FN ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល បានរកឃើញថ្នាំមួយប្រភេទទៀតហើយ ដែលមានឈ្មោះថា Primaquin ដែលមានសមត្ថភាពពិសេស អាចព្យាបាលអ្នលដែលមានជំងឺគ្រុនចាញ់ដោយទទួលបានប្រសិទ្ធភាពខ្ពស់ ថែមទាំងអាចបង្ការជំងឺគ្រុនចាញ់ មិនឱ្យឆ្លងរាលទៅមនុស្សដ៏ទៃទៀត តាមរយៈសត្វមូសផងដែរ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់លើវឌ្ឍនភាពការងារ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងមន្ត្រីបង្គោលគ្រប់គ្រងកម្មវិធីជាតិនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត អភិបាលរងខេត្តជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានកម្មវិធីគ្រុនចាញ់ខេត្តមកពី២១ខេត្ត ព្រមទាំងមន្ត្រីបង្គោលតំណាងអន្តរក្រសួងជាដៃគូ និងដៃគូអភិវឌ្ឍន៍ជាប់ពាក់ព័ន្ធទាំងអស់ផងដែរ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសុខាភិបាល និងមន្ត្រីសុខាភិបាលទាំងអស់ តែងតែបានខិតខំធ្វើតេស្ត រកអ្នកដែលមានមេរោគគ្រុនចាញ់ឱ្យបានច្រើន នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីពិនិត្យមើលប្រភេទនៃជំងឺគ្រុនចាញ់ ដោយបច្ចុប្បន្ននេះយើងមានឱសថថ្មីដែលមានឈ្មោះថា Primaquin ដែលមានប្រសិទ្ធភាពខ្ពស់សំរាប់សម្លាប់មេរោគប្រភេទ វីវ៉ាក់ ដែលត្រូវធ្វើការព្យាបាលដោយប្រើឱសថប្រភេទនេះរយៈ១៤ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ មកដល់ពេលនេះបានធ្វើឱ្យជំងឺគ្រុនចាញ់មានការធ្លាក់ចុះទាប ហើយក្នុងនោះដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះក្រសួងបាននឹងកំពុងធ្វើការសាងល្បងថ្នាំ Primaquin នេះចំនួន៤ខេត្តជាមុនសិន បើឃើញថានៅតែមានប្រសិទ្ធខ្ពស់ ក្រសួងនិងបន្តប្រើប្រាស់ឱសថប្រភេទនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ផែនការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ប្រភេទឲ្យបានតាមការកំណត់នៅឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមទៀតថា តាមការត្រួតពិនិត្យតាមដានជាប់ជាប្រចាំ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ (ម.គ.ច) បានផ្តោតការធ្វើអន្តរាគមន៍យ៉ាងខ្លាំងក្លា នៅតំបន់ដែលមានករណីជំងឺគ្រុនចាញ់ខ្ពស់ ដែលបច្ចុប្បន្នមាននៅក្នុងខេត្តចំនួន៧រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តរតនគិរី និងតេស្ត ការព្យាបាលជំងឺ ព្រមទាំងផ្តល់ប្រឹក្សាអប់រំសុខភាពពីជំងឺគ្រុនចាញ់ ដល់ប្រជាជនដែលនៅតំបន់រងគ្រោះទាំងនោះ ដែលជាលទ្ធផលចំនួនករណីធ្វើតេស្តជំងឺមានការកើនឡើង១៤៤% បើប្រៀបធៀបឆ្នាំ២០១៨ ផងដែរ៕