ជិតដល់ខួបលើកទី ៤០ នៃថ្ងៃរំដោះ ៧មករា ខាងក្រោមនេះ គឺជាអត្ថន័យនៃបទចំរៀងដែលបានកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧ ដែលមានចំណងជើងថា “សំបុត្រលំបាកសរសេរបំផុត” ខ្ញុំសូមបងប្អូនជនរួមជាតិអានស្វែងយល់អំពីរឿងពិតរបស់ខ្ញុំ និងភរិយា ដូចខាងក្រោម៖
* I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់
បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា។
* II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា
ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី។
* III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់ កបកល្យាណី
ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង។
* IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង
វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង។
* V. នេះជាពាក្យពេចន៍ ពិបាករកបំផុត សរសេរសំបុត្រ ស្ទើរស្លុតវង្វេង
ភាពមិនទៀងទាត់ ហ៊ុំព័ទ្ធស្តាំឆ្វេង ពិបាកនឹងថ្លែង ប្រាប់អូនអោយច្បាស់។
* VI. នេះជាពាក្យគោល ន័យប្រមូលផ្តុំ ជាពាក្យដែលខ្ញុំ ចាំបានខ្លាំងណាស់
ក្រដាសស៊ីម៉ងត៍ មានវាចត្រង់ខ្លះ ប៉ុន្តែដាមដាស ដោយស្នាមទឹកភ្នែក។
* VII. បញ្ចប់ត្រឹមឃ្លា លាដើម្បីជួប គ្មានកំណត់ខែខួប រៀបរាប់វែកញែក
បង្កប់អត្ថន័យ លាយនឹងទឹកភ្នែក សង្ឃឹមរំលែក ចែកនឹងអស់សង្ឃឹម។
* VIII. ប្រើពេលពីរម៉ោង ឃ្លោងឃ្លាប៉ុណ្ណឹង សញ្ជប់សញ្ជឹង រំពឹងផ្ទូរផ្ទឹម
ដើម្បីភរិយា មានក្តីសង្ឃឹម អនាគតញញឹម ជួបជុំប្តីកូន។