ផ្ញើជូន សម្ដេច ឯកឧត្តម លោកជំទាវ តាមស្ថាប័ន ក៏ដូចជាតាមខេត្តនានា
កន្លងទៅ គឺមានការស្នើសុំមកខ្ញុំជាបន្តបន្ទាប់ (អំពី)ការចាក់វ៉ាក់សាំងនៅតាមខេត្ត ឬតាមក្រសួង ដែលម្សិលមិញនេះ ក្រៅពីក្រសួង ក៏មានការស្នើសុំចាក់តាមវិស័យនៅខេត្តនេះ ឬខេត្តនោះ ដូចជាវិស័យទេសចរជាដើម ហើយក៏មានក្រុមហ៊ុនក៏បានស្នើសុំឱ្យចាក់នៅតាមក្រុមហ៊ុនរបស់ខ្លួន។ ខ្ញុំសុំយកឱកាសនេះដើម្បីជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ ជាពិសេសគឺលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ឱ្យបានដឹងថា យើងបានដាក់ចេញនូវផែនការមេដែលជាយុទ្ធសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុង(រួចពង្រីក)ទៅក្រៅ។ ខ្ញុំសុំបញ្ជាក់ជូនទៅ សម្ដេច ឯកឧត្តម លោកជំទាវ បណ្ដាស្ថាប័នក៏ដូចជាអភិបាលរាជធានីខេត្តឱ្យបានជ្រាប យើងមិនអាចប្រើវ៉ាក់សាំងទៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ។ បើធ្វើយ៉ាងដូច្នេះ យើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ។
ឧទាហរណ៍ ឯកឧត្តម ថោង ខុន លើកសំណូមពរពីការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើវិស័យទេសចរណ៍នៅតំបន់នេះប៉ុន្មានពាន់នាក់ តំបន់នោះប៉ុន្មានពាន់នាក់។ ធ្វើយ៉ាងដូច្នេះ វាមិនគ្រប់គ្រាន់ទេ ដោយសារតែ(ក្នុងចំនួន)មនុស្សរាប់សិបម៉ឺននាក់ យើងចាក់បានត្រឹមតែ ៤ ពាន់នាក់ ទៅ ៥ ពាន់នាក់។ (ដូចនេះ) គ្មានផលប្រយោជន៍ទេ។ ដូច្នេះហើយ បានជាយើងរៀបចំយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ដើម្បីឱ្យវាមានភាពស៊ាំ ដែលយើងចាក់ស្រោចនៅគ្រប់ទីកន្លែង ដែលយើងផ្ដល់អាទិភាព។ ដូចជា ឥឡូវនេះវ៉ាក់សាំងត្រូវតែចាក់នៅទីក្រុងភ្នំពេញមុន ដែលយើងបាន និងកំពុងធ្វើយុទ្ធនាការចាក់ ដែលរហូតមកដល់ពេលនេះ ប្រមាណជាជាង១ លាននាក់ហើយ។ អញ្ចឹង ការចាក់នៅរាជធានីភ្នំពេញគឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ បន្ទាប់ទៅគឺបណ្ដាទីប្រជុំជននៅក្នុងខេត្តកណ្ដាល។ បន្ទាប់ទៅ (ទើប)បានយើងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីប្រជុំជនទីរួមខេត្ត ទីប្រជុំជន និងតំបន់រោងចក្រដែលមានកម្មករកកកុញ។ (ក្នុងចំណោម)កម្មករនេះទៀតសោត យើងមិនអាចយកទៅចាក់កម្មករ ៤ ម៉ឺនទៅ ៥ ម៉ឺននាក់ ក្នុង(ពេលដែល)ខេត្តនោះមានប្រជាជនជាង ១ លាននាក់នោះទេ។ អញ្ចឹង នៅពេលដែលយើងចុះទៅ យើងចុះទៅស្រោច ឬចាក់ទាំងស្រុងតែម្ដង។ បើមិនបានទូទាំងជនបទទេ ក៏យើងប្រមូលផ្ដុំចាក់នៅតាមទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ។ និយាយរួមគឺ ចាក់(វ៉ាក់សាំង)នៅកន្លែងដែលមានមនុស្សរស់នៅកកកុញជាមុន។
ធ្វើយ៉ាងដូច្នេះទើបមានភាពស៊ាំក្នុងសហគមន៍ ដែល(យើងនឹង)មានអ្នកចាក់វ៉ាក់សាំងបានច្រើន។ តាមការប៉ាន់ស្មាន ចំនួនតួលេខមនុស្សដែល(ត្រូវចាក់វ៉ាក់សាំង)មានអាយុលើសពី ១៨ ឆ្នាំ គឺមានជាង ១០ លាននាក់បន្តិច ដែលយើង(កំពុងស្វែងសំរេចអោយមាន)។ យោងតាមការប៉ាន់ស្មាន (ដោយដកចេញនូវចំនួនអ្នក)ដែលគ្រូពេទ្យហាមឃាត់មិនឱ្យចាក់ (ចំនួន)អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានមានប្រហែល ១០ លាននាក់។ មកដល់ពេលនេះ យើងចាក់បាន ២ លាន ៤ សែន ៦ ម៉ឺននាក់ជាង។ ថ្ងៃនេះសង្ឃឹមថា(តួលេខអ្នក)ទទួលបានវ៉ាក់សាំងនឹងឡើងទៅដល់ ២ លាន ៥ សែននាក់។ អញ្ចឹង បើយោងទៅលើតួលេខ(ប៉ាន់ប្រមាណ)ចំនួនមនុស្ស ១០ លាននាក់ តម្រូវការដំបូងរបស់យើងសម្រាប់អ្នកនៅទីក្រុងភ្នំពេញ បណ្ដាទីប្រជុំជននៃខេត្តកណ្ដាល និងបណ្ដាទីរួមខេត្ត ទីប្រជុំជន និងតំបន់កម្មករ យើងអាចចាត់ទុកថា ក្នុងចន្លោះ ៥ ទៅ ៦ លាននាក់ គឺជាចំណុចអាទិភាពនៃការផ្ដល់ទៅតាមដំណាក់កាលៗ តាមចំនួនវ៉ាក់សាំងដែលយើងមាន។
ដូច្នេះ ចាប់ពីពេលនេះតទៅ ខ្ញុំសូមស្នើឱ្យសម្ដេច ឯកឧត្ដម លោកជំទាវ ដែលជារដ្ឋមន្រ្តីតាមស្ថាប័ននានា និងអភិបាលរាជធានីខេត្ត បញ្ឈប់នូវការស្នើសុំមកខ្ញុំទៅលើការចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិច។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំង ហើយខ្ញុំនឹងចង្អុលការរឿងនេះ និងពិភាក្សាជាមួយនឹងលោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីរាជធានីភ្នំពេញហើយ ខេត្តកណ្ដាល តើយើងត្រូវតម្រង់ឆ្ពោះទៅកន្លែងណា? ឱ្យអាទិភាពទៅកន្លែងណា? ទៅតាមសង្វាក់នៃដំណើររបស់យើង។ យើងមិនអាចចាក់នៅកន្លែងនេះបន្តិចកន្លែងនោះបន្តិច ដែលទីបំផុតមិនធ្វើឱ្យវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាព(នោះទេ) ព្រោះថាចំនួនមនុស្សដែលចាក់វ៉ាក់សាំងមានចំនួនតិចជាង អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ ឥឡូវនេះ ទីក្រុងភ្នំពេញអាចចាត់ទុកថា មនុស្សប្រមាណជា ៥០% ទៅ ៦០% ឬលើសពីហ្នឹងផង បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ។ ដូច្នេះ ភាពស៊ាំនៅទីក្រុងភ្នំពេញ វានឹងបន្ថយបាននូវការឆ្លង ហើយប្រសិនបើឆ្លង វានឹងកាត់បន្ថយនូវការស្លាប់។ យើងធ្វើបែបនេះ គឺជាជម្រើសតែមួយគត់ ក្នុងពេលដែលយើងអត់មានវ៉ាក់សាំង។ បើយើងអត់មានវ៉ាក់សាំងហើយ យើងចែកទៅនេះបន្តិច ទៅនោះបន្តិច ភាពស៊ាំមិនអាចកើតមាននៅក្នុងសហគមន៍របស់យើងបានទេ។
ដូច្នេះ ខ្ញុំសូមស្នើ ណែនាំសាជាថ្មីម្ដងទៀត សម្រាប់សម្ដេច ឯកឧត្ដម លោកជំទាវ ដែលជាប្រធានស្ថាប័ន ក៏ដូចជាខេត្ត ហើយតាមស្ថាប័ន តាមក្រុមហ៊ុនក៏ដូចគ្នាដែរ និងតាមខេត្ត មិនចាំបាច់ស្នើសុំថា ចាក់ឱ្យរោងចក្រខ្លួននៅកន្លែងនេះ ក្រុមហ៊ុនខ្លួននៅកន្លែងនោះទេ ដោយសារតែយើងទៅចាក់នៅកន្លែងណា កម្មករ/ការនីនៅកន្លែងនោះត្រូវចាក់នៅក្នុងសង្កាត់ ឬខណ្ឌ ឬក្នុងភូមិរបស់ខ្លួន នៅក្នុងតំបន់ដែលការចុះចាក់វ៉ាក់សាំង លើកលែងតែមានករណីចាំបាច់ ដែលយើងកំណត់ចាក់នៅក្នុងរោងចក្រតែម្ដង ទៅតាមការកំណត់របស់គណៈកម្មការ និងអនុកម្មការចំពោះកិច្ច ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
ដូច្នេះ យើងមិនចាំបាច់សុំដាច់ដោយឡែកសម្រាប់ចាក់ឱ្យសមាជិកកម្មករ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ខ្លួនទេ។ ណែនាំឱ្យកម្មករបុគ្គលិកនៅក្នុងក្រុមហ៊ុននោះ គឺចុះឈ្មោះចាក់វ៉ាក់សាំងនៅទីតាំងដែលនៅកៀកបំផុត យើងនឹងចាក់នៅពេលដែលយើងចុះចាក់ ហើយយើងមិនទុកឱ្យអ្នកណាម្នាក់ នៅតាមតំបន់ដែលយើងនឹងទៅដល់ អត់វ៉ាក់សាំងនោះទេ ដែលជាផ្នែកមួយសំខាន់នៃការធ្វើសកម្មភាពចាក់វ៉ាក់សាំងនៅក្នុងផែនការវ៉ាក់សាំង ហើយនឹងធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព ត្រូវតែទទួលយល់ដឹងថា ចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារការឆ្លង ការស្លាប់សំរាប់ប្រជាជន។
ដូច្នេះ (ក្នុងគោលដៅ)ចាក់វ៉ាក់សាំងដើម្បីប្រសិទ្ធភាពនៃការការពារនោះ យើងត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ កុំមើលតែផ្នែកមួយៗ។ យើងមើលស្ថានភាពទូទៅរបស់ប្រជាជន នៅក្នុងផ្ទះមួយ បើអ្នកមានមនុស្ស ៥ នាក់ ចាក់វ៉ាក់សាំងមានតែ ២ នាក់ ក៏គ្មានប្រយោជន៍ដែរ។ ដូច្នេះ បើចាក់វ៉ាក់សាំងផ្ទះហ្នឹង ហើយបើមាន ៥ នាក់ ត្រូវចាក់ឱ្យបាន ៥ នាក់ លើកលែងតែគ្រូពេទ្យពិនិត្យឃើញថា អ្នកនោះមិនអាចចាក់វ៉ាក់សាំងបាន ទើបអនុញ្ញាត ដែលយើងអាចនឹងមានកាត(បញ្ជាក់)ដោយឡែកមួយទៀត។
យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោង វ៉ាក់សាំងប្រមាណជា ៤ លាន ៥ សែនដូសទៀត នឹងមកដល់ក្នុងខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់គឺក្នុង ៥ ទៅ ៦ លាននាក់ ក្នុងចំណោម ១០ លាននាក់ មុននឹងដំណាច់ឆ្នាំនេះ។ យើងនឹងខិតខំដើម្បីធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០ លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុតនៅដើមឆ្នាំក្រោយ ដើម្បីឱ្យប្រជាជនរបស់យើងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា។ សុំអំពាវនាវចំពោះបងប្អូនជនរួមជាតិ សូមមេត្តាយោគយល់ ដែលមានការតាំងជាសំណួរថា ខ្ញុំបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ ប៉ុន្តែមិនទាន់បានទទួលដំណឹងពីអាជ្ញាធរ? នេះគឺជាសំណួរមកតាមហ្វេសប៊ុកពីបណ្តាខេត្ត ជាពិសេស ខេត្តព្រះសីហនុ ដែលខ្ញុំបានឆ្លើយតបត្រឡប់ទៅវិញថា “យើងនឹងទៅដល់ ហើយមូលហេតុដែលមិនអាចទទួលបានវ៉ាក់សាំងនៅក្នុងពេលនេះ មកពីយើងខ្វះវ៉ាក់សាំង”។ គឺខ្ញុំបានឆ្លើយតប។ សុំបងប្អូនយោគយល់អធ្យាស្រ័យ នៅក្នុងពេលវេលានេះត្រូវប្រើប្រាស់នូវ ៣ ការពារ ៣ កុំ។ ការពារខ្លួនឱ្យខាងតែបានសិន ទម្រាំបានវ៉ាក់សាំងទៅដល់។ បើទោះជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច ៣ ការពារ និង ៣ កុំ ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើវ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ-១៩ ផង។ សូមអរគុណ៕