- ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ប្រធានអង្គប្រជុំ;
- ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបូកបី និងអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាកិច្ចចាប់ផ្ដើម, ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីជាលើកដំបូង។
ជាការពិត, យន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែង, ទោះបីជាស្ថិតនៅក្នុងបរិការណ៍នៃការបន្តរីករាលដាលជំងឺកូវីដ-១៩, តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមជាមតិមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដូចខាងក្រោម ៖
ទី១. កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសបូកបី ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង និងបរិក្ខារពេទ្យដល់កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ជាមួយគ្នានេះ ក្នុងស្មារតីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន កម្ពុជាសូមគាំទ្រការដាក់ចេញនូវ “សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានបូកបីស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ និងកុមារ”។
ទី២. ដើម្បីរួមចំណែកស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានឆាប់, ខ្ញុំសូមអំពាវនាវដល់ប្រទេសបូកបីបន្តផ្ដល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់ ជាអាទិ៍៖ (១). ការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED); (២). ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ(RRMS); (៣). ក្របខណ្ឌនៃការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន (ATCAF); និង(៤). ក្របខណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)។
ទី៣. ខ្ញុំសូមស្នើប្រទេសអាស៊ានបូកបីបន្តលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវ ផែនការសកម្មភាពអាស៊ានបូកបីស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និងកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០២១-២០២២។ កម្ពុជាក៏សូមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពីប្រទេសអាស៊ានបូកបី សំដៅធានាការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ ២០២២ ដើម្បីជំរុញការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។
ទី៤. ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្ត ផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០១៨-២០២២។ ទន្ទឹមនេះ, កម្ពុជាស្នើសុំឱ្យការរៀបចំផែនការឆ្នាំ ២០២៣-២០២៧ ផ្តោតលើ វិស័យអាទិភាពចំនួន ៤ រួមមាន : (១). សន្តិសុខផ្នែកសុខភាពសាធារណៈ; (២). ការលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល; (៣). ផលិតកម្មកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង(៤). ការប្រើប្រាស់ថាមពលដោយចីរភាព។
សូមអរគុណ !