្ថាប័នជាតិកំពូលកែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក ៥០ បូក មួយ ខុសកិច្ចព្រមព្រៀងក្រុងប៉ារីស។ ហ្នឹងតុលាការមានតែអញ្ជើញ មិនមែនជាការគំរាមទេប៉ុន្តែជាការអនុវត្តច្បាប់ដើម្បីចៀសវាងនូវការបកស្រាយ តាមអ្វីដែលគេហៅថាក្មេងទំនើង ឬអាល្ងង់ទូ …
ថ្ងៃស្អែកខួបលើកទី ៦៨ ឆ្នាំនៃថ្ងៃឯករាជ្យហើយ។ ព្រះករុណាព្រះអង្គស្អែកនេះដុតទៀនជ័យ។ ខានស្អែកព្រះអង្គយាងចេញទៅប្រទេសបារំាងដើម្បីបើកការប្រជុំរបស់យូនីស្កូ។ ពេលពន្លត់ទៀនជ័យ ប្រមុខរដ្ឋស្តីទីពន្លត់។ ហ្នឹងជាភារកិច្ចចាំបាច់ដោយសារខាងយូនីស្កូ គេក៏ផ្តល់កិត្តិយសថ្វាយព្រះមហាក្សត្រយើង។ ព្រឹកស្អែកទៅពន្លត់ភ្លើងជ័យ ដល់ខានស្អែកបានយើងទៅព្រលានយន្តហោះ។ យើងមានព្រះមហាក្សត្រ យើងមានរដ្ឋសភា យើងមានព្រឹទ្ធសភា។ យកកិច្ចព្រមព្រៀងប៉ារីសយកមកគ្របពីលើរដ្ឋធម្មនុញ្ញ គ្របពីលើព្រះកេសព្រះមហាក្សត្រ គ្របពីលើក្បាលសភាព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា ម៉េចនឹងបាន … ជូនសារឲ្យខ្លាំងៗបន្តិចមើល។ កុំចេះនិយាយបានចេះតែនិយាយ។ និយាយប៉ះពាល់ស្ថាប័នជាតិ … តិចថា ហ៊ុន សែន មិនហ៊ាន។ មិនមែនចេះតែបណ្តោយឲ្យអ្នកឯងធ្វើតាមអំពើចិត្តទេ។
អ្នកចង់ហៅបរទេសមកត្រួត ត្រូវប្រឈមជាមួយផ្លូវច្បាប់
យើងទទួលស្គាល់ថាសម្រេចបាន ឬមិនបាន អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បានតែអ៊ុនតាក់មិនអាចសម្រេចបាន ក៏ត្រូវឃើញពេលអ៊ុនតាក់ដកចេញទុកឲ្យកម្ពុជាមានប្រទេសតំបន់ ២ រដ្ឋាភិបាល ២ ចម្បាំងអត់ឈប់ យើងត្រូវប្រើនយោបាយឈ្នះ-ឈ្នះ ដើម្បីពន្លត់ភ្លើងសង្រ្គាមនេះ។ អ៊ុនតាក់ មិនអាចធ្វើបាននូវការដកអាវុធបទឈប់បាញ់នៅនឹងកន្លែង ប្រមូលផ្តុំកងទ័ព រំសាយកងទ័ព ៧០ ភាគរយ … អ៊ុនតាក់ ក៏បរាជ័យក្នុងការដឹកនាំភាគីខ្មែរក្រហមចូលមកធ្វើការបោះឆ្នោត ប៉ុន្តែឲ្យយើងរង់ចាំខ្មែរក្រហម ឬត្រូវបោះឆ្នោតមាន ៣ ភាគីចូលរួម បូកនឹងបណ្តាគណបក្សនយោបាយដទៃចូលរួមផ្សេងទៀត។ អ្នកដែលថាខុស វាខុសត្រង់ណាដូចជាវាឆ្ងល់។ ក្រុមប្រឹក្សាសន្តិសុខកំណត់វាមកអញ្ចឹង។ អ៊ុនតាក់ទេជាអ្នកប្រកាសលទ្ធផលបោះឆ្នោត។ ព្រោះពេលហ្នឹងសិទ្ធអំណាចលើ អ៊ុនតាក់ តើ។ ចាត់តាំងបោះឆ្នោត អ៊ុនតាក់ ហើយធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយមិនប្រាប់ SNC ឲ្យដឹងមួយម៉ាត់ផង។ អ្នកឯងចង់ឲ្យខ្ញុំជជែកពីរឿងហ្នឹង ខ្ញុំនឹងប្រាប់អ្នកឯងឲ្យច្បាស់។
ច្បាប់បោះឆ្នោតត្រូវបានសម្រេចរវាង អ៊ុនតាក់ និង SNC នៅឯសៀមរាប ប៉ុន្តែដល់ទៅពេល អ៊ុនតាក់ ធ្វើវិសោធនកម្ម អ៊ុនតាក់ អត់បានប្រាប់ SNC មួយម៉ាត់។ តើធ្វើវិសោធនកម្មនៅកន្លែងណា គឺនៅចំអាកន្លែងសំខាន់ថា ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិបោះត្រានៅលើហិបឆ្នោត។ ចំអាកន្លែងពិសេសហ្នឹងតែម្ដង។ អ៊ុនតាក់ បង្កើតដោយចិត្តឯងនូវបន្ទាយសុវត្ថិភាពសម្រាប់ដាក់ហិបឆ្នោត។ នោះហើយបង្កើតឲ្យមានការតវ៉ា។ អ៊ុនតាក់ ថាដឹកតាមឡានប៉ុន្តែទីចុងបំផុតដឹកឡើងលើយន្តហោះ។ យើងបោះឆ្នោតនៅកន្លែងហ្នឹង រាប់នៅកន្លែងហ្នឹង ថាឯងហ្នឹងបន្លំទៅទៀត។ ចុះដឹកតាមយន្តហោះ ដឹកតាមអីហើយ យើងនាំគ្នាជិះម៉ូតូពីក្រោម នៅចាំបានទេ ភ្នំពេញថា គេដាក់នៅកន្លែងណាមួយ … យក jumelles ខ្ញុំទៅអស់ ស្រាប់តែរួចហើយអត់ឃើញ។ ដល់ម៉ោង ៣ ភ្លឺបានមកឃើញនៅស្តាតអូឡាំពិក។ លេងយ៉ាងៗហ្នឹង។
ប៉ុន្តែ យើងលេបគ្រួសលេបថ្ម។ ទទួល។ ប៉ុន្តែមិននឹកស្មានថាមកដល់ម៉ោងនេះ នៅមានមនុស្សមួយចំនួនភ្លើ។ បើអ្នកឯងចង់ហៅបរទេសមកត្រួត អ្នកក៏ត្រូវប្រឈមជាមួយផ្លូវច្បាប់ ព្រោះអ្នកឯងមើលឲ្យច្បាស់ទៅ សិទ្ធិអំណាចវាស្ថិតនៅលើបរទេសអ្នកសម្រេចទេ។ បើយកអានឹងមកអនុវត្ដ វាទាល់តែត្រូវបង្កើតប្រដាប់អាវុធ ៤ ក្រុមឡើងវិញ។ យកមកផ្ទឹម។ អ្នកចុះហត្ថលេខានោះទៅអស់(ស្លាប់) ភាគីកម្ពុជា ព្រះករុណា ព្រះបិតា សម្ដេច សឺន សាន ស៊ិន សេន សុន សេន ។ នៅខាងក្នុងនៅរស់ មាន ខ្ញុំ ទៀ បាញ់ បង ហោ ណាំហុង ឌិត មន្ទី បង អ៊ឹម ឈុនលឹម ហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស ។ គេអ្នកទៅធ្វើកិច្ចព្រម ព្រៀងក្រុងប៉ារីស គេមិនទាំងនិយាយស្អីផង ឯងទៅនិយាយវាហួស ដើរបកស្រាយអាក្រក់។ ឥលូវលឺថា (តែ) ខ្ញុំមិនច្បាស់ទេ គេចង់រកយកកិច្ចព្រមព្រៀងប៉ារីសដាក់សម្ពោធនៅមីយ៉ាន់ម៉ា។ រឿងមីយ៉ាន់ម៉ាផ្សេង។
កិច្ចព្រមព្រៀង ៣ ដែលកម្ពុជាឆ្លងកាត់
ប្រទេសកម្ពុជាឆ្លងកាត់កិច្ចព្រមព្រៀង ៣ ហើយ។ កិច្ចព្រមព្រៀង ២ កម្ពុជាចូលរួម កិច្ចព្រមព្រៀង ១ ទៀតយើងមិនចូលរួមទេ។ កិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤ ជាភ័ព្វសំណាងល្អដែលកម្ពុជាមិនត្រូវបានបែងចែកដូចជាវៀតណាម និងឡាវ ដោយសារព្រះករុណាបិតាបានធ្វើព្រះរាជបូនីយ៍កិច្ចទាមទារនូវឯករាជ្យតាំង ១៩៥៣។ ត្រង់នឹងហើយដែលយើងនឹកដល់ព្រះរាជគុណ ហើយតែងតែនិយាយថាព្រះបិតាជាតិ។ ឥលូវ BTV គេតែងតែចាក់ ព្រះរាជបូនីយកិច្ចរបស់ព្រះអង្គក្នុងការដឹកនាំតស៊ូរបស់ព្រះអង្គនៅពេលនោះ។ អញ្ចឹង សន្និសីទហ្សឺណែវ អត់មានធ្វើអីបានទេសម្រាប់កម្ពុជា។ វៀតណាម ត្រូវពុះជាពីរ វៀតណាមខាងជើង និងត្បូង។ ឡាវក៏ត្រូវពុះទុកតំបន់ឲ្យគេហៅថាពួក ប៉ាថេតឡាវ … ទីចុងបំផុតឈាន ទៅរកសង្គ្រាម។ ឯកម្ពុជាយើងឈានទៅរកការបោះឆ្នោត ១៩៥៥ ដែលពេលនោះមានអង្គការ គណៈកម្មការត្រួតពិនិត្យអន្ដរជាតិ ដែលមាន ឥណ្ឌា ប៉ូឡូញ កាណាដា នឹងកិច្ចព្រមព្រៀងមួយទៅ។
មួយទៀត គឺកិច្ចព្រមព្រៀងប៉ារីស ១៩៧៣ ដែលចុះហត្ថលេខារវាងវៀតណាម និងអាមេរិក។ តួអង្គខាងវៀតណាម មាន ឡេ ឌឹកថ (Le Duc Tho) ខាងអាមេរិកគឺ Henry Kissinger។ ពេលនោះជាសង្គ្រាមវៀតណាម តែរាលដាលដល់កម្ពុជា ដែលអាមេរិកព្រមដកកងទ័ព ព្រមដកការវាយតាមជើងអាកាស នៅក្នុងខែសីហា ១៩៧៣។ ឯវៀតណាមខាងជើង ដកចេញពីវៀតណាមខាងត្បូង នេះជាការព្រមព្រៀងរបស់គេ។ កម្ពុជាយើងមិនបានចូលរួមទេ តែកម្ពុជាក៏ទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ តាមរយៈការបញ្ឈប់ការវាយតាមកងជើងអាកាសរបស់អាមេរិក។
ឯទី ៣ គឺកិច្ចព្រមព្រៀងប៉ារីស ១៩៩១ ដែល ចាប់ផ្ដើមដំណើរការដំបូងពី ហ្វែអង់តាឌឺណ័រ (Fère-en-Tardenois) ២ ធ្នូ ១៩៨៧/១៩៨៨ SNC ជាចំណែក ដែលកម្ពុជាបង្កើតដោយខ្លួនឯង ហើយជាចំណែកដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមកុំភាន់ច្រឡំ។ មានរឿងរ៉ាវច្រើននៅកន្លែងនេះ។ តែមិនដឹកស្មានថា គេថាស្អីក៏ខុសកិច្ចព្រមព្រៀងទាំងអស់ …។
ពិតហើយ គេមានការធានា។ មកដល់ពេលនេះ វានៅមានសុពលភាពរបស់វា ដែលធានាទៅលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ ពាក់ព័ន្ធជាមួយប្រទេសណាក៏ដោយ កម្ពុជាត្រូវមានឯករាជ្យរបស់ខ្លួន ហើយ ប្រទេសនានាត្រូវគោរពនូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ ការកសាងប្រទេសឡើងវិញ គេក៏បាន ជួយដល់ការកសាងប្រទេស ប៉ុន្ដែគេមិនបានឲ្យយើងយកកិច្ចព្រមព្រៀងប៉ារីសជាស្នូលនៃការអនុវត្ដ(ទេ)។ កិច្ចព្រមព្រៀងប៉ារីស តែប៉ុន្មានបន្ទាត់ហ្នឹង។ ឯយើងធ្វើច្បាប់ឧទាហរណ៍ ច្បាប់ភូមិបាល ដែលក្រសួងដែនដីកំពុងអនុវត្ដ … កថាខណ្ឌយោងនៃច្បាប់ ឬព្រះរាជក្រមដែលប្រកាសឲ្យប្រើនឹងផ្អែកលើកិច្ចព្រមព្រៀងប៉ារីស អញ្ចឹងឬ? ឥឡូវសូមចោទជាសំណួរ តើព្រះរាជក្រមរបស់ព្រះមហាក្សត្រដែលជាបង្អែកសម្រាប់ព្រះអង្គឡាយព្រះហស្ដលេខា តើផ្អែកលើអី? តើផ្អែកលើកិច្ចព្រមព្រៀងប៉ារីស ឬផ្អែកលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា?
… នេះមិនមែនជាការល្ងង់ទេ ជាការប្រមាថ។ សូមជូនសារទៅថ្ងៃនេះ ហើយកុំតាំងខ្លួនជាត្រីបក លើក្ដារអុករបស់ អាស៊ាន។ មានអ្នកកំពុងដាក់ចេញនូវយុទ្ធសាស្ដ្រត្រីបកលើក្ដារអុក អាស៊ាន។ ខ្ញុំសូមបញ្ជាក់ ទោះបី ខ្ញុំ(ត្រូវ) ចំណាយសេះមួយ និងទូកមួយ ក៏ខ្ញុំស៊ីត្រីបកនឹងគ្រវាត់ចោលដែរ។ សាកមើល (បើ)មិនត្រពាំងថ្លុង។ កំពុងប្រជុំអាស៊ានក៏ដោយ។ អត់មានទាក់ទងអីគ្នាទេ។ កិច្ចការរបស់កម្ពុជាគឺកម្ពុជាអ្នកធ្វើ។ អត់មាន អាស៊ាន មកលូកលាន់កិច្ចការរបស់កម្ពុជាទេ … គោរពកិច្ចព្រមព្រៀងប៉ារីសប៉ុន្មានចំណុច ត្រូវបកទៅដកអាវុធ បង្កើតខ្មែរក្រហមឡើងវិញ ត្រូវដោះលែង ខៀវ សំផន នៅសល់តែម្នាក់ហ្នឹងទៀត។
អ្នកនៅក្រៅប្រទេស សហប្រធានកិច្ចព្រមព្រៀងប៉ារីស បើនិយាយពីប្រធានាធិបតី ស៊ូហាតូ (Suharto) ក៏គាត់ស្លាប់ទៅហើយ ALi Alatas ក៏គាត់ស្លាប់ទៅហើយ ងាកទៅប្រធានាធិបតីបារំាង Francois Mitterand (រដ្ឋមន្ត្រីការបរទេស) Roland Dumas គាត់ប្រហែលមិនទាន់ស្លាប់ទេ ប្រហែលចាស់ណាស់ទៅហើយ។ ខាងសូវៀត Shevarnadze ពេលនោះ ក្រោយមកទៅជាប្រធានាធិបតីរបស់ ហ្សកហ្ស៊ី ក៏ស្លាប់ទៅហើយ។ ងាកទៅចិន គៀន គីចេន ដូចជា នៅរស់ … ហ្នឹងខ្ញុំនិយាយពីប្រទេសធំ ៥ ។ អង់គ្លេសដូចទៅត្រឹមអនុរដ្ឋមន្ដ្រីការបរទេស តែខ្ញុំនិយាយពីក្របខណ្ឌសហប្រធាន ហើយឆ្លងកាត់កិច្ចព្រមព្រមព្រៀងដែលចុះហត្ថលេខាដោយវត្ដមានរបស់អគ្គលេខាធិកា ឈ្មោះ Javier Perez de Cuellar។ ដល់ពេលអនុវត្ដ អគ្គលេខាធិការឈ្មោះថា Boutros Boutros Ghali។ ដល់អនុវត្ដចប់ត្រូវធ្វើការបន្ដ ដើម្បីបញ្ចប់រឿងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិឈ្មោះ Kofi Annan ដែលពេលនោះអ្នកតំណាងពិសេសរបស់អគ្គលេខាធិការផងមាន ការិយាល័យសិទ្ធិមនុស្សផង។
ពេលនោះ ខ្ញុំប្រាប់ Kofi Annan ថា ក្នុងចំណោមពីរ ឯកឧត្តមអាចទុកមួយណាក៏បាន។ ខ្ញុំឲ្យតែមួយទេ។ អញ្ចឹងគាត់សុខចិត្តដកបេសកជនពិសេស ប៉ុន្ដែនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស … គ្រាន់តែមើលប៉ុណ្ណឹងចំណុចហ្នឹង គេនៅគោរពតើ។ ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាសន្ដិសុខតែងតាំងអ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សនៅកម្ពុជា។ អញ្ចឹងយើង នៅគោរពតើ។ ម៉េចបានថាយើងមិនគោរព។ អ្នកកុំប្រមាថ។ នេះជាសារមួយដ៏ក្ដៅគគុកសម្រាប់ព្រឹកថ្ងៃច័ន្ទ ព្រោះនេះជាការប្រមាទថដល់ស្ថាប័នជាតិមួយ ដែលថាកែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក ៥០ បូក ១ ខុស … សូមស្ថាប័នពាក់ព័ន្ធជាមួយផ្លូវច្បាប់ ពិចារណា យកគ្លីបវីដេអូយកមកស្ដាប់ ហើយយកមកនិយាយគ្នា … វិទ្យុដំបូងពី VOD ចេញនៅភ្នំពេញ បន្ទាប់ទៅនៅក្រៅប្រទេស សម្ភាសន៍ពេញហ្នឹង។ សម្ភាសន៍ចុះ បានផលវានិយាយដែរ។ ចាត់ទុកថាឲ្យមុខរបរនិយាយទៅចុះ ប៉ុន្ដែយើងក៏បានពន្យល់ប្រជាពលរដ្ឋមួយប្រទេសដែរ។ អ្វីទៅដែលហៅថាកិច្ចព្រមព្រៀងប៉ារីស …។
ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលចូលជាធរមាន
… បង្កើតក្រសួងនេះ ឯកឧត្តម អ៊ឹម ឈុនលឹម កាលហ្នឹងនៅជារដ្ឋលេខាធិការមហាផ្ទៃ បានយកចេញពីមហាផ្ទៃទៅឲ្យកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម។ តមកឯកឧត្តម ជា សុផារ៉ា ប៉ុន្តែឥឡូវតំណែងរបស់ឯកឧត្តម អ៊ឹម ឈុនលឹម និងខ្ញុំ ត្រូវមានសញ្ជាតិតែមួយ អត់មានសញ្ជាតិពីរទេ។ ទៅក្រោយទៀត ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ ១០០ ឆ្នាំទៀត ត្រូវមានសញ្ជាតិតែមួយ ចាប់ពីហ្នឹងទៅ។ ឥឡូវខ្ញុំបានលាសញ្ជាតិមួយបាត់ទៅហើយ។ សញ្ជាតិខ្យល់។ គិតស្មានថាទាត់ ហ៊ុន សែន មួយជើង ទាត់ឲ្យបាក់ក ដល់មិនបាក់ក ហ៊ុន សែន បាក់កខ្លួនឯងបាត់។ វាជាឱកាសក្តាប់យកធ្វើភ្លាមទៅ។ និយាយឲ្យត្រង់ ដោយសារតែវាចេញហើយ ទើបបាននិយាយ។ ដំបៅមិនឈឺ អ្នកឯងយកឈើចាក់ឲ្យចេញឈាម។ បើសុខៗ ហ៊ុន សែន ផ្តើមគំនិតធ្វើ (វាហាក់)ដូចជារារាំងអ្នកដទៃ។ អញ្ចឹង ទាន់ពេលដែលអ្នកឯងចោទ ហ៊ុន សែន, ហ៊ុន សែន ធ្វើឲ្យលឿន ដើម្បី ហ៊ុន សែន អស់អំណាចឲ្យឆាប់។ ព្រោះបើ ហ៊ុន សែន មានសញ្ជាតិពីរពិតប្រាកដ ត្រូវតែលេងគ្នាជម្រះបញ្ជីក្នុងពេលហ្នឹង។ អញ្ចឹង យើងប្រើពេលប្រហែលជាមួយខែ (ធ្វើ)ចប់។ ហើយពួកគេឃោសនាថា ព្រះមហាក្សត្រមិនឡាយព្រះហស្ដលេខាទេ។ (ព្រះអង្គ)ឡាយបាត់។ ឥឡូវចូលជាធរមានបាត់ហើយ។ នៅអីទៀត។ ហ្នឹងថ្ងៃក្រោយ សេណារីយោនយោបាយ ត្រូវចេះរៀបចំ …
អរគុណដែរ កាសែតហ្នឹងចេះដាក់អន្ទាក់អ្នកដទៃ មិនមែនដាក់ ហ៊ុន សែន ណា។ ឥឡូវចោទកាសែតស៊ីលុយខ្ញុំទៀត។ ឲ្យតែខ្ញុំនិយាយដល់អ្នកណា គឺអ្នកហ្នឹងស៊ីលុយខ្ញុំទាំងអស់ លក់ក្បាលឲ្យខ្ញុំទាំងអស់។ ឥឡូវ សញ្ជាតិមួយចេញមកចឹង។ ខ្ញុំអត់មានចាំបាច់ធ្វើអត្ថាធិប្បាយ។ ហ៊ុន សែន កំពុងឈរនៅទីនេះ ដោយមានសញ្ជាតិតែមួយគត់ពីកំណើត ហើយមិនដែលប៉ុងប៉ង សូម្បីតែនឹកយល់សប្តិឲ្យបានសញ្ជាតិនេះ សញ្ជាតិនោះគឺអត់ទេ … ខ្ញុំមិនបានបិទផ្លូវសម្រាប់អ្នកដទៃទៀត ដែលមិនប្រជែងយកតំណែង ៤ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា(ទេ) … អញ្ចឹងអ្នកដទៃទៀតអាចធ្វើអនុប្រធានសភា អាចធ្វើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ អាចធ្វើឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីបានតើ អនុប្រធានសភា អនុប្រធានព្រឹទ្ធសភា អាចធ្វើបានតើ។ កុំលេងរឿងធ្វើនាយករដ្ឋមន្ត្រី និងកាន់តំណែងសំខាន់ៗ។ បើទោះបីជាអ្នកឯងលានៅសល់សញ្ជាតិតែមួយក៏ដោយ បន្ទាប់ទៅអ្នកឯងវិលត្រឡប់ទៅសញ្ជាតិដើមដដែល ក្នុងពេលហ្នឹងគេថា ប្រយ័ត្នទ្រព្យសម្បត្តិអ្នកឯងនៅក្នុងដៃរបស់ខ្ញុំ នៅប្រទេសខ្ញុំ។ អ្នកឯងត្រូវធ្វើតាមខ្ញុំ។ កុំលេងឲ្យសោះអាហ្នឹង។ នេះជាការបញ្ចៀសការជ្រៀតជ្រែក។ ប្រទេសសាំងហ្គាពួរបានធ្វើហើយ ច្បាប់ប្រឆាំងការជ្រៀតជ្រែក។ រដ្ឋមន្ត្រីអូស្ត្រាលីក៏មានផ្នែកមួយនៃការប្រឆាំងការជ្រៀតជ្រែក។ រឿងអីខ្មែរធ្វើមិនបាន។ ខ្មែរដោយសារតែការជ្រៀតជ្រែកហ្នឹងហើយ បានខ្មែរវេទនា។
សុំផ្តាំការងារ ៣
… ខ្ញុំសុំផ្តាំការងារ ៣។ ទី១ បន្តការខិតខំដោះស្រាយចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋបន្តទៅទៀត។ ទី ២ ខិតខំដោះស្រាយជម្លោះដីធ្លី ដែលនៅសេសសល់ ឬកើតមាន ដោយធ្វើការខិតខំសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ ហ្នឹងដោះឆាប់ចេញ។ ឲ្យតែចូលដល់តុលាការ វាមានឈ្នះ វាមានចាញ់។ បើដោះក្រៅប្រព័ន្ធតុលាការគឺអត់អីទេ។ ថ្ងៃមុនលោក ចិត្រា នៅអាមេរិក ជូនមកខ្ញុំមានរឿង ២។ ឥឡូវដល់គាត់ថ្ងូរដែរ។ ឃើញដោះស្រាយបានទៅពឹងគាត់ ពឹងដោះស្រាយនៅកំពង់ស្ពឺមួយ យកដំណោះស្រាយឈ្នះឈ្នះដោះឲ្យ។ ប៉ុន្តែ រួចហើយ ដោះមួយទៅទៀត ខ្ញុំ voice សម្លេងទៅលោក ចិត្រា ថា កាលវាត្រូវគ្នា វាសំងំថ្ងូររហ៊ឹមក្នុងបន្ទប់ អត់ឲ្យអ្នកណាលឺ។ ដល់វាទាស់គ្នា ផ្អើលមួយប្រទេស ហើយផ្អើលសកលលោកទៀត។ រវាងជនជាតិអង់គ្លេសជាមួយនឹងស្រីខ្មែរយើង និយាយពីបោកចាន បោកឆ្នាំងពេញហ្នឹង។ ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុច្ចរិតភាពទៅលើការដោះស្រាយ។ បើសិនជាមានសុច្ចរិតភាព គឺយើងនឹងដោះស្រាយបានបញ្ហា។ ខ្ញុំគិតថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ប្រហែលជាមើលខ្ញុំកំពុងថ្លែងការណ៍ដែរ ព្រោះព្រឹកហ្នឹងគាត់អត់ទៅណាទេ គាត់ត្រៀមចេញដំណើរទៅវិមានសន្តិភាព។ (ឯកឧត្តម ប្រាក់ សុ)ខុន អាចប្រាប់ទៅខាងនោះឲ្យពន្យារតិច។ ឲ្យខ្ញុំទៅដល់ ចាំគាត់ចេញ។ ព្រោះគាត់នៅកន្លែង ឈុន លាង ដែរទេ។ ការងារទី ៣ ខិតខំដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ច ការដោះស្រាយដីសម្បទានសង្គមកិច្ចឲ្យអ្នកខ្វះដីធ្លី គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពដែលត្រូវធ្វើ។ យើងបានធ្វើផ្ទះសំបែង បានស្អីៗឲ្យគាត់ ឥឡូវដីធ្លីយើងមួយចំនួនត្រូវតែរៀបចំ ដើម្បីជូនសម្រាប់អ្នកខ្វះដី។
ស្តាយចង់ស្រោចទឹក … អ្នកកិច្ចព្រមព្រៀងប៉ារីស ព្រោះបើមិននិយាយមិនបាន។ វាទៅជ្រុល។ កាន់តែជ្រុលហួស ហើយសុំមនុស្សមួយចំនួនកុំតាំងខ្លួនជាត្រីបកលើក្តារអុករបស់អាស៊ាន។ ផ្តាំផ្ញើទុកឲ្យហើយ។ ការបញ្ចេញយុទ្ធសាស្ត្រនេះ វាមិនខុសពីឆ្នាំ ២០០២ ទេ ដែលកំពុងតែប្រជុំអាស៊ាន មានអ្នកធ្វើកូដកម្មអត់អាហារ អត់បាយ។ អ្នកកាសែតសួរថា លោកនេះធ្វើកូដកម្មអត់អាហារ អត់បាយ។ ខ្ញុំថាអត់តែបាយ តែវាស៊ីនំបុ័ងនិងគុយទាវ។ វាដាច់ខ្យល់វាទៅណា។ រឿងអាស៊ានរឿងផ្សេង រឿងកិច្ចការរបស់កម្ពុជា រឿងផ្សឹង អត់មានមកលូកលាន់គ្នាទេ។ ខ្ញុំគួរតែត្រូវនិយាយច្រើន ក៏ប៉ុន្តែអស់ម៉ោងទៅហើយ។ អរគុណសម្រាប់ការចូលរួម ហើយសុំអបអរសាទរ។ ខ្ញុំមោទនភាពណាស់ ពេលដែលខ្ញុំមកអម្បាញ់មិញ ឃើញមនុស្សអត់ពាក់ម៉ាសតែ ៣ នាក់គត់ មួយនៅក្បាលថ្នល់ជិតពេទ្យរូស្ស៊ី អត់មានពាក់ម៉ាសទេ មួយទៀត ជិតមកដល់គណៈរដ្ឋមន្ត្រី ហ្នឹងអ្នកជិះម៉ូតូ ឯមួយទៀត ឈរពាក់អាវពណ៌អីលឿងៗ សន្តិសុខឯកជន គាត់មានម៉ាស តែម៉ាសហ្នឹងនៅក្រោម … ក្រៅពីនោះគឺម៉ូតូ មួកសុវត្ថិភាព ១០០% និងម៉ាសអត់មានមនុស្ស ៣ នាក់ …។
ក្រោយថ្ងៃ ៣០ វិច្ឆិកា ខារ៉ាអូខេ disco រង្គសាល អាចនឹងបើកឡើងវិញ
… ហ្នឹងហើយគឺយើងបើកប្រទេស។ កំពុងតែបើក។ ប៉ុន្តែខារ៉ាអូខេ KTV disco ហើយនិងរង្គសាល រង់ចាំថ្ងៃក្រោយ ៣០ វិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ជាគណៈកម្មការ … ឥឡូវធ្វើម៉េចឲ្យសាលាបើកសិនទៅមុន។ អត្រាឆ្លងគឺធ្លាក់ចុះ។ បើកសាលាមនុស្សជាង ៣ លាននាក់ចូលរៀន។ ឆ្លងមានកម្រិតតូចតាច។ មកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃប្រឆាំងការចាក់វ៉ាក់សាំង។ វ៉ាក់សាំងសង្គ្រោះជីវិតមនុស្ស បើសិនបងប្អូនមិនទទួលបានវ៉ាក់សាំងទេ ច្បាស់ជាមកដល់ពេលនេះ បើកប្រទេសអត់រួចទេ។ អញ្ចឹង ពេលមុនបងប្អូនទ្រាំទ្រការលំបាក តែពេលនេះបងប្អូនបានធូរស្រាលហើយ។ មួយអាទិត្យនេះខ្ញុំតាមដាន គឺបងប្អូនសប្បាយចិត្តពេលដែលយើងបើកប្រទេស។ ឥឡូវភោជនីយដ្ឋានអី មានពាក់ម៉ាស មានរក្សាគម្លាត នាំគ្នាធ្វើទៅ។
មង្គលការ ត្រូវមានមនុស្សចូលរួមច្រើនបំផុត ២០០ នាក់ មិនគិតអ្នកបម្រើសេវា
រៀបការម្សិលមិញខ្ញុំបញ្ជាក់ ការអនុញ្ញាតឲ្យចូលរួមច្រើនបំផុត ២០០ នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា។ បើមិនចឹងអនុវត្តអត់បានទេ។ សេវាគឺស្អី? ក្រុមចុងភៅ ក្រុមភ្លេង អាចារ្យ អ្នកថតរូប។ បើយកទៅគិតក្នុង ២០០ នាក់ដែរ គឺភ្ញៀវកាន់តែតិចហើយ។ អញ្ចឹងយើងគិតឲ្យអស់ក្នុងរង្វង់ប្រមាណ ២៥០ នាក់ ឬ ២៦០ នាក់។ ប៉ុន្តែម្ចាស់ដើមការនិងភ្ញៀវ ត្រឹមតែ ២០០ នាក់ ប៉ុណ្ណឹងល្មមហើយ។ យើងនឹងតាមដានមើលទៀត នៅពេលដែលយើងធ្វើបានយើងធ្វើ។ ចាំថ្ងៃក្រោយអស់កូវីដ-១៩ ចាំការម្តងទៀត ក៏វាមិនខុសដែរ។ ហៅភ្ញៀវទៅទទួលទានអាហារ ឬក៏ចែកវេន ម្តងអញ្ជើញ ២០០ នាក់ទៅហូបម្តងទៅ ៣ ថ្ងៃក្រោយអញ្ជើញ ២០០ នាក់ ទៅហូបម្តងទៅ។ ធ្វើម៉េច ហ្នឹងក៏វិធីមួយដោះស្រាយបញ្ហាភ្ញៀវពន្លឺដែរ។ ២០០ នាក់ទៅចូលរួមពិធី បន្ទាប់ទៅយើងដោយសារភ្ញៀវមិនទាន់អស់ ២០០ នាក់ទៀត។ ថ្ងៃក្រោយ ២០០ នាក់ទៀត អញ្ជើញទាល់តែគ្រប់។ អស់ហើយ។ ច្បាស់ជាប្រតិកម្មមកវិញហើយពីរឿង ២៣ តុលា។ តែខ្ញុំប្រដៅ។ រឿងអ្នកឯងចោទស្ថាប័នសភា និងព្រឹទ្ធសភា លើបញ្ហាខុស។ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ២/៣ មក ៥០+១ ខុសជាមួយកិច្ចព្រមព្រៀងប៉ារីស គឺជារឿងច្បាប់ត្រូវនិយាយគ្នា។ ឯកឧត្តម កើត រិទ្ធិ មកទេ? អត់ទេ …។
សុំផ្តាំផ្ញើ មត្តេយ្យកុំអាលបើក
… ខ្ញុំសុំផ្តាំផ្ញើ មត្តេយ្យកុំអាលលឿនពេក។ ខ្ញុំចង់ឲ្យបើកបឋម។ បើកមត្តេយ្យអត់ទាន់ចាក់ថ្នាំ វាមានរឿងរបស់វា ប្រយ័ត្នប្រយែង។ អញ្ចឹង ឥឡូវបានឲ្យចាក់ ៥ ឆ្នាំ ព្រោះតិចទៀតរំកិលចូលបឋម ២ ឆ្នាំ ៣ ឆ្នាំ ៤ ឆ្នាំ យើងអត់ទាន់ឲ្យចាក់ទេ។ អញ្ចឹងយើងកុំអាលលឿនពេក។ បើកបឋម អនុវិទ្យាល័យ វិទ្យាល័យ ហើយមហាវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយរក្សាគម្លាត។ អស់ម៉ោងហ្មង ជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសុំជូនពរបងប្អូនជនរួមជាតិ ហើយសុំយកឱកាសនេះប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីពេលនេះតទៅ។ សុំជូនពរ ជោគជ័យទាំងអស់គ្នា៕