បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ក្នុងហេតុការណ៍បាក់អាគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើង ស្លាប់ ២៨ នាក់ និងរបួស ២៦ នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង ១២ ថ្ងៃ ២៥ មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារចំនួន ២.១៩៨.៤០០ ដុល្លារអាមេរិក។
ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់ ១ ម៉ឺនដុល្លារ សម្រាប់ ២៤ នាក់ ឯ ២ នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត ៦០ ម៉ោង និងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន ៣ ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់ ៣០ ម៉ឺនដុល្លារ។ ថវិកានៅសល់ ១.៨៩៨.៤០០ ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន ២៨ នាក់ ដែលក្នុងមួយនាក់ទទួលចំនួន ៦៧.៨០០ ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល ១ ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ ១ ថ្ងៃ នៃថ្ងៃកើតហេតុផងទេ។
លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំ នឹងរៀបចំជូនក្រុមគ្រួសារសព តាមរយៈធនាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។ ជាថ្មីម្តងទៀត សូមអរគុណ និងកោតសរសើរ ចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ ក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរ ដល់កម្មករ និងអ្នកបច្ចេកទេសចិន ដែលបានចូលរួមក្នុងកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕
សម្តេចតេជោ ហ៊ុន សែន, Facebook Page Samdech Hun Sen, Cambodian Prime Minister, ២៥ មិថុនា ២០១៩