នៅថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងកិច្ចការនៅក្នុងតំបន់ផងដែរ។
ក្នុងជំនួបតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគំរូសម្រាប់ពិភពលោក។ លោក ណារិន្ទដ្រា ម៉ូឌី បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy) […] តាមរយៈវិស័យចំនួន ៤ គឺ (១) ការការពារសន្តិសុខមហាសមុទ្រឥណ្ឌា (២) សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ (៣) ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និង (៤) ការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។
ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៉ីជម្រៅថែមទៀត […] និងបន្តពង្រឹងសហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។
នៅក្នុងជំនួបនោះដែរ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានសម្របសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩។ សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី ១២ មិថុនា យន្តហោះមួយគ្រឿង នឹងដឹកប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន ៦០ នាក់ ពីប្រទេសឥណ្ឌាមកកម្ពុជាវិញ។ កាលពីថ្ងៃទី ១១ មិថុនា ប្រជាពលរដ្ឋឥណ្ឌាបានវិលត្រឡប់ទៅប្រទេសវិញ។ ការហោះហើរមួយជើងទៀត នឹងដឹកពលរដ្ឋឥណ្ឌា ២៨០ នាក់ ត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ ផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាលើដំណើរទៅមុខដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺកូវីដ១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន៕