ព្រះថេរានុត្ថេរៈ ជាទីសក្ការៈ!
សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!
បន្ទាប់ពីការចូលបិណ្ឌ ១ បិណ្ឌ ២ នេះ យើងបានឃើញវត្ដមួយចំនួន បានផ្ទុះឡើងនូវកូវីដ-១៩ រួចជាស្រេចទៅហើយ។ ស្ថានភាពនេះ បានបង្កើតជាការកង្វល់ដ៏ធំរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល និងកំពុងដឹកនាំការប្រឆាំងកូវីដ-១៩។
ប្រសិនបើមានការចម្លងបែបនេះ វាច្បាស់ណាស់ថា បញ្ហាកូវីដ-១៩ នឹងកើតឡើង ២០ ឬ ៥០ ភាគរយនៃវត្ដទូទាំងប្រទេស (ដូចនេះ) យើងនឹងមានកន្លែងឆ្លងរហូតទៅដល់ជាង ២ ពាន់ វត្ដ ហើយការឆ្លងនោះ វានឹងរាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍គ្មានទីចន្លោះនោះទេ។ បញ្ហានេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សូមព្រះមេត្ដាពិចារណា តើគួរគប្បីធ្វើយ៉ាងណានៅក្នុងកាលៈទេសៈដ៏លំបាកនេះ!
តាមខ្ញុំព្រះករុណាខ្ញុំ ទទួលបាន នៅវត្ដចំពុះក្អែកដែលគង់ដោយ សម្ដេច អំ លឹមហេង ដែលជានាយករងទី ១ នៃគណៈសង្ឃនាយក វត្ដនេះមានទៅដល់ ៤៥ ករណីនៃការឆ្លង ដែលតម្រូវឲ្យមានការបិទវត្ដតែម្ដង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសូមស្នើឲ្យ គណៈសង្ឃនាយកដែលជាគណៈប្រតិបត្ដិនៃការគ្រប់គ្រងសង្ឃ ចូលរួមជាមួយក្រសួងធម្មការ និងសាសនា ធ្វើការពិនិត្យបន្ទាន់ ហើយដោយគិតគូរទៅលើវិធានការទាំងឡាយដែលគិតគូរដោយក្រសួងសុខាភិបាល។ ប្រសិនបើយើងបន្ដ អាចថាលទ្ធផលដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅនេះ គឺនឹងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងគិតនៅមុនពេលបុណ្យ ព្រោះជាតំបន់ឆ្លង ព្រោះមនុស្សគ្រប់ទីកន្លែងចូលទៅកាន់ទីវត្ដអារាមក្នុងពេលដែលមានវត្ដមាន ដែលតា ចូលមកដល់។
សភាពការណ៍នេះ ជាសភាពការណ៍គ្រោះអាសន្នមួយដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល ១៥ ថ្ងៃ នៃការកាន់បិណ្ឌរហូតទៅដល់ពេលភ្ជុំ។ តើយើងមានមនុស្សប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់ នឹងត្រូវឆ្លង ប្រសិនបើការផ្ទុះនៅតាមវត្ដ។ មិនមែនបញ្ហាតែនៅវត្ដទេ នៅពេលពុទ្ធបរិស័ទបានចេញពីវត្ដ បាននាំជំងឺទាំងនោះទៅកាន់ផ្ទះសំបែង ភូមិឋានរបស់ខ្លួន ដែលអាចថាចម្លងសឹងគ្រប់ផ្ទះតែម្ដង។ នេះហើយគឺជាកង្វល់។
ប្រសិនបើអាចធ្វើទៅបាន ខ្ញុំព្រះករុណាខ្ញុំអំពាវនាវ សូមឲ្យក្រសួងសុខាភិបាលធ្វើការពិចារណា តើយើងគួរផ្អាកនូវពិធីនេះបានឬទេ? ឬកាត់បន្ថយតាមរបៀបណាមួយ ដែលអាចធ្វើទៅបាន។ ប្រសិនបើទុកទៅតាមរបៀបដែលយើងកំពុងតែដំណើរការនេះ ខ្ញុំព្រះករុណាខ្ញុំគិតថា ទោះបីយើងស្រោចវ៉ាក់សាំងយ៉ាងណាក៏ដោយ ទោះបីយើងធ្វើយ៉ាងណាក៏ដោយ យើងមិនអាចជៀសផុតពីការជួបជុំនៅតាមវត្ដ ដែលជាប្រភពចម្លងដ៏គ្រោះថ្នាក់បំផុតនោះដែរ។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការបារម្ភ ទើបខ្ញុំព្រះករុណាខ្ញុំបញ្ជូនសារសម្លេងនេះ ទៅកាន់ជាពិសេសព្រះចៅអធិការ ដែលនៅគ្រប់គ្រងតាមវត្ដនីមួយៗ គណៈកម្មការអាចារ្យវត្ដ ពិនិត្យជាមួយ ប្រសិនបើក្នុងដំណាក់កាលនេះ យើងអាចរស់តាមរបៀបដែលយើងរស់ក្នុងរយៈ ពេលកន្លងទៅ ដោយយើងមិនធ្វើការប្រមូលផ្ដុំជួបជុំនៅក្នុងកាន់បិណ្ឌ ឬបោះបាយបិណ្ឌនោះទេ។នេះជាបញ្ហាកង្វល់ដ៏ធំ ហើយខ្ញុំសូមស្នើឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ដ្រីក្រសួងធម្មការចូលរួម ដើម្បីពិនិត្យ ពិចារណាលើរឿងនេះ ឲ្យបានហ្មត់ចត់ ការប្រឹងប្រែងទប់ស្កាត់របស់យើង ដើម្បីឲ្យជំងឺនេះបានធ្លាក់ចុះ ក៏ប៉ុន្តែជំងឺឆ្លងនេះនឹងអាចងើបឡើងនៅពេលរដូវភ្ជុំបិណ្ឌនេះតែម្ដង ហើយប្រសិនបើមិនទាន់ឈានទៅដល់ទេ ត្រូវគ្រប់គ្រងឲ្យបាន ប៉ុន្ដែដែលហៅថាការគ្រប់គ្រងកូវីដ-១៩ វាខុសគ្នាទៅលើបញ្ហាផ្សេងៗ ព្រោះជារបស់ដែលយើងមើលមិនឃើញ ជាជំងឺដែលយើងមើលមិនឃើញ។
ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីការភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងស្លាប់ អាចមានការកើនឡើង អាចបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ មិនគ្រាន់តែនៅទីក្រុងទេ ទីប្រជុំជនទេ តែជនបទ ក៏នឹងកើតឡើងដែរ។ ឥឡូវ ឃើញជនបទមួយចំនួនមានការផ្ទុះនូវកូវីដ-១៩ ដែលវាអាចឈានដល់ការបំផ្លាញនូវផែនការនៃការបើកសាលារៀនឡើងវិញ ដោយសារពេលនេះ អ្នកទីក្រុងចរាចរទៅជនបទ អ្នកជនបទចរាចរមកទីក្រុង ហើយជាពិសេសចូលទៅតាមវត្ដអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់។
សូមសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយក ក្រសួងធម្មការ ក៏ដូចជាព្រះចៅអធិការតាមវត្ដអារាមនានា ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គទូទាំងប្រទេស សូមមេត្ដាយោគយល់នូវការលំបាក ហើយអាចចាត់វិធានការដោយខ្លួនឯង ដោយភារកិច្ចនេះមិនចាំបាច់មេគណ អនុគណទេ។ សំខាន់ព្រះចៅអធិការតែម្ដង អាចនឹងបិទខ្ទប់ ឬទទួលតាមរយៈ ដែលយើងធ្លាប់ធ្វើក្នុងរយៈពេលកន្លងទៅនេះ គឺបានសេចក្ដីថា រស់នៅដោយស្ងៀមស្ងាត់ ដំណើរការបិទកាន់បិណ្ឌ។ ហើយបើថាមិនបានផ្អាកទេ សូមឲ្យអ្នកកាន់បិណ្ឌ កាន់បិណ្ឌទៅចុះ តែសូមឲ្យមានមនុស្សតិចបំផុត ចូលទៅនោះ គឺម្ចាស់កាន់បិណ្ឌនោះតែម្ដង ជាអ្នកបញ្ជូនត្រឹមមនុស្ស ពីរ ឬបីនាក់ ដោយមានវិធានការខាងផ្នែកសុខាភិបាលច្បាស់លាស់ នាំចង្ហាន់ ក៏ដូចជាទេយ្យទានដទៃទៀត យកទៅប្រគេនព្រះសង្ឃដល់វត្ដ ហើយព្រះសង្ឃក៏អនុមោទនា ទទួលយកដោយមិនចាំបាច់មានពិធីវែងឆ្ងាយ។ នេះជាជម្រើសមួយ ដែលទាមទារឲ្យយើងខិតខំប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះ។ ប្រសិនបើយើងធ្វើបានយ៉ាងដូច្នេះ យើងនឹងកាត់បន្ថយបានជាអតិបរមានូវការធ្វើដំណើររបស់ប្រជាជនទៅកាន់វត្ដ ដែលមា្ចស់បិណ្ឌគ្រាន់តែនាំយកចង្ហាន់ ទេយ្យទានផ្សេងៗ ដើម្បីប្រគេនព្រះសង្ឃ គឺគ្រប់គ្រាន់ហើយ។ យើងក៏ធ្វើបុណ្យបានផង ហើយយើងក៏ការពារនូវជំងឺឆ្លងនេះបានផង។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ យោគយល់ដល់ការលំបាក ហើយខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាបន្ទាប់ពីការភ្ជុំបិណ្ឌនេះរួចហើយ មិនមានការជំងឺឆ្លងក្នុងសហគមន៍ទូទាំងប្រទេសរាយនៅតាមវត្ដអារាម ដែលជាការរាយនៅក្របខណ្ឌទូទាំងប្រទេស បំផ្លាញនូវការខិតខំរបស់យើង ដែលយើងខំទប់ស្កាត់ ហើយធ្វើឲ្យសភាពការណ៍នឹងនក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរម្ដងទៀត ហើយនឹងគ្មានអ្នកណាជួយអ្នកណាបានព្រោះវាឆ្លងគ្រប់ទីកន្លែង គ្រប់ក្រហែងទៅហើយ។ សូមព្រះគុណម្ចាស់ មេត្ដាពិចារណា ដោយអនុគ្រោះ ហើយដោយផ្ដល់សិទ្ធិនេះទៅឲ្យព្រះចៅអធិការ ធ្វើកិច្ចការងារនេះដោយផ្ទាល់ ព្រោះព្រះមេគណ ព្រះអនុគណមិនអាចទៅគ្រប់គ្រងបានតាមវត្ដនីមួយៗនោះ ដោយសារព្រះមេគណ ព្រះអនុគណ ក៏ជាព្រះចៅអធិការតាមវត្ដដែរ ដែលត្រូវការចង្ហាន់ធ្វើបុណ្យនៅក្នុងពេលនេះ។
ខ្ញុំព្រះករុណាខ្ញុំពិតជាបារម្ភចំពោះអ្វីដែលអាចកើតឡើងដល់អាក្រក់ នៅពេលខាងមុខនេះ។
សូមអរព្រះគុណ សូមអរគុណ!