ខ្ញុំសូមផ្ញើជូនសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន, ឯកឧត្តម លោកជំទាវ អភិ បាលខេត្ត រាជធានីខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ!
ទោះបីថ្ងៃនេះខ្ញុំមានសម្លេងស្អកបន្តិច បន្ទាប់ពីការហាត់ប្រាណពេលល្ងាចក៏ដោយ តែខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការស៊ីវិល គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ទាំងអស់ឲ្យបានជ្រាបថា ដំណើរការចាក់វ៉ាក់សាំងកំពុងតែបាននិងកំពុងធ្វើទៅលើកងកម្លាំងប្រដាប់អាវុធ និងធ្វើទៅលើមន្ត្រីរាជការស៊ីវិល នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងយុទ្ធពលខេមរភូមិន្ទ (ត្រូវ)បានដឹកនាំ និងបញ្ជាផ្ទាល់ក្នុងដំណើរការចាក់វ៉ាក់សាំង នៅទូទាំងកងទ័ព ដោយសម្តេចពិជ័យសេនា ទៀ បាញ់។ ឯលទ្ធផលមកដល់ពេលនេះ កងទ័ពស្ទើរតែ ១០០% ទៅហើយ ដែលបានចាក់វ៉ាក់សាំងដូសទី ១ ហើយប្រហែលជាជិត ៧០% ទៅ ៨០% ទៅហើយ ដែលបានទទួលនូវដូសទី ២។ កម្លាំងនគរបាលរបស់យើងមួយចំនួន ក៏ត្រូវបានចាក់ទៅដោយកងទ័ព និងមួយចំនួនទៀត ទៅបានចាក់ដោយស៊ីវិល។ កន្លងមកថ្មីៗនេះ យើងដំណើរការចាក់វ៉ាក់សាំងសម្រាប់មន្ត្រីរាជការនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ យើងបានឃើញមនុស្ស ២ ប្រភេទបានកើតចេញ។ ប្រភេទទី ១ គឺអ្នកចង់បានចាក់វ៉ាក់សាំងយ៉ាងឆាប់ តាមដែលអាចធ្វើទៅបាន ដោយមានកង្វល់ខ្លាចអត់វ៉ាក់សាំងចាក់។ នេះគឺជាការលើកទឹកចិត្តមួយ។ ខ្ញុំទទួលបាននូវព័ត៌មានទាក់ទិនទៅនឹងការចង់បានវ៉ាក់សាំងចាក់អំពីមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង។ ប៉ុន្តែក៏នៅលេចឡើងនូវប្រភេទមន្ត្រីទី ២ ដែលគេចវេះពីការចាក់វ៉ាក់សាំងតែម្តង។
ខ្ញុំសុំបញ្ជាក់ជូនថា ពិតមែនតែវ៉ាក់សាំងគឺចាក់លើគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះគឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់។ ខ្ញុំសុំជម្រាបជូន ខ្ញុំមិនចង់ឲ្យដល់ដំណាក់កាល ដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ។ ខ្ញុំសុំបញ្ជាក់ជូនមន្ត្រីរាជការដែលមិនចង់ចាក់វ៉ាក់សាំងឲ្យបានជ្រាបថា នៅពេលណាដែលគ្រប់ស្ថាប័នចាក់បានពី ៧០% ឡើងលើ មន្ត្រីដែលមិនចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការបានទេ។ សុំដេកផ្ទះចុះ។ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនចាំបាច់ឲ្យប្រធានស្ថាប័នអញ្ជើញចូលរួមប្រជុំដែរ។ ព្រោះ(ថា បើ) គ្រាន់តែវ៉ាក់សាំងការពារជីវិតខ្លួនឯង និងចូលរួមប្រយុទ្ធនឹង Covid-19 ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលីស ឬក៏ជាមន្ត្រីរាជការធ្វើអ្វីតទៅទៀត។ គ្មានការចាំបាច់ទេ។
ខ្ញុំសុំបញ្ជាក់ជូន ដើម្បីកុំឲ្យហួសពេល។ វ៉ាក់សាំងមិនមែនជាទំនិញដែលរើសតាមផ្សារ តាមឱសថស្ថានបានទេ។ ខុសគ្នាពីថ្នាំពេទ្យនានា ដែលមានលក់នៅតាមឱសថស្ថាន។ ឥឡូវនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ចាក់(វ៉ាក់សាំង)ឲ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ទាន់មានវ៉ាក់សាំងចាក់ សុំអញ្ជើញមកចាក់។ ប្រសិនបើពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយលោក/លោកស្រី ឬឯកឧត្តម/លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាសចូលទៅកាន់ក្រសួងទៀតដែរ ព្រោះថាអ្នកនៅក្នុងក្រសួងគេខ្លាចការឆ្លងរោគ ពីឯកឧត្តម/លោកជំទាវ នាងកញ្ញា ដែលជាមន្ដ្រីមិនបានចាក់វ៉ាក់សាំងនោះឯង។ ខ្ញុំសូមស្នើឲ្យក្រសួង ដូចជារដ្ឋមន្រ្ដី គ្រប់គ្រងពិនិត្យមើលចលនាមន្ដ្រីក្រោមឱវាទរបស់ខ្លួន។ កងទ័ពក៏ដូចគ្នា។ ប៉ុន្ដែ កងទ័ព បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យដោយផ្ទាល់ (កងទ័ព)បានចាក់ជាទូទៅ (ប៉ុន្ដែ)មានករណីលើកលែងខ្លះជាករណីពេទ្យមិនឲ្យចាក់តែម្ដង ដោយមានការហាមឃាត់នៅក្នុងបញ្ញត្ដិវ៉ាក់សាំងទាំងនោះ។ ជាទូទៅកងទ័ពចាក់បានច្រើនដោយសារការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចពិជ័យសេនា ទៀ បាញ់។
មានក្រសួងមួយគឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី បែរជាចាក់វ៉ាក់សាំងលើសចំនួន ដោយសារតែ(បានផ្តល់ដល់ទៅ)មន្ដ្រីជាប់កិច្ចសន្យា អ្នកថែសួន បុគ្គលិកអនាម័យ ក៏មកសុំចាក់វ៉ាក់សាំងដែរ។ នេះជាការលើកទឹកចិត្តដ៏អស្ចារ្យមួយ ដែលខ្ញុំមានការស្ងើចសរសើរ។ ឯកឧត្តម ជា សុផារ៉ា មានការព្រួយបារម្ភថាការចាក់វ៉ាក់សាំង(នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)លើសចំនួន។ តែខ្ញុំបានប្រាប់ថានេះជាកាយវិការដ៏ល្អ (ដែល)សូម្បីតែអ្នកថែសួន អ្នកអនាម័យនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ក៏ត្រូវបាន(អនុញ្ញាតអោយ)ចាក់។ ខ្ញុំសូមឲ្យក្រសួងស្ថាប័ន រដ្ឋមន្ដ្រីនានា សូមបូកសរុបមន្ដ្រីរបស់ខ្លួនបានប៉ុន្មានភាគរយដែលបានចាក់រួចហើយៗ នៅសល់ប៉ុន្មានអ្នកដែលមិនបានចាក់ … អ្នកដែលមិនទាន់បានចាក់ គប្បីកុំឲ្យចូលមកក្រសួង ដែលអាចនាំជំងឺចូលមកក្រសួង … ចាំគាត់ចាក់វ៉ាក់សាំងហើយសិនក៏មិនទាន់យឺតពេល។
ខ្ញុំគិតថាពុំមានពេលដើម្បីបញ្ជូនវ៉ាក់សាំងឲ្យថែមទេ (ដោយសារ)យើងត្រូវការបញ្ជូនវ៉ាក់សាំងឲ្យទៅកន្លែងផ្សេង ជាពិសេសចាក់ជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាល ឲ្យបានមុនគេដើម្បីធានាឲ្យបានភាពស៊ាំទៅនឹងជំងឺនានា ដែលខ្ញុំបានចេញបទបញ្ជាពីល្ងាច។ អាជ្ញាធរថ្នាក់ខេត្ត ជាពិសេសអភិបាលខេត្ដ អភិបាលស្រុកត្រូវតែពិនិត្យចំពោះមន្ដ្រីក្រោមឱវាទ គ្រប់បណ្ដាមន្ទីរជុំវិញខេត្តត្រូវតែត្រួតពិនិត្យថា មន្ដ្រីណាខ្លះបានចាក់ និងណាខ្លះមិនបានចាក់ ដើម្បីចៀសវាងការគេចវេះ(ពីការចាក់)វ៉ាក់សាំង ហើយដែលការគេចវេះមិនត្រឹមតែបំផ្លាញជីវិតពួកគាត់ទេ តែបានចូលរួមចំណែកបំផ្លាញជីវិតអ្នកដទៃនៅតាមស្ថាប័នដែលខ្លួនធ្វើការនៅក្នុងករណីដែលមានការខកខាន ដោយចេតនា មិនបានចាក់វ៉ាក់សាំង … សូម្បីតែមន្ដ្រីរាជការដែលត្រូវជ្រើសរើសថ្មី មន្ដ្រីកិច្ចសន្យា គឺត្រូវមានលក្ខខណ្ឌមួយតម្រូវជាចំាបាច់ចាក់វ៉ាក់សាំងរួចហើយ ទើបអនុញ្ញាតឲ្យចូលក្របខណ្ឌ ឬប្រឡងចូលក្របខណ្ឌ។ បើមិនដូចនេះទេ វ៉ាក់សាំងដែលតម្រូវឲ្យចាក់ក្នុងរង្វង់ពី ១០ ទៅ ១៣ លាន នាក់ នឹងក្លាយជាអត់ន័យដោយសារមនុស្សមួយចំនួនមិនទទួលយក។ យើងសុខចិត្តឲ្យគាត់នៅផ្ទះ ឲ្យពួកគាត់ចាកចេញពីការងារ ហើយជ្រើសរើសមន្ដ្រីថ្មីចូលធ្វើការជំនួសវិញ។ នេះជាបញ្ហាសុខភាពសាធារណៈ។ បញ្ហាស័្មគ្រចិត្តជាបញ្ហាមួយហើយ ប៉ុន្ដែយើងត្រូវគិតពីផលប្រយោជន៍រួមរបស់ជាតិ អំពីសុខភាពសាធារណៈ លើកលែងតែករណីមួយគត់គឺគ្រូពេទ្យបញ្ជាក់ថាបុគ្គលនេះមិនអាចចាក់វ៉ាក់សាំងបានទេ។ ការបញ្ជាក់នេះទៀតសោត ចៀសវាងការគប់គិតរវាងគ្រូពេទ្យជាមួយនឹងអ្នកមិនចាក់វ៉ាក់សាំង។ ដូច្នេះ មន្រ្តីថ្នាក់ខេត្តត្រូវមានការបញ្ជាក់អំពីមន្ទីរសុខាភិបាលរបស់ខេត្តតែម្តង ទើបអាចជឿជាក់បានថាគ្មានការស៊ុមគ្រលុំអំពីការចាក់វ៉ាក់សាំង។ ឯនៅទីក្រុងភ្នំពេញនេះក៏ដូចគ្នាដែរគឺគប្បីត្រូវមានការបញ្ជាក់អំពីទីកន្លែងណាជាក់លាក់ ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបញ្ជាក់ជូនមន្រ្តីរាជការស៊ីវិលនៅថ្នាក់ជាតិទាំងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នធម្មនុញ្ញផ្សេងទៀតដូចជាក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងមានក្រសួងព្រះបរមរាជវាំងផងដែរ។ ត្រូវមានការបញ្ជាក់គ្មានការគប់គិតណាមួយចេញលិខិតបញ្ជាក់ថាមិនអាចចាក់វ៉ាក់សាំងបានពីគ្រូពេទ្យណាម្នាក់ដែលអាចទទួលយកជាការបានទេ។
យើងនឹងគិតបន្តពេលខាងមុខ បើអាចគឺយើងក្រៅពីការដែលមាន ដែលផ្តល់ដោយខាងផ្នែកសុខាភិបាល ខាងចាក់វ៉ាក់សាំងយើងអាចមានផ្លាកសញ្ញាដើម្បីបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំងក្នុងកន្លែងធ្វើការនីមួយៗ ដែលចេញដោយក្រសួងសាមីនោះតែម្តង ដើម្បីបញ្ជាក់ថាបុគ្គលនេះត្រូវបានចាក់វ៉ាក់សាំង បុគ្គលនោះមិនទាន់បានចាក់វ៉ាក់សាំង។ បញ្ហាដែលខ្ញុំចង់និយាយនេះមិនមែនរើសអើងរវាងអ្នកចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់វ៉ាក់សាំងទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះគឺចង់សំដៅធ្វើឲ្យទាំងអស់គ្នារួចចំណែកដើម្បីទប់ស្កាត់កូវីដ-១៩ ហើយមិនត្រូវឲ្យអ្នកណាមួយគឺអន្តរាយខ្លួនដោយមិនបានធ្វើការដាស់តឿននោះទេ។ យើងគ្មានការចាំបាច់ធ្វើការរើសអើងរវាងគ្នានិងគ្នាទេ ក៏ប៉ុន្តែការរើសអើងរបស់យើងគឺធ្វើចំពោះកូវីដ–១៩ តែប៉ុណ្ណោះ។ ដូច្នេះបុគ្គលដែលមិនបានទទួលវ៉ាក់សាំងជាបុគ្គលដែលងាយទទួលកូវីដ–១៩។ ដូច្នេះច្បាស់ជាយើងរើសអើងជាមួយកូវីដ–១៩ ទៅវិញទេ។
ដូច្នេះហើយ ខ្ញុំសូមអំពាវនាវ ហើយសូមបញ្ជាក់ឲ្យបានច្បាស់ថាអ្នកដែលមានចេតនាគេចវេះមិនទទួលវ៉ាក់សាំងគឺជាអ្នកអាចនឹងងាយបាត់បង់ការងារធ្វើទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្រ្តីរាជការស៊ីវិលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងមន្រ្តីជាប់កិច្ចសន្យាដែលពេលនេះយុទ្ធនាការនៃការចាក់វ៉ាក់សាំងកំពុងប្រព្រឹត្តទៅមិនទាន់ហួសពេលទេ។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាមន្រ្តីរាជការស៊ីវិល ជាកងកម្លាំងប្រដាប់អាវុធដែលមិនទាន់បានចាក់វ៉ាក់សាំងស្វះស្វែងទៅរកវ៉ាក់សាំងចាក់ដើម្បីការពារជីវិតរបស់ខ្លួន និងការពារនូវការងាររបស់ខ្លួនផងដែរ។
ខ្ញុំសូមបញ្ជាក់សាជាថ្មីថា នេះមិនមែនជាការជំរុញការរើសអើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ ក៏ប៉ុន្តែនេះជាការដាស់តឿនដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ សម្រាប់សាមីខ្លួនផង និងសម្រាប់អង្គភាពដែលត្រូវធ្វើការផង … ច្បាស់ណាស់ការគេចវេះនោះ នឹងគេចក្រសួងជារៀងរហូតដែលមិនអាចចូលក្រសួងបាន ហើយរដ្ឋមន្រ្តីនីមួយៗត្រូវទទួលចំពោះមុខនាយករដ្ឋមន្រ្តី ហើយសុំរាយការណ៍ទៅក្រសួងមុខងារសារធារណៈ។ ក្រសួងមុខងារសារធារណៈត្រូវតែធ្វើការបូកសរុបអំពីចំនួនមន្រ្តីដែលបានចាក់វ៉ាក់សាំងរួចហើយជូនមកចំពោះនាយករដ្ឋមន្រ្តីដើម្បីគ្រប់គ្រងជាព័ត៌មាន សម្រាប់ការធ្វើជំរឿន ធ្វើបច្ចុប្បន្នភាព និងស្វះស្វែងរកវ៉ាក់សាំងដើម្បីការចាក់បន្តទៀតនៅពេលក្រោយ។ សូមអរគុណ ហើយសង្ឃឹមថាសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហានក៏ដូចជាមន្រ្តីរាជការទាំងអស់ចូលរួមទាំងអស់គ្នាទទួលវ៉ាក់សាំង។ វ៉ាក់សាំងមិនមែនជាថ្នាំពុលទេ។ វាជាផ្នែកមួយនៃការការពារខ្លួន ហើយក៏ជាផ្នែកមួយនៃការការពាររួមនៃស្ថាប័ន និងសង្គមជាតិរបស់យើងផងដែរ ហើយចុងក្រោយវានឹងការពារឆ្នាំងបាយរបស់យើងតែម្តង។ អរគុណ៕