FN ៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨ ដែលមានទុនវិនិយោគសរុបចំនួន ៧១.៤លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។
ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។
២៖ ក្រុមហ៊ុន SORTICS ALLIANCE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៦កន្លែង។
៣៖ ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។
៤៖ ក្រុមហ៊ុន REMSTEX FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩២៩កន្លែង។
៥៖ ក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨៥០កន្លែង។
៦៖ ក្រុមហ៊ុន NEW WIDE APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិតម៉ាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៧០០កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន CATHAYA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។
២៖ ក្រុមហ៊ុន CK SPORTS CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕