បន្ទាប់ពីអញ្ជើញជួបជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។
ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ចាត់ទុកទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោមកកាន់ប្រទេសចិននៅពេលនេះ គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់ពីខួប ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ឯកឧត្តមបន្តថា ឯកឧត្តមផ្ទាល់ជាមួយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាង និងអញ្ជើញចូលរួមក្នុងកម្មវិធី ប្រពៃណីក្នុងប្រទេសចិន។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយ ក្នុងនោះភាគីទាំងសងខាង នឹងបន្តយកចិត្តទុកដាក់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ បើទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល ៦០ ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពី ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយ ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ សម្តេចក៏បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ប្រទេសចិន ក្នុងការពិនិត្យព្រះរាជសុខភាព និងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ សម្តេចតេជោក៏បានលើកពីបញ្ហាមួយចំនួន ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនោះទី ១ សម្តេចតេជោ បានជំរាបជូន ឯកឧត្តមប្រធានាធិបតី អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេស ក្រោយការបោះឆ្នោតសកល កម្មវិធីកំណែទំរង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន ១៩ គណបក្ស។ ក្នុងជំនួប ពិភាក្សានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើជូនឯកឧត្តមប្រធានាធិបតី ក្នុងការជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗថែមទៀត។
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលជាទំនាក់ទំនងមានលក្ខណៈប្រពៃណី ហើយអ្វីដែលសម្តេចចង់ឃើញនោះគឺ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ គឺបន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចតេជោ បានស្នើឲ្យបន្តយន្តការទ្វេភាគីកាន់តែរឹងមាំ ជាមួយគ្នានេះសម្តេចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី ផ្លូវមួយ ខ្សែក្រវាត់មួយ លើកទី ២ នៅចុងខែមេសា ឆ្នាំ ២០១៩។ សម្តេចតេជោ ក៏បានស្នើថា ឆ្នាំ ២០១៩ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេសចរណ៍ នៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានស្នើដល់ឯកឧត្តមប្រធានាធិបតី គឺធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរអាចមាននូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះដោយសារប្រទេសទាំងពីរមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រួចមកហើយតាំងពីឆ្នាំ ២០១០ មកនោះ។
ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរ មានលក្ខណៈសំខាន់បំផុត។ ឯកឧត្តមបន្តថា លក្ខណៈពិសេសគឺទំនាក់ទំនងរវាង សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន និងចាត់ទុកបានឡើងដល់កម្រិតមួយដែលខ្ពស់បំផុត បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ ឯកឧត្តមបន្តថា ចិន និងកម្ពុជា នឹងបន្តរួមគ្នាសហគមន៍ដែលជាសហគមន៍រួមគ្នា ដើម្បីរៀបចំផែនការធ្វើកិច្ចសហការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជន និងប្រជាជន។ ឯកឧត្តមមានប្រសាសន៍ស្វាគមន៍ជូនចំពោះសម្តេចដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី ២ ស្តីពី ផ្លូវមួយ ខ្សែក្រវាត់មួយ នៅប្រទេសចិនក្នុងពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ដែរថា នៅក្នុងឆ្នាំ ២០១៩ នេះ ចិននឹងបន្តនាំចូលអង្ករចំនួន ៤០ ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ ពាន់លានយ័ន សម្រាប់រយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕