- ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala Sirisena) ប្រជានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី!
ជាបឋម ខ្ញុំសូមសម្តែងសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នាពេលនេះ។ ក្នុងឱកាសដ៏សែនមនោរម្យនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រជានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះ ផ្តល់ឱកាសឱ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី!
កម្ពុជា និងសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ ១៩៥២ ប៉ុន្តែចំណងការទូតនេះត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៧៥ តែយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៩៦ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈជាមិត្តភាព កាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។ គួររំលឹកផងដែរថា កាលពីឆ្នាំ ១៩៧៩ នៅពេលដែលខ្ញុំជារដ្ឋមន្រ្តីក្រសួងការបរទេស ខ្ញុំបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកូឡុំបូ ដែលនោះជាទស្សនកិច្ចលើកដំបូងរបស់ខ្ញុំនៅប្រទេសស្រីលង្កា។ ដោយឡែក ក្នុងវិស័យសាសនា ប្រទេសយើងទាំងពីរក៏មានទំនាក់ទំនងជិតស្និទ្ធទៅវិញទៅមកផងដែរ។ ជាក់ស្តែង ខ្ញុំធ្លាប់បានចាត់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីអបអរសាទរថ្ងៃវិសាខបូជាអន្តរជាតិ ដែលប្រព្រឹត្តរៀបចំឡើងនៅប្រទេសស្រីលង្កាកាលពីឆ្នាំ ២០១៧ ហើយពុទ្ធសាសនិកកម្ពុជាជាច្រើន ក៏បានធ្វើដំណើរទៅទីនោះ ដើម្បីគោរពបូជាព្រះសមណគោតម។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែប្រសើរឡើង ជាពិសេស ក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍។ ជាសក្ខីភាព តាមរយៈដំណើរទស្សនកិច្ចនេះ នាថ្ងៃស្អែក នឹងមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។
ឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី!
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។ ជាងនេះទៅទៀត ក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ៧,៥% ដែលអត្រាកំណើននេះជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ ២០១៩។ សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ តាមការកំណត់ក្នុងរបៀបវារៈ នៃគោលនយោបាយជាតិ។
ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅ ដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងទាំងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល ៥ ឆ្នាំកន្លងទៅ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន ១ លានកន្លែង។ ដោយឡែក តួលេខវិនិយោគក្នុងឆមាសទី ១ ឆ្នាំ ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័ត មានចំនួន ១៥៣ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥,២ ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង ៤៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២ ពាន់លានដុល្លារអាមេរិក។
ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរ ដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០១៩ នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២,៨៨ លាននាក់ មានការកើនឡើង ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១.៤៣៧ នាក់ ដល់ ១.៧៥៦ នាក់។ គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួនប្រមាណ ៦,២ លាននាក់ ហើយកម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ពោលគឺប្រមាណ ៧ លាននាក់ នៅឆ្នាំ ២០២០ និង ១១ លាននាក់ នៅឆ្នាំ ២០២៥ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។
ឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី!
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ ២០២៥។ ជាក់ស្តែង គោលនយោបាយនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន ៥ រួមមាន៖ (១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មី ដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់, (២) សហគ្រាសធុនតូច និងមធ្យមក្នុងគ្រប់វិស័យ, (៣) ផលិតកម្មកសិ-ឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុកុំ (៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល, និង (៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្រ្តនាពេលអនាគត។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី ៤ ឆ្នាំ ២០១៩-២០២៣ ដែលមានទិសដៅច្បាស់លាស់ សម្រាប់ការអនុវត្តសកម្មភាពនយោបាយគោលនយោបាយរវាងភាគីពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម ក្នុងគោលបំណង (ទី១) ពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ ២០៣០ និង (ទី២) ចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (IR ៤.០)។
រាជរដ្ឋាភិបាកចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ យើងបានបង្កើតយន្តការសន្ទនាមួយហៅថា «វេទិការាជរដ្ឋាភិបាល-ផ្នែកវិស័យឯកជន» ដែលខ្ញុំដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្រ្តីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះផ្តល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្រប ដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ខ្ញុំបានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៨ ដែលក្នុងឱកាសនោះ ខ្ញុំបានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន សំដៅ៖ ១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាស វិនិយោគ និងធុរកិច្ច និង ៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។ បច្ចុប្បន្ន វិធានការទាំងនេះ ត្រូវបាន និងកំពុងអនុវត្តយ៉ាងហ្មត់ចត់ ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយរាជរដ្ឋាភិបាល ក៏បានរៀបចំឱ្យមានយន្តការមួយច្បាស់លាស់សម្រាប់ពិនិត្យ និងធ្វើការតាមដានការអនុវត្តវិធានការទាំងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការសម្រេចគោលដៅទាំង ៣ ខាងលើ។
ឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី!
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេស អ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៥ ចំណុច៖
ទី ១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច៖ ក្រោយពីឆ្នាំ ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាង អភិវឌ្ឍសេដ្ឋកិច្ចពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបានបញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកាលពីចុងឆ្នាំ ១៩៩៨ ដោយដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ»។ ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិក្នុងរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាប្រែមុខមាត់ថ្មីក្នុងតំបន់ និងសកល ហើយបច្ចុប្បន្ន កម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ចពេញលេញ ដែលជាមូលដ្ឋានសម្រាប់ទាក់ទាញធុរជន និងវិនិយោគិន មកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។
ទី ២៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
ទី ៣៖ កម្លាំងពលកម្ម ដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះ ប្រជាជនដែលមានអាយុ ៣៥ ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
ទី ៤៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជា «រោងចក្រនៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។
ទី ៥៖ កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» រួមមាន សម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត ព្រមទាំងទេសភាពដ៌ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេ បឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។
មុននឹងបញ្ចប់ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កា ដែលមានវត្តមាននៅទីនេះ ធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូប នូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជម្រុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម ប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន។
សូមអរគុណ!