បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក រួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បន្តអញ្ជើញចូលរូមកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២១ ដែលមានចិន, ជប៉ុន និងកូរ៉េ។
កិច្ចប្រជុំនេះគឺផ្តោតលើ «ការពិនិត្យឡើងវិញ និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី»។ មេដឹកនាំអាស៊ានទាំងអស់បានចាត់ទុកថា ក្នុងពេលពីរទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើងមានសន្ទុះកាន់តែខ្លាំង និងមានលក្ខណៈកាន់តែទូលំទូលាយជាងមុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្ដិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ីបូព៌ា។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចូលរួមចែករំលែកនូវមតិយោបល់មួយចំនួន ដើម្បីចូលរួមចំណែកក្នុងការពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍសម្រាប់តំបន់យើង ដើម្បីឈានទៅសម្រេចបាននូវការកសាងសហគមន៍មួយដ៏រឹងមាំ៖
១) យើងត្រូវបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវផែនការការងារសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) ជាពិសេស លើវិស័យនៃការតភ្ជាប់ក្នុងតំបន់អាស៊ាន និងរវាងអាស៊ាន ជាមួយប្រទេសបូកបី, វិស័យសហគ្រាសធុនតូចនិងមធ្យម និងវិស័យពាណិជ្ជកម្មសេរី។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឱ្យប្រទេសបូកបីបន្ដផ្ដល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសបូកបីឱ្យកាន់តែច្រើនមកកាន់អាស៊ាន ជាពិសេសមកកាន់ប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួចក្នុងគោលដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។
២) ពិភពលោក និងតំបន់បាននឹងកំពុងទទួលរងគ្រោះមហន្តរាយកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរឡើង។ ហេតុនេះ កម្ពុជាសូមជំរុញលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបីទាំងអស់ បន្តផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនថែមទៀតលើការ ការពារបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោលដៅកសាងសហគមន៍មួយនេះឱ្យបានរឹងមាំ ព្រមទាំងមានការអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០។
៣) សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការបន្តពង្រឹងយន្ដការដែលបានដាក់ឱ្យដំណើរការបណ្ដាញក្នុងអ្នកវិភាគអាស៊ីបូព៌ានិងក្រុមធុរកិច្ចអាស៊ីបូព៌ា និងបានកត់សម្គាល់នូវរាល់អនុសាសន៍ទាំងឡាយដែលយន្តការទាំងនេះបានដាក់ចេញក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ឱ្យកាន់តែមានប្រសិទ្ឋភាពប្រសើរឡើង។
៤) សម្តេចតេជោ ពិតជាមានសេចក្ដីរីករាយ ដោយបានឃើញកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ការដាក់ចេញនូវសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំងទៅនឹងឱសថអង់ទីប៊ីយោទិក។ នៅក្នុងវិស័យសុខាភិបាលនេះដែរ សម្តេចតេជោ បានទាញអារម្មណ៍ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូកបី អំពីបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាពដែលកំពុងតែបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាព និងសុខមាលភាពរបស់ប្រជាជន។ ឱសថក្លែងក្លាយ និងអន់គុណភាពគឺជាឃាតករលាក់មុខបំផុតដែលអាចបំផ្លាញប្រជាជនក្រីក្រ ហើយក៏បង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផងដែរ។ ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព គឺតម្រូវឱ្យមានកិច្ចសហការល្អប្រសើររវាងប្រទេសទាំងអស់ក្នុងតំបន់។ កម្ពុជាបានស្នើសុំដាក់ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពទៅជារបៀបវារៈដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ។
៥) ចំពោះបញ្ហានិន្នាការគាំពានិយម និងសង្គ្រាមពាណិជ្ជកម្ម គឺកំពុងធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មសេរីចុះអន់ខ្សោយ។ តាមរយៈនេះ សម្តេចតេជោ បានស្នើឱ្យប្រទេសបូកបីជួយជំរុញនិងបញ្ចប់ការចរចាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំប់ន (RCEP) នៅឆ្នាំ២០១៩។ ទន្ទឹមនេះ, កម្ពុជាសូមស្វាគមន៍នូវគម្រោងស្រាវជ្រាវរួមគ្នាស្ដីពីកិច្ចសហប្រតិបត្តិការ១០+៣ សម្រាប់ការធ្វើឱ្យប្រសើរជាងមុននៃការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលនឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជួយដល់ការតភ្ជាប់និងផែនការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។