សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
ឯកឧត្តមរដ្ឋមន្ត្រីការងារនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូល រួមក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMVT កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
កាលពីមុននេះ យើងនិយាយត្រឹមតែពាក្យថា CLMV ប៉ុន្តែឥឡូវនេះ យើងមិនអាចបោះបង់ចោលមិត្តថៃ ដែលនៅក្នុងក្របខណ្ឌ ACMECS ជាមួយគ្នាផង មហាអនុតំបន់ជាមួយគ្នាផង ភូមិសាស្រ្តជាប់ជាមួយគ្នាផង។ ឥឡូវហ្នឹងឡើងដល់ CLMTV មិនមែនបានសេចក្តីថាចូលក្រោយបានជា T នៅក្រោយទេ ព្រោះធម្មតាវៀតណាម V នៅក្រោយគេ កាលណាតែប្រជុំគឺវៀតណាមតែងតែអានសុន្ទរកថាក្រោយគេ ព្រោះអាហ្នឹងលំដាប់អក្សរយ៉ាងម៉េច។ ប៉ុន្តែ នៅក្នុងចំណោមហ្នឹង កម្ពុជា(ដើមគេ)។ ក្នុងអាស៊ាន ប្រ៊ុយណេ គាត់មានអាទិភាពអក្សរ B ដល់កម្ពុជាបន្តមក C ដូច្នេះ លំដាប់ទី ២ នៅក្នុងចំណោមអាស៊ាន។
[ចប់សេចក្តីអធិប្បាយ]
ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីការងារ នៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមានលើទឹកដីខេត្តសៀមរាប ដែលជាតំបន់សម្បូរដោយបេតិកភ័ណ្ឌពិភពលោក ហើយក៏ជាទីក្រុងដ៏ស្តុកស្តម្ភ និងអច្ឆរិយៈ នៃឤណាចក្រខ្មែរនាសម័យអង្គរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរមានសមត្ថកិច្ចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី ៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ដ៏មានសារៈសំខាន់នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៃប្រទេសសមាជិក CLMTV ដែលបានផ្តល់ឱកាសការងារសមរម្យ ហើយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ស្របតាមសេចក្តីថ្លែងការណ៍ឤស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ ២០០៧ និងឯកច្ឆន្ទភាពឤស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឆ្នាំ ២០១៧។
បច្ចុប្បន្ន ការធ្វើទេសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយ ដែលកំពុងជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ កន្លងមក ការធ្វើទេសន្តរប្រវេសន៍ ការងារកើតឡើងតែរវាងប្រទេស ដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារមធ្យោបាយទទួលព័ត៌មានក្នុងពិភពលោក កាន់តែទំនើប និងសម្បូរបែប គួបផ្សំនឹងមធ្យោបាយធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែងាយស្រួល និងមានតម្លៃទាបជាងមុន ធ្វើឱ្យប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការធ្វើចំណាកស្រុកស្វែង រកឱកាសការងារនៅក្រៅប្រទេស។
ជាការពិត បណ្តាប្រទេស CLMTV តែងតែបានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍ តាមរយៈការអនុវត្តគោលនយោបាយការការពារ ការគោរពសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានឤស៊ាន និងលិខិតូបករណ៍អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គម គឺជាការអនុវត្តសិទ្ធិមនុស្ស។ ទន្ទឹមនេះ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៥ ក៏បានផ្តួចផ្តើមគិតគូរអំពី ចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ដើម្បីបង្កលទ្ធភាពឱ្យពលករនៅតែទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ទោះបីពួកគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយ ទៅកន្លែងមួយទៀត ឬពីប្រទេសមួយទៅប្រទេសមួយទៀតក៏ដោយ។ នេះគឺជាគោលបំណងរួមគ្នា នៃបណ្តាប្រទេស CLMTV ក៏ដូចជាសហគមន៍ឤស៊ាន និងបណ្តាប្រទេសនានាលើសកលលោកដែលបានអនុវត្តកន្លងមក។
ដូច្នេះ ក្នុងនាមជាសមាជិកនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារនៃប្រទេស CLMTV កម្ពុជាសូមគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសន៍កម្ពុជា ដែលទៅធ្វើការនៅបរទេស និងពលករទេសន្តរប្រវេសន៍បរទេស ដែលមកធ្វើការនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ កម្ពុជាបាន និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយប្រទេសមួយចំនួនក្នុងចំណោមប្រទេសជាមិត្តទាំង ៤ ដើម្បីរួមចំណែកអនុវត្តនូវសេចក្តីថ្លែងការណ៍ឤស៊ានទីក្រុងសេប៊ូ និងឯកច្ឆ័ន្ទភាពឤស៊ានទីក្រុងម៉ានីល ដែលជាគោលបំណងរួម នៃប្រទេស CLMTV ដែលបានឯកភាពគ្នា ពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គម ហើយទទួលបានជោគជ័យកន្លងមក។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
និន្នាការថ្មី សម្រួលដល់ការទទួល និងបញ្ជូនពលករទៅក្រៅប្រទេស
អនុញ្ញាតឱ្យខ្ញុំបានយកវេទិកានេះ ដើម្បីធ្វើការទាក់ទាញការចាប់អារម្មណ៍ទៅលើនិន្នាការថ្មីរបស់យើង។ កាលពីក្នុងដំណាក់កាលមុននេះ គឺការឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយគឺមិនមែនជាការងាយស្រួលទេ ជាពិសេសនៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់។ ក៏ប៉ុន្តែ បើទោះបីជានៅក្នុងដំណាក់កាល នៃសង្គ្រាមត្រជាក់ក៏ដោយចុះ ក៏ប៉ុន្តែ ខ្ញុំបានសង្កេតឃើញថា កាលពីពេលនោះនៅប្រទេសមួយចំនួន ក៏បានទទួលយកពលករពីប្រទេសមួយចំនួនផងដែរ។ ក្នុងនេះ វៀតណាមមានបទពិសោធន៍ក្នុងការបញ្ជូននូវពលករទៅកាន់អតីតសហភាពសូវៀត និងទៅកាន់បណ្តាប្រទេស នៃអឺរ៉ុបខាងកើត កាលពីពេលនោះ។ ប៉ុន្តែ សម្រាប់និន្នាការថ្មីរបស់យើងនេះ គឺដោយសារការធ្វើសមាហរណកម្មកាន់តែប្រសើរ នៅក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងនៅក្នុងក្របខណ្ឌដៃគូដទៃទៀត ជាមួយនឹងការទទួលព័ត៌មាន អំពីទីផ្សារការងារ និងមធ្យោបាយដឹកជញ្ជូនកាន់តែប្រសើរ និងកាន់តែលឿនជាងមុន។ ដូច្នេះធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានឱកាសដើម្បីស្វែងរកការងារធ្វើ។ បន្ថែមលើនោះយើងក៏ត្រូវឃើញថានិន្នាការ នៃមនុស្សចាស់ នៅក្នុងប្រទេសមួយចំនួនក៏បានកើតទៅជាស្ថានភាព ដែលអាចផ្តល់ការងារទៅឱ្យប្រទេសមួយចំនួន ដែលមានកម្លាំងពលកម្មវ័យក្មេង។ ឧទាហរណ៍ បច្ចុប្បន្ននេះ នៅក្នុងប្រទេសជប៉ុនចាប់ផ្តើមបង្កើតការងាយស្រួលសម្រាប់ការបញ្ជូនពលករទៅកាន់ប្រទេសជប៉ុនហើយ។ ទន្ទឹមនឹង កូរ៉េខាងត្បូង បានយកពលករយ៉ាងច្រើនទៅកាន់ទីនោះ។
ថៃទទួលពលករច្រើនជាងគេ តែក៏បញ្ជូនពលករថៃខ្លួនឯងទៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ផងដែរ
យើងកំពុងនិយាយគ្នានៅក្នុងក្របខណ្ឌ នៃប្រទេស ៥ ដែលអាចចាត់ទុកថា និយាយថា CLMTV ឬក៏ ACMECS វាក៏នៅតែប៉ុណ្ណឹង ឬក៏មហាអនុតំបន់ ថែមបានត្រឹមតែ ចិន និងធនាគារអភិវឌ្ឍន៍អាស៊ីមួយប៉ុណ្ណោះទៀតទេ។ ក៏ប៉ុន្តែ ឥឡូវយើងកំពុងពិភាក្សាគ្នានៅក្នុងក្របខណ្ឌប្រទេស ៥ តែនេះក៏ជាផ្នែកមួយ នៅក្នុងប្រតិបត្តិការ នៅក្នុងក្របខណ្ឌបណ្តាប្រទេសអាស៊ានរបស់យើង។ សម្រាប់ប្រទេសដែលខ្វះកម្លាំងពលកម្មពិតប្រាកដនៅក្នុងអាស៊ានរបស់យើង យើងពិនិត្យឃើញថា ប្រទេសដែលខ្វះកម្លាំងពលកម្មពិតប្រាកដគឺមានដូចជាត្រឹមតែ ៣ ប្រទេស ប៉ុណ្ណោះ គឺ ប៊្រុយណេ សាំងហ្កាពួរ និងម៉ាឡេស៊ី។ ប៉ុន្តែ សម្រាប់ប្រទេសក្រៅពីនោះ គឺមានកម្លាំងពលកម្ម សូម្បីតែថៃខ្លួនឯង ដែលកំពុងទទួលកម្លាំងពលករពីកម្ពុជា ពីមីយ៉ាន់ម៉ា និងពីឡាវ ប៉ុន្តែ ថៃបានបញ្ជូនពលករទៅកាន់ប្រទេសដទៃទៀត ដែលទទួលប្រាក់ឈ្នួលបានខ្ពស់ជាង។ នេះជាចរន្តធម្មតា។ សូម្បីតែនៅពេលដែលខ្ញុំជួបឯកឧត្តម នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ ទស្សនកិច្ច គាត់ក៏បានលើកឡើងអំពីចំនួនពលករ ដែលកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងនោះមានមួយផ្នែក ក៏មានពលកររបស់ថៃទៅធ្វើការនៅទីនោះផងដែរ។ ប៉ុន្តែ យ៉ាងណាក៏ដោយយើងត្រូវទទួលស្គាល់ថា នៅក្នុងចំណោមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម គឺប្រទេសថៃ គឺជាប្រទេសដែលទទួលយកពលករច្រើនចេញពីកម្ពុជា ចេញពីមីយ៉ាន់ម៉ា និងចេញពីឡាវ។ ដោយសារនៅទីនោះមានការងារ ហើយរឿងនេះមានចំណងទាក់ទងជាមួយគ្នា សូមកុំភ្លេចថា ប្រសិនបើ ឧទាហរណ៍ថា៖ ប្រទេសថៃ បណ្តេញនូវពលករប្រទេសទាំង ៣ នេះចេញ សេដ្ឋកិច្ចថៃអាចធ្លាក់ចុះឃិបតែម្តង ដោយសារតែពុំមានកម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងនោះ បានជាយើងស្វះស្វែងរកនូវកិច្ចសហប្រតិបត្តិការរួមគ្នា។
ខិតខំស្វះស្វែងរកការងារឱ្យពលរដ្ឋធ្វើ កែស្ថានភាពពលករដែលមិនស្របច្បាប់ ទៅជាស្របច្បាប់ បែរជាគេថាយើងបញ្ជូនប្រជាជនទៅស៊ីឈ្នួលគេ
មិនថាកម្ពុជាទេ តាមដែលខ្ញុំដឹងទាំង មីយ៉ាន់ម៉ា ទាំងឡាវ ទាំងកម្ពុជា គឺសុទ្ធតែធ្វើសហប្រតិបត្តិការជាមួយថៃ ពីស្ថានភាពពលករមិនស្របច្បាប់ ឱ្យទៅជាពលករដែលស្របច្បាប់។ ចំណុចនេះ ខ្ញុំគួរតែនិយាយឱ្យបានច្បាស់ សព្វថ្ងៃនេះ គឺខ្ញុំមិនដឹងថា តើប្រទេសអស់លោក ឯកឧត្តម លោកជំទាវ មាននិន្នាការបែបណាទេ ក៏ប៉ុន្តែ ចង្រៃអីនៅប្រទេសកម្ពុជានេះ ការដែលយើងស្វះស្វែងរកឱកាសការងារធ្វើនៅក្រៅប្រទេស ដូចជានៅ កូរ៉េខាងត្បូង ដូចជានៅជប៉ុន ដូចជានៅម៉ាឡេស៊ី ដូចជានៅ ថៃ នៅសាំងហ្កាពួរ ជាដើម បែរជាគេចាត់ទុកថា យើងបានបញ្ជូនមនុស្សទៅឱ្យទៅស៊ីឈ្នួលគេ ទៅធ្វើខ្ញុំគេ។ ក៏ប៉ុន្តែ សួរថា ឥឡូវ សូមយើងដាក់ជាសំណួរសួរទៅថា បើមិនធ្វើការទេ តើនរណាអាចរស់ទៅបាននោះ? ធ្វើការវាមានធ្វើការក្នុងប្រទេស និងធ្វើការវាមានធ្វើការនៅក្រៅប្រទេស។ ក៏ប៉ុន្តែ ពួកគេបានប្រែក្លាយបញ្ហាការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស វាទៅជារឿងថា យើងហ្នឹងមិនអាចដោះស្រាយបញ្ហាឱ្យប្រជាពលរដ្ឋខ្លួនឯងបាន ហើយឱ្យពលរដ្ឋខ្លួនឯងធ្វើចំណាកស្រុកទៅរកការងារធ្វើ។ ប៉ុន្តែ ផ្ទុយទៅវិញ អាការរកការងារធ្វើនេះ វាជាក្របខណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ហើយដែលមុនដំបូងយើងត្រូវឃើញថា ក្នុងក្របខណ្ឌអាស៊ានរបស់យើង គឺប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានពលករច្រើនជាងគេក្នុងការចេញទៅធ្វើការនៅក្រៅប្រទេស។
សេចក្តីសម្រេចទាំងពីរទាក់ទងនឹងពលករ ធ្វើនៅប្រទេសហ្វីលីពីនទាំងអស់
ដូច្នេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាចឃើញហើយថា សេចក្តីសម្រេចទាំងពីរលើកទៅលើបញ្ហាទាក់ទងនឹងពលករ គឺសម្រេចនៅក្នុងប្រទេសហ្វីលីពីនទាំងអស់។ (ឆ្នាំ) ២០០៧ នៅសេប៊ូ ខ្ញុំក៏មានវត្តមាននៅទីនោះ។ (ឆ្នាំ) ២០១៧ នៅម៉ានីឡា ខ្ញុំក៏មានវត្តមាននៅទីនោះ។ ខ្ញុំសូមរំលឹករឿងមួយ មិនមែនត្រឹមតែ(ឆ្នាំ) ២០០៧ នោះទេ ខ្ញុំនៅចាំបាន (គឺ)នៅឆ្នាំ ២០០៣, (ឆ្នាំ) ២០០២ កម្ពុជាចាប់ផ្តើមធ្វើប្រធានអាស៊ាន ធម្មតាធ្វើប្រធានអាស៊ាន ដែលខ្លួនចាប់ផ្តើមទទួលបន្តវេនកាលពីពេលនោះ គឺចាប់ទទួលពីចុងឆ្នាំ ២០០២ និងពេញមួយឆ្នាំ ២០០៣ ពេលនោះ មានកើតជំងឺសារកើតឡើង យើងក៏ចាប់ផ្តើមព្រមព្រៀងគ្នា ដើម្បីកោះប្រជុំបន្ទាន់ ហើយពេលនោះរដ្ឋាភិបាលថៃក៏បានធ្វើជាម្ចាស់ផ្ទះ ដោយសារតែកម្ពុជាជួបការលំបាក។ ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Goh Chok Tong ហើយពិភាក្សាតាមទូរស័ព្ទជាមួយនឹង ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅពេលនោះ។ ក៏មានការប្រជុំរវាងអាស៊ានជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន និងជាមួយរដ្ឋបាលហុងកុង។ ពេលនោះ លោក Tung Chee-hwa ធ្វើជានាយកប្រតិបត្តិទីក្រុងហុងកុង។
ចំណុចលើកឡើងនៅពេលនោះ មានការពិភាក្សាគ្នាត្រង់ទៅ/មក ត្រង់ថា ជំងឺសារដែលបានកើតឡើងនៅ ក្នុងប្រទេសណាមួយចំពោះអ្នកណាម្នាក់ ប្រទេសនោះត្រូវទទួលព្យាបាលឱ្យបានជា មុននឹងឱ្យមនុស្សនោះចេញផុតពីប្រទេស។ ប៉ុន្តែ លោកជំទាវ (Maria Gloria Macaraeg Macapagal-) Arroyo ពេលនោះជាប្រធានាធិបតីហ្វីលីពីន បានដាក់ ចេញនូវសំណើមួយទៀតថា ព្យាបាលជំងឺឱ្យជាហើយ (និង)រកការងារឱ្យធ្វើផង ព្រោះជនជាតិហ្វីលីពីនមកធ្វើការនៅម៉ាឡេស៊ីច្រើន។ អញ្ចឹងទេ ពេលនោះ ឯកឧត្តម (Tun Haji Abdullah bin Haji Ahmad) Badawi ធ្វើជាតំណាងរបស់ឯកឧត្តម មហាធៀ ឯកឧត្តម មហាធៀ មិនទាន់ចេញពីនាយករដ្ឋមន្ត្រីនៅពេលនោះទេ Badawi ជានាយករដ្ឋមន្ត្រីស្តីទីមកប្រជុំនៅពេលនោះ គឺបាននិយាយថា គ្រាន់តែព្យាបាលវាលំបាកណាស់ទៅហើយ ទម្រាំរកការងារធ្វើទៅទៀត។ អញ្ចឹងបានជាអាចរន្តការងារនេះ វាមិនមែនកើតមានទើបនឹងថ្មីថ្មោងនោះទេ. ក៏ប៉ុន្តែ ចម្លែកអីនៅកម្ពុជា បែរជាចាត់ទុកថា ពលករកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស គឺសុទ្ធតែជាអ្នកប្រឆាំង(រាជ)រដ្ឋាភិបាល ឬក៏ត្រូវ(រាជ)រដ្ឋាភិបាលបណ្តេញឱ្យទៅរកការងារធ្វើនៅក្រៅប្រទេស។ ក្នុងពេលនេះ ដែលយើងជានិម្មិតរូប នៃកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីធានានូវសិទ្ធិពលករ។
នៅកម្ពុជា បានរៀបចំឱ្យមានសៀវភៅការងារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ អំពីប្រាក់សោធនិវត្តន៍
ខ្ញុំសូមជម្រាបថា ចុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ខ្ញុំជួបកម្មករជិត ១ លាននាក់។ អញ្ចឹង ចំណុចដែលអស់លោកកំពុងពិភាក្សានេះ គឺជាចំណុចសំខាន់ណាស់ទាក់ទងនឹងការផ្ទេរកិច្ចគាំពារសង្គមពីប្រទេសមួយ មកកាន់ប្រទេសមួយទៀត។ កម្ពុជាសព្វថ្ងៃកំពុងអនុវត្តការផ្ទេរ ឧទាហរណ៍៖ ដើម្បីឱ្យកម្មករទទួលបាននូវអត្ថប្រយោជន៍អំពីការគាំពារសង្គមបន្ទាប់ពីចូលនិវត្តន៍នៅក្នុងប្រទេស ឱ្យមានរបៀបធ្វើតាមរបៀបថា ធ្វើការនៅរោងចក្រមួយ គេត្រូវមានសៀវភៅការងារ ធ្វើបាន ៥ ឆ្នាំ រោងចក្រនេះត្រូវបិទ គេផ្ទេរការងារទៅធ្វើនៅរោងចក្រមួយទៀត គេមិនគិតពី ១ ថ្ងៃទេ គេគិតពី ៥ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ ធ្វើការបាន ៥ ឆ្នាំទៀត រោងចក្រនោះត្រូវបិទទៀត ផ្ទេរទៅរោងចក្រមួយទៀត សៀវភៅការងាររបស់គេត្រូវតាមជាប់នឹងខ្លួនរបស់គេ ដើម្បីគេអាចទទួលនូវអត្ថប្រយោជន៍ អំពីប្រាក់សោធនិវត្តន៍នៅពេលដែលគេបញ្ចប់ពីការងារ។
យើងមិនមែនត្រឹមតែប៉ុណ្ណឹងទេ យើងចង់រួមជាមួយនឹងដៃគូរបស់យើង ហើយយើងមានកិច្ចព្រមព្រៀងមួយចំនួនរួចស្រេចទៅហើយ ដែលធ្វើការជាមួយនឹងខាងក្រៅ។ ដូចជាជាមួយថៃ ដែលយើងបានធ្វើអារឿងហ្នឹង ដែលត្រូវធ្វើការចរចាជាមួយគ្នា។ ឥឡូវ ធ្វើការនៅថៃបានប៉ុន្មាន? ថាធ្វើការនៅថៃបាន ១០ ឆ្នាំ អញ្ចឹង គេត្រឡប់មកក្នុងប្រទេស គេធ្វើការនៅតាមរោងចក្រក្នុងប្រទេស គេមិនគិតពី ១ ថ្ងៃទេ គេគិតពី ១០ ឆ្នាំ ឡើងទៅ។ ប៉ុន្តែ ការផ្ទេរអត្ថប្រយោជន៍ ផ្ទេរធនធានមកដើម្បីចិញ្ចឹមនោះ វាសុទ្ធតែជាបញ្ហា។ បើយើងធ្វើដូចនេះបាន ពាក្យដែលថា «អាស៊ានមួយ ជាសហគមន៍ដែលមានជោគវាសនារួម» គឺនឹងទទួលបានផលប្រយោជន៍ដល់ប្រជាជន។ ឧទាហរណ៍៖ គ្នាទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែ ត្រឡប់មកក្នុងប្រទេសវិញ បែរជាអត់បានទទួលអត្ថប្រយោជន៍អីបន្ត ឬមកធ្វើការនៅប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសហ្វីលីពីនវិញ ខ្ញុំនិយាយពីប្រទេសហ្វីលីពីន ដោយសារតែជនជាតិហ្វីលីពីនធ្វើការក្នុងប្រទេសកម្ពុជាច្រើនជាងជនជាតិដទៃ។
អាចឈានយកបញ្ហាទាំងអស់ ពិភាក្សាជាមួយអាស៊ាន
អញ្ចឹងទេ ចំណុចអស់ទាំងនេះ គឺសុទ្ធតែជាចំណុចដែលទាក់ទងជាមួយនឹងបញ្ហាមិនតូចទេ។ ផលប្រយោជន៍សេដ្ឋកិច្ចចំពោះមុខ នៃប្រទេសនីមួយៗផង ប៉ុន្តែ យើងក៏ត្រូវគិតទៅដល់ផលប្រយោជន៍យូរអង្វែងរបស់ពលករ របស់ប្រជាពលរដ្ឋរបស់យើងផងដែរ ដែលយើងត្រូវយកបញ្ហានេះ ពិភាក្សាមិនមែនត្រឹមតែ បើយើងមានជំហររួមគ្នានៅក្នុងក្របខណ្ឌប្រទេសទាំង ៥ នេះ យើងអាចយកបញ្ហានេះទៅជជែកគ្នាទៀតនៅក្នុងអាស៊ាន ដើម្បីបង្កើតឡើងនូវស្ថានភាពតំណគ្នា ដែលអាចធ្វើការនៅប្រទេសមួយ ប៉ុន្តែ មកចូលនិវត្តន៍នៅក្នុងប្រទេសមួយ ប៉ុន្តែ ទទួលបាននូវប្រាក់កម្រៃ។ នោះហើយគឺជាការធានា។
អោងសាន ស៊ូឃ្យី៖ «ទៅ! យើងត្រឡប់ទៅស្រុកវិញ», ពួកប្រឆាំងស្រុកខ្មែរវាយប្រហារ ហ៊ុន សែន លើកទឹកចិត្តឱ្យចំណាកស្រុក
ម្យ៉ាងទៀត លោកជំទាវ ឯកឧត្តម កាលពីប៉ុន្មានខែមុន លោកជំទាវ អោងសាន ស៊ូឃ្យី បានមកទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមនៅចាំទេ? ពេលមួយនោះ លោកជំទាវ អោងសាន ស៊ូឃ្យី បន្ទាប់ពីបានឈ្នះឆ្នោត ហើយចូលកាន់អំណាច គាត់បានទៅប្រទេសថៃ និយាយទៅកាន់កម្មករមកពីមីយ៉ាន់ម៉ា ថា «ទៅ! យើងត្រឡប់ទៅស្រុកទាំងអស់គ្នា»។ ពេលនោះ បក្សប្រឆាំងនៅកម្ពុជាបានវាយប្រហារខ្ញុំយ៉ាងខ្លាំងថា អ្នកដឹកនាំប្រទេសគេៗបបួលប្រជាជនគេឱ្យចូលស្រុក ឯយើងបែរជានាំ(គ្នាចេញក្រៅស្រុកទៅវិញ)។ ពេលនោះទន្ទឹមនឹងគាត់និយាយអញ្ចឹង ថៃទើបនឹងបញ្ជូនពលករខ្មែរមក រួចហើយទើបនឹងបញ្ជូនពលករខ្មែរត្រឡប់ទៅវិញ ទាំងយើងប្រឹងដោះស្រាយដើម្បីឱ្យវាស្របច្បាប់នៅទីនោះ។ ពេលនោះ ខាងមីយ៉ាន់ម៉ា បាននិយាយថា «ទៅ! យើងទៅផ្ទះវិញ» បានសេចក្តីថា ចេញពីថៃ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។ ដល់ពួកប្រឆាំងនៅនេះ នាំគ្នាស្រែកថា លោក ហ៊ុន សែន បែរជាលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
ជាក់ស្តែង ពលករមីយ៉ាន់ម៉ាមិនបានត្រឡប់ទៅស្រុកវិញនោះទេ មានតែទៅថែម
ប៉ុន្តែ ឥឡូវ ការជាក់ស្តែងបានបង្ហាញរួចស្រេចហើយ តើពលករមីយ៉ាន់ម៉ាដែលនៅប្រទេសថៃ ត្រឡប់ទៅប្រទេសខ្លូនវិញបានប៉ុន្មានទៅហើយ? នេះវាជាការពិត។ ខ្ញុំបានសួរលោកជំទាវ អោងសាន ស៊ូឃ្យី ថាបានត្រឡប់ទៅវិញប៉ុន្មាន? ថាអត់ ព្រោះដោយសារតែនៅក្នុងស្រុកតម្លៃពលកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាថោកជាងប្រទេសថៃ។ អញ្ចឹង នៅក្នុងប្រទេសថៃ គេអាចរកបានប្រមាណជា ៣០០ ដុល្លារ គេមិនអាចទៅស៊ីអា ១០០ ដុល្លារនោះទេ។ មានបញ្ហា ២ ដែលកើតឡើងនៅទីនេះ ដែលធ្វើវាមិនរួច។ ទី ១ គឺដោះស្រាយការងារធ្វើ តើអាចដោះស្រាយការងារធ្វើគ្រប់គ្រាន់សម្រាប់ពលករប្រមាណ ២ លាននាក់របស់មីយ៉ាន់ម៉ា ដែលកំពុងនៅប្រទេសថៃ ឱ្យត្រឡប់ទៅរកការងារធ្វើនៅមីយ៉ាន់ម៉ាបានទេ? វាមិនមែនជារឿងសាមញ្ញងាយស្រួលពេកដូចបកចេកនោះទេ។ ដោះស្រាយការងារធ្វើសម្រាប់តែអ្នកដល់អាយុមានការងារធ្វើ ក៏វាលំបាកណាស់ទៅហើយ ហ្នឹងបញ្ហាទី ១ ការដោះស្រាយការងារធ្វើ។ ទី ២ គឺនៅថៃបានប្រមាណជា ៣០០ នៅមីយ៉ាន់ម៉ាបានប្រហែលជា ១០០ តើគេទៅយក ១០០ ឬបន្តយក ៣០០? ឥឡូវវាបានស្តែង ខ្ញុំបានសួរលោកជំទាវ អោងសាន ស៊ូឃ្យី ដោយត្រង់ៗ ព្រោះនៅពេលដែលគាត់និយាយអញ្ចឹង ខាងក្នុងនេះនាំគ្នាជេរខ្ញុំ។ ដល់ឥឡូវលើការជាក់ស្តែង ខាងមីយ៉ាន់ម៉ាថាត្រឡប់ទៅផ្ទះវិញ មានបានត្រឡប់អីណា មានតែមកថែម។ អញ្ចឹងទេ បានរឿងហ្នឹងត្រូវប្រាកដនិយម។
ឱ្យតែ (១) ប្រាក់បៀវត្សខ្ពស់ (២) កន្លែងស្នាក់នៅ និងកន្លែងសិក្សារបស់កូនចៅសមរម្យ នោះនឹងលែងសូវមានចំណាកស្រុកហើយ
ប៉ុន្តែ ផ្ទុយទៅវិញ កម្ពុជាអាចមានលទ្ធភាពធ្វើហើយ ដោយសារអី? ឥឡូវនេះ កម្មករក្នុងវិស័យកសិកម្មកំពុងខ្វះខាតហើយ ដោយសារតែចំណាកស្រុកទៅក្រៅច្រើន ដូច្នេះធ្វើឱ្យខ្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។ អញ្ចឹងទេ ប្រៀបធៀបប្រាក់ដែលទទួលបាននៅប្រទេសថៃ និងទទួលបាននៅក្នុងប្រទេសកម្ពុជា ខុសត្រូវគ្នាមិនខ្ពស់ពេកទេ ហើយបើរស់នៅក្នុងប្រទេសកម្ពុជា គេអាចនឹងចំណាយតិចជាង។ អញ្ចឹងទេនៅពេលខាងមុខ បញ្ហានេះក៏ត្រូវដោះស្រាយ ដែលខ្ញុំតែងផ្តល់មតិថា ទី ១ ប្រាក់បៀវត្ស ទី ២ កន្លែងរស់នៅ និងការសិក្សារបស់កូនចៅរបស់គេ។ អានេះខ្ញុំគ្រាន់តែយកឱកាសនេះដើម្បីបញ្ជាក់បន្តិច។
រកវិធីធ្វើសមាហរណកម្ម និងបន្តចល័តភាព នៃរបបសន្តិសុខសង្គម
ប៉ុន្តែ ចំណុចស្នូលរបស់យើងនៅទីនេះ គឺសុំធ្វើយ៉ាងម៉េចដើម្បីធានាថា ទន្ទឹមនឹងភាពសុខដុមរមនានៃពលករដែលធ្វើការនៅតាមប្រទេស ដែលជាម្ចាស់ផ្ទះ ត្រូវទទួលការថែទាំ តាមរយៈពលករដែលទៅពីប្រទេសផ្សេង ដោយការអនុវត្តនូវការគោរពច្បាប់ប្រទេសទាំងនោះ។ យើងត្រូវរកវិធីដើម្បីធ្វើសមាហរណកម្ម និងបន្តចល័តភាព នៃរបបសន្តិសុខសង្គម ដែលនៅក្នុងប្រទេសនោះទទួលបាន ប៉ុន្តែ មកឯណេះតគ្នាយ៉ាងម៉េច? ដើម្បីដល់ពួកគេចូលនិវត្តន៍ ពួកគេអាចទទួលបាននូវបៀវត្សរ៍ ដែលយើងនឹងដាក់ឱ្យអនុវត្ត។ ឥឡូវយើងបានដាក់ឱ្យចាប់ផ្តើមអនុវត្តហើយ ប៉ុន្តែ នេះគ្រាន់តែអ្នកធ្វើការក្នុងស្រុក ប៉ុន្តែ យើងត្រូវគិតដល់អ្នកដែលកំពុងធ្វើការនៅក្រៅស្រុកផងដែរ។
ប្រទេសខ្លះ បញ្ជូនពលករទៅដល់មជ្ឈឹមបូព៌ា, រដ្ឋខំរកការងារឱ្យធ្វើ បែរជាថាបញ្ជូនពលរដ្ឋទៅស៊ីឈ្នួលគេ
នេះអ្វីដែលខ្ញុំគ្រាន់តែបញ្ជាក់បន្ថែម ព្រោះចំណុចនេះប្រទេសមួយៗសុទ្ធតែបញ្ហាដោះស្រាយការងារធ្វើ រឿងនេះសុទ្ធតែជារឿងធំណាស់។ ប្រទេសខ្លះអត្រាអត់មានការងារធ្វើខ្ពស់ ប្រទេសខ្លះអត្រាខ្វះកម្លាំងពលកម្ម។ ប៉ុន្តែ ជាទូទៅ ការដោះស្រាយការងារធ្វើ គឺជារឿងសំខាន់ណាស់ ដែលយើងត្រូវយកចិត្តទុកដាក់រូមគ្នាធ្វើកិច្ចការងានេះ។ ខ្ញុំគ្រាន់តែលើកអំពីបញ្ហាទាក់ទិនជាមួយនឹងរឿង ដែលវាបានកើតឡើងកន្លងទៅ ហើយការមិនយល់របស់មនុស្សមួយចំនួន។ ឥឡូវនេះ ចល័តពលករមិនមែនចល័តត្រឹមតែប៉ុណ្ណេះទេ និយាយពីប្រទេសខ្លះចល័តធ្លាក់ទៅដល់មជ្ឈឹមបូព៌ានោះ។ ខ្ញុំធ្លាប់បានទៅមជ្ឈឹមបូព៌ា ខ្ញុំបានជួបពលករក្នុងប្រទេសអាស៊ានរបស់យើងនេះ ទៅធ្វើការនៅឯនោះ។ ដល់ទៅពេលបានជួបយើង ក្នុងឋានៈជារដ្ឋអាស៊ានជាមួយគ្នា និយាយពីត្រហេបត្រហបស្វាគមន៍ សប្បាយរីករាយជួបមុខគ្នា។ អញ្ចឹងហេតុអីបានជាយើងកំពុងតែប្រឹងប្រែង រដ្ឋាភិបាលនៃប្រទេសមួយៗប្រឹងប្រែងដើម្បីរកការងារធ្វើឱ្យពលរដ្ឋ បែរទៅជាអ្នកមានកំហុសថាបញ្ជូនពលរដ្ឋរបស់ខ្លួនឱ្យទៅស៊ីឈ្នួលគេ ប៉ុន្តែ សូមសួរថា បើសិនជាទោះបីនៅស្រុកខ្មែរ ក៏ត្រូវតែធ្វើការ នៅកន្លែងណាក៏ត្រូវធ្វើការ ទើបមានបាយស៊ី។
អាហ្នឹង ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ ហើយសប្បាយរីករាយដែលយើងជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាទៅលើកិច្ចការទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងកិច្ចការដែលយើងត្រូវធ្វើ មិនគ្រាន់តែក្នុងក្របខណ្ឌប្រទេស ៥ នេះទេ ប៉ុន្តែ ខាងមុខ យើងមានកិច្ចការធ្វើដែលទាក់ទងជាមួយនឹងអាស៊ានទាំងមូល។ អាស៊ានទាំងមូលបានសម្រេចហើយ ប៉ុន្តែ នៅមានចំណុចលម្អិតរបស់វាដែលត្រូវធ្វើជាមួយគ្នាទៀត ដូចជា បញ្ហាចល័តភាពនៃរបបសន្តិសុខសង្គម ដែលត្រូវបានទទួលនេះ។
[ចប់សេចក្តីអធិប្បាយ]
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធី ទាំងមូលជាទីមេត្រី !
កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយទេសន្តរប្រវេសន៍ការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលផ្តល់ឤទិភាពលើការកែទម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោលនយោបាយថ្មីមួយចំនួន ដោយផ្តោតការយកចិត្ត ទុកដាក់លើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការគាំពារពលករទេសន្តរប្រវេសន៍។
ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍរបបសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម។ សម្រាប់របបសន្តិសុខសង្គម រាជរដ្ឋាភិបាលបានគិតគូរដល់មន្ត្រីរាជការសាធារណៈ កម្មករ និយោជិតវិស័យឯកជន ដោយបង្កើតឱ្យមានរបបធានារ៉ាប់រងសង្គមផ្នែកសុខុមាលភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័យការងារ ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូល បង្កើនផលិតភាពការងារ និងយុត្តិធម៌សង្គម។
ជាលទ្ធផល កម្ពុជាបានដាក់ឱ្យដំណើរការនូវរបបហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍ ដែលគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថានផ្នែកផលិតកម្ម សេវាកម្ម និងផ្នែកសាធារណៈ ស្ទើរតែ ១០០% នៃកម្មករ និយោជិត និងមន្ត្រីសាធារណៈ។ ទន្ទឹមនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឆ្នាំ ២០១៩ នេះ ដើម្បីពង្រីកវិសាលភាពបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍ និងពលករទេសន្តរប្រវេសន៍។ តាមរយៈរបបសន្តិសុខសង្គម កម្ពុជាបានបង្កើតប្រព័ន្ធគាំពារសង្គម ដើម្បីជួយដល់ការអភិវឌ្ឍសុខុមាលភាពសង្គមជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
កម្ពុជាបាននិងកំពុងអនុវត្តសម្រាប់ស្រ្តីសម្រាលកូន ឈប់សម្រាក ៣ ខែ និងបៀវត្ស ១២០% បូកនឹងប្រាក់ឧបត្ថម្ភពីរដ្ឋ ១០០ ដុល្លារ
ចំណុចនេះ ខ្ញុំចង់បញ្ជាក់ជូនឯកឧត្តម លោកជំទាវ នៃបណ្តាប្រទេសទាំង ៤ ជាមិត្តដែលមកចូលរួមនៅទីនេះ។ នៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្ពុជាបានផ្តោតអាទិភាពខ្ពស់ទៅលើការដោះស្រាយកម្មការិនី ដែលជាផ្នែកមួយនៃគោលនយោបាយអាទិភាពរបស់ខ្លួន លើការទទួលបាននូវការគាំពារ។ ក្នុងនោះ សូមជម្រាបជូនថា សម្រាប់ស្រ្តីដែលប្រសូតបុត្រ នៅកម្ពុជា អនុវត្តឱ្យបានសម្រាក ៣ ខែ និងទទូលបៀវត្សរ៍ ១២០%។ ខ្ញុំមិនដឹងថា តើប្រទេសទាំង ៤ ផ្សេងទៀត អនុវត្តបានប៉ុណ្ណានោះទេ អាហ្នឹងគឺមិនអាចយកគម្រូកម្ពុជាទៅអនុវត្តទេ។ ប៉ុន្តែ កម្ពុជាបានដាក់ឱ្យអនុវត្តគឺស្រ្តីដែលឆ្លងទន្លេនេះ ត្រូវទទួលបានច្បាប់ការឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០% ឯរដ្ឋជួយឧបត្ថម្ភក្នុងកើតបានកូនមួយ គឺ ១០០ ដុល្លារ កើតបានកូន ២ បាន ២០០ ដុល្លារ ដើម្បីជូយចំពោះកម្មការិនី។ យើងកំពុងតែអនុវត្ត ក្រៅពីក្របខណ្ឌមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលជាស្រ្តី និងកម្មការិនីនៅតាមរោងចក្រ ផ្នែកវាយនភ័ណ្ឌ។
ឈានទៅគ្របដណ្តប់ដល់ស្រ្តីក្រីក្រ, បូកនឹងការទទួលការពិនិត្យព្យាបាលឥតគិតថ្លៃ(តាមមន្ទីរពេទ្យរដ្ឋ)
យើងកំពុងអនុវត្តគ្របដណ្តប់ទៅលើស្រ្តីក្រីក្រផ្សេងទៀត ចាប់ពីពេលចាប់ផ្តើមមានផ្ទៃពោះ រហូតទៅដល់ពេលឆ្លងទន្លេ ត្រូវឧបត្ថម្ភ ៤ ដង។ ពេលឆ្លងទន្លេត្រូវឧបត្ថម្ភម្តង រហូតដល់កូនអាយុ ២ ឆ្នាំ ត្រូវឧបត្ថម្ភ ៨ ដងផ្សេងទៀត។ អញ្ចឹងរដ្ឋត្រូវចំណាយប្រមាណជា ២០០ លានដុល្លារអាមេរិក នេះគឺក្នុងគោលដៅដើម្បីធានាសុវត្ថិភាព និងលើកកម្ពស់ទៅដល់សមភាពយេនឌ័រ ដែលនេះគ្រាន់តែជាករណីដាច់ដោយឡែកមួយរបស់កម្ពុជា បាន និងកំពុងធ្វើ។ ការទទួលបាននូវសេវាព្យាបាលដោយឥតគិតថ្លៃ នោះគឺស្ថិតនៅក្នុងចំណោមកម្មករ ដែលបានទទួល។ កម្ពុជាគួរតែត្រូវឈានមុនគេ។ កម្មករបរទេសដែលមកធ្វើការនៅស្រុកខ្មែរ ក៏គួរតែយើងអនុវត្តមុនគេទៅ ត្រូវទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃ។ ដាក់រួចហើយ បើដាក់រួចហើយក៏ល្អហើយ ព្រោះយើងក៏ចង់ឱ្យពលករយើងដែលរស់នៅក្នុងប្រទេសដទៃបានទទួលនូវការព្យាបាលដោយឥតគិតថ្លៃដូចគ្នា។
[ចប់សេចក្តីអធិប្បាយ]
អង្គសន្និសីទទាំងមូលជាទីមេត្រី !
ដើម្បីសម្រេចបាននូវសេចក្តីញ្រងសេចក្តីថ្លែងការណ៍សៀមរាប ស្តីពីផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារ ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគាំទ្រប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម»។ ហើយតាមរយៈនេះ ខ្ញុំសូមចូលរួមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម៖
ទី ១ ប្រទេសសមាជិក CLMTV ទាំងអស់ត្រូវរួមគ្នា ពិភាក្សា និងចែករំលែកបទពិសោធន៍ ដោយឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែន តាមបរិការណ៍នៃប្រទេសនីមួយៗ ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV។
ទី ២ ប្រទេសសមាជិក CLMTV ត្រូវរួមគ្នាប្រើប្រាស់ គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារ ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក ។
ទី ៣ ប្រទេសសមាជិក CLMTV ត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ខ្ញុំសង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍនានានឹងបង្កើនល្បឿនប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងវឌ្ឍនភាពរួមនៃបណ្តាប្រទេស CLMTV។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកសន្និសីទថ្នាក់ រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ខ្ញុំសូមជូនពរអង្គសន្និសីទទទួលបាននូវលទ្ធផល ប្រកបដោយផ្លែផ្កា និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមទទួលបាននូវផាសុខភាព និងអនុស្សាវរីយ៍ល្អៗមិនឤចបំភ្លេចបានក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា៕