សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ
សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
បងប្អូនជនរួមជាតិ ដែលជាពុទ្ធបរិស័ទ ជាទីគោរពស្រឡាញ់!
វាពិតជារឿងដ៏គួរឱ្យសោកស្តាយ ដែលថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី ៤ ដែលបងប្អូនមិនបានប្រារព្ធនូវពិធីក្នុងការកាន់បិណ្ឌឆ្ពោះទៅរកពេលភ្ជុំ។ ការចាប់ផ្តើមរបស់យើង គឺទាក់ទិនជាមួយការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយដែលម្សិលមិញនេះ ខាងក្រុមគ្រូពេទ្យបានយកសំណាកនៅគ្រប់វត្ត ស្ទើរតែពាក់កណ្តាលនៃវត្តនៅក្នុងទីក្រុងភ្នំពេញនេះ គឺមានឆ្លងនៃជំងឺកូវីដ-១៩នេះ។
អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ បានយកឱកាសនេះដើម្បីបញ្ជាក់ប្រគេន និងជូនបន្តិចថា កាលពីឆ្នាំ ២០២០ យើងបានផ្អាកនូវការចូលឆ្នាំ ហើយផ្អាកនូវពេលភ្ជុំបិណ្ឌ។ ពេលនោះជំងឺកូវីដ-១៩ មិនទាន់រាតត្បាតខ្លាំងនៅឡើយទេ យើងមានមនុស្សត្រឹមតែ ២០០ ទៅ ៣០០ នាក់ប៉ុណ្ណោះ នៅពេលនោះ ដែលមានការឆ្លងកូវីដ-១៩។ ប៉ុន្តែដោយសារតែវិធានការការពារហ្មត់ចត់តាមរយៈនៃការផ្អាកការចូលឆ្នាំ ហើយសងត្រឡប់មកវិញជាមួយនឹងការឈប់សម្រាកនៅពេលក្រោយ បូកជាមួយនឹងវិធានការហ្មត់ចត់នៅក្នុងដំណាក់កាលភ្ជុំបិណ្ឌ យើងរក្សាបាននៅក្នុងប្រទេសរបស់យើងមិនឱ្យមានជំងឺឆ្លង ហើយសូម្បីតែស្លាប់ក៏គ្មានផងដែរ។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការយោគយល់ និងចង់ធ្វើបុណ្យធ្វើទាន ក៏ប៉ុន្តែសភាពការណ៍ឆ្នាំ ២០២១ នេះ ខុសពីឆ្នាំ ២០២០ នៅត្រង់ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១ បានធ្វើឱ្យយើងមកដល់ពេលនេះមានមនុស្សជាង ១០ ម៉ឺននាក់បានឆ្លង ហើយក៏មានជាង ២០០០ នាក់ រួចទៅហើយដែលបានស្លាប់។ នេះជារឿងដ៏អាណោចអាធ័មមួយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ នៅក្នុងពេលជំងឺរាតត្បាតនេះកើតឡើង ខ្ញុំព្រះករុណាខ្ញុំ បែរជាមានការធ្វេសប្រហែស ដោយយល់យោគទៅលើសភាពការណ៍ ដែលឃើញថា មានការស្រុតចុះបន្តិចនៃជំងឺកូវីដ-១៩នេះ យើងក៏ចាប់ផ្តើមឱ្យមានការធ្វើបុណ្យធ្វើទានទៅតាមទំនៀមទម្លាប់ឡើងវិញ។ ក៏ប៉ុន្តែត្រឹមតែរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ចំនួនដែលឆ្លងនៅតាមទីអារាមមួយចំនួនគឺបានកើនឡើង ធ្វើឱ្យចំនួនអ្នកឆ្លងដែលមានត្រឹមតែ ៤០០ ទៅ ៥០០ នាក់ ៦០០ នាក់ជាងបន្តិច កើនលើស ៨០០ នាក់ និងចំនួនស្លាប់ឡើងដល់ជាង ២០ នាក់ ក្នុងដំណាក់កាលចុងក្រោយនេះ។
បងប្អូនប្រជាពលរដ្ឋរបស់យើងអាចចោទសួរថា តើបន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ ហេតុអ្វីក៏នៅតែឆ្លង? ព្រោះមកដល់ពេលនេះយើងចាក់វ៉ាក់សាំងជិតបាន ១៣ លាននាក់រួចទៅហើយ ក្នុងចំណោមអ្នកដែលត្រូវចាក់ ជាង ១៤ លាននាក់ ចាប់តាំងពីកុមារអាយុ ៦ ឆ្នាំទៅដល់អាយុ ១២ ឆ្នាំ ពី ១២ ឆ្នាំទៅ ១៨ ឆ្នាំ និងពី ១៨ ឆ្នាំឡើងលើ។ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនថា ដូចដែល ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយថា វ៉ាក់សាំងតែមួយមុខគឺគ្រប់គ្រាន់ទេ។ វ៉ាក់សាំងគ្រាន់តែកាត់បន្ថយនូវការឆ្លង និងហើយនៅពេលដែលឆ្លងរួចហើយ កាត់បន្ថយមិនឱ្យមានការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ។ ប៉ុន្តែ វិធានការសុខាភិបាលទៅវិញទេ ដែលជាវិធានការត្រូវប្រកាន់យក ដែលយើងច្រើននិយាយជាសាមញ្ញថា ៣ ការពារ និង ៣ កុំ។ ចំណុចនេះគឺជាចំណុច ដើម្បីរក្សានូវជីវិតរបស់ប្រជាជន រក្សានូវសុខភាពរបស់ប្រជាជន ដូច្នេះហើយបើយើងរក្សាបាននូវជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀតសម្រាប់អ្នកដែលមានវ័យក្មេង និងរាប់ឆ្នាំតទៅទៀតសម្រាប់អ្នកដែលមានវ័យចំណាស់។ ដូច្នេះ វាមិនមែនជាការងាយស្រួលសម្រាប់ ការសម្រេចចិត្តមួយដែលត្រូវធ្វើបែបនេះនោះទេ។
កាលពីឆ្នាំទៅ យើងសម្រេចបិទផ្អាកមិនឱ្យមានការចូលឆ្នាំសិន ហើយរង់ចាំឱ្យមន្ត្រីរាជការរបស់យើងមកសម្រាកនៅពេលក្រោយ យើងក៏មានវិធានការហ្មត់ចត់សម្រាប់បញ្ហាពេលភ្ជុំបិណ្ឌ ក្នុងពេលដែលពេលនោះមិនមានជំងឺឆ្លងនៅតាមសហគមន៍ ហើយក៏មិនទាន់មានប្រភព Delta ដែលជាជំងឺឆ្លងដ៏អាក្រក់បំផុតលឿនបំផុត សាហាវបំផុត និងគ្រោះថ្នាក់បំផុត។ តែឥឡូវនេះ Delta បានលុកលុយគ្រប់ទៅកន្លែងទៅហើយ ទោះបីវាទើបនឹងមានករណី ៥០០០ ទៅ ៦០០០ ករណី ក៏ប៉ុន្តែវាបានពង្រាយនៅទូទាំងប្រទេសរួចស្រេចទៅហើយ។
ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ពិតជាមិនអាចឱបដៃឈរមើលការស្លាប់ ការឆ្លង និងឈានទៅដល់ការស្លាប់របស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា បងប្អូនជនរួមជាតិ ព្រះសង្ឃ ក៏ដូចជាបងប្អូនជនរួមជាតិរបស់យើងដែលជាពុទ្ធបរិស័ទ ពុទ្ធសាសនិក ពិតជានឹងយោគយល់បាននូវការសម្រេចចិត្តរបស់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីធានាដល់ជីវិតរបស់ប្រជាជនយើង ព្រោះថាប្រសិនបើមានការរីករាលដាល វត្តដែលមានឆ្លងប្រមាណជាពាក់កណ្តាលវត្តនៅទីក្រុងភ្នំពេញនេះត្រូវបានបន្តថ្ងៃនេះ ហើយរហូតទៅដល់ថ្ងៃភ្ជុំ តើយើងនឹងមានព្រះសង្ឃ និងប្រជាពលរដ្ឋប៉ុន្មានទៀតទៅដែលត្រូវឆ្លង?
អ្វីដែលគួរបារម្ភបំផុតមិនមែនបញ្ហានៅក្នុងទីអារាមទេ។ ការឆ្លងចាប់ផ្តើមពីទីអារាម ក៏ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរចេញពីទីអារាម នាំនូវជំងឺពីទីអារាម ទៅកាន់ក្នុងផ្ទះសំបែងតែម្តង ដោយសារប្រជាពលរដ្ឋរបស់យើងទៅធ្វើបុណ្យ ដោយមិនមានកំណត់ថាភូមិណាធ្វើបុណ្យនៅវត្តនោះ គឺទៅធ្វើបុណ្យតាមចំណង់ចំណូលចិត្តរបស់បងប្អូន។ ដូច្នេះជំងឺនេះវាមិនមែនគ្រាន់តែកើតនៅក្នុងទីក្រុងទេ រាលដាលដល់ជនបទ ដោយសារអ្នកទីក្រុង ទីប្រជុំជនមួយចំនួន ទៅធ្វើបុណ្យនៅតាមវត្ត(នៅជនបទ) ហើយក៏អាចនាំពីទីក្រុង ទីប្រជុំជន ទៅកាន់វត្តនៅជនបទ ហើយក៏អាចនឹងនាំពីទីជនបទ មកកាន់ទីក្រុងវិញ ជាពិសេសគឺនាំជំងឺពីផ្ទះចូលទៅទីអារាម និងនាំពីទីអារាមចូលក្នុងផ្ទះវិញ។
ដូច្នេះ សភាពការណ៍នេះជាសភាពការណ៍ដ៏អាក្រក់ សម្រាប់ការព្យាករទុករបស់ខ្ញុំព្រះករុណាខ្ញុំ។ ពិតហើយគឺយើងមិនឲ្យព្រះសង្ឃរបស់យើងដាច់ចង្ហាន់នោះទេ។ នៅក្នុងការបញ្ជាទាក់ទិនជាមួយនឹងការដាក់ចេញនូវវិធានការបិទ ត្រូវធ្វើទាំងយប់ ដើម្បីធានាថា អនុញ្ញាតឲ្យបន្តកាន់បិណ្ឌ ៣ ប៉ុន្តែបិណ្ឌទី ៤ ត្រូវបានផ្អាក តែប្រជាជនយើងក៏នៅមានឱកាសចាត់តាំង ដើម្បីជាមួយនឹងអាជ្ញាធរសម្របសម្រួលគ្នា ដើម្បីនាំចង្ហាន់ ឬក៏នាំទេយ្យ វត្ថុ ដើម្បីយកទៅប្រគេនព្រះសង្ឃបានដដែល។ ហើយយើងទាំងអស់គ្នា ក៏សែនព្រេនធ្វើបុណ្យតាមផ្ទះ នឹកទៅ ដល់គុណទាំងឡាយ ដែលតែងតែមករកខែភទ្របទរៀងរាល់ឆ្នាំ គឺតែងមានការបោះបាយបិណ្ឌ តែការបោះ បាយបិណ្ឌនេះ គេមិនសំដៅតែទៅតាមវត្តទេ។ ការធ្វើបុណ្យអាចធ្វើបាននៅគ្រប់ទីកន្លែង ជាពិសេសគឺឲ្យតែ យើងមានចិត្តជ្រះថ្លាចំពោះបុណ្យ។
បញ្ហាទាំងអស់នេះជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ គ្រោះថ្នាក់សម្រាប់ជាតិ និងសាសនារបស់ជាតិ ដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវយកវិធានការចាំបាច់ ហើយវាអាចប៉ះទង្គិចជាមួយនឹងការគិតគូររបស់មនុស្សខ្លះ ដែលមិនយល់នូវអ្វីដែលហៅថា វិធានការដើម្បីការពារជីវិត ការពារជាមួយនឹងការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះបងប្អូនដែលបានចូលមក comment នៅក្នុងហ្វេសប៊ុកផេករបស់ខ្ញុំព្រះ ករុណាខ្ញុំ គាំទ្រដោយវិធានការបិទ ការផ្អាក។ ហើយយើងមិនហាមឃាត់ការឈប់សម្រាក ៣ ថ្ងៃរបស់មន្ត្រី រាជការ ក៏ដូចជាកម្មករ កម្មការិនី បុគ្គលិកនៅតាមក្រុមហ៊ុន ដែលត្រូវទទួលបានការអនុញ្ញាតឲ្យឈប់ សម្រាកដោយមានប្រាក់បៀវត្សរ៍នោះទេ។ បងប្អូនអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធានការសុខាភិបាលទៅជាមួយ។ នោះក៏ជាវិធីមួយ ដើម្បីបើកឱកាសឲ្យបងប្អូនបានសម្រាកនៅក្នុងរយៈកាលនៃការភ្ជុំបិណ្ឌនេះ ព្រោះមានបងប្អូនមួយចំនួនបានចូលមកសួរ តែខ្ញុំព្រះករុណាខ្ញុំ គ្មានពេលដើម្បីឆ្លើយតប។
ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា យើងនៅតែបន្តឲ្យមន្ត្រីរាជការ ឲ្យបុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យដែលមានក្នុងការឈប់សម្រាកនៃថ្ងៃភ្ជុំបិណ្ឌ។ យើងនៅតែបន្តឲ្យបងប្អូន បានធ្វើដំណើរទៅកម្សាន្តនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឲ្យទៅធ្វើការកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នូវរមណីយដ្ឋានធម្មជាតិរបស់យើង។
អ្វីដែលជាការខិតខំរបស់យើង គឺទប់ស្កាត់មិនឲ្យឆ្លងតាមទីអារាម ដែលទីអារាមនោះប្រមូលផ្តុំទៅដោយមនុស្ស ដែលយើងមិនដឹងថាមកពីត្រង់ណា កន្លែងណា ហើយយើងមិនបានធ្វើតេស្តនោះទេ។ យើងព្យាយាមកុំឲ្យ មានទីអារាម យកជំងឺពីផ្ទះចូលទីអារាម និងយកជំងឺពីទីអារាមចូលផ្ទះ ហើយវាឆ្លងបែកពេញសហគមន៍ រហូតដល់យើងបង្ខំចិត្តត្រូវបិទសាលារៀនតទៅទៀត ក្នុងពេលដែលយើងបានបើកសាលារៀនជាបន្តបន្ទាប់ ដែលខាងមុខនេះយើងឈានទៅបើកកាន់តែធំ។ ហើយម្សិលមិញនេះខ្ញុំព្រះករុណាខ្ញុំ ក៏បានអនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា បើកមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញផងដែរ។
បញ្ហាមានធ្ងន់ មានស្រាល។ តែបញ្ហាអាយុជីវិត និងសុខភាពប្រជាជន ជាបញ្ហាអាទិភាពខ្ពស់បំផុត។ ការពារជីវិតបាន មានពេលវេលាច្រើនណាស់ ដើម្បីនឹងធ្វើបុណ្យ ធ្វើទានតទៅទៀត។ ប្រសិនបើយើងស្លាប់ដោយ សារកូវីដ-១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។ ទំនួញប្រេតពេលភ្ជុំ ដែលចាក់តាមវិទ្យុនានា យើងពិតជាចង់ទៅវត្ត ក៏ប៉ុន្តែបើគ្រាន់តែទៅវត្ត ដើម្បីនាំមកវិញនូវជំងឺ ឬនាំជំងឺទៅកាន់វត្តអារាម វាមិនមែនជាជម្រើសដ៏ល្អនោះទេ។ សង្ឃឹមថាសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទរបស់យើងមានការយោគយល់ដ៏ការលំបាករបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការសម្រេចចិត្តធ្វើបែបនេះ។
ហើយនេះ មិនមែនការឆ្លើយឆ្លងជាមួយអ្នកដែលធ្វើអាជីវកម្មទៅលើការសម្រេចចិត្តរបស់ខ្ញុំព្រះករុណាខ្ញុំនោះទេ តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា កាលពីឆ្នាំទៅមនុស្សមានត្រឹមតែ ២០០ ទៅ ៣០០ នាក់ ក្នុងកំឡុងខែ ត្រឹមខែ ៩ នេះ ត្រឹមតែ ៣០០ ទៅ ៤០០ នាក់តែប៉ុណ្ណោះ ព្រោះទៅដល់ខែកុម្ភៈ ឆ្នាំ ២០២១ ហើយ ទើបយើងមានមនុស្សដល់ទៅប្រមាណ ៦០០ នាក់បានឆ្លង។ អញ្ចឹងនៅក្នុងដំណាក់កាលនោះយើងមានមនុស្សឆ្លងត្រឹមតែ ៣០០-៤០០ នាក់ ប៉ុន្តែយើងបែរជាមានវិធានការហ្មត់ចត់ ផ្អាកចូលឆ្នាំ ហើយសងត្រឡប់មកវិញនៅពេលក្រោយ និងមានវិធានការហ្មត់ចត់សម្រាប់(បុណ្យ)ភ្ជុំបិណ្ឌ ហើយយើងធានាបាននូវការលុបបំបាត់នូវការឆ្លង។
ឥឡូវនេះ យើងមានវ៉ាក់សាំងចាក់ក៏ពិតមែន ប៉ុន្តែ វ៉ាក់សាំងតែមុខមិនគ្រប់គ្រាន់ទេ។ ឥឡូវជាក់ស្ដែងប្រសិនបើខ្ញុំព្រះករុណាខ្ញុំ បណ្ដោយឱ្យមានកាន់បិណ្ឌតទៅទៀត វត្តដែលយើងមិនបានឃើញ មុខនេះយើងបានឃើញតែវត្តចំពុះក្អែក និងវត្តនាគវ័នទេ ក៏ប៉ុន្តែឥឡូវនេះសូម្បីតែវត្តឧណាលោម ដែលសម្ដេចព្រះសង្ឃរាជគង់នៅក៏មានអ្នកកើតកូវីដ-១៩ នៅក្នុងនោះនិងវត្តមួយចំនួនផ្សេងទៀត ពាក់កណ្ដាលនៃចំនួនវត្តសុទ្ធតែមានអ្នកឆ្លង កូវីដ-១៩ ។ ដូច្នេះបើសិនជាមានចាប់ពីបិណ្ឌ ៤ រហូតទៅដល់ពេលភ្ជុំ តើសភាពការណ៍នេះអន្តរាយធំប៉ុណ្ណា? ពិតជាធ្ងន់ធ្ងរមែនទែន ហើយពិតជាមហន្តរាយមួយសម្រាប់សុខភាពសាធារណៈនិងជីវិតរបស់ប្រជាជន ជាពិសេស គឺកូវីដ–១៩ ច្រើនវាយលុកទៅលើមនុស្សចាស់ ហើយលោកយាយ លោកតា ដែលជាមនុស្សចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ច្រើនតែទៅវត្ត ហើយជំងឺនេះរាតត្បាតសំដៅសំខាន់ទៅលើអ្នកដែលមានអាយុច្រើននោះឯង។
ត្រង់ចំណុចនេះហើយជាចំណុចដែលយើងត្រូវបារម្ភ ហើយសង្ឃឹមថាអាជ្ញាធរដែនដីរបស់យើង ទាំងថ្នាក់ខេត្ត ស្រុក និងក្របខណ្ឌ ឃុំ/សង្កាត់ យកចិត្តទុកដាក់ពិនិត្យមើលអំពីការរៀបចំសហការយ៉ាងណាដើម្បីឱ្យអាចព្រះសង្ឃមានចង្ហាន់នៅក្នុងដំណាក់ដ៏លំបាកនេះ។ យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៏ប៉ុន្តែយើង(ត្រូវតែ)ឆ្លងផុតដំណាក់កាលនេះឱ្យបាន។ វាលនេះគឺជាវាលដ៏ធំ គឺការឆ្លងកាត់វាល ៣ នេះ នេះហើយ គឺជាវាលទី ៣ គឺវាលជំងឺរាតត្បាត ដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន។
យើងបានខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាជនយើង ដែលមកដល់ពេលនេះជិត ១៣ លាននាក់រួចស្រេចទៅហើយ ក្នុងចំណោមប្រជាជនជាង ១៤ លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ហើយកំពុងបន្តចាក់ដូសជម្រុញទី ៣ ដែលបាននិងកំពុងចាក់មួយចំនួន ហើយនឹងចាក់ពេញបន្ទុកចាប់ពីខែ ១០ នេះទៅ ទៅលើទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងបន្តបន្ទាប់ទៅតាមបណ្ដាខេត្តនានា។ យើងបានខិតខំច្រើនណាស់ដើម្បីការពារជីវិតប្រជាជន ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំទទួលយកនូវការត្មេះដៀលរបស់ពួកប្រឆាំងមួយចំនួន ដែលលើកឡើងមិនសមហេតុផល ឱ្យពួកគេនិយាយទៅតាមអ្វី ដែលគេនិយាយទៅចុះ។ តែយ៉ាងហោចណាស់ខ្ញុំព្រះករុណាខ្ញុំបានសង្គ្រោះជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លង កូវីដ–១៩។
យប់មិញនេះនៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ទទួលបានរបាយការណ៍អំពីការយកសំណាកនៅតាមទីអារាមនានា ខ្ញុំព្រះករុណាខ្ញុំពិតជាមានការព្រឺក្បាលយ៉ាងខ្លាំង។ ប្រសិនបើថ្ងៃនេះមានប្រជាជនទៅតាមវត្តទាំងនោះជំងឺឆ្លងទាំងនោះនឹងឆ្លងទៅតាមគេហដ្ឋាន ទៅតាមក្រុមគ្រួសារនីមួយៗតែម្ដង។ នេះយើងគ្រាន់តែយកសំណាកនៅតាមទីអារាមនៅទីក្រុងភ្នំពេញប៉ុណ្ណោះ។ យើងមិនទាន់បានយកសំណាកនៅតាមទីអារាមនានានៅតាមបណ្ដាខេត្តនៅឡើយទេ។ យើងមានជាង ៤ ពាន់វត្ត ដែលយើងទើបនឹងយក(សំណាក)បាន ១ ផ្នែក។ ទីអារាមនៅតាមទីក្រុងភ្នំពេញ មានពាក់កណ្ដាលទៅហើយ ដែលមានកូវីដ–១៩។ ប្រភពឆ្លងគឺពិតជាធំធេង ប្រសិនបើយើងមិនបានព្យាករទុកជាមុនយើងពិតជាអន្តរាយ។
សូមសម្ដេច ព្រះសង្ឃ ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទ មេត្តាយោគយល់ដល់ខ្ញុំព្រះករុណាខ្ញុំដែលធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីធានាដល់ជីវិត ធានាដល់សុខភាពរបស់ប្រជាជនម្នាក់ៗ ក៏ដូចជាសុខភាពសាធារណៈ ហើយដើម្បីធានាថា ប្រទេសរបស់យើងមិនមានមនុស្សឆ្លង និងស្លាប់ក្នុងចំនួនច្រើនដូចជាប្រទេសដទៃ។ ប្រទេសឥណ្ឌាដែលមានមនុស្សស្លាប់ច្រើនចាប់ផ្ដើមពីពិធីបុណ្យមួយដែលធ្វើឱ្យមានការឆ្លង។ នោះគឺគេមិនបានអនុវត្តគម្លាតនៃសង្គម។ ហើយការជួបជុំ បើទោះបីត្រូវទៅលេងនៅតាមនេះ/នោះ អ្វីដែលហៅថាបីការពារ? គឺត្រូវអនុវត្តឱ្យបាន គឺ(១)ត្រូវពាក់ម៉ាសឱ្យបានជាប់នៅក្នុងទីកន្លែងសាធារណ
ៈ (២)ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល (៣)ត្រូវរក្សាគម្លាត នេះជាវិធានការបីការពារ។ ឯ ៣កុំ គឺ ()កុំទៅកន្លែងណាដែលមានមនុស្សប្រមូលផ្ដុំច្រើន (២)កុំនៅកន្លែងបិទជិត ហើយ(៣)កុំប៉ះពាល់គ្នា ផ្អាកចាប់ដៃ ផ្អាកការឱបរឹតលើកលែងតែចំពោះកូន/ប្រពន្ធរបស់យើងដែលនៅជាមួយយើងប្រចាំថ្ងៃ។ នេះជាវិធីដើម្បីជួយទប់ស្កាត់ដោយមិនពឹងផ្អែកតែលើវ៉ាក់សាំងនោះ។
ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរចំពោះបងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ និងពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរព្រះគុណ និងសូមអរគុណ!