FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។
ការសម្រេចនេះ ធ្វើឡើងដើម្បីរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា ការបន្ធូរបន្ថយ ការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) រួមមាន៖
ទី១៖ សម្រាប់កម្ចីថ្មី៖
* ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២១។
* ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២២។
* ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញនៅឆ្នាំ២០២៣។
ទី២៖ សម្រាប់កម្ចីចាស់៖
* ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេស ដែលមាន DTA និងការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។
* ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភេទខាងក្រៅ និងខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ២០២២។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្រោមក្របខណ្ឌផែនការយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕