កាលពីរសៀលថ្ងៃទី ១៤ វិច្ឆិកា ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី ៣ នៅប្រទេសសិង្ហបុរី ដែល មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធានាធិបតីរុស្ស៊ី។
ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ វ៉្លាឌីមៀ ពូទីន ប្រធានាធិប តីនៃសហព័ន្ធរុស្សី ហើយបានចាត់ទុកថាវត្តមានរបស់លោកប្រធានាធិបតីមិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្សីចំពោះទំនាក់ទំនងអាស៊ាន-រុស្សី តែប៉ុណ្ណោះទេ ប៉ុន្តែបានរិតចំណងទាក់ទងនេះឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមទៀតផង។
ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ជាពិសេស បន្ទាប់ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្សី កាលពីឆ្នាំ ២០១៦ នៅទីក្រុងសូឈី សហព័ន្ធរុស្សី។ សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺបានជំរុញអោយភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ អាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា គួររៀបចំឲ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្សី ឲ្យបានទៀងទាត់ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។ ក្នុងស្មារតីនេះកម្ពុជាគាំទ្រចំពោះសំណើរបស់រុស្សី ក្នុងការតម្លើងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត។ ជាមួយនឹងភាពមិនប្រាកដប្រជាពីឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួន បានឈានជិតដល់ទីបញ្ចប់នោះ កម្ពុជាយល់ឃើញថា ការសិក្សាសមិទ្ធិលទ្ធផលរួមនៃតំបន់ពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអីរ៉ាស៊ី គួរត្រូវបានចាប់ផ្តើម និងជំរុញបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-រុស្សី លើកទី ៣ នេះដែរ មេដឹកនាំអាស៊ាន និងរុស្សី បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរួមរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី ៣ និងសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខព័ត៌មាន, ទំនាក់ទំនង និងបច្ចេកវិទ្យា និងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស្សី ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងសូឈី ឆ្នាំ ២០១៦ និងផែនការសកម្មភាពទូលំទូលាយរវាងអាស៊ាន និងសហព័ន្ធរុស្សី ឆ្នាំ ២០១៦-២០២០។
អនុស្សារណៈ នៃការយោគយល់គ្នារវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សារណៈនៃការយោគយល់គ្នា រវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងគណៈកម្មការសេដ្ឋកិច្ចអាស៊ី–អឺរ៉ុប (អឺរ៉ាស៊ី-Eurasian) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាន និងអឺរ៉ុប បានយាង និងអញ្ជើញជាសាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងអាស៊ាន ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី៕