- ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ;
- ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ជាបឋម, ខ្ញុំសូមសម្តែងនូវការកើតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាតអង្គការសហ-ប្រជាជាតិលើកទី ៧៥ ។ ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី ២ ។
នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ ការយកឈ្នះលើជំងឺរាតត្បាត កូវីដ-១៩ និងការខិតខំប្រឹងប្រែង ក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ គឺជាអាទិភាពខ្ពស់បំផុត សម្រាប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក ។ កម្ពុជាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបានចាប់ផ្តើម កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំងជូនជន-បរទេស និងកុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ ផងដែរ ។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់- សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣ លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកាខាងមុខនេះ ។
ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ, កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញ ជាបណ្តើរៗ ទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល-ជ្រៅដល់ប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ការគាំទ្រ ដោយសប្បុរស ចំពោះប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
- ឯកឧត្តមប្រធាន
ពិភពលោករបស់យើង នៅតែត្រូវដោះស្រាយនូវបញ្ហាប្រឈមជាច្រើនផ្សេងទៀត ដូចជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច, សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ។ សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរងនូវសម្ពាធធ្ងន់ធ្ងរ ដូចមុនដដែល ។
ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ ។ ផ្ទុយទៅវិញ, ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុន តែប៉ុណ្ណោះ ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្តាយ នោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ ។ ប្រសិន បើយើងអាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង ។
នេះហើយជាហេតុផលមិនអាចប្រកែកបាន សម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់ ។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា ។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ នោះឡើយ ។
- ឯកឧត្តមប្រធាន
កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារសំខាន់ ក្នុងបរិបទបច្ចុប្បន្ននេះ ។ តាមទស្សនៈរបស់ខ្ញុំ, របៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល គឺ «ពហុភាគីនិយមផ្តល់អាទិភាពដល់ការរួមគ្នា (convergences)» ដែលមានជាអាទិ៍៖ ការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងសង្គម-សេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ, ការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយផ្សេងទៀត ដែលទាមទារឱ្យមានសកម្មភាពជាសកល ដែលមានលក្ខណៈបន្ទាន់ និងច្បាស់លាស់នៅគ្រប់ស្រទាប់ ។ នៅក្នុងបរិបទនេះ, កម្ពុជាសូមគាំទ្រការ អំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ចំពោះការបង្កើនការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្ស៊ាំខ្លួន និងសម្រាលបន្ទុកក្នុងតំបន់ និងសូមបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្របតាមគោលការណ៍«ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។
- ឯកឧត្តមប្រធាន
សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុត សម្រាប់អនាគតប្រកបដោយចីរភាព ។ កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុងការថែរក្សា សន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ ។ ចាប់តាំងពីឆ្នាំ ២០០៦ មក, កម្ពុជាបានរួម ចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧.៥០០ នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សា សន្តិភាពផ្សេងៗនៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិ ហើយកងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលិកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់ ។ លើសពីនេះ, កម្ពុជាគាំទ្រដល់សកម្មភាព សម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (A4P+) របស់ ឯកឧត្តមអគ្គលេខាធិការ ។ កម្ពុជាក៏គាំទ្ររបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា ។
ជាមួយគ្នានេះដែរ ខ្ញុំសូមសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី ២១ ទាមទារនូវអង្គការសហប្រជា- ជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប។ អង្គការនេះត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកបដោយបរិយា-ប័ន្ន និងភាពជាតំណាង ។ ក្នុងន័យនេះ, កម្ពុជាសូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះកិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្មរបស់ ឯកឧត្តមអគ្គលេខាធិការ ក្នុងការរៀបចំអង្គការនេះឱ្យកាន់តែមានភាព-ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក ។ ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ, អង្គមហាសន្និបាត និងអគ្គ-លេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការពង្រឹងឡើងវិញផងដែរ ។ ក្នុងទិដ្ឋភាពនេះ, កម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ។ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុតនៃប្រទេសជាសមាជិក គឺជាអាទិភាពចម្បងបំផុត ។
- ឯកឧត្តមប្រធាន
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ, កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ ។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ, កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក ។ កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និងសុខដុមរមនា ជាមួយនឹងការការពារដល់ពលករចំណាក ស្រុក, របៀបវារៈការអភិវឌ្ឍន៍ ដែលមានភាពបៃតង និងបរិយាប័ន្ន, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ ។
ជាទីបញ្ចប់, ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហ-ប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិសម្រេចបាននូវជ័យជំនះ ចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព, ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម សម្រាប់យើងទាំងអស់គ្នា ។ ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅអង្គការសហប្រជាជាតិ ដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង ៕
សូមអរគុណ!