នៅព្រឹកថ្ងៃទី ២៩ ដដែលនេះ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងសិក្ខាសាលស្តីពី «បរិយាកាសវិនិយោគនៅកម្ពុជា» ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូបានអញ្ជើញពិសាអាហារថ្ងៃត្រង់ និងពិភាក្សាលើបញ្ហាមួយចំនួន ដែលរៀបចំដោយ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកសភារបស់ជប៉ុនជាច្រើនរូបផ្សេងទៀតផងដែរ។
នៅក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនោះ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ឯកឧត្តមបានលើកឡើងអំពីទំនាក់ទំនងប្រទេសជប៉ុន និងកម្ពុជា ដែលកំពុងមានភាពជិតស្និទ្ធិយ៉ាងខ្លាំង។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការវិវឌ្ឍដ៏ល្អប្រសើរនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ ក្រុមហ៊ុន កំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ដោយឡែកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ បើតាមឯកឧត្តមប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងកម្ពុជា មានជិត ៣ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមក៏រំលឹកផងដែរថាពីការធ្វើពិធីផ្សេងរវាងជប៉ុន និងកម្ពុជា ដើម្បីអបអរសាទរខួប ៦០ ឆ្នាំរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ កន្លងទៅ ហើយក្នុងឱកាសប្រារព្ធខួប៦០ ឆ្នាំនោះ ជប៉ុនក៏បានបើកអគ្គកុងស៊ុលនៅខេត្តសៀមរាប ដើម្បីជួយដល់ប្រជាពលរដ្ឋជប៉ុន ដែលទៅទស្សនា និងវិនិយោគនៅខេត្តសៀមរាប។
ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ក៏បានគូសបញ្ជាក់ពីភាពល្អប្រសើរនៃដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បន្ទាប់ពីបានបើកដំណើរការឡើងវិញនៅអំឡុងឆ្នាំ ២០១៦។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ក៏បានកោតសរសើរពីស្ថានភាពលូតលាស់ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ប្រមាណ ៧ ភាគរយ ជារៀងរាល់ឆ្នាំ ដែលជាកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់កម្ពុជា។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ការរីកចម្រើនរបស់កម្ពុជា នឹងបែងចែកប្រយោជន៍ជាផ្លែផ្កាទៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការរក្សាបាននូវស្ថិរភាពនយោបាយសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តម ក៏បានស្វាគមន៍ចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជានាឆ្នាំ ២០១៨ កន្លងទៅផងដែរ។ ឯកឧត្តមបានទទួលស្គាល់ចំពោះសភាពការណ៍ជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសន្តិភាព ស្ថិរភាព ជាពិសេស ឯកឧត្តមបានឃើញទឹកមុខប្រជាពលរដ្ឋកម្ពុជាពោរពេញដោយការញញឹម និងក្តីសង្ឃឹម។
ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា បានមានប្រសាសន៍ដែរថា នៅពេលឯកឧត្តមបានជួបយុវជនកម្ពុជាចំនួនពីរក្រុមរួចមកហើយ ហើយឯកឧត្តមតែងបានលើកទឹកចិត្តឱ្យយុវជនកម្ពុជាបន្តការខិតខំធ្វើយ៉ាងណាឱ្យកម្ពុជារីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ដែលជាសមាជិកជាន់ខ្ពស់មួយរូបមកពីគណបក្សប្រជាធិបតេយ្យសេរី របស់ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន សិនហ៊្សូ អាបេ ក៏បង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសជប៉ុនពេលនេះ នឹងជួយបង្ហាញ និងបកស្រាយអំពីចំណុចល្អៗជាច្រើនរបស់កម្ពុជា ដល់ប្រជាពលរដ្ឋជប៉ុន។
ឯកឧត្តម បានបន្ថែមជាចុងក្រោយថា សមាជិកសភាជប៉ុនទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីពិសារអាហារថ្ងៃត្រង់នេះ ចង់ជំរុញ និងធ្វើយ៉ាងណាឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តមានទំនាក់ទំនងល្អបន្ថែមទៀត ហើយក៏ចង់ឃើញពីភាពជោគជ័យ ជាពិសេសការអភិវឌ្ឍនៅកម្ពុជា។ សមាជិកសភាដែលមានវត្តមានក្នុងជំនួបនេះ ក៏បានអះអាង និងបង្ហាញជំហរដ៏រឹងមាំរបស់ខ្លួន ជំរុញអ្នកវិនិយោគជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។
ជាកិច្ចឆ្លើយតបទៅនឹងអ្វីដែលឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា បានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណឯកឧត្តមចំពោះពាក្យពេចន៍ប្រកបភាពវិជ្ជមានទាំងឡាយចំពោះប្រទេសកម្ពុជា ហើយសម្តេចបានគូសបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសជប៉ុនពេលនេះ គឺមានគោលបំណងជួបជាមួយអ្នកវិនិយោគជប៉ុន ដែលព្រឹកមិញ មានការចូលរួមពីអ្នកវិនិយោគជប៉ុនក្នុងវេទិកាវិនិយោគនៅកម្ពុជារហូតដល់ទៅជាង ៣០០ នាក់។
ពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនវិញ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតថ្មី។ សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ពីការកើនឡើងនូវជំនួយ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសម្តេចចាត់ទុកនេះជាសករាជថ្មីនៃកិច្ចសហការរវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរំលឺកថា ភាពជោគជ័យរបស់កម្ពុជាកន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍ថា ជំនួយនេះបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ដែលបានយកលិខិតអបអរសាទររបស់អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជូនសម្តេចដល់ផ្ទះកាលពីឆ្នាំ ២០១៨។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ថា ដូចអ្វីដែលឯកឧត្តមបានឃើញជាក់ស្តែងហើយចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពេលឯកឧត្តមអញ្ជើញមកកាន់ប្រទេសកម្ពុជា គឺមិនមានប្រជាពលរដ្ឋណាដែលស្លាប់ដោយសារអត់ស្បៀង ឬដោយសារភាពច្របូកច្របល់នោះឡើយ។ ប្រជាពលរដ្ឋនៅតែមានភាពសប្បាយរីករាយក្រោយការបោះឆ្នោត ហើយបន្តប្រកបរបររកស៊ីចិញ្ចឹមជីវិតជាធម្មតា។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកជំទាវដែលជាកូនស្រីរបស់ ឯកឧត្តម កេ អូប៊ីជី អតីតនាយករដ្ឋមន្ត្រីជប៉ុនឱ្យបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ ឯកឧត្តម កេ អូប៊ីជី ជានាយករដ្ឋមន្ត្រីជប៉ុនដំបូង បានបំពេញទស្សនកិច្ចនៅកម្ពុជា (ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ ២០០០) ក្រោយកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម៕