នៅថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន និងពិភាក្សាការងារទាក់ទងទៅនឹងប្រធានបទ ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក។
ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯ.ឧ ចាសស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រ្តីកាណាដា ឯ.ឧ សេបាសស្ទៀន ពីណេរ៉ា (Sebastian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកជំទាវ គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។
មេដឹកនាំអាស៊ានបានចាត់ទុកថា នេះគឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមក ហើយស្ថិតក្រោមប្រធានបទមួយដែលមានសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់ និងសកលលោក ដែលស្ថិតនៅក្នុងបរិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន។ ជាក់ស្តែងការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្រ្គាមពាណិជ្ជកម្ម បាននិងកំពុងតែដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងបរិកាណ៍នេះ អាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពន្លឿនការធ្វើពាណិជ្ជកម្មសេរី តួយ៉ាង អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការជំរុញសម្រេចឲ្យបាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនោះគឺជាសក្ខីកម្មនៃការប្តេជ្ញាចិត្តមួយរបស់អាស៊ានចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច។ នៅក្នុងកិច្ចពិភាក្សាក្នុងពេលអាហារថ្ងៃត្រង់កាលពីរសៀលនេះ មេដឹកនាំទាំងអស់ក៏បានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំអាហារថ្ងៃត្រង់ ដែលរៀបចំដោយ ឯ.ឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕