- ឯកឧត្តម ធៀន សៀជុន (Tian Xuejun) អនុរដ្ឋមន្រី្តក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន,
- លោក ឈីវ សួយភីង (Qiu Shuiping), ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង,
- លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ាវ ភីង(Hao Ping), សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៉េកាំង
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំងដ៏ល្បី នៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់គោរមងារដល់ខ្ញុំជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សា និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ជាពិសេស ឯកឧត្តម ឈីវ សួយភីង ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមសាកលវិទ្យាធិការ ហ៊ាវ ភីង ដែលបានសម្រេចផ្តល់ គោរមងារដ៏ឧត្តុង្គឧត្តមនេះដល់រូបខ្ញុំ និងសូមអរគុណដល់ការចូលរួមអបអរសាទរ និងគាំទ្រ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យប៉េកាំង ក្នុងកម្មវិធីនៅថ្ងៃនេះ។
ខ្ញុំសូមអរគុណសាកលវិទ្យាល័យប៉េកាំង ដែលបានធ្វើការសិក្សាយ៉ាងច្បាស់លាស់អំពីសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា តាមបន្ទាត់នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដែលមាន ខ្ញុំជាមគ្គុទ្ទេសដឹកនាំ ដំបូងក្នុងឋានៈជារដ្ឋមន្រី្តការបរទេស និងបន្តមកទៀតជានាយករដ្ឋមន្រី្ត ដែលកាន់តំណែងយូរជាងគេនៅតំបន់អាស៊ី។ នយោបាយការបរទេស និងយុទ្ធសាស្រ្តបត់បែនផ្នែកការទូតរបស់យើងបានជម្រុញកម្ពុជាឲ្យបោះជំហានទៅរកអនាគតរុងរឿង និងប្រែមុខមាត់ពីប្រទេសមួយដែលធ្លាប់តែឯកោ ឲ្យក្លាយជាសមាជិកដ៏សកម្មក្នុងសហគមន៍អន្តរជាតិ និងតំបន់ ចូលរួមចំណែកកាន់តែសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ក៏ដូចជាការអភិវឌ្ឍ នៅក្នុងបរិបទពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង និងមានស្ថានការណ៍ប្រែប្រួលយ៉ាងឆាប់រហ័ស។
ការផ្តល់គោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» របស់សាកលវិទ្យាល័យប៉េកាំង ក៏បានឆ្លុះបញ្ចាំងអំពីលក្ខណៈជាពិសេសនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន ក្នុងនាមជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរឹងមាំដូចដែកថែប ហើយកំពុងត្រូវបានបន្តពង្រឹងពង្រីកថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន។ ខ្ញុំមានសេចកី្តសោមនស្ស រីករាយណាស់ដែលបានចូលរួមចំណែកមួយផ្នែកធំក្នុងការលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដូចបងប្អូនរវាងកម្ពុជា និងចិន ហើយក៏នៅមានពេលវេលាវែងទៅមុខទៀតដើម្បីបន្តពូនជ្រុំទំនាក់ទំនងដ៏ប្រពៃនេះឲ្យកាន់តែប្រសើរឡើង។
គោរមងារសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ដែលខ្ញុំបានទទួលនាពេលនេះ មិនមែនគ្រាន់តែជាមោទនភាពសម្រាប់រូបខ្ញុំផ្ទាល់ទេ តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល ដែលបានរួមសុខរួមទុក្ខជាមួយខ្ញុំ តាំងពីគ្រាលំបាករហូតមកទល់ពេលនេះ។ ខ្ញុំក៏សូមចែករំលែកមោទនភាពទាំងអស់នេះដល់ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយខ្ញុំក្នុងគ្រប់កាលៈទេសៈ។ ជាពិសេសខ្ញុំសូមផ្តល់កិត្តិយសនេះដល់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់ទំនុកចិត្តដល់រូបខ្ញុំ ដើម្បីឱ្យខ្ញុំឤចបម្រើជាតិមាតុភូមិ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យបានសម្បូរសប្បាយ ថ្កុំថ្កើង រុងរឿងជារៀងរហូត ហើយធ្វើឲ្យកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិកាន់តែខ្ពង់ខ្ពស់។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី!
ខ្ញុំសូមឆ្លៀតឱកាសនេះរំលឹកថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បាន បង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី១៩កក្កដា ឆ្នាំ១៩៥៨ គឺតាំងពីសាធារណរដ្ឋប្រជាមានិតចិន មិនទាន់បានក្លាយជាសមាជិកអង្គការសហប្រជាជាតិនៅឡើយ។ ចំណងមិត្តភាពជាប្រពៃណី ដែលបានកសាងឡើងរួមគ្នាដោយព្រះករុណា ព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេន ឡាយ ព្រមទំាងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ត្រូវបានបន្តពូនជ្រុំឲ្យរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតបានលើកតម្កើងកំរិតទៅជា «ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១០។
ប្រទេសកម្ពុជា និងចិនបានកសាងទំនាក់ទំនងជាមួយគ្នាដោយឈរលើគោលការណ៍យោគយល់ គោរពគ្នាស្មើភាពទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ–ឈ្នះ។ ចិនបានប្រកាន់ជំហរឥតងាករេក្នុងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយគាំទ្រប្រជាជនកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍សមស្របតាមបរិបទរបស់កម្ពុជា។ ចំណែកកម្ពុជាវិញបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ ចិនមួយ និងទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល។
ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជា និងចិនបានសហការគ្នារៀបចំកម្មវិធីយ៉ាងអធិកអធមនិងសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតរបស់យើង ដោយចាប់ផ្តើមជាមួយនឹងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រី្ត លី ខឺឈាង នៅកម្ពុជាពីដើមខែមករាឆ្នាំ២០១៨ និងបញ្ចប់ដោយទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅចិន កាលពីខែមករាឆ្នាំនេះ។ បើក្រឡេកមើលទៅអតីតកាល៦០ឆ្នាំកន្លងមក យើងអាចអះអាងថាទំនាក់ទំនងកម្ពុជា-ចិនក្នុងពេលសព្វថ្ងៃនេះមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្ស និងគណបក្ស ធុរកិច្ច និងធុរកិច្ច ក៏ដូចជាប្រជាជន និងប្រជាជន។
ប្រទេសយើងទាំងពីរបាន និងកំពុងបន្តធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កំរិតថ្នាក់យ៉ាងមមាញឹក ដែលនាំឲ្យកិច្ចសហប្រតិបតិ្តការទ្វេភាគី កាន់តែស៊ីជម្រៅ និងទំលំទូលាយតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ បច្ចុប្បន្ន ចិនគឺជាប្រទេសដែលឈរលំដាប់ទីមួយក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ និងការវិនិយោគនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ចំនួនទេសចរទៅ ទស្សនាប្រទេសកម្ពុជាដែលកើនដល់ជាង ២ លាននាក់កាលពីឆ្នាំទៅ និងជាដៃគូពាណិជ្ជកម្មដ៏ធំ សម្រាប់ប្រទេសកម្ពុជា។ ក្រៅពីក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិនក៏ធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទលើគ្រប់វិស័យផងដែរក្នុងក្របខ័ណ្ឌពហុភាគី ដែលរួមមានដូចជាកិច្ចសហប្រតិបតិ្តការមេគង្គ–ឡាងចាង អាស៊ាន–ចិន អង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលកម្ពុជាគាំទ្រពេញទំហឹង និងជឿជាក់ថាគំនិតផ្តួចផ្តើមនេះនឹងរួមចំណែកយ៉ាងធំ ដល់សុខសនិ្តភាព ការអភិវឌ្ឍ និងវិបុលភាពរួមសម្រាប់មនុស្សជាតិ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី!
បច្ចុប្បន្នេះ កម្ពុជាបានរួមគ្នាជាធ្លុងមួយ មានឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ លើកដំបូងបំផុត ដែលពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំមកហើយ និងបានអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័សគួរជាទីមោទនៈ ដែលមានកំណើនសេដ្ឋកិច្ច ជាមធ្យម ៧,៧% ក្នុងរយៈពេលជាង ២ ទសវត្ស ក្រោយពីទទួលបានសន្តិភាពជាស្ថាពរនៅឆ្នាំ១៩៩៨។ ពេលនេះ កម្ពុជាមិនគ្រាន់តែបានចាកផុតពីសង្គ្រាមបង្ហូរឈាមរ៉ាំរ៉ៃប៉ុណ្ណោះទេ តែកម្ពុជាថែមទាំងបានរួមចំណែកថែរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ ។ ជាក់ស្តែងគិតចាប់តាំងពីឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកំលាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន ៥.៩៦៩ នាក់ទៅកាន់ប្រទេសចំនួន ៨ នៅទ្វីបអាហ្រ្វិក ។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ និងអន្តរជាតិជាច្រើនដោយជោគជ័យ ហើយនៅឆ្នាំ២០២០ ខាងមុខ យើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាលពី ៥១ ប្រទេស មកចូលរួម។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានបន្តផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា ដែលមិនត្រឹមតែបានជួយនាំមកនូវវិបុលភាពសម្រាប់ប្រជាជនយើងនោះទេ តែក៏បានជួយរួមចំណែកពង្រឹងឯករាជ្យភាពនយោបាយកម្ពុជាផងដែរ។
ខ្ញុំសូមអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ដែលបានអនុវត្តនយោបាយ កែទំរង់ និងបើកចំហរដោយជោគជ័យ ធ្វើឲ្យចិនមានការរីកចម្រើនសេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងក្លា ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ មានកិត្យានុភាពកាន់តែខ្ពង់ខ្ពស់ និងតួនាទីកាន់តែធំក្នុងកិច្ចការពិភពលោក ហើយបាន និងកំពុងបន្តរួមចំណែកដល់ការអភិវឌ្ឍនៅគ្រប់ទិសទី រួមទាំងនៅកម្ពុជាផងដែរ។
ជាទីបញ្ចប់ខ្ញុំសូមអបអរសាទរ និងជូនពរបវរមហាប្រសើរដល់រដ្ឋាភិបាល និងប្រជាជនចិនក្នុងឱកាសខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន សូមឲ្យសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រទេសចិន ទៅជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ រឹងមាំ វប្បធម៌ជឿនលឿន និងមានភាពសុខដុមរមនា នៅឆ្នាំ ២០៤៩។ ខ្ញុំសូមថ្លែងអំណរគុណជាថី្មចំពោះសាកលវិទ្យាល័យប៉េកាំង ដែលបានផ្តល់គោរមងារជាសាស្រ្តាចារ្យកិតិ្តយសផ្នែកទំនាក់ទំនងអន្តរជាតិដល់ខ្ញុំ និងសូមជូនពរឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងអង្គពិធីទាំងមូល សូមប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។
សូមអរគុណ!