ព្រឹកថ្ងៃអង្គារ៍ ទី ០៨ ខែ មិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ៥០ ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន ៥០ ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន ១ លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។
វ៉ាក់សាំង ១ លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី ៦ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី ១ មានចំនួន ១,៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែ មីនា, ជើងទី ២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែ មេសា, ជើងទី ៣ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី ១១ ខែឧសភា, ជើងទី ៤ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់ថ្ងៃទី ១៦ ខែ ឧសភា និងជើងទី ៥ មានចំនួន ១ លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ ខែឧសភា។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ គិតពីត្រឹមថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២១ មកដល់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦ លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើង ប្រមាណ ១៣ លាននាក់ (ដែល)ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦ លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤,៥ លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ ២០២១ នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕