នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល ១២ ខែ ក្នុងការរកចំណុចកែលំអ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏បានផ្ដល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។
ក្នុងរយៈពេល ១២ ខែកន្លងទៅនេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានបំពេញការងាររបស់ខ្លួន និងបានធ្វើរបាយការណ៍ជូនសម្ដេចតេជោផងដែរ ហើយរយៈពេលកន្លងមកនេះ គឺសមាជិកបានបំពេញបេសកកម្មប្រមូលទិន្នន័យដល់មូលដ្ឋានផ្ទាល់គឺមានចំនួន ២៩៥ លើក ហើយបានដាក់ជូនសម្តេចតេជោចំនួន ២៥១ លើក ហើយការចុះទៅនោះ គឺដោយខ្លួនឯង គ្មាននរណាបង្គាប់បញ្ជាបោះទេ ហើយរបាយការណ៍នោះ ក៏អត់យកទៅដាក់ទៅស្ថាប័នណាដែរ គឺជារបាយការណ៍ដែលត្រូវដាក់ជូនតែសម្ដេចតេជោនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
មកដល់ពេលនេះ សំណុំរឿងភាគច្រើនដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទទួលបានគឺទាក់ទងទៅនឹងបញ្ហាទំនាស់ដីធ្លី បញ្ហារំលោភយកដីរដ្ឋ ជាពិសេស រំលោភយកដីគម្របព្រៃឈើ បញ្ហាបទល្មើសព្រៃឈើ បញ្ហាបទល្មើសជលផល បញ្ហាបរិស្ថានផ្សេងទៀត ដូចជាការរំលោភការចាក់លុបឆ្នេរ បឹង ព្រែក បញ្ហាគ្រឿងញៀន អំពើពុករលួយ រួមទាំងបញ្ហាផ្សេងៗទៀត។ ហើយបញ្ហាទាំងអស់នេះ ត្រូវបានសម្ដេចតេជោទទួលយក ហើយនឹងចេញ ស.ជ.ណ ដើម្បីដោះស្រាយតាមរយៈប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធក្នុងការចាត់វិធានការ និងរកដំណោះស្រាយ។
កិច្ចប្រជុំនេះ ជារួមគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឆ្លើយតបទៅតាមសំណើ និងសំណូមពរ នូវអ្វីដែលជាផលប្រយោជន៍របស់ជាតិ និងប្រជាជន ដែលសម្តេចគិតថា ជាធាតុចូលមួយក្នុងការរួមចំណែក និងជាពហុគំនិតដល់ការកំណែទម្រង់របស់រាជរដ្ឋាភិបាល។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះផងដែរថា ចាប់ពីពេលនេះតទៅ គឺត្រូវអនុវត្តនូវអភិក្រមទី ៥ គឺវះកាត់ ដូច្នេះមន្ត្រីណាដែលប្រព្រឹត្តនូវទង្វើទាក់ទងទៅនឹងបញ្ហាដែលបានលើកឡើងខាងលើនេះ គឺមិនត្រឹមតែដាក់ទោសប៉ុណ្ណោះនោះទេ ថែមទាំងដកតំណែង និងការរឹបអូស ឬបង្កកទ្រព្យសម្បត្តិផងដែរ ដូចជាករណីការរំលោភដីធ្លី និងបញ្ហាបទល្មើសព្រៃឈើជាដើម។
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ ដែលបានចូលរួមចំណែកក្នុងការប្រមូលធាតុចូល ក៏ដូចជាការស្រាវជ្រាវរកបញ្ហា ដែលបានកើតឡើងនៅតាមមូលដ្ឋាននានា ក្នុងការដាក់ជូនដល់រដ្ឋាភិបាលដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងរកវិធីដោះស្រាយ ដែលសម្តេចគិតថា យន្តការនេះ គឺជាការជួយរាជរដ្ឋាភិបាល និងជាការជួយឲ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលរំកិលទៅកៀកគ្នា ដើម្បីធានាបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យមានភាពល្អប្រសើរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕