សុខសប្បាយទេបងប្អូនយើង? ហើយបានរាំវង់ទេ ចូលឆ្នាំកន្លងទៅហ្នឹង? លឺថាចាស់ៗ ឆ្នាំហ្នឹងរាំវង់ខ្លាំងជាងក្មេងៗ?
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិត្តថៃ ជាទីរាប់អាន!
សូមគោរព លោកយាយ លោកតា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
ជូនពរឆ្នាំថ្មី ឆ្នាំកុរ
អនុញ្ញាតឲ្យខ្ញុំជាដំបូង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាល ផ្ញើជូននូវការជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលទើបចូលមកដល់ថ្មីៗកន្លងទៅនេះ សូមបងប្អូនជនរួមជាតិដែលមានវត្ត មាននៅទីនេះ និយាយដោយឡែក និងនិយាយរួមនៅខេត្តបន្ទាយមានជ័យ និងប្រជាជននៅទូទាំងប្រទេស សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
គាប់ជួនច្រើនតែមកបន្ទាយមានជ័យក្រោយពិធីចូលឆ្នាំ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយក៏វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ប៉ុន្មានឆ្នាំរួចមកហើយ បើសិនជាពិនិត្យមើលកំណត់ត្រាឡើងវិញ អំពីវត្តមានរបស់ខ្ញុំនៅក្នុងខេត្តបន្ទាយមានជ័យ នោះគឺពាក់ព័ន្ធជាមួយនឹងថា ឲ្យតែក្រោយដាច់ឆ្នាំសកល ក៏មាន(វត្តមាន)នៅខេត្តបន្ទាយមានជ័យ។ រយៈពេលពីរលើកចុងក្រោយនេះ គឺនៅឆ្នាំ ២០១៦ ក្រោយចូលឆ្នាំខ្មែរ គឺមានវត្តមាននៅខេត្តបន្ទាយមានជ័យ នៅស្រុកថ្មពួក ឥឡូវនេះ ក្រោយចូលឆ្នាំខ្មែរទៀត គឺមានវត្តមាននៅខេត្តបន្ទាយមានជ័យ(ម្តងទៀត) ប្រហែលនេះវាជាទំនាយរបស់មនុស្សទេដឹង បានជាយើងមានវាសនាជួបគ្នានៅក្នុងឱកាស នៃក្រោយការចូលឆ្នាំសកលផង និងជាពិសេស ការជួបគ្នាក្រោយចូលឆ្នាំខ្មែរផង។
តភ្ជាប់ស្ពាន រវាង ស្ទឹងបត់(កម្ពុជា) ជាមួយ បានណងអៀន(ថៃ)
ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយ ដែលយើងបានរូមគ្នាជាមួយនឹងព្រះរាជាណាចក្រថៃ ដែលអម្បាញ់មិញនេះ ពិធីមួយត្រូវបានធ្វើរវាងការតភ្ជាប់ ដែលខ្ញុំ ជាមួយនិងឯកឧត្តម នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៃព្រះរាជាណាចក្រថៃ បានធ្វើជាមួយគ្នា ក្នុងការតភ្ជាប់ស្ពានរវាងផ្នែកខាងកម្ពុជាយើង គឺនៅស្ទឹងបត់ ហើយនិងនៅខាងព្រះរាជាណាចក្រថៃ គឺបានណងអៀន ដែលជាការតភ្ជាប់ដ៏សំខាន់មួយសម្រាប់យើងជាមួយនឹងព្រះរាជាណាចក្រថៃ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអរគុណជាមួយនឹងការជំនួយឧបត្ថម្ភទាំងអស់ ដែលមិត្តថៃបានផ្តល់សម្រាប់ការសាងសង់ស្ពាន ក៏ដូចជាការកសាងនូវតំបន់នេះ ដែលហិរញ្ញប្បទានសម្រាប់ការកសាងនៅទីនេះ មានប្រមាណដូចដែលនៅក្នុងរបាយការណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល មានប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាមេរិក។
ស្ពានខាងប៉ោយប៉ែតសម្រាប់ទេសចរ ស្ពានខាងស្ទឹងបត់នេះសម្រាប់ដឹកទំនិញ
ថ្ងៃនេះ យើងកសាងភ្ជាប់កន្លែងនេះ ហើយមូលហេតុទាំងឡាយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើរបាយការណ៍ជូនអង្គពិធីអម្បាញ់មិញ យើងមិនអាចបន្តប្រើប្រាស់នូវស្ពានប៉ោយប៉ែតតទៅទៀត ដោយលាយឡំទាំងមុខទំនិញផង ទេសចរផង និងថ្មើរជើងផងបានទេ។ យើងត្រូវយកស្ពានថ្មីមួយ មកឆ្លងនៅកន្លែងនេះ ដើម្បីដោះស្រាយការតភ្ជាប់ និងសម្រួលពាណិជ្ជកម្មក្នុងការដឹកជញ្ជូនទំនិញ។ ឯសម្រាប់ស្ពាននៅប៉ោយប៉ែតឯណោះវិញ គឺសម្រាប់តែវិស័យទេសចរណ៍។
នឹងមានស្ពានដែកថ្មីមួយទៀត សម្រាប់អ្នកអូសរទេះ រ៉ឺម៉ក ដឹកទំនិញតូចតាច
ខ្ញុំក៏គួរតែបញ្ជាក់ជូនបងប្អូនជនរូមជាតិឲ្យបានជ្រាបថា បើសិនជាស្ពានធំរបស់យើង បន្តមានទាំងផ្នែកទេសចរណ៍ និងបន្តដោយមានការអូសរទេះ គឺពិតជានឹងមានការលំបាកសម្រាប់ទាំងផ្នែកទេសចរណ៍ និងទាំងផ្នែកបងប្អូនអូសរទេះ។ ដូច្នេះហើយបានជាគំនិតផ្តួចផ្តើមរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវរបស់ព្រះរាជាណាចក្រថៃ ហើយឆ្លងតាមសំណើរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់រូបខ្ញុំ ក៏បានអនុម័តរួចហើយ អោយកសាងស្ពានដែកមួយទៀត។ ស្ពាននោះមានទទឹង ៩ ម៉ែត្រ និងបណ្តោយ ៥០ ម៉ែត្រ ដើម្បីឲ្យអ្នកអូសរទេះទាំងឡាយអូសមួយសេរីទៅតាមហ្នឹង កុំឲ្យវាប៉ះពាល់ជាមួយនឹង ឯណាខាងលើទេសចរ ខាងក្រោមគេហៅថារទេះ។
យើងមិនអាចតម្រូវឲ្យរទេះតូចៗដឹកទំនិញឆ្លងកាត់ទៅផ្សាររុងក្លឿ ពីផ្សាររុងក្លឿមកខាងយើងបានទេ យើងមិនអាចយករទេះទាំងនោះមកដាក់នៅស្ទឹងបត់នេះបានទេ។ ដូច្នេះហើយការគិតគូរនៅកន្លែងនេះ យើងក៏អនុញ្ញាតឲ្យកសាងស្ពានដែកមួយសម្រាប់បងប្អូនអ្នកអូសរទេះ។ ដូច្នេះ ចំណុចនេះវាកាន់តែងាយស្រួលថែមទៀត ពីមុននេះ វាគ្រាន់តែជាការញែករវាងទំនិញជាមួយនឹងទេសចរ ប៉ុន្តែ យើងនៅដោយផ្នែកទំនិញតូចតាចខ្លះដែលដឹកដោយរ៉ឺម៉ក។ ដូច្នេះហើយបានជាយើងព្យាយាមស្រុះស្រួល រវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ ដើម្បីសម្រួលអោយបងប្អូនដែលអូសរ៉ឺម៉កឆ្លងកាត់នោះ ធ្វើការឆ្លងកាត់ងាយស្រួល និងបង្កើននូវលទ្ធភាពសមស្របសម្រាប់វិស័យទេសចរ ទៅលើស្ពានប៉ោយប៉ែតបច្ចុប្បន្ននេះ។
សមិទ្ធផលថ្មីក្នុងឆ្នាំថ្មី
ឥឡូវនេះ ពេលដែលយើងជួបជុំគ្នា ក្រៅពីបញ្ហាបច្ចេកទេសដែលខ្ញុំមិនចង់និយាយតទៅទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក៏ដូចជាក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ ក៏ដូចជាទីភ្នាក់ងារនេះដែរ ដែលបានខិតខំជួយមកដល់កម្ពុជា ដើម្បីជួយអោយដំណើរការទាំងអស់បានរួចរាល់ចប់សព្វគ្រប់ ហើយយើងក៏បានបើកការដ្ឋានថ្ងៃនេះ ជាមួយនឹងអាគារទីកន្លែងសម្រាប់សម្រួលពាណិជ្ជកម្ម ជាមួយផ្លូវតភ្ជាប់ពីតំបន់នេះ ទៅកាន់ផ្លូវជាតិលេខ ៥។ ចំណុចនេះ យើងទទួលផលនៅក្នុងឆ្នាំថ្មី បានសេចក្ដីថា ទទួលផលដើមរដូវ គឺក្រោយចូលឆ្នាំខ្មែរប្រមាណតែមួយសប្ដាហ៍ប៉ុណ្ណោះ សមិទ្ធផលថ្មីដែលយើងបានប្រឹងប្រែងកាលពីប៉ុន្មានឆ្នាំមុននេះ វាក៏បានទទួលផល។ ថ្ងៃនេះ យើងក៏ចាប់ផ្ដើមជាមួយនឹងការសាងសង់ នៅកន្លែងនេះហើយរយៈពេលប៉ុន្មានខែក្រោយ គឺសមិទ្ធផលនេះនឹងផ្ដល់ផលឲ្យយើង ហើយពេលនោះយើងនឹងរំដោះទំនិញទាំងប៉ុន្មាន ដែលឆ្លងកាត់នៅឯស្ពានប៉ោយប៉ែតបច្ចុប្បន្ន មកកាន់ស្ពានស្ទឹងបត់សព្វថ្ងៃនេះ។
យុទ្ធសាស្ត្រ ៣ កើតឡើងពីនយោបាយឈ្នះឈ្នះ
ឥឡូវយើងគួរពិនិត្យមើលអំពីក្របខ័ណ្ឌទាក់ទងនឹងទិដ្ឋភាពរួមរបស់ប្រជាជនកម្ពុជារបស់យើង ថាតើហេតុអ្វីទៅបានជាយើងមានលទ្ធភាពមកអង្គុយនៅកន្លែងនេះ? ហើយហេតុអ្វីទៅបានជាយើងសម្រេចបាននូវអ្វីដែលយើងពីមុនមិនធ្លាប់មាន? ពិតហើយ បើយោងទៅលើប្រវត្តិសាស្ត្រនៃទំនាក់ទំនងផ្លូវដែកនេះមានច្រើនជំនាន់ តាំងពីជំនាន់សម័យបារាំងឯណោះ ប៉ុន្តែ ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមត្រូវបានកាត់ផ្ដាច់ តែឥឡូវយើងមានលទ្ធភាពដើម្បីនឹងធ្វើ(អោយដំណើរការឡើងវិញ)បែបនេះ។ តើវាចង្អុលបង្ហាញពីអ្វីខ្លះ យើងគួរតែនិយាយបញ្ហានេះឲ្យបានច្បាស់ ដើម្បីយើងសម្លឹងមើលអនាគតរបស់កម្ពុជាយើង ដើម្បីបោះជំហានទៅមុខរបៀបណា។ ខ្ញុំគួរតែត្រូវលើកមកបង្ហាញ អំពីជោគជ័យនៃយុទ្ធសាស្ត្រ ៣ ដែលគម្បីត្រូវបានរំលឹក។ (យើង)រួមគ្នាដើម្បីនឹងពិនិត្យថា ផលដែលយើងទទួលបានពីនយោបាយឈ្នះឈ្នះ វាបង្កើតឡើងឲ្យយើងសម្រេចនូវយុទ្ធសាស្ត្រ ៣ យ៉ាង។
ដំណើរតាម អារញ្ញប្រៈថេត ទៅជួប ឆាទិឆៃ ឈុនហាវ៉ាន់
សុំកុំភ្លេចថាតំបន់នេះ វាជាតំបន់អតីតសមរភូមិស៊ីសាច់ហុតឈាមជាមួយគ្នា។ យើងចង្អុលទៅម៉ាឡៃនៅខាងណា? ម៉ាឡៃបាញ់មកធ្លាក់នៅកន្លែងហ្នឹង គឺបាញ់គ្នានៅម្ដុំហ្នឹង។ កន្លែងខ្លាងាប់នៅកន្លែងណា? អាហ្នឹងវាយថ្មើរជើងអត់វាយកាំភ្លើងធំទេ គឺវាយថ្មើរជើងជាមួយគ្នារវាងកងទ័ពនៅម៉ាឡៃ ជាមួយនឹងកងទ័ពរាជរដ្ឋាភិបាល។ ចំណុចនេះខ្ញុំនៅចាំបានថា នៅក្នុងខែកញ្ញា ឆ្នាំ ១៩៨៩ ពេលនោះខ្ញុំជាមួយសម្ដេច ទៀ បាញ់ បានធ្វើដំណើរពីសិរីសោភ័ណ្ឌមកប៉ោយប៉ែត ហើយឆ្លងស្ពានប៉ោយប៉ែតពេលនោះ ស្ពាននៅសល់តែផ្លូវដែកតែប៉ុណ្ណឹងទេ ដាក់ក្ដារដើរដើម្បីឆ្លងកាត់ទៅអារញ្ញប្រៈថេត ហើយឡើងឧទ្ធម្ភាគចក្រពីអារញ្ញប្រៈថេតទៅទីក្រុងបាងកក ដើម្បីជួបជាមួយនឹងអតីតនាយករដ្ឋមន្ត្រី ឆាទិឆៃ ឈុនណាវ៉ាន់ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ឆាវាលីត (យុងឆៃយុទ្ធ)។ កាលពីពេលហ្នឹង គាត់នៅជាអគ្គមេបញ្ជាការកងទ័ពនៅឡើយទេ មិនទាន់ជាឧបនាយករដ្ឋមន្ត្រីទេ។ ពេលនោះ សងខាងផ្លូវជាតិលេខ ៥ ទាំងអស់ ត្រែងទាំងអស់ ហើយក៏មិននឹកស្មានថាដល់ដំណាក់កាលថ្មីនេះ បែរជាប៉ោយប៉ែតក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍហួសពីការនឹកស្មានដល់។
សុខសន្តិភាពគឺជាហាងឆេងកំពុងឡើងថ្លៃ
អញ្ចឹងបានជាខ្ញុំនឹកស្មានថា អ្នកខ្លះមកអះអាងហើយប្ដឹងផ្ដល់មកខ្ញុំថា ដីនេះគេកាន់កាប់តាំងពីឆ្នាំ ១៩៨០ ព្រោះវាអញ្ចេះ និយាយ(តាមពិតហើយ)ប៉ោយប៉ែតនេះ ឆ្នាំ ១៩៨៦ ខ្ញុំមកម្ដង មកនៅអាផ្ទះនោះរួចហើយបានធ្វើដំណើរ (តាម)របងព្រំដែនដែលហៅ ក៥ ឡើងទៅដល់ព្រំដែន ជិតបឹងត្រកួន។ កាលហ្នឹងក្រោយយុទ្ធនាការ ហើយកាន់កាប់តំបន់ទាំងនោះមួយចំនួន។ អញ្ចឹងចេញមកវិញត្រឡប់តាមផ្លូវម្កាក់ ស្ពានម្កាក់របស់យើងនេះ ហើយខ្ញុំមកដេកនៅស៊ីសុផុន។ ប៉ុន្តែឆ្នាំ ១៩៨៩ ខ្ញុំបានឆ្លងកាត់ទៅថៃ ខ្ញុំមក ២ ដង អញ្ចឹងគ្មានប្រជាជនណានៅទេ កាលពីពេលនោះ។ អត់មានមនុស្សនៅទេ ដោយសារអី? ដោយសារសង្គ្រាម ប៉ុន្តែ ឥឡូវនេះ ដល់ទៅទាស់គ្នារឿងដីធ្លី ប្តឹងទៅដល់ខ្ញុំថា កាន់កាប់តាំងពីឆ្នាំ ១៩៨០។ អារឿងហ្នឹងទុកវាមួយឡែកទៅចុះ។ បើដីឡើងថ្លៃ នាំគ្នាដណ្តើមដី កាលពេលសង្គ្រាមនាំគ្នារត់ចោលដី។ រឿងវាអញ្ចឹង។ អញ្ចឹងទេ ឥឡូវយើងគួរពិនិត្យមើល ខ្ញុំមើលឃើញ នៅក្នុងពេលចូលឆ្នាំ ប្រហែលជាចូលឆ្នាំហើយមួយថ្ងៃគឺ មានអ្នកធ្វើអត្ថាធិប្បាយម្នាក់ អ្នកសរសេរអត្ថបទម្នាក់ ផ្សាយតាម Fresh News ដាក់ចំណងជើងថា សុខសន្តិភាពគឺជាហាងឆេងកំពុងឡើងថ្លៃ។ វាត្រូវតែអញ្ចឹង។ កាលដែលយើងជួបប្រទះក្នុងដំណាក់កាលនៃសង្គ្រាម តើយើងមានបានរាំលេងដូចសម័យនេះទេ? អត់ទេ។
ស្នើសូមប្រជាពលរដ្ឋយើងយោគយល់អធ្យាស្រ័យ សម្រាប់ការខ្វះខាតអគ្គិសនី
ពិតហើយឆ្នាំនេះពេលចូលឆ្នាំក្តៅណាស់ ថែមទាំងខ្វះខាតអគ្គិសនីផង ហើយដោយសារតែកត្តាធម្មជាតិ ដែលធ្វើអោយយើងបាត់សមត្ថភាពផលិតរហូតទៅដល់ ១.០០០ មេហ្គាវ៉ាត់ សម្រាប់វារីអគ្គិសនី។ វារីអគ្គិសនីរបស់យើងមានថាមពលជិត ១.៤០០ មេហ្គាវ៉ាត់ ក៏ប៉ុន្តែថ្ងៃខ្លះផលិតបានត្រឹមតែជាង ១០០ មេហ្គាវ៉ាត់ ថ្ងៃខ្លះផលិតបានប្រមាណជាង ៣០០ មេហ្គាវ៉ាត់។ ព្រឹកមិញ ឯកឧត្តម ស៊ុយ សែម បានបញ្ជូនមកអោយខ្ញុំ (ថា)យប់មិញនេះយើងផលិតបាន ៣៧៣ មេហ្គាវ៉ាត់ លើសមត្ថភាពផលិត ១.៣២៨ មេហ្គាវ៉ាត់ នេះចាត់ទុកថាសំណាងហើយយប់មិញនេះ។ យប់ពីម្សិលបាន ៣០០ មេហ្គាវ៉ាត់។ ប៉ុន្មានយប់មុននោះជាង ១០០ មេហ្គាវ៉ាត់ និងជាង ២០០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែមុនពេលដែលយើងចូលឆ្នាំនេះ ព្រះរាជាណាចក្រថៃ ក៏បានបញ្ជូនចូលជួយបន្ថែមអោយសម្រាប់ផ្គត់ផ្គង់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តពោធិសាត់។ ខាងវៀតណាម ក៏ជួយបញ្ជូនអោយ ៥០ មេហ្គាវ៉ាត់ បញ្ចូលមក។ ប៉ុន្តែយ៉ាងណាក៏មិនគ្រប់គ្រាន់ ដែលសូមស្នើសូមប្រជាពលរដ្ឋយើងយោគយល់អធ្យាស្រ័យ សម្រាប់ការខ្វះខាតរបស់យើង ហើយអាចបន្តការខ្វះខាតរហូតទៅដល់ពេលភ្លៀងធ្លាក់។ យើងនឹងដោះស្រាយបញ្ហានេះនៅឆ្នាំក្រោយបន្តបន្ទាប់ ដើម្បីចៀសវាងបញ្ហាច្រំដែល។
ជោគជ័យយុទ្ធសាស្ត្រ ៣៖ (១) ប្រែក្លាយអតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍
យ៉ាងណាក៏ដោយ បន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះឈ្នះ រយៈពេល ២០ ឆ្នាំក្រោយ យើងជោគជ័យនូវយុទ្ធសាស្ត្រ ៣ យ៉ាង ដែលខ្ញុំគួរតែត្រូវបានបញ្ជាក់នូវទីនេះជាមួយគ្នា។ ជោគជ័យទី ១៖ យើងបាន និងកំពុងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ អោយក្លាយទៅជាតំបន់មានការអភិវឌ្ឍ។ អ្នកដែលរស់នៅតំបន់នេះ ដែលធ្លាប់រស់នៅតំបន់នេះតាំងពីសម័យសង្គ្រាម គឺពិតជាអាចយល់ដឹងថាតំបន់នេះវាយ៉ាងម៉េច? គ្មានទេសេចក្តីសុខ ការរត់លូន ជម្លៀសដែលហៅថាជនភៀសសឹក វាតែងកើតមាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងតំបន់ប្រយុទ្ធមួយចំនួនផ្សេងទៀត។ ក៏ប៉ុន្តែបន្ទាប់ពីយើងបញ្ចប់សង្គ្រាមហើយ យើងបានខិតខំរួមគ្នាដើម្បីធ្វើអោយតំបន់អតីតសមរភូមិទាំងនោះ ក្លាយទៅជាតំបន់មានការអភិវឌ្ឍ។
ដូចជា ប៉ោយប៉ែត តាំងពីអត់មានផ្ទះ កាលពីសម័យខ្ញុំឆ្នាំ ១៩៨៩។ ក៏ប៉ុន្តែ ឥឡូវនេះ ប៉ោយប៉ែត របស់យើងមានការអភិវឌ្ឍដោយតភ្ជាប់រវាង ស៊ីសុផុន និយាយរួមមួយតំបន់តភ្ជាប់ទៅ ម៉ាឡៃ។ នៅពេលមួយប្រហែលជាបងប្អូននៅខាង ម៉ាឡៃ អ្នកថើបខ្ញុំមិញមិនដឹងថាមកពីម៉ាឡៃ ឬអី? ព្រោះនៅអង្គុយក្បែរអ្នកម៉ាឡៃ។ តែថើបខ្ញុំមិញនេះគឺថើបហួសពេលហើយ។ ខុសពេល ព្រោះខ្ញុំបែកញើសជោគទៅហើយ មិនដឹងថាធុំក្លិនយ៉ាងម៉េចទេ? ខ្ញុំអត់ដឹងទេ? ព្រោះអ្នកថើបបានដឹងថាធុំក្លិនរបៀបម៉េច? ឆ្នាំ ២០១៦ ខ្ញុំចេញពីសិរីសោភ័ណ ទៅភ្លឺនៅជិតម៉ាឡៃឯណោះ។ សួរថាសម័យដើម តើអាចបានបែបនេះទេ? វាអត់មានទេ។
តំបន់អតីតសមរភូមិ មិនតិចជាង ៩០% ក្លាយជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ
ឥឡូវនេះក្រៅពីគ្មានការប្រយុទ្ធគ្នា តំបន់ទាំងនេះគឺជាតំបន់ដែលមានផ្លូវក្រាលកៅស៊ូល្អណាស់ គឺការតភ្ជាប់ផ្ទៃក្នុងរបស់យើង។ ដីដែលធ្លាប់តែធ្វើចម្បាំងរាំងជល់ ក៏ក្លាយទៅជាដីដែលមានការអភិវឌ្ឍ ទាំងវិស័យកសិកម្ម ទាំងវិស័យសេវា និងវិស័យដទៃទៀត តាមលទ្ធភាពដែលអាចធ្វើទៅរួច នៅសល់តិចតួចទេដែលយើងកំពុងតែដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីយកដីធ្លីនោះជូនប្រជាជនបង្កបង្កើនផល។ ចាត់ទុកថាជាគោលដៅ ២០ ឆ្នាំក្រោយ ក្នុងរង្វង់មិនតិចជាង ៩០% ទេ ដែលតំបន់អតីតសមរភូមិទាំងឡាយ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ ដូចជាតំបន់ប៉ែតប៉ោយ ដែលជាតំបន់ធ្លាប់តែមានការប្រយុទ្ធ វាទៅជាទីផ្សារ និងទៅជាតំបន់កំសាន្ត វាទៅជាតំបន់ដែលមានសេវា។
(២) ប្រែក្លាយខ្សែព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
ជោគជ័យទី ២ នោះនៅត្រង់ថា យើងបានប្រែក្លាយនូវខ្សែព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ តើថ្ងៃនេះវាបានឆ្លុះបញ្ចាំងពីអ្វីទៅ? គឺវាបានឆ្លុះបញ្ចាំងពីខ្សែព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និងការអភិវឌ្ឍ ទើបយើងអាចធ្វើបាន។ ប្រសិនបើគ្មានទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កុំថាឡើយដល់ទៅការកសាងស្ពានតភ្ជាប់ជាមួយផ្លូវ តភ្ជាប់ជាមួយគ្នា អគ្គិសនីតភ្ជាប់ជាមួយគ្នា សូម្បីតែមើលមុខគ្នា មើលមុខមិនចំផង។ ក៏ប៉ុន្តែយើងបានខិតខំប្រែក្លាយព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ស្នើបើកច្រកព្រំដែន ៤ ទៀត៖ អានសេះ, ជប់គគី, ភ្នំដី និងថ្មដា
ទំហំពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ធំណាស់ ជាង ៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ អញ្ចឹងទេ បានជាយើងមានតម្រូវការនៃការតភ្ជាប់ ហើយដែលសំខាន់(គឺ)ទំនាក់ទំនងជិតខាងល្អ ដែលយើងបានធ្វើជាមួយគ្នា។ អម្បាញ់មិញ មុនពេលពិធីចាប់ផ្តើម ខ្ញុំបានចរចាជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ខ្ញុំបានស្នើបើកនូវច្រកព្រំដែន ៤ កន្លែងផ្សេងទៀត ដែលរួមមានច្រកនៅអានសេះ រវាងខេត្តព្រះវិហារ និងខេត្តអ៊ូប៊ុន និងនៅជប់គគី ម្ខាងនៅឧត្តរមានជ័យ និងម្ខាងទៀត បុរីរ៉ាំ ឯមួយទៀតនៅភ្នំដី និងមួយទៀតនៅថ្មដា។ កាលណាដែលច្រកព្រំដែនត្រូវបានបើក សម្រួលឲ្យការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រជាជន។
នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដឹកជញ្ជូនថៃ ឆ្លើយតបជាវិជ្ជមានអំពីផ្លូវដែក ១៤០៩ គីឡូម៉ែត្រ
ម្យ៉ាងទៀត ខ្ញុំក៏សុំបញ្ជាក់ថា អម្បាញ់មិញយើងក៏បានទទួលនូវការឆ្លើយតបជាវិជ្ជមាន តាមរយៈសំណើរបស់ខ្ញុំជូនចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា និងតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ នោះមិត្តថៃបានសល់ផ្លូវដែក ១៤០ គីឡូម៉ែត្រ ព្រោះថាដែកចាស់ៗរបស់ថៃគឺបានដោះចេញ ជំនួសដោយដែកថ្មី អញ្ចឹងទេ ចាស់របស់ថៃ ប៉ុន្តែថ្មីនៅកម្ពុជា។ ផ្លូវដែករបស់យើងនៅនេះក៏ដូចគ្នាដែរ ចាស់នៅម៉ាឡេស៊ី ប៉ុន្តែមកថ្មីនៅកម្ពុជា ម៉ាឡេស៊ីអ្នកផ្តល់ឲ្យចំនួន ២០០ តោន នូវដែក ហើយពេលនោះឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ូរ៉ាយុឌ ជូឡាណន់ បានជួយដឹកជញ្ជូនពីប្រទេសម៉ាឡេស៊ីមកកម្ពុជា។ ឥឡូវ ដោយសារថៃនៅសល់នូវផ្លូវដែកចំនួន ១៤០ គីឡូម៉ែត្រនេះ គឺខ្ញុំបានស្នើសុំឲ្យគាត់ជួយផ្តល់ដែកនេះ ព្រោះគាត់អត់ប្រើតទៅទៀត។ អញ្ចឹងទេ យើងយកមកប្រើក្នុងប្រទេសរបស់យើង ដើម្បីយើងតភ្ជាប់បន្ថែមដែលយើងខ្វះផ្លូវដែក។ ថ្ងៃនេះយើងក៏ទទួលក្បាលរថភ្លើង និងទូរថភ្លើងមួយចំនួន ពីព្រះរាជាណាចក្រថៃផងដែរ។
(៣) ការតភ្ជាប់ផ្ទៃក្នុង និងការតភ្ជាប់ជាមួយប្រទេសជិតខាង
ចំណុចនេះ ខ្ញុំអាចអះអាងបានថា ខ្ញុំបានទទួលជោគជ័យនៅក្នុងយុទ្ធសាស្ត្ររបស់ខ្ញុំ ដែលបានដាក់ចេញអំពីប្រែក្លាយតំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់មានការអភិវឌ្ឍ និងទៅជាទីផ្សារ ទី ១។ ទី ២ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯ ចំណុចទី ៣ ខ្ញុំបានទទួលជោគជ័យច្រើនណាស់ទៅហើយអំពីការតភ្ជាប់ ទាក់ទងនឹងការតភ្ជាប់ផ្ទៃក្នុង និងការតភ្ជាប់ជាមួយប្រទេសជិតខាង។ ឥឡូវ សុំជនរួមជាតិរបស់យើងពិនិត្យមើល ពីមុនតើយើងមានផ្លូវគ្រប់គ្រាន់ទេ? ពិតមែនហើយ ឥឡូវវាមិនទាន់គ្រប់ទេ ក៏ប៉ុន្តែបើប្រៀបធៀបពីពេលមុន គឺខេត្តបន្ទាយមានជ័យអាចចាត់ទុកថា ជាខេត្តដែលមានភ័ព្វសំណាងដែលមានការតភ្ជាប់។
ការតភ្ជាប់នៅក្នុងក្របខណ្ឌខេត្តបន្ទាយមានជ័យនេះ គឺយើងពិនិត្យមើលផ្លូវលេខ ៥៩ តភ្ជាប់ពីកូនដំរីកាត់ទៅម៉ាឡៃ អាហ្នឹងខេត្តបន្ទាយមានជ័យ កាត់ទៅខេត្តបាត់ដំបង កាត់ទៅដល់ប៉ៃលិនឯណោះ និងមួយផ្នែកទៀតតភ្ជាន់ពីបវិលមកហៅថាផ្លូវជាតិ ៥៧ B ប៉ុន្តែងាកទៅម្ខាង អា ៥៦ អា ៥៨ ហើយមានផ្លូវដទៃទៀតច្រើនណាស់។ បន្តិចទៀតអ្នកបន្ទាយមានជ័យក៏មានភ័ព្វវាសនាដើម្បី ប្រើប្រាស់នូវរថភ្លើងកាត់ទីក្រុងភ្នំពេញផងដែរ។ កាលពីសម័យសង្រ្គាមតើវាមានទេ? វាអត់មានទេ។ សូម្បីតែមុនសម័យសង្រ្គាមវាក៏អត់មានផ្លូវយ៉ាងដូច្នេះដែរ។ អញ្ចឹងទេ សម្រាប់អ្នកបន្ទាយមានជ័យ និងសម្រាប់ប្រជាជននៅក្របខណ្ឌទូទាំងប្រទេស ការតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ និងនៅក្នុងក្របខណ្ឌខេត្តផ្ទាល់ គឺបានធ្វើយ៉ាងពេញទំហឹងតភ្ជាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាផ្លូវថ្នល់ ជាស្ពាន ជាផ្លូវដែក ហើយការតភ្ជាប់លើវិស័យអគ្គិសនីដែលអាចប្រើប្រាស់តភ្ជាប់ប្រព័ន្ធទូទាំងប្រទេសរាប់ទាំងការតភ្ជាប់ជាមួយនឹងប្រទេសជិតខាងចូលមកក្នុងប្រទេសរបស់យើងផងដែរ។
តភ្ជាប់ផ្ទៃក្នុងខ្លួនឯងមុន ការតភ្ជាប់ជាមួយប្រទេសជិតខាង
ដើម្បីសម្រេចនូវជោគជ័យនៃការតភ្ជាប់ជាមួយប្រទេសជិតខាង យើងត្រូវតភ្ជាប់ផ្ទៃក្នុងខ្លួនឯងជាមុនសិន។ ដោយសារតែយើងតភ្ជាប់ផ្ទៃក្នុងខ្លួនឯងបានហើយ ទើបយើងមានលទ្ធភាពតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ តាមផ្លូវប៉ោយប៉ែតផង តាមស្ទឹងបត់ផង និងតាមច្រកដទៃទៀតដែលគ្រោង នៅពេលខាងមុខ និងបើកច្រកជាបណ្តើរៗ។ យើងតភ្ជាប់ជាមួយនឹងខាងវៀតណាម យើងតភ្ជាប់ជាមួយនឹងខាងឡាវ ដូច្នេះ ការភ្ជាប់អាចនិយាយសរុបបានថា តភ្ជាប់ទាំងផ្លូវគោក តភ្ជាប់ទាំងផ្លូវដែក ទាំងផ្លូវទឹក និងផ្លូវអាកាស ដែលត្រូវធ្វើការជាមួយគ្នាតទៅទៀត ដែលនេះចាត់ទុកថាជាជោគជ័យដើម្បីរុញឲ្យកម្ពុជាមានដំណើរការសេដ្ឋកិច្ចប្រព្រឹត្តទៅដោយល្អ។ យើងជាមួយព្រះរាជាណាចក្រថៃ មានពិធីធ្វើថ្ងៃនេះជាមួយគ្នា ហើយខ្ញុំនឹងឆ្លងកាត់ទៅបន្តិចទៀតនេះ និងឆ្លងកាត់ទៅខាងប្រទេសថៃ ដែលឯកឧត្តម ប្រាយុទ្ធ ចាន់អូចា រង់ចាំនៅទីនោះ ហើយយើងត្រូវជិះរទេះភ្លើងមកខាងនេះវិញ។ យើងទៅតាមនោះហើយ យើងជិះរទេះភ្លើងមកខាងនេះ រួចហើយ បន្ទាប់ទៅបកទៅបាយនៅនោះវិញ។
ថែរក្សានូវសុខសន្តិភាពដែលយើងរកបានដោយពិបាក
ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា តែងចម្រៀង ២ បទ។ ខ្ញុំតែង ៤ បទ។ រឿងវាអញ្ចឹង។ វាសប្បាយជាមួយគ្នា ហើយប្រទេសទាំង ២ ក៏មានប្រពៃណី ទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា។ សង្រ្កាន្តជូនពរគ្នាទៅវិញទៅមក។ អញ្ចឹងសុំថែរក្សា(ទំនាក់ទំនង)ហ្នឹងឲ្យបាន។ ដំបូងបំផុតបញ្ហាធំជាងគេ សុំជួយថែរក្សានូវសុខសន្តិភាពដែលយើងរកបានដោយពិបាក។ ត្រូវថែទាំ។ បើថែទាំអាហ្នឹងមិនបានទេ អាស្ពានក៏វាដាច់ អាផ្លូវក៏វាដាច់ អាស្អីៗរត់ចោលដូចកាលឆ្នាំ ១៩៧០ ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ រត់ចោលដីធ្លីទាំងអស់។
រក្សាភាពស្ងាត់ស្ងៀម កុំឆ្លើយជាមួយវា ឆ្កែខាំជើងយើង យើងកុំយកមាត់យើងខាំជើងឆ្កែ
ពិតហើយខ្ញុំនិយាយពីទីនេះ ខ្ញុំមិនចង់ឲ្យអ្នកណាឆ្លើយតបទេ សូម្បីតែសម្តេចក្រឡាហោមដែលគេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ ក៏(គាត់)មិនចាំបាច់ឆ្លើយតបជាមួយនឹងអាឡប់ណាទេ។ ឥឡូវយើងសាកគិតជាមួយគ្នាមើល ឧបនាយករដ្ឋមន្រ្តីផ្តួលនាយករដ្ឋមន្រ្តី មានន័យស្មើនឹងអី? មានន័យស្មើនឹងរដ្ឋប្រហារ។ ចេះប្រើគេទៅរួច។ រួចហើយ រដ្ឋប្រហារយកអំណាចឲ្យអ្នកណា? យកអំណាចទៅឲ្យវា។ នឹកស្មានថាសម្តេចក្រឡាហោមល្ងង់ណាស់? អញ្ចឹងមិនចាំបាច់សម្តេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា(កាលពី)ថ្ងៃមុនចូលទៅប្រជុំគណៈរដ្ឋមន្រ្តី(ថា) មិនបាច់ឆ្លើយជាមួយវាទេ។ កុំឆ្លើយជាមួយវា។ តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯង។ … ឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្ស ទម្លាក់ប្រធានបក្ស (គឺជា)បក្សប្រហារ។ ប៉ុន្តែ អាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្រ្តី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តី មានន័យថា រដ្ឋប្រហារ។ ចេះទៅប្រើគេទៅរួច។ ចេះនិយាយទៅកើត … សូមឲ្យទាំងអស់គ្នាស្ងាត់ស្ងៀម កុំឆ្លើយជាមួយវា។
កាលណាវាយតម្លៃយុទ្ធសាស្រ្តរបស់យើងមិនត្រូវ ពួកគេនឹងចាញ់
ឆ្កែខាំជើងយើង យើងកុំយកមាត់យើងខាំជើងឆ្កែ។ អាហ្នឹងនិយាយមួយបែប ព្រោះអាហ្នឹងវាស្មើនឹងសត្វធាតុទៅហើយ … រួចហើយសុទ្ធតែថាសម្រុកចូល។ អញរង់ចាំតែសម្រុកចូលមកតើ។ ប៉ុល ពត ប៉ុន្មានកងពលវាយមិនទាំងដួលផង ទីចុងបំផុតអានេះចង់មកចាប់ឯងលេង។ ដូចស្រួលពេកទេដឹង? ហ៊ុន សែន ណា។ អ្នកមកនេះ តើមកចាប់ ហ៊ុន សែន ឬមកទទួល ហ៊ុន សែន? គិតខុសហើយ។ ទុកឲ្យគេវង្វេងខ្លួនគេទៅចុះ ឡប់ខ្លួនគេទៅចុះ។ កាលណាគេវាយតម្លៃយុទ្ធសាស្រ្តយើងមិនត្រូវ គឺពួកគេនឹងចាញ់ឯង។ ខ្ញុំក៏មិនចាំបាច់និយាយអ្វីវែងឆ្ងាយដែរ ព្រោះបានណែនាំហើយ ងើបមួយវាយមួយ ងើបពីរវាយពីរ។ ចប់វាគ្មានរឿងអីកើតឡើងទេ។ តែខុសច្បាប់ហើយ គឺដាក់។ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ។
បម្រែបម្រួលអាកាសធាតុ និងចូលរួមសោកស្ដាយដល់គ្រួសាររងគ្រោះធម្មជាតិ
ដើម្បីកុំអោយពេលវេលាវាខកខាន ព្រោះថ្ងៃនេះ បែកញើសជោកតាំងពីព្រលឹមតែម្ដង។ រួចក្ដៅនោះក្ដៅ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសុំយកឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជូនអោយខ្ញុំទាំងយប់អំពីការខូចខាតនៅយប់មិញនេះ។ នៅទីនេះក៏មានការខូចខាត ហើយធ្វើទាំងយប់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយប់មិញនេះ មានការបាត់បង់ជីវិតប្រជាពលរដ្ឋរបស់យើងរហូតដល់ ២ នាក់ បណ្ដាលមកអំពីភ្លៀង និងខ្យល់ខ្លាំងកាលពីម្សិលមិញនេះ។ ផ្ទះរលំទៅដល់ ១៥៦ ខ្នងនៅទូទាំងខេត្ត ស្លាប់ ២ នាក់ ដោយសាររន្ទះបាញ់។ បើគិតតាំងពីចូលឆ្នាំរហូតមកដល់ពេលនេះ គឺខូចខាតផ្ទះរហូតដល់ ៥៩៣ ខ្នង។ សាលារៀន ៣ ខ្នង កុដិលោក ២ និងមានកន្លែងមួយចំនួនផ្សេងទៀត។ នេះក៏សូមសំដែងនូវការសោកស្ដាយ ហើយចូលរួមមរណទុក្ខចំពោះគ្រួសារសព។ សូមអោយឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដឹកនាំការងារនេះ ធ្វើការងារមួយចំនួនក្នុងឋានៈជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងសូមអោយបន្តការខិតខំ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធទាំងកងទ័ព នគរបាល និងអាវុធហត្ថចូលរួមប្រតិបត្តិការជួយដោះស្រាយជូនប្រជាពលរដ្ឋពេលដែលមានការលំបាក ជាពិសេសប្រុងប្រយ័ត្នអំពីបញ្ហាខ្យល់កន្រ្តាក់។
សូម្បីតែខ្ញុំធ្វើដំណើរមកព្រឹកនេះ អត់ហ៊ានចេញឧទ្ធម្ភាគចក្រពីទីក្រុងភ្នំពេញត្រង់មកប៉ោយប៉ែតទេ ព្រោះចំណុចហោះហើរវាវែង។ អញ្ចឹងត្រូវប្រើយន្តហោះស្លាបធំចេញពីភ្នំពេញមកសៀមរាប ហើយបានឡើងឧទ្ធម្ភាគចក្រពីសៀមរាបមកប៉ោយប៉ែត។ ឥឡូវត្រឡប់ទៅវិញ ប្រសិនបើធាតុអាកាសមិនអំណោយ ខ្ញុំត្រៀមទៅតាមឡានទៅសៀមរាប អត់ទៅតាមឧទ្ធម្ភាគចក្រទេ ព្រោះខាងឧតុនិយមថា ក្រោយម៉ោង ១ គឺកម្រិតប្រែប្រួលរហ័សខ្លាំងណាស់ សូម្បីតែល្បឿននៃការហោះហើរទាបបន្តិចមែន ក៏ប៉ុន្តែអាតិចហ្នឹងហើយ ដែលវាមានផលប៉ះពាល់។ សូម្បីតែមួយគីឡូម៉ែត្រ ឬក៏ ៥០០ ម៉ែត្រ បើសិនមានបញ្ហា ក៏មានដែរ។ អញ្ចឹងខាងផ្នែកអង្គរក្ស ខាងផ្នែកមធ្យោបាយត្រូវត្រៀមលក្ខណៈសម្បត្តិទុក បើសិនជាមុនពេលហោះ សួរទៅឯកឧត្តម លឹម គានហោ ថាហោះបាន ឬមិនបាន។ បើសិនមិនបានទេ ត្រូវចេញដំណើរតាមរថយន្ត ទៅឡើងយន្តហោះធំនៅសៀមរាបទៅភ្នំពេញ។ អ្នកទាំងឡាយក៏ទៅសៀមរាបទៅភ្នំពេញ ជិះបានជិត ២០០ នាក់ដែរ អញ្ចឹងយើងអាចទៅជាមួយគ្នាបាន។
អរគុណចំពោះការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រនូវសន្ដិភាព និងការអភិវឌ្ឍ
ថ្ងៃនេះ អរគុណណាស់ចំពោះការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមកទទួលខ្ញុំ។ សូមអរគុណសាជាថ្មីម្ដងទៀត សម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ដោយសារតែការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះហើយ ទើបផ្ដល់ឱកាសអោយខ្ញុំបានមកថ្លែងការនៅថ្ងៃនេះនៅទីនេះ។ សូមកុំភ្លេចថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយខ្លួនឯង។ នោះគឺការបោះឆ្នោត ដើម្បីរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ។ ត្រូវចាំ គណបក្សដទៃមិនទាន់ដើរតួនាទីជំនួសគណបក្សប្រជាជនកម្ពុជា លើបញ្ហារក្សាសន្ដិភាព និងការអភិវឌ្ឍបានទេ។ គេបានត្រឹមតែស្រែកជេរបញ្ចោរតែប៉ុណ្ណោះ មិនទាន់បានអីផង គេស្នើអោយមានរដ្ឋប្រហារមួយកើតឡើង ដោយឧបនាយករដ្ឋមន្រ្តី ធ្វើមកលើនាយករដ្ឋមន្រ្តី ដោយអនុប្រធានបក្សធ្វើមកលើប្រធានបក្ស។ វាមានតម្លៃស្មើនឹងរដ្ឋប្រហារទៅហើយ។ ចុះបើរដ្ឋប្រហារកើតឡើង តើប្រទេសនេះផ្ទុះសង្រ្គាមទេ? វាច្បាស់ជាផ្ទុះ។ សូមកុំសង្ឃឹមថាវាមានសន្ដិភាពទៀតនោះ។ សូមអរគុណណាស់ជាមួយនឹងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ យើងដំណើរការបន្តិចម្ដងៗ ពីជំហានមួយទៅកាន់ជំហានមួយ។ បងប្អូនទាំងឡាយដែលនៅក្នុងតំបន់ និយាយរួមតំបន់ណាក៏ដូចជាតំបន់ណាទៅមករកគ្នា។ ឆ្នាំនេះ ប្រជាជនដើរលេងច្រើនណាស់។ រឿងធាតុអាកាសជារឿងមួយ ក៏ប៉ុន្តែប្រជាជននៅតែដើរកម្សានសប្បាយ។
ពាំនាំអំណោយ
ហើយថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ជូនក្រុមកាយារិទ្ធ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូននិស្សិតចូលរួមក្នុងពិធីចំនួន ៥៦៨ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូចំនួន ៧៦២ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ ថវិកា ៥ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការនៅក្នុងអង្គពិធីថវិកា ៣ លានរៀល។ ជូនសាលាក្រុងប៉ោយប៉ែតថវិកា ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ ក្រុមតន្រ្តីចេះចម្រៀង ៤ បទហ្នឹងនៅ? ចេះហើយ បន្តិចទៀតដាក់ទៅ ប៉ុន្តែចម្រៀងឯកឧត្តម ប្រាយុទ្ធ ចេះច្រៀងអត់?។ ចេះ។ ប្រឹងច្រៀងទៅ ចម្រៀងមិត្តភាព។ ជាមួយនឹងការប្រកាសចាប់ផ្ដើមសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ខ្ញុំសូមប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងប្រិយមិត្តថៃ ក៏ដូចជាបងប្អូនជនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕