ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!
ខែមីនា មមាញឹកនឹងចែកសញ្ញាបត្រ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្ដងទៀត បានមកកាន់ទៅនេះ។ ថ្ងៃច័ន្ទមកទីនេះម្ដងហើយ ឥឡូវ ថ្ងៃព្រហស្បត្តិ៍មកទីនេះម្តងទៀត។ នៅក្នុងខែមីនានេះ ពិតជាមមាញឹក ជាមួយនឹងការចែកសញ្ញាបត្រ សម្រាប់និស្សិតរបស់យើង។ អាទិត្យក្រោយដូចជានៅពីរថែមទៀត។ ដោយសាកលវិទ្យាល័យនានាមានសំណូមពរក្នុងខែ មីនានេះ ដូច្នេះ បានជាក្នុងខែមីនានេះ ត្រូវមមាញឹក ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់សាស្រ្តាចារ្យ និងនិស្សិត ទាក់ទងនឹងការផ្តល់សញ្ញាបត្រនេះ ហើយក៏គ្មានពេលវេលាឈប់សម្រាកដែរ សូម្បីតែអាវុធមីស៊ីល ២ ដើម មិនទាន់បានសាកផងទេ។ គិតថា ថ្ងៃសៅរ៍ហ្នឹង ទៅសាកអាវុធបន្តិច។ អាវុធនោះវាអត់មានស្អីទេ គឺ drivers វាយកូនហ្គោល … (និយាយពីដងវាយកូនហ្គោល) ….
ខិតខំងើបឈរក្នុងស្ថានភាពត្រូវហ៊ុមព័ទ្ធនយោបាយ និងសេដ្ឋកិច្ច
ជួបមុខគ្នាថ្ងៃនេះ និយាយពីអីឥឡូវ? បើថ្ងៃច័ន្ទសុន្ទរកថាវិស័យអប់រំ ថ្ងៃច័ន្ទនោះដែរ ទៅជួបមេធាវី អ្នកដែលទាក់ទងផ្តល់ជំនួយសកម្មភាពមេធាវី។ ម្សិលមិញ ជួបកម្មករ ថ្ងៃនេះ ជួបនិស្សិតទៀត អប់រំទៀត ស្អែកបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្ជាប់ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចែកសញ្ញាបត្រ សម្រាប់ជ័យលាភីនៅក្នុងសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ទាំងអស់ ១ ៥៧៨ នាក់ ដែលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលដែលយើងបានរួមគ្នាកសាងរួចមកហើយ។ រយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ យើងបានខិតខំងើបឈរឡើង ក្នុងស្ថានភាពដែលគេដាក់ការហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច មកលើប្រទេសដ៏កម្សត់មួយនេះ។ ប៉ុន្តែ ការសម្លាប់របស់ពួកគេមកលើយើងមិនអាចធ្វើទៅរួចទេ ផ្ទុយទៅវិញ បានផ្តល់អោយយើងនូវក្តីសង្ឃឹម និងការជឿជាក់ ហើយយើងដើរមកដល់ជំហាននេះ។
ប្រវត្តិអគារចែកសញ្ញាបត្រ នៅវិទ្យាស្ថានជាតិអប់រំនេះ
ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយលើចំណុចនេះ ក៏ចង់សំដៅប្រាប់ថា អគារនៅទីកន្លែងនេះ កាលពីដើមយើងខ្សត់ខ្សោយណាស់។ នៅទីនេះ ដោយសារនៅជិតផ្ទះខ្ញុំព្រះករុណាខ្ញុំ កាលពីដំណាក់កាលដំបូងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នេះទៅជាទីតាំងហ្វឹកហាត់ខាងគរុកោសល្យ សម្រាប់គ្រូបង្រៀន ដែលនៅសេសសល់ពីការស្លាប់ ហើយនិងមួយចំនួនបានយកមកធ្វើការបណ្តុះបណ្តាល។ កាលនោះ យើងមានកូនម៉ាស៊ីនតូចៗសម្រាប់បញ្ឆេះ ហើយខ្ញុំព្រះករុណាខ្ញុំមកឧទ្ទេសនាម សម្រាប់គ្រូនៅពេលនោះ។ ឧទ្ទេសនាមថ្ងៃមិនចប់ មកឧទ្ទេសនាមយប់បន្ថែមទៀត។ ក្រោយមកទៀត កន្លែងនេះដដែល នៅក្នុងទសវត្សរ៍ ៩០ ពេលនោះយើងនៅជួលរោងការយកមកចែកសញ្ញាបត្រម្តងៗ។ វាជារឿងមួយកម្សត់។ ទសវត្សរ៍ ៩០ ហើយហ្នឹង មកចែកសញ្ញាបត្រអោយនិស្សិត កាលហ្នឹងសាលានេះ នៅជាផ្នែកមួយនៃសាកលវិទ្យាល័យភ្នំពេញទេ ប៉ុន្តែ ក្រោយមកបានយើងបង្កើតទៅជាវិទ្យាស្ថានជាតិអប់រំ ដាច់ពីសាកលវិទ្យាល័យភ្នំពេញ។ ពេលនោះ យើងជួលរោងការ ដើម្បីមកចែកជូនសញ្ញាបត្រម្តងៗ។ បន្ទាប់ពីជួលរោងការហើយ ខ្ញុំនិងឧកញ៉ា ម៉ុង ឫទ្ធី ក៏នាំគ្នាធ្វើអគារមួយ ដំបូលទូក ដាក់បានតែ ២០០-៣០០ នាក់ ប៉ុណ្ណឹងទេ។ ពេលចែកសញ្ញាបត្រម្តងៗមានតយ៉ាបទៅក្រៅអញ្ចឹងទៅ។ ក្រោយមក ជាមួយឧកញ៉ា ម៉ុង ឫទ្ធី គិតថា កន្លែងនេះ គឺជាទីកន្លែងមួយដែលយើងចែកសញ្ញាបត្រ អញ្ចឹង ក៏រៀបចំអគារនេះមួយទៅ។ អគារនេះប្រហែលជាគ្មាននរណាគេវាយចោលទេបន្តទៅទៀតនោះ។ ឥឡូវមិនមែនប្រើប្រាស់សម្រាប់តែវិទ្យាស្ថានជាតិអប់រំទេ កន្លែងណាដែលមាននិស្សិតប្រមាណជា ២ ពាន់នាក់អី គេប្រើនៅទីនេះ មិនទៅកោះពេជ្រទេ ទៅកោះពេជ្រច្រើនតែ ៤ ទៅ ៥ ពាន់នាក់។
បទពិសោធន៍អតីតកាល ប្រាប់ពីអនាគតកាល
… ស្ថានភាពសម្ភារៈបច្ចេកទេស សម្ភារៈឧបទេសរបស់យើងនៅពេលនោះ គឺមានអញ្ចឹង។ វាលំបាកខ្លាំងណាស់។ ក្នុងស្ថានភាពដែលថា អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ តែស្ថានភាពវាបានផ្លាស់ប្តូរហើយ ដែលនាំយើងមកដល់ពេលនេះ … ពិតហើយ កត្តាខាងក្នុង កត្តាខាងក្រៅ គួបផ្សំគ្នា។ កត្តាខាងក្នុង គឺការខិតខំ និងកត្តាខាងក្រៅ គឺការជួយ។ ប៉ុន្តែ កត្តាកំណត់ គឺកត្តាផ្ទៃក្នុងនេះឯង។ ត្រូវចាំទៅលើចំណុចនេះ។ បទពិសោធន៍អតីតកាលរបស់យើង ក៏ជាបទពិសោធន៍ សម្រាប់អនាគតកាលរបស់យើងផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ នៅតែទទូច ហើយនៅតែអំពាវនាវ ព្រោះនេះជាបទពិសោធន៍ស្រុកទេសរបស់យើង។ គ្មានអ្នកណាមកធ្វើការសម្រេចចិត្តជំនួសយើងក្រៅពីយើងទេ។
កត្តាខាងក្នុងមានចរិតកំណត់ជោគជ័យ ឬមិនជោគជ័យ
ដូចជាឆ្នាំ ១៩៧០ បើទោះបីជាបរទេសជំរុញយ៉ាងណាក៏ដោយ ប្រសិនបើពេលនោះ លន់ នល់, សិរីមតៈ, ចេង ហេង, អ៊ិន តាំ កុំនាំគ្នាធ្វើសង្រ្គាម កុំនាំគ្នាធ្វើរដ្ឋប្រហារតាមការញុះញង់របស់បរទេស វាក៏មិនអាចមានរដ្ឋប្រហារកើតឡើងដែរ។ នេះគឺជារឿងយ៉ាងដូច្នេះ។ បរទេសត្រឹមតែមកជួយផ្ដល់មតិ ឬអាចជួយនេះជួយនោះ ក៏ប៉ុន្តែបើយើងខ្វះការខិតខំខ្លួនឯង សួរថា តើយើងអាចនឹងឈានឡើងរួចទេ? យើងមើលស្ថានភាពអស់ទាំងនេះ ដើម្បីយើងព្យាករអនាគត តើយើងត្រូវខំខ្លួនឯងយ៉ាងម៉េច? គ្មានប្រទេសណាមួយដែលអាចផ្ដល់ជំនួយទំនុកបម្រុងរបស់យើងអោយស៊ីស្រាប់ដោយមិនព្រមធ្វើការនោះទេ។ ដូច្នេះ ត្រូវយល់អោយបានថា រវាងកត្តាខាងក្នុង និងកត្តាខាងក្រៅ កត្តាខាងក្នុងមានចរិតកំណត់ជោគជ័យ ឬមិនជោគជ័យ សម្រេចលើកត្តាខាងក្នុង។
បង្រួបបង្រួមជាតិ ឯកភាពទឹកដី ធ្វើអោយមានកំណើនសេដ្ឋកិច្ច ៧% អត្រាភាពក្រីក្រ ១០%
រយៈពេលកន្លងទៅ យើងពិតជាមានមោទនភាព ចំពោះជាតិសាសន៍របស់យើង ដែលប្រឹងងើបឈរឡើង រើបម្រះចេញពីសង្រ្គាម ចេញពីរបបប្រល័យពូជសាសន៍ហើយ ទប់ស្កាត់របបប្រល័យពូជសាសន៍ ខិតខំរួមគ្នាបង្កើតឡើងនូវនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ កំណើនសេដ្ឋកិច្ចជាប់គ្នារយៈពេល ២ ទសវត្សរ៍ ៧,៧% មិនមែនជាកំណើនសេដ្ឋកិច្ចធម្មតានោះទេ ដែលធ្វើអោយប្រទេសកម្ពុជា ដែលមានអត្រានៃភាពក្រីក្រ ពីមុនមាន ១០០% នៃភាពក្រីក្រ ហើយនៅក្នុងរង្វង់ឆ្នាំ ២០០០ ជាង អត្រានៃភាពក្រីក្ររបស់យើងមានជាង ៥៣% ឯណោះ ឥឡូវនេះ ទម្លាក់មកនៅជាង ១០%។ យើងកំពុងតែធ្វើជំរឿន។ យើងនឹងធ្វើការវាយតម្លៃអោយបានច្បាស់ តើស្ថានភាពពិតប្រាកដ(អត្រានៃភាពក្រីក្រ)ធ្លាក់សល់ប៉ុន្មាន? ព្រោះវាជាគោលដៅដែលយើងបានដាក់ចេញ។ កំណើនសេដ្ឋកិច្ច ៧% ជាមួយនឹងអត្រាកាត់បន្ថយ នៃភាពក្រីក្រជាង ១% ក្នុងមួយឆ្នាំ។ អញ្ចឹងទេ នៅឆ្នាំ ២០១២ អត្រានៃភាពក្រីក្ររបស់យើងនៅសល់ ១៣% ប៉ុន្តែ ចាប់ពីពេលនោះមក គឺយើងអត់ទាន់បានធ្វើការអង្កេតឡើងវិញទេ។
ចំណេះដឹងមិនអាចចាក់បញ្ចូលតាមឈាមនោះទេ គឺកើតចេញពីការខិតខំដោយខ្លួនឯង
ចំណុចនេះ បានមកពីអ្វី? ពិតហើយ បានមកពីមិត្តភក្ដិជួយ ប៉ុន្តែ បើយើងមិនជួយខ្លួនឯង គ្មានអ្នកណាជួយយើងកើតទេ សូម្បីតែធ្វើការរៀនសូត្រ។ សាស្រ្តាចារ្យបានបង្រៀនចំពោះនិស្សិតហើយ ក៏ប៉ុន្តែ បើនិស្សិតម្នាក់ៗមិនព្រមរៀនទេ គឺមិនអាចនឹងទទួលបានជោគជ័យទេ ព្រោះវាគ្មានវិធីសាស្រ្តណាមួយ ដែលអាចអោយនិស្សិតទទួលបាននូវចំណេះ ដឹងតាមរយៈចាក់យកឈាមរបស់សាស្រ្តាចារ្យ ទៅបញ្ចូលឈាមអោយនិស្សិត ហើយក្លាយនិស្សិតចេះដូចសាស្រ្តាចារ្យនោះទេ។ ស្ថានភាពដូចគ្នានេះ គឺវាមិនខុសពីប្រទេសក្រៅមិនអាចមកធ្វើការសម្រេចចិត្ត និងកិច្ចខិតខំប្រឹងប្រែងជំនួសអោយយើងបាននោះទេ។ អញ្ចឹងទេ ត្រូវចាំលើចំណុចនេះ។
សុខឬទុក្ខ មិនចំណុះលើពួកនៅក្រៅទេ ចំណុះលើខ្លួនឯង
បទពិសោធន៍នៅក្នុងប្រទេសរបស់យើងគ្រប់គ្រាន់ហើយ ដើម្បីចង្អុលបង្ហាញថា សុខ ឬមិនសុខ សប្បាយ ឬមិនសប្បាយ កើតទុក្ខ ឬមិនកើតទុក្ខ រឿងវាមិនមែនចំណុះលើពួកនៅក្រៅទេ គឺខ្លួនឯង។ ដូចជានយោបាយឈ្នះឈ្នះ ខ្មែរសម្រេចចិត្តដោយខ្លួនឯង ភាគីពាក់ព័ន្ធទាំងអស់សម្រេចចិត្តដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំពីខាងក្រៅ។ ដូច្នេះ ខ្មែរបង្រួបបង្រួមជាតិបាន។ គ្មានអ្នកណាឃោរឃៅ និងរឹងរូសជាងខ្មែរក្រហមទៀតទេ ទីចុងបំផុត នយោបាយឈ្នះឈ្នះដាក់ចំណុចទៅ ឥឡូវ ប្រទេសរបស់យើងគ្មានការបែងចែកដោយគ្រាប់មីន ឬផ្ដាច់ផ្លូវ និងតំបន់ត្រួតត្រាដោយឡែកៗពីគ្នាទេ។
ខេត្ត/ស្រុកនីមួយៗបន្តខិតខំទាក់ទាញទេសចរ
ឥឡូវបណ្ដាខេត្តនានា គេប្រកួតប្រជែងគ្នារវាងខេត្តមួយ និងខេត្តមួយ ស្រុកមួយ និងស្រុកមួយ តើគេប្រកួតប្រជែងពីស្អី? ឥឡូវ យើងមានចលនាប្រឡងប្រណាំងទីក្រុងស្អាត យើងមានចលនាប្រលងប្រណាំងទៅលើបញ្ហាជំរុញវិស័យទេសចរណ៍។ ដូច្នេះ ខេត្តនីមួយៗ ស្រុកនីមួយៗ គេប្រឹងប្រែងដើម្បីទាក់ទាញទេសចរ ទាក់ទាញវិនិយោគទៅកាន់តំបន់របស់គេ នេះគឺជារឿងល្អ ដែលយើងត្រូវខិតខំបន្តទៀត។
ជោគជ័យនៃវិទ្យាស្ថាន អាស៊ី-អឺរ៉ុប មួយផ្នែកបានពីការជួយឧបត្ថម្ភរបស់សប្បុរសជន
ខ្ញុំព្រះករុណាខ្ញុំ និយាយបញ្ហានេះ ចង់សំដៅថា ជោគជ័យនៃវិទ្យាស្ថាន អាស៊ី-អឺរ៉ុប គឺជាផ្នែកមួយនៃការជួយឧបត្ថម្ភនៃសប្បុរសជន នៃផ្នែកនេះ/នោះ រាប់ទាំងខ្ញុំព្រះករុណាខ្ញុំ ដូចដែល ឯកឧត្តម ដួង លាង សាកលវិទ្យាធិការបានធ្វើរបាយការណ៍។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានផ្ដល់ជាទៀងទាត់នូវអង្ករ ២ តោន ថវិកា ៥ លានរៀល/ខែ ដើម្បីជួយអោយសិស្សវិជ្ជាជីវៈ និងសិស្សនិស្សិតក្រីក្ររបស់យើង បានបន្តនៅក្នុងការសិក្សា។ ប៉ុន្តែ ថ្ងៃមុននៅវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី បានបញ្ជាក់ ទោះបីជួយ ១០០ ដងថែមទៀត ប៉ុន្តែ បើសិនជាគណៈគ្រប់គ្រង និងសាស្រ្តាចារ្យ មិនមានវិធីសាស្រ្តគ្រប់គ្រងល្អទេ និងការបង្ហាត់បង្ហាញបង្រៀនល្អទេ វាមិនអាចទទួលបានជោគជ័យនោះទេ។
បន្តការបណ្តុះបណ្តាល ដោះស្រាយការងារធ្វើ តាមរយៈបង្កើតការងារថ្មី
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំ នៃសកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងទៅ ហើយដែលរហូតមកដល់ពេលនេះក៏បានរួមចំណែកយ៉ាងធំនូវក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលចាត់ទុកថាជាផ្នែកដ៏សំខាន់មួយ នៃការឈានឡើងរបស់យើង។ សិស្សដែលបានបញ្ចប់ការសិក្សានៅទីនេះ ក៏មានការងារធ្វើភាគច្រើនហើយដែរ។ ចំណុចនេះក៏នៅជាចំណុចកង្វល់របស់យើងដែរ ហើយដែលយើងត្រូវយកចិត្តទុកដាក់ជាបន្ត ជាមួយនឹងការខិតខំធ្វើយ៉ាងណាបណ្តុះបណ្តាលផង និងដោះស្រាយការងារអោយពួកគេធ្វើផង តាមរយៈការបង្កើតការងារថ្មី ដើម្បីអោយប្រជាពលរដ្ឋរបស់យើងបានទទួលការងារធ្វើ និងមានប្រាក់ចំណូល។
ប្រឹងប្រែងអោយក្លាយជាប្រទេសឯករាជ្យពិតប្រាកដ ទាំងនយោបាយ សេដ្ឋកិច្ច
ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តនិយាយថា ការប្រឹងប្រែងផ្ទាល់របស់យើងទើបយើងក្លាយទៅជាប្រទេសឯករាជ្យពិតប្រាកដ ទាំងនយោបាយ សេដ្ឋកិច្ច ហើយក៏មិនត្រូវទទួលសម្ពាធណាមួយ ដែលទទួលខ្យល់អុកស៊ីសែន ដែលគេដកអុកស៊ី រលំទេ។ ដូច្នេះ កំណែទម្រង់ទាំងឡាយគប្បីត្រូវបានធ្វើ រាប់ទាំងកំណែទម្រង់នៅក្នុង វិស័យឧត្តមសិក្សានៅក្នុងវិស័យអប់រំ។ និយាយជារួម ក្នុងវិស័យឧត្តមសិក្សា និយាយដោយឡែក។ ជារៀងរាល់ឆ្នាំ ខ្ញុំព្រះករុណាខ្ញុំ តែងតែជួបសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជន ដើម្បីផ្លាស់ប្តូរមតិគ្នា ហើយក៏ដើម្បីនឹងរកវិធីដោះស្រាយបញ្ហាប្រឈម ដែលកើតឡើងសម្រាប់ការចូលរួមរបស់វិស័យឯកជន ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស។
វិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស, សាលាពង្រាយនៅតាមជនបទច្រើន
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ជាមួយនឹងការខិតខំរបស់វិស័យឯកជនក្នុងប្រទេសរបស់យើង ដែលបានចូលរួមយ៉ាងច្រើននៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបើកសាលារៀន ថ្នាក់កម្រិតនានា ជាពិសេស ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានេះឯង។ប្រទេសរបស់យើងកំពុងពង្រាយសាលា។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ ទៅកោះកុងជួបជាមួយកម្មករនៅទីនោះ ក៏ឆ្លៀតសម្ពោធសាលា ហើយដែលនៅឃ្លាតពីព្រំដែនកម្ពុជា-ថៃ ប្រហែល ២ គីឡូទេ តែវិទ្យាល័យមួយដ៏ល្អ។ ពីដើមកន្លែងនោះ ជាកន្លែងវាយគ្នាទេ តែឥឡូវទៅជាតំបន់រោងចក្រ ហើយមានកម្មករទៅធ្វើការរោងចក្រជាង ១ ម៉ឺននាក់ ឯណោះ។ អញ្ចឹង កំណើនសិស្សនៅក្នុងវិទ្យាល័យនោះ ឡើងទៅដល់ជាង ១ ពាន់នាក់ ដល់ចូលឆ្លៀតទៅកាន់ខ្សែបូរក៏ឃើញថា នៅសល់អគារ ៣ ខ្នង ដែលខ្ញុំព្រះករុណាខ្ញុំ ធ្វើតាំងពីឆ្នាំ ១៩៩៧-១៩៩៨។ អគារ ១ ជាន់ វាហួសសម័យហើយ ពិបាកជួសជុល។ អញ្ចឹង ដាក់យក ៣ ខ្នង ចេញទៅ ថែម ៣ ខ្នង ជំនួសវិញ។ ប៉ុន្តែ ១ ខ្នង សុទ្ធតែ ៣ ជាន់ ១៨ បន្ទប់ បូកទាំងផ្ទះគ្រូបង្រៀន ឥឡូវ ថាខាងថៃចូលមកសុំថតសាលា ព្រោះសាលានៅស្រុកយើងឥឡូវកាន់តែល្អទៅៗ សាលាពង្រាយនៅតាមជនបទច្រើន។
សិស្សប្រឡងមិនជាប់មធ្យមសិក្សាទុតិយភូមិ អាចរៀនបរិញ្ញាបត្ររង
ជាមួយនឹងការអបអរ នៃវឌ្ឍនភាពរបស់សកលវិទ្យាល័យ ថ្នាក់ដឹកនាំ ក៏ដូចជាសាស្ត្រាចារ្យ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងគ្រប់កម្រិត។ អ្វីដែលជាការគួរអោយលើកទឹកចិត្ត នៅត្រង់ថា សិស្សទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្ត បន្ថែមទៅដោយក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតអោយសិស្សដែលមិនបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ អាចរៀនយកបរិញ្ញាបត្ររង ដែលនេះ គឺជាការផ្តល់ឱកាសអោយយុវជនរបស់យើងថែមទៀត។ អញ្ចឹងទេ រឿងទាំងអស់នេះ គឺជារឿងដែលយើងត្រូវបន្តធ្វើ។
រៀនមួយជីវិត ទ្រឹងនៅមួយកន្លែង ក្លាយជាជនអភិរក្សនិយម
សុំអំពាវនាវចំពោះនិស្សិតទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវបន្តការខិតខំ មិនមែនបញ្ចប់ត្រឹមថ្ងៃនេះទេ។ រៀនមួយជីវិត។ រឿងនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែមិនចោលការអំពាវនាវសម្រាប់ការសិក្សា បំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ព្រោះរឿងរ៉ាវវាមិនបញ្ចប់ត្រឹមអ្វីដែលយើងទទួលសញ្ញាបត្រ ហើយមិនមែនគ្រាន់តែនិស្សិតប៉ុណ្ណោះទេ សូម្បីតែធ្វើមេដឹកនាំ ថ្នាក់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក៏ត្រូវតែរៀនដែរ បើអ្នកឯងមិនរៀនទេ ក្លាយទៅជាជនអភិរក្សនិយម។ បច្ចេកវិទ្យាជឿនលឿនណាស់ សភាពការណ៍កាន់តែបោះជំហានលឿនក្នុងពេលដែលយើងតាមមិនទាន់ យើងនឹងក្លាយទៅជាអ្នកអភិរក្សនិយម។ ចំណុចនេះជាចំណុចដែល ខ្ញុំព្រះករុណាខ្ញុំ នៅបន្តអំពាវនាវអោយនិស្សិត ដែលបញ្ចប់ការសិក្សានៅថ្ងៃនេះ បន្តបន្ថែមទៀត ដើម្បីយកជំនាញ និងការចេះដឹងកាន់តែខ្ពស់។
ស្រាវជ្រាវខ្លួនឯង ជាវិធីសាស្ត្រធ្វើអោយយើងចាំ
ខ្ញុំព្រះករុណាខ្ញុំ ឥឡូវនេះ ចង់ដឹងចង់យល់ ព្រោះមានចៅចូលមហាវិទ្យាល័យហើយ ដែលកំពុងរៀននៅក្រៅប្រទេសពេលនេះ។ ចង់សួរចៅមើល តើឧត្តមសិក្សានៅប្រទេសគេៗបង្រៀនយ៉ាងម៉េច? ថាក្នុងមួយអាទិត្យគ្រូបង្រៀនតែប៉ុន្មានម៉ោង ក្រៅពីហ្នឹងគ្រូអោយស្រាវជ្រាវទៅ។ សាម៉ីខ្លួនស្រាវជ្រាវទាំងអស់។ អញ្ចឹងទេ កម្រិតការស្រាវជ្រាវ គឺមិនដែលភ្លេចទេ។ អ្វីដែលយើងស្រាវជ្រាវមិនងាយចេះភ្លេចទេ។ ចំណាំមើល អ្នកដែលគេធ្វើសុន្ទរកថាព្រៀងយកមកអោយអាន គឺអ្នកហ្នឹងអត់បែកទេ ទៅត្រង់ណាក៏អត់បែកដែរ។ គេដាក់មក ហ្អែងចង់សរសេរទៅត្រង់ណាត្រង់ទៅ អញដឹងតែពីអានតាម គឺអ្នកហ្នឹងមិនបែកទេ។ ធ្វើពីដើមរហូតដល់ចប់ធ្វើដល់ថ្ងៃងាប់ទៀតក៏នៅតែមិនបែក ព្រោះអត់ចេះស្រាវជ្រាវខ្លួនឯងយកមកពង្រីក។ អញ្ចឹង បើអត់សុន្ទរកថា គឺឡើងទៅអេះអុញៗ។ និយាយ គឺថារកផែចូលអត់ឃើញទេ។ ដូច្នេះ គឺដើម្បីហៅថា ហៅថាគឺដើម្បីដូច្នេះ។ បើសិនបើអ្នកនោះទទួលបាននូវការស្រាវជ្រាវ អ្នកនោះនឹងមានវិធីសាស្ត្រ ហើយមិនងាយចេះភ្លេចទេ។ បើយើងស្រាវជ្រាវខ្លួនឯងហើយមិនងាយចេះភ្លេចទេ។ អញ្ចឹង បានកុំថា ធ្វើជាអ្នកធំ ហើយចាំតែគេសរសេរអោយ អាហ្នឹង គឺអត់ផ្លូវទេ។ បើអស់អ្នកជំនួយការ គឺចប់តែម្តង។
អរគុណសាកលវិទ្យាល័យ ដែលតែងផ្តល់នូវអាហារូបករណ៍
ខ្ញុំព្រះករុណាខ្ញុំ មិនចង់និយាយពាក់ព័ន្ធនឹងរឿងនយោបាយអីទេ។ មុននឹងចូលទៅដល់បញ្ហាហ្នឹង មិនភ្លេចជាមួយនឹងសាកលវិទ្យាល័យ ដែលបានផ្តល់អោយ ខ្ញុំព្រះករុណាខ្ញុំ នូវអាហារូបករណ៍ ដែលរហូតមកដល់ពេលនេះ មានទៅដល់ ១ ១៨៣ កន្លែង។ ហើយដែលថ្ងៃនេះ ក៏មានមួយចំនួនមកទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំព្រះករុណាខ្ញុំ បានជួបសមាគមនិសិត្សអាហារូបករណ៍ សម្តេចតេជោ។ សួរពួកគាត់មកដល់ពេលនេះ អ្នកដែលទទួលអាហារូបករណ៍របស់ខ្ញុំព្រះករុណាខ្ញុំមានទៅដល់ ១៨ ០០០នាក់ រួចស្រេចទៅហើយ ដែលសាកលវិទ្យាល័យមួយៗផ្តល់អោយខ្ញុំព្រះករុណាខ្ញុំផង និងខ្ញុំព្រះករុណាខ្ញុំ បានចេញប្រាក់អោយពួកគេបានរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សានានាផងដែរ។ គ្រាន់តែខ្ញុំព្រះករុណាខ្ញុំម្នាក់ ក៏បានរួមវិភាគទានជាមួយនឹងការបណ្តុះបណ្តាលនេះ។ ប៉ុន្តែ ការបណ្តុះបណ្តាលនេះ ដែលខ្ញុំព្រះករុណាខ្ញុំមាន ក៏បានមកពីសាកលវិទ្យាល័យនានាផ្តល់អោយដែរ។ អញ្ចឹង ផ្តល់ទៅផ្តល់មក។ មានអ្នកចែករំលែកអោយខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ អត់យកទៅណាទេ ហើយត្រូវបានគ្រប់គ្រងដោយកូនរបស់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីចែកអាហារូបករណ៍នេះ អោយកូនអ្នកក្រីក្រ ដែលចង់ទទួលបាននូវការសិក្សា ប៉ុន្តែ ខ្វះលទ្ធភាព។
សូមអ្នកនយោបាយទាំងឡាយ កុំលាបពណ៌គ្នា
(តទៅជា)អ្វីដែល ខ្ញុំព្រះករុណាខ្ញុំ បន្ថែមលើ(ពី)ម្សិល ដែលនិយាយនៅពោធិ៍សាត់។ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ បានស្នើសុំអោយពួកអ្នកនយោបាយទាំងឡាយ កុំលាបពណ៌គ្នា។ ឃើញគេចេញមកធ្វើហើយមកចោទដល់គណបក្សប្រជាជន ចោទមកលើរាជរដ្ឋាភិបាលទិញដូរមនុស្ស។ សូមបញ្ជាក់ត្រឡប់សាជាថ្មីម្តងទៀតថា អ្នកបានមើលស្រាលអតីតសហការីរបស់អ្នក ស្មើនឹងទំនិញទិញដូរ។ នោះហើយជាភាពបរាជ័យ ដែលអ្នកបានទទួល។ ពេលដែលគេនៅជាមួយអ្នកៗតែងតែនិយាយថាមនុស្សល្អ។ ដល់គេមិនឯកភាពជាមួយអ្នកៗតែងតែចោទថា (រាជ)រដ្ឋាភិបាល ហ៊ុន សែន ទិញមនុស្ស។ អ្នកចាត់ទុកសហការីរបស់អ្នក ដែលធ្លាប់ចាត់ទុកថាបានជោគជ័យជាមួយអ្នក ទៅជាទំនិញទិញដូរហើយ។ មិនគួរទេ។
ក្នុងឋានៈជាអ្នកនិយាយក្តែងៗថា គោរពលទ្ធិប្រជាធិបតេយ្យ គោរពនូវសិទ្ធិសម្រេចរបស់បុគ្គល បែរជាត្រូវនិយាយភាសាបែបនេះ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែធ្វើដាស់តឿនទេ។ ការលាបពណ៌ចំពោះអ្នកនេះអញ្ចេះ អ្នកនោះអញ្ចុះ រហូតដល់គណបក្សប្រជាជនត្រូវទិញម្នាក់ ១០ ម៉ឺនដុល្លារ, ម្នាក់ ២០ម៉ឺនដុល្លារ។ ប៉ុន្តែ សួរថា គណបក្សប្រជាជន ត្រូវការយកមនុស្សដែលធ្លាប់ធ្វើអញ្ចឹងនៅក្នុងបក្សផ្សេង(ឬ)? សេរីភាពរបស់គេក្នុងការសម្រេចចិត្ត យើងត្រូវផ្តល់នូវការគោរព។ ប៉ុន្តែ អត់ដឹងដល់ថា អ្នកនយោបាយដែលអួតខ្លួនឯងថាជាអ្នកប្រជាធិបតេយ្យ បែរជាបំពានសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ ដែលគេមានបំណងធ្វើនេះ/នោះ។ ពេលនៅជាមួយខ្លួន ថាល្អ ពេលចេញពីខ្លួនបន្តិច ថាអាយ៉ងបរទេស។ ត្រូវគេទិញ។ ត្រូវលក់ឧត្តមគតិ។
អ្នកចោទថាគេបំបែក អ្នកជាមេដឹកនាំអន់បំផុត អោយគេបំបែកបាន
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គេថា ហ៊ុន សែន ធ្វើអីមិនបាន បំបែកគេ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែជូនសារទៅវិញថា បើអ្នកឯងទុកអោយគេបំបែកបានយ៉ាងដូច្នេះ អ្នកមិនសក្តិសមធ្វើមេដឹកនាំទេ។ ខ្ញុំគ្រាន់តែផ្តាំដោយសុភាពរាបសារទៅអ្នក។ អ្នកគឺជាមនុស្សដែលអន់បំផុតហើយ ក្នុងការធ្វើមេដឹកនាំ បណ្តោយអោយគេបំបែកបាន។ អ្នកគឺជាមនុស្សដែលអន់បំផុតមិនអាចធ្វើជាមេដឹកនាំប្រទេស។ កុំថាធ្វើមេដឹកនាំប្រទេស សូម្បីតែធ្វើមេដឹកនាំគណបក្សនយោបាយមួយ ឬកូនក្លឹបសមាគមមួយ ក៏អ្នកឯងមិនអាចធ្វើទៅរួចដែរ។ ខ្ញុំព្រះករុណាខ្ញុំ មិនវាយបកអីទេ តែគ្រាន់តែការដាស់តឿនចំពោះអ្នកតែប៉ុណ្ណោះ។ ប្តីប្រពន្ធបើស្រឡាញ់គ្នាពិតប្រាកដ ម្តាយក្មេក ឪពុកក្មេក បងថ្លៃ ប្អូនថ្លៃ ចាក់រុកយ៉ាងណាក៏ដោយ ប្តីប្រពន្ធស្រឡាញ់គ្នាទៅវាចប់ហើយ។ រឿងវាដូចគ្នាយ៉ាងដូច្នេះ។ បើអ្នកឯងទុកអោយម្តាយក្មេក បងថ្លៃ ប្អូនថ្លៃរួមគ្នាចាក់រុក ហើយបែរជាទៅធ្វើបាបប្រពន្ធ អ្នកមិនស័ក្តិសមជាប្តីដ៏ល្អទេ។
៤០ ឆ្នាំជាងហើយ លឺតែថា គណបក្សប្រជាជនបែក និង/ឬ បំបែកបំបាក់
អ្នកតែងតែនិយាយថា គណបក្សប្រជាជន ជាអ្នកបំបែក។ ប៉ុន្តែ បើអ្នកកុំបែកទៅវាយ៉ាងម៉េច? វាអត់រន្ទះបាញ់ទេ។ ប៉ុន្តែ រឿងរបស់អ្នកវាផ្តើមចេញពីអាលាបពណ៌។ អាមេលាបពណ៌អោយកូនតែប៉ុណ្ណឹងទេ ដែលធ្វើអោយកូនចៅឈឺចិត្ត។ ខ្ញុំសុំផ្ដាំទៅអ្នក អ្នកមិនគួរបន្តនិយាយភាសាហ្នឹងទេ ព្រោះភាសាថា គេបំបែក ពាក្យមួយម៉ាត់នេះ ស្មើនឹងការបន្តុះបង្អាប់ខ្លួនឯងតែប៉ុណ្ណឹង។ គណបក្សប្រជាជន ៤០ ឆ្នាំ ជាងហើយ ដែលលឺសូរពាក្យថា បែកបាក់។ ទសវត្សរ៍ ៨០ បែកបាក់ រវាង ជា ស៊ីម, សាយ ភូថង អាហ្នឹងលឺសូរមួយសាទៅ។ ក្រោយមកមានខ្សែ ជា ស៊ីម មានខ្សែ ហ៊ុន សែន បន្តរហូត។ ដល់ឥឡូវមានខ្សែ ហ៊ុន សែន, ខ្សែ ស ខេង, ខ្សែ ម៉ែន សំអន, ខ្សែ ទៀ បាញ់។
ការវាយតម្លៃខុស ធ្វើអោយបរាជ័យ
បើអ្នកវាយតម្លៃនូវតែខុសរបៀបនេះ អ្នកមិនអាចយកឈ្នះគណបក្សប្រជាជនបានទេ។ អ្នកត្រូវចាំ។ ដោយសារអ្នកវាយតម្លៃខុសក្នុងគណបក្សប្រជាជនហ្នឹងហើយ បានជាអ្នកតែងតែទទួលបរាជ័យ។ ដោយសារអ្នកវាយតម្លៃមិនត្រូវ សូម្បីតែសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលដែលបុណ្យព្រះរាជសពរបស់ព្រះករុណា ព្រះបិតា ព្រះបរមរតនកោដ្ឋ ឆ្នាំ ២០១២ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលស្គាល់យ៉ាងច្បាស់ ហើយពេលហ្នឹងនៅអង្គុយនៅក្នុងព្រះវិហារព្រះកែវមរកត។ “សម្ដេច! ពេលហ្នឹងខ្ញុំបានទទួលព័ត៌មានច្បាស់ណាស់ថា គណបក្សប្រជាជននឹងបែកបាក់ធំណាស់”។ បានខ្ញុំថា “រឿងហ្នឹងហើយដែលព្រះអង្គចាញ់រហូតអស់អត់មានកៅអី”។ ដោយសារព្រះអង្គអត់គិតខំធ្វើការ ព្រះអង្គគិតតែពីរង់ចាំការបែកបាក់របស់អ្នកដទៃ។ ស៊ីការបែកបាក់របស់អ្នកដទៃ បានជាព្រះអង្គអត់មានអ្វីទាំងអស់។ ថ្ងៃហ្នឹងនាំគ្នានិយាយ ដោយសារតែអង្គុយត្រូវពិតខ្នង ដល់ពិតខ្នងទៅ អាវសយើងវាប្រឡាក់ពេញខ្នងទាំងអស់គ្នា។
ឧបនាយករដ្ឋមន្ត្រីទទួលជួបថ្នាក់ប្រធាននាយកដ្ឋានខ្ពស់ហើយ
មួយថ្ងៃៗ លឺសូរតែ លោក ហ៊ុន សែន បំបែកបំបាក់។ ពាក្យនេះខ្ញុំសុំផ្ដាំទៅ ជាពាក្យបន្តុះបង្អាប់ខ្លួនឯងទេ បើលោកឯងពូកែ លោកឯងចេះគ្រប់គ្រង លោកឯងមិនអាចធ្វើអោយបក្សលោកឯងបែកបាក់ទេ តែលោកឯងមិនទុកចិត្តអានេះៗ។ អញ្ចឹង បើលោកឯងមិនទុកចិត្ត ហើយគិតតែពីលាបពណ៌ គឺលោកឯងចៀសមិនផុតពីបញ្ជូនមនុស្សចេញទេ។ នឹងខ្ញុំគ្រាន់តែផ្ដាំលោកឯង។ លោកឯងធ្លាប់វាយតម្លៃ គណបក្សប្រជាជន ជាគណបក្សមួយដែលបែកបាក់។ សូម្បីតែឥឡូវនេះគេថា ពេលដែលពួកអឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ពេលដែលទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមកមិនសុំជួបជាមួយ ហ៊ុន សែន។ កម្រិតនឹងវាអត់ត្រូវជួបជាមួយ ហ៊ុន សែន ជួបធ្វើអីនិយាយអោយពិត។ កម្រិតថ្នាក់ប្រធាននាយកដ្ឋាន ថ្នាក់ស្អីៗ មកជួបដល់ឧបនាយករដ្ឋមន្ត្រី វាខ្ពស់ពេកទៅហើយ។ ចាំមកប្រធាន EU និងស្នងការ EU អាហ្នឹងបាន ហ៊ុន សែន ត្រូវជួប។ ពួកកម្រិតបច្ចេកទេស ការទទួលជួបដល់ឧបនាយករដ្ឋមន្ត្រី វាខ្ពស់ហើយ។
ដឹកនាំម្តេចបាន សាមគ្គីម្តេចបាន បើសូម្បីក្រុមគ្រួសារខ្លួនមួយបែកបាក់ទៅហើយ
សូម្បីតែប៉ុណ្ណឹងគេចាត់ថា វាជារឿងបែកបាក់។ អ្នកវាយតម្លៃខុសរបៀបនេះ ទើបអ្នកតែងតែមិនអាចយកជោគជ័យបាន។ បើអ្នកបន្តតែនិយាយរឿងបំបែក សុំផ្ញើសារទៅអោយអ្នកថា អ្នកគឺជាមនុស្សអន់បំផុត មិនអាចដឹកនាំអីកើតទេ។ អ្នកខ្លះតាំងខ្លួនជាអ្នកវិភាគ ក៏ប៉ុន្តែ គ្រាន់តែប្រពន្ធមួយក៏មិនអាចសាមគ្គីជាមួយប្រពន្ធបានផង ហើយតាំងខ្លួនជាអ្នកវិភាគផេះអី? កាលពីមុនសុទ្ធតែថា មេឃស្រទំដោយសារចាញ់សម្រស់អូន។ ដល់បានកូនមួយ បីកូនយកទៅបាត់។ មីហងឯងចង្រៃណាស់ អញមិនទុកកូនអោយមីហងឯងចិញ្ចឹមទេ អញយកទៅ។ រួចអញ្ចឹងៗ ទៅប្រាថ្នាដឹកនាំប្រទេសយ៉ាងម៉េច? រួចវិភាគយ៉ាងម៉េច? ហើយអោយគេសាមគ្គីភាពយ៉ាងម៉េច? បើគ្រាន់តែខ្លួនឯងមួយបែកបាក់ទៅហើយនោះ ក្រុមគ្រួសារមួយបែកបាក់ទៅហើយ។
១) កុំលាបពណ៌កូនចៅជាអតីតសហការីខ្លួន, ២) ថា ហ៊ុន សែន បំបែក ស្មើបង្អាប់ខ្លួន
ម្សិលមិញអត់បានបញ្ជាក់អារឿងហ្នឹង។ ថ្ងៃនេះ ចង់ថែមបន្តិច។ ទី ១ បញ្ជាក់ឡើងវិញ អស់លោកកុំលាបពណ៌កូនចៅខ្លួនឯង ដែលជាអតីតសហការីធ្វើការជាមួយខ្លួន ទុកអោយគេធ្វើការសម្រេចចិត្ត។ សេរីភាពរបស់គេ។ ជួនកាលគេធ្វើនីតិសម្បទានយោបាយ គេមិនទៅធ្វើនយោបាយអីទាំងអស់ គេទៅរកស៊ី។ ជួនកាលគេទៅធ្វើបក្សនយោបាយ ជួនកាលគេទៅធ្វើនេះ/នោះ។ មិនទាន់បានកាន់អំណាចផង បែរជាឃុំគ្រងគេ ហ៊ុមព័ទ្ធគេ នៅក្នុងសំណាញ់មួយដែលខ្លួនបោះ … ទី ២ អ្នកប្រើពាក្យអំពីបញ្ហា ហ៊ុន សែន បំបែកបំបាក់។ អ្នកនិយាយបែបនេះ គឺស្មើនឹងអ្នកបង្អាប់ខ្លួនឯងទេ។ មិនមែនបង្អាប់ ហ៊ុន សែន ទេ។ អ្នកត្រូវដឹងបក្សនយោបាយមួយ អ្នកមិនអាចទាំងគ្រប់គ្រងបានផង ធ្វើអោយបក្សបែកបាក់ទៅជាចម្រៀកៗ មានពួកក្នុងបក្ស មានក្រុមក្នុងបក្ស អ្នកមិនអាចធ្វើការសម្របសម្រួលបានផង តើអ្នកទៅដឹកនាំរាជរដ្ឋាភិបាលយ៉ាងម៉េច? អ្នកដឹកនាំកម្លាំងប្រដាប់អាវុធរបៀបម៉េច? ជួបអ្នកនេះទៅនិយាយដើមអ្នកនោះ ជួបអ្នកនោះទៅនិយាយដើមអ្នកនោះ រួចបើធុនអញ្ចឹងៗទៅដឹកនាំគេយ៉ាងម៉េច? អញ្ចឹង ចង់មករករឿង ហ៊ុន សែន ថាធ្វើអីមិនកើត ហ៊ុន សែន បំបែកបំបាក់? តែខ្ញុំផ្តាំទៅវិញថា អ្នកកុំបែកបាក់ទៅបានទេ? ប៉ុន្តែ មកពីខ្លួនអ្នកគ្រប់គ្រងវាមិនបាន។
កុំយករាជរដ្ឋាភិបាល (និង/ឬ)គណបក្សប្រជាជនទៅឡូកឡំ
សូម្បីតែនៅទីក្រុងភ្នំពេញនេះ ខ្ញុំក៏ដឹងដែរអ្នកណាចោទអ្នកណា? ថារាយការណ៍អោយអាជ្ញាធរ អំពីប្រជុំនៅភ្នំពេញនេះ ទៅតាមភ្នំតាម៉ៅ ហើយគេពង្វាងផ្លូវទៀត។ គេចោទទៅលើមនុស្សម្នាក់ផ្សេងទៀតថារាយការណ៍។ បើអញ្ចឹងអ្នកសង្ស័យគ្នាតែរហូតហ្នឹង។ អាហ្នឹងគ្រាន់តែផ្តាំទេ។ ប្រកាប់ប្រចាក់គ្នាឯងប្រកាប់ប្រចាក់ទៅ តែកុំយករាជរដ្ឋាភិបាល (និង/ឬ)គណបក្សប្រជាជនទៅឡូកឡំ។ សិទ្ធិសេរីភាពអ្នកណាអ្នក នោះគេធ្វើទៅ។ បក្សខ្លួនឯងបែក ឬគង់ វៀច ឬត្រង់ អាហ្នឹងរឿងរបស់លោកឯងគ្រប់គ្រងទេ។ និយាយចុះ និយាយឡើងទៅបង្អាប់ខ្លួនឯង។ ខ្លួនឯងគ្រប់គ្រងមនុស្សមិនទាំងបានផង រួចមកបន្ទោសគេ? ប្តីប្រពន្ធបែកបាក់មកពីម៉ែក្មេក? ចុះបើយើងពីរនាក់ប្តីប្រពន្ធកុំបែកទៅមើល កុំស្តាប់ម៉ែក្មេកទៅមើល តើបានទេ? វាបានតើ។ ស្ត្រីរបស់យើងកាលពីដើមគេថា អោយចូលចង្ក្រានបាយ បើទ្រាំជាមួយផ្សែងភ្លើងបាន អាហ្នឹងទ្រាំ ជាមួយម្តាយក្មេកបាន។ អាហ្នឹងចាស់ៗពីដើមគាត់និយាយអញ្ចឹង។ ប៉ុន្តែ មិនមែនម្តាយក្មេកទាំងអស់សុទ្ធតែអញ្ចឹងនោះទេ។ គេថា ម្តាយក្មេកពិបាកទ្រាំ ពិបាកបម្រើ ពិបាកបំពេញចិត្តណាស់។ ប៉ុន្តែ វាមិនមែនទាំងអស់នោះទេ។ បើម៉ែក្មេក បងថ្លៃ ប្អូនថ្លៃ ចាក់រុក អាហ្នឹងរឿងរបស់ពួកគាត់ទៅ យើងពីរនាក់ប្តីប្រពន្ធកុំបែកបាក់គ្នាទៅ វាចប់ទៅហើយ។
គណបក្សប្រជាជន មិនដណ្តើមគ្នាធ្វើប្រធានបក្ស/មេដឹកនាំបក្សទេ
គណបក្សនយោបាយមួយអ្នកណាចង់ថាអីថាទៅ អោយតែគណបក្សនយោបាយនៅសាមគ្គីគ្នាទៅ គឺវាចប់រឿងហើយ វាអត់អីទេ។ ដូចជាកន្លងទៅ អំពាវនាវអោយក្នុងគណបក្សផ្តួល ហ៊ុន សែន ជំនួសគេ ហើយទៅរួមជាមួយគេទៅវិញ។ សុំទោស ប្រហែលជាគណបក្សប្រជាជនធ្វើមិនបានទេ ព្រោះគេត្រូវការតួនាទី របស់ ហ៊ុន សែន ដើម្បីបន្តការដឹកនាំបក្សនេះ។ មានតែពួកអ្នកទេដែលដណ្តើមគ្នាធ្វើ រហូតដល់មានបក្សប្រហារឯណោះ? រឿងគណបក្សប្រជាជន មិនដូច្នោះទេ។ គេមិនដណ្តើមគ្នាធ្វើប្រធានបក្ស ឬក៏ធ្វើមេដឹកនាំបក្សនោះទេ។ ខ្ញុំមិនចង់និយាយពីបញ្ហារបស់គណបក្សប្រជាជនទេ ក៏ប៉ុន្តែ ខ្ញុំចង់ប្រដៅពួកគេវិញតែប៉ុណ្ណោះទេ។ កុំគិតតែពីរឿងគេបំបែកបំបាក់។ អ្នកកុំបែកបាក់ទៅវាចប់រឿងហើយ។ ខ្ញុំជួយអប់រំអ្នក។
តម្លៃដែលថា ហ៊ុន សែន បំបែកបំបាក់ ស្មើនឹងបន្តុះបង្អាប់ខ្លួនឯង
តម្លៃដែលថា ហ៊ុន សែន បំបែកបំបាក់ ស្មើនឹងតម្លៃបន្តុះបង្អាប់ខ្លួនឯង អ្នកមិនស័ក្តិសមត្រឹមតែធ្វើជាមេដឹកនាំប្រទេសទេ ដឹកនាំតែកូនបក្សមួយធ្វើមិនកើតផង? ធ្វើអោយបក្សបែកបាក់។ ត្រូវដឹង បើបក្សបែកបាក់ អ្នកទទួលខុសត្រូវមុនគេ អាប្រធានបក្សហ្នឹងតែម្តង។ ដូចជាឥឡូវគណបក្សប្រជាជន បើសិនជាគណបក្សប្រជាជនបែកបាក់ អ្នកណាទទួលខុសត្រូវមុនគេ? ហ៊ុន សែន ទទួលខុសត្រូវមុនគេ។ មកពី ហ៊ុន សែន ខ្វះសមត្ថភាពទើបធ្វើអោយបក្សបែកបាក់។ ពាក្យខ្មែរមានការភ្ជាប់គ្នា។ ពាក្យខ្មែរយើងល្អណាស់ “ទទួលខុសត្រូវ” អញ្ចឹង កុំយកតែអាត្រូវ យកអាខុសផង។ ដំបូងបំផុតត្រូវពិនិត្យអ្វីដែលខុស។ ពាក្យ “ទទួលខុសត្រូវ”។ ពីរម៉ាត់ជាប់គ្នាទាំងអស់។ កុំឃើញតែអាត្រូវទទួលយក អាខុសទម្លាក់អោយអ្នក ដទៃ។ ពួកនៅខាងក្រៅមួយចំនួននោះ អាត្រូវវាទទួលយក អាខុសវាទម្លាក់អោយគណបក្សប្រជាជន រាប់ទាំងការបែកបាក់ក្នុងបក្សវា ក៏បន្ទោសគណបក្សប្រជាជន … អានេះធុនអន់។ ស្អីឡើងមករករឿងគណបក្សប្រជាជន។ គ្រាន់តែជាការជូនសារ។
អំណោយជូនអ្នកចូលរួម
ថ្ងៃនេះ បាននាំមកសម្រាប់និស្សិតជ័យលាភី(ចំនួន) ១ ៥៧៨ អង្គ/នាក់ ក្នុងម្នាក់ៗប្រគេន/ជូន(ថវិកា) ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៦៦៩ នាក់ ក្នុងម្នាក់ៗ(ថវិកា) ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ថវិកា ៥ លានរៀល។ ជូនវិទ្យាស្ថាន ជាតិអប់រំ ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទេ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក៏ដូចជា អបអរសាទរជា មួយជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលជាជ័យលាភី សូមទទួលបាននូវសេចក្តីសុខ/ចម្រើន ហើយនៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែល នឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕