- ឯកឧត្តម ស៊ីរូស៊ីហ្កេ សេកូ (Hiroshige SEKO) រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម
- ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ
- ឯកឧត្តម ហ៊ីរ៉ូយូគិ អ៊ិស៊ីហ្គិ (Hiroyuki Ishige) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។
- ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយឥតឧបមា ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចជប៉ុន-មេគង្គ ក្រោមប្រធានបទ “តំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ស្របពេលខួបលើកទី ១០ នៃកិច្ចសហប្រតិបត្តិការ ជប៉ុន-មេគង្គ។
ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះរដ្ឋាភិបាលជប៉ុន អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AMEICC) ដែលបានផ្តួចផ្តើមគំនិត ផ្តល់ការគាំទ្រ និងធ្វើការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនជប៉ុនដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ហើយដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការចាប់អារម្មណ៍ ការគាំទ្រ និងការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងថែមទៀតពីសហគមន៍ធុរកិច្ចជប៉ុនមកលើតំបន់មេគង្គប្រកបដោយជវភាពរបស់យើង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំសូមធ្វើការវាយតម្លៃយ៉ាងខ្ពស់ចំពោះសមិទ្ធផលនៃការអនុវត្ត “យុទ្ធសាស្ត្រតូក្យូថ្មីឆ្នាំ ២០១៥” និងការសម្រេចបានដោយជោគជ័យនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧៥០ ប៊ីលានយ៉េន ដល់បណ្តាប្រទេសមេគង្គ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី ១០ ដែលបានអនុម័ត “យុទ្ធសាស្ត្រតូក្យូឆ្នាំ ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន” កាលពីព្រឹកមិញ។ យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យតំបន់មេគង្គក្លាយជាតំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី (Asia’s New Value Chain Hub) ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមេគង្គជប៉ុនឲ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការធ្វើឲ្យមានការតភ្ជាប់កាន់តែមានប្រសិទ្ធភាព និងរស់រវើក ទាំងការតភ្ជាប់ផ្នែករឹង និងផ្នែកទន់ ការផ្តោតលើសង្គម ដែលមានប្រជាជនជាស្នូល ដូចជាការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សុខភាពសាធារណៈ និងការសម្រេចបាននូវតំបន់មេគង្គបៃតង។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពជាដែលបានកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ សំដៅស្វែងរកប្រភពកំណើនសេដកិច្ចថ្មី ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ នឹងប្រកបដោយចីរភាពដោយទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ បង្កើតតម្លៃបន្ថែមក្នុងវិស័យជន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ ជំរុញការវិនិយោគក្នុងវិស័យកសិកម្ម រៀបចំខ្លួនសម្រាប់ការឈោងចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងយុគសម័យឌីជីថល និងឈោងចាប់យកឱកាស ក៏ដូចជាជំនះផលលំបាកពីបដិវត្តន៍ឧស្សាហកម្មទី ៤ ក្នុងគោលដៅបម្រើឲ្យបេសកកម្មនៃការដឹកនាំកម្ពុជា ឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នងន័យនេះ ចតុកោណយុទ្ធសាស្ត្រចំនួន ៤ ត្រូវបានដាក់ចេញដូចខាងក្រោម៖
ចតុកោណទី ១ – ការអភិវឌ្ឍធនធានមនុស្ស រួមមាន (១) ការពង្រឹងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស (៣) ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ, និងទី (៤) ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។
ចតុកោណទី ២ – ការធ្វើពិពិធកម្មសេដ្ឋកិច្ចរួមមាន (១) ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូនថាមពល និងឌីជីថល (២) ការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ (៣) ការរៀបចំខ្លួនសម្រេចសេដ្ឋកិច្ចឌីជីថល និងឆ្លើតតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និងទី (៤) ការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។
ចតុកោណទី ៣ – ការអភិវឌ្ឍវិស័យឯកជន និងការងាររួមមាន (១) ការអភិវឌ្ឍទីផ្សារការងារ (២) ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព (៣) ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន (៤) ការពង្រឹងការប្រកួតប្រជែង។
ចតុកោណទី ៤ – ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរួមមាន (១) ការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ (២) ការព្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ប្រកបដោយចីរភាព (៣) ការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម, និង (៤) ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កម្ពុជាជាប្រទេសមួយក្នុងតំបន់មេគង្គដែលមានសក្តានុពល និងកាលានុវត្តភាពជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគ ដូចខាងក្រោម៖
ទី ១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិត លើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងទៅនេះ។ កាលពីសប្តាហ៍កន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនក្នុងអត្រា ៧,២៥% ក្នុងឆ្នាំ ២០១៨ ដែលអត្រាកំណើននេះ នឹងរក្សាបានក្នុងឆ្នាំខាងមុខ។ តាមរយៈកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី ២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរទីប្រជុំទម្ងន់ នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ី ពិសេសអាស៊ីបូព៌ា បន្តនៅជា “ឱកាសមាស” សម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្មឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់។
ទី ៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ ទសវត្សរ៍ខាងមុខ។
ទី ៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើសរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។ យើងបានបើកចំហគ្រប់វិស័យ រួមទាំងវិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោក មិនអនុញ្ញាតឲ្យអ្នកវិនិយោគ ១០០% ដោយគ្មានការចូលរួមពីសំណាក់អ្នកវិនិយោគជាតិនៅវិស័យទាំងនោះឡើយ។ កម្ពុជានៅមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រួមមានការបន្តបង្កើនភាពស៊ីជម្រៅនៃអន្តរការីកម្មហិរញ្ញវត្ថុ ការលើកម្ពស់វិស័យធានារ៉ាប់រង និងការអភិវឌ្ឍទីផ្សារមូលបត្រ។
ទី ៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥ លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០ លាននាក់ទីផ្សារអាស៊ាន ដែលមានអតិថិជនប្រមាណ ៦៣០ លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ ៣ ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី ៦៖ កម្ពុជាបាន និងកំពុងធ្វើសមាហរណកម្ម និងតភ្ជាប់តាមបោះប៉ូលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ដែលនឹងបង្កើតនូវប្រព័ន្ធឡូជីស្ទីកដ៏រស់រវើក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាកត្តាជំរុញឲ្យកម្ពុជាបោះជំហានទៅមុខកាន់តែលឿន និងដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួម និងបំពេញគ្នាទៅវិញទៅមកក្នុងស្មារតីឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់មេគង្គ ដើម្បីធ្វើឲ្យតំបន់នេះក្លាយជាតំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ីប្រកបដោយជវភាព។ លើសពីនេះទៅទៀត ជាងពេលណាៗទាំងអស់ ចាប់តាំងពីការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាននា ខែ ធ្នូ ឆ្នាំ ២០១៥ បណ្តាប្រទេសតំបន់មេគង្គបានធ្វើឲ្យសមាហរណកម្មកាន់តែស្និទ្ធស្នាលជាងមុន និងកំពុងតែប្រែក្លាយតំបន់ទៅជា “រោងចក្រអាស៊ីអាគ្នេយ៍”។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៍ឈ្លាសវៃរបស់ អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគជប៉ុនដែលមិនទាន់បានមកកម្ពុជាអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា។ ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូន អ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៍ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន។
សូមអរគុណ!