ឯកឧត្តម រ៉ូប៊ើតូ អាហ្សេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក
ឯកឧត្តម លោកជំទាវ លោក លោកស្រី
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ ស្ដីពី « ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្រោមប្រធានបទ « ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្ដល់អំណាចសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាបច្ចុប្បន្ន និងទៅអនាគត ក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្ដរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មពិភពលោក ដែលបានរៀបចំ និងអញ្ជើញខ្ញុំចូលរួមក្នុងឱកាសបើកកម្មវិធីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ ចំពោះតួនាទីយ៉ាងសកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើនវិធាននានាពេញលេញ ដែលក្លាយជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និងសម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន អាចព្យាករណ៍បាន ក៏ដូចជាការកៀរគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ តំបន់ និង អន្ដរជាតិ តាមរយៈការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវជំនួយសម្រាប់ពាណិជ្ជកម្ម ដែលបានប្រព្រឹត្តទៅចំនួន ៦ លើក រួចមកហើយ។អង្គការពាណិជ្ជកម្មពិភពលោកក៏បានជួយជម្រុញផងដែរ នូវកម្មវិធីធ្វើពិពិធកម្មសេដ្ចកិច្ចនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និង ប្រទេសអភិវឌ្ឍន៍តិចតួច ហើយបានជួយបង្កើនការជួយធ្វើពាណិជ្ជកម្មអន្តរជាតិ, បង្កើតការងារ និង កាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្ដាប្រទេសជាសមាជិក ប្រកបដោយប្រសិទ្ធភាពខ្ពស់
ឯកឧត្តម លោកជំទាវ លោក លោកស្រី
កម្ពុជា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច ជឿលើអត្ថប្រយោជន៍នៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈរលើវិធានគតិយុត្តិ។ គឺទស្សនវិជ្ជានេះហើយដែលបានជំរុញយើងឲ្យ ប្រឹងប្រែងធ្វើការដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ មុនគេនៅក្នុងចំណោមប្រទេសមានការអភិវឌ្ឍតិចតួចចំនួន ២។ ទោះបីជាកម្ពុជាកាលពីពេលនោះ នៅមិនទាន់មានការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចបានរឹងមាំ ក៏ប៉ុន្តែ លើមូលដ្ឋាននៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ទីផ្សារបើកចំហររបស់ខ្លួន កម្ពុជាបានសន្យាចងពន្ធគយលើគ្រប់មុខទំនិញ និងបើកច្រកទីផ្សារពាណិជ្ជកម្មផ្នែកសេវា ប្រមាណជាង ៩៤ វិស័យ និងអនុវិស័យ នៅក្នុងឆ្នាំ ២០០៤ ដែលជាចំនួនមួយច្រើនលើសលុប បើធៀបទៅនឹងប្រទេសមានការអភិវឌ្ឍខ្ពស់ ដែលចូលជាសមាជិក WTO មុនកម្ពុជា។ ជាមួយគ្នានេះដែរ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និង ការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ច្បាប់ បទបញ្ញតិ្តផ្សេងៗ និងវិធានធានា ដើម្បីឲ្យមានអនុលោមភាព និងសង្គត្តិភាពទាំងស្រុងជាមួយបទបញ្ញត្តិច្បាប់អន្តរជាតិ ជាពិសេសឲ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក។
ជាមួយនឹងការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខិតខំរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រទូលំទូលាយ ជាអាទិ៍ យុទ្ធសាស្ត្រចតុកោណដែលជារបៀបវារៈគោលនយោបាយរួមសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្រ្តតាមវិស័យសំខាន់ៗដទៃទៀត។ នៅក្នុងវិស័យពាណិជ្ជកម្ម កម្ពុជាមានរៀបចំ និងដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា តាំងពីឆ្នាំ ២០០១ ហើយបានកែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងឆ្នាំ ២០១៩ នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពលើកទីបីរួចរាល់ជាស្ថាពរ នូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និងអនាគត នៃពាណិជ្ជកម្មតំបន់ និងពិភពលោក។
ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងរយៈពេល ២ ទស្សវត្សចុងក្រោយនេះ។ កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្រ្ត គឺការឆ្លងពីឋាន
ៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ ២០១៥។ សម្រាប់ឆ្នាំ ២០១៨ កន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% និងត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបានក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨។ ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើពិពិធកម្ម ទាំងផលិតផល និងទីផ្សារ ដែលក្នុងនោះ ការនាំចេញរបស់កម្ពុជា បានកើនពី ៥,៧ ប៊ីលានដុល្លារ (ស្មើនឹង ៤០,៥% នៃផសស) នៅឆ្នាំ ២០១២ មកដល់ ១៣ ប៊ីលានដុល្លារ (ស្មើនឹង ៥៣,២% នៃផសស) នៅឆ្នាំ ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្ដងៗ ពីការនាំចេញសម្លៀកបំពាក់ទៅកាន់ផលិតផលផ្សេងទៀត។ ដូចគ្នានេះដែរ គោលដៅនាំចេញត្រូវបានធ្វើពិពិធកម្ម ពីការផ្ដោតលើទីផ្សារសហរដ្ឋអាមេរិក ទៅផ្ដោតលើទៅផ្សារអឺរ៉ុប ជប៉ុន តំបន់អាស៊ាន និងប្រទេសដទៃទៀត។
ឯកឧត្តម លោកជំទាវ លោក លោកស្រី
ដើម្បីជាការតបស្នងដល់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាដើម្បីជួយទ្រទ្រង់ដល់ការចរចាក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក និងពង្រឹងតួនាទីរបស់អង្គការនេះ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោកកំពុងទទួលនូវការគម្រាមពីនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ទោះបីកម្ពុជានៅត្រូវប្រឈមនឹងកង្វះធនធានមនុស្ស និងហើយធនធានថវិកាក៍នៅមានកម្រិតក៏ដោយ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានសម្រេចឲ្យបង្កើតស្ថានបេសកកម្មប្រចាំអង្គការនេះនៅឆ្នាំ ២០១៧ ហើយបានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអគ្គរដ្ឋទូតរបស់យើងនៅទីនេះ ខិតខំបំពេញតួនាទីធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ ២០១៧-២០១៨ ឲ្យបានជោគជ័យ និងបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិក ត្រោយកា (TROIKA) ជួយដល់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងសាធារណរដ្ឋឆាត ក្នុងការដឹកនាំសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចទាំង ៣៦ ប្រទេស លើការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឲ្យបានជោគជ័យបន្តទៀត។
ជោគជ័យចម្បងមួយទៀតនោះ គឺកម្ពុជាត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការនាយកគម្រោងពង្រឹងក្របខណ្ឌសមាហរណកម្មនៅឆ្នាំ ២០១៨។ បន្ថែមលើនេះទៀត កម្ពុជាក៏បានខិតខំប្រឹងប្រែង និងម្ចាស់ការលើការអនុវត្តកាតព្វកិច្ចនានា រួមទាំងកាតព្វកិច្ចនៃការជូនដំណឹង និងការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្ម បានចំនួនពីរលើករួចមកហើយ ក្នុងឆ្នាំ ២០១១ និង ២០១៧ ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងបានអនុវត្តបទប្បញ្ញតិ្ត ប្រមាណជាង ៧% រួមមកហើយផងដែរ។ ជោគជ័យដូចបានជម្រាបខាងលើបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តដែលខ្ញុំធ្លាប់បានជម្រាប ឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ កាលពីខ្ញុំជួបឯកឧត្តមឆ្នាំ ២០១៨ ថា ដាក់នុយតូច ដើម្បីស្ទូចយកត្រីធំ មានន័យថា បង្កើតស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទទួលបានសមិទ្ធិផលធំៗ ។
ក្រៅពីនេះ ក្នុងក្របខ័ណ្ឌអាស៊ាន និងតំបន់ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តកាតព្វកិច្ច និងកិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ និងចក្ខុវស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងប្រែក្លាយអាស៊ាន ទៅជាទីផ្សារ និងមូលដ្នានកសិកម្មរួម ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់ មានការអភិវឌ្ឍន៍ដោយសមធម៌ ហើយធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។ បច្ចុប្បន្ន កម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ី ចំនួន ១៥ ទៀត ដើម្បីចរចាបញ្ចប់ក្នុងឆ្នាំ ២០១៩ នេះ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ហៅកាត់ថា RCEP ដែលមាន ផសស ចំនួនជាង ៣០% នៃ ផសស ពិភពលោក គិតជាទឹកប្រាក់ គឺប្រមាណ ៨៥ ទ្រីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៨ ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចូលរួចចំណែកជួយប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ចាប់ផ្តើមតាំងពីការចរចាចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក រហូតដល់បច្ចុប្បន្ននេះ។
សម្រាប់កម្ពុជា ចក្ខុវិស័យរបស់យើង គឺការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅនេះ ក៏ដូចជាដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឱ្យអាចចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ខ្ញុំសូមអំពាវនាវដល់បណ្តារដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀត តាមវិស័យសំខាន់មួយចំនួន ដូចខាងក្រោម៖
ទី ១. ការពង្រីកភាពប្រកួតប្រជែងរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ។
ទី ២. ការបន្ត និងបង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬ ឯកតោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះ គឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលដៅរបស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក។
ទី ៣. ការកសាងសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេស ផ្នែកសេវាកម្ម និងការទទួលយកបដិវត្តឧស្សាហកម្មទី ៤ និងដើម្បីទាញយកផលប្រយោជន៍ដែលអាចទទួលបានពីសេដ្ឋកិច្ចឌីជីថល។
ទី ៤. ការរៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតផលចម្រុះ សំដៅបង្កើនការនាំចេញ ដែលជាប្រភពចំណូលសម្រាប់លើកកម្ពស់សុខមាលភាព និងការងារដល់ស្រ្តី។
ទី ៥. ការតភ្ជាប់គោលនយោបាយ យុទ្ធសាស្ត្រ និងចក្ខុវិស័យនានា របស់ប្រទេសអភិវឌ្ឍន៍តិចតួចជាមួយនឹងការវិវត្តន៍សេដ្ឋកិច្ចតំបន់ និងពិភពលោក។
ទី ៦. ការបង្កើតនវានុវត្ត និងជំរុញលើកកម្ពស់ការអនុវត្តន៍ថ្មីៗ តាមរយៈកៀរគរហិរញ្ញប្បទានបន្ថែម ពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំផ្សេងទៀត។
ទី ៧. ការផ្តល់ជំនួយនានា សម្រាប់ការកែទម្រង់ និងសម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ពិសេស លើការងារកែទម្រង់លិខិតបទដ្ឋានគតិយុត្តិនានា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំមានសូមកិត្តិយសជម្រាបជូនថា កម្ពុជានឹងរៀបចំកម្មវិធី (Side Event) ដើម្បីបង្ហាញអំពីយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩-២០២៣ នាល្ងាចនេះ ពីម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ខ្ញុំសូមលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមកម្មវិធីនេះ ដើម្បីសិក្សា និងតាមដានពីការចែករំលែកបទពិសោធន៍ និងជោគជ័យនានារបស់កម្ពុជា នៅក្នុងការអនុវត្តន៍គម្រោងយុទ្ធសាស្រ្តីថ្មី។ ជាមួយនឹងការជូនដំណឹងនេះ ខ្ញុំសូមប្រកាសជាឱឡារិក ដាក់ឱ្យប្រើប្រាស់ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩-២០២៣ ចាប់ពីថ្ងៃនេះតទៅ។
ជាទីបញ្ចប់ ខ្ញុំសូមប្រកាសបើកកម្មវិធី ការត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម ជាផ្លូវការ ចាប់ពីពេលនេះតទៅ។ សូមអរគុណ!