- ឯកឧត្តម លី ប៉ោទុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី;
- ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំប្រទេសទំាងអស់
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាបូអាវ សម្រាប់អាស៊ី ក្រោមប្រធានបទ «ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាល កិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» ។ ខ្ញុំក៏សូមអបអរសាទរចំពោះ ខួបគម្រប់ ២០ ឆ្នាំនៃការបង្កើតវេទិកា ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបរិស្ថាន ។
បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណសកល និងការអភិវឌ្ឍជារួម ។ ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់មិនមានសុវត្ថិភាព ។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ និងតួនាទីឈានមុខក្នុងការផ្តល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន ។ ឆ្លៀតក្នុងឱកាសនេះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២,៨ លានដូស ដល់កម្ពុជា ដែលក្នុងនោះ ចំនួន ១,៣ លានដូស ជាជំនួយមនុស្សធម៌ ។
-ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្រៅពីជំងឺរាតត្បាតកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនទៀត ដែលបណ្តាល មកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿននៅលើឆាកនយោបាយក្នុងតំបន់ ។ ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល ។
កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង ។ ក្នុងបរិការណ៍នេះ ប្រទេសនីមួយៗគួរតែ ដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ ។ ប្រទេសរបស់ខ្ញុំ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ បានជ្រើសយកមូលបទ «ពង្រឹងពហុ-ភាគីនិយមដើម្បីកំណើនរួមគ្នា» ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ដៃគូអាស៊ី-អឺរ៉ុបទាំងអស់ ដែលមិនត្រឹមតែជំរុញភាពជាដៃគូ ASEM សម្រាប់ផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់អភិបាលកិច្ចសកលសំដៅពង្រឹងប្រព័ន្ធពហុភាគីនិយម ប្រយុទ្ធ- ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។
លើសពីនេះទៀត ខ្ញុំមានចក្ខុវិស័យអំពីការពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានសមត្ថភាពក្នុងការនាំមកនូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដើម្បីចូលរួមចំណែកដល់ដំណើរការស្តារឡើងវិញ ។ សន្ទុះវិជ្ជមានដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តភាពវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភា្ជប់រវាងប្រជាជន និងប្រជាជន ។ ខណៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វហេតុសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរឱ្យសន្និសីទប្រចាំឆ្នាំ ២០២១ នេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ។
សូមអរគុណ!