– ឯកឧត្តម ហាន ហ្សេង (Han Zheng) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន;
– ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល;
– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្សជាអនេក ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបើកពិព័រណ៍ចិន- ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»។ ទន្ទឹមនេះ, ខ្ញុំ និងប្រជាជនកម្ពុជាទាំងមូល ពិតជាមានសេចក្តីរំភើប និងមានមោទនភាពឥតឧបមា ដោយកម្ពុជាទទួលបាននូវកិត្តិយសដ៏ធំធេង ដែលត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសជាលើកទី ២ នៅក្នុងឱកាសដ៏វិសេស ដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក៏ដូចជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងឤស៊ាន និងចិន។
នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទី និងសារសំខាន់នៃពិព័រណ៍ចិន-ឤស៊ាន ដែលបានក្លាយជាវេទិកានយោបាយ ការទូត និងពាណិជ្ជកម្ម ប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាព សម្រាប់ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, សហគ្រិន, វិនិយោគិនចិន, និងវិនិយោគិនប្រទេសសមាជិកឤស៊ានទាំងអស់, ជួបជុំពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះដែរ, ពិព័រណ៍ចិន-ឤស៊ាន បានដើរតួនាទីរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងឤស៊ាន ក៏ដូចជាក្នុងការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែមានភាពរឹងមាំ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
នៅក្នុងយុគសម័យឌីជីថលនេះ, ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរបស់យើងដំណើរការទៅដោយរលូន ជាពិសេស សម្រេចបាននូវគោលដៅរួមក្រោមប្រធានបទ៖ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍», បន្ថែមពីលើសារសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ខ្ញុំយល់ថា ការតភ្ជាប់ផ្នែកឌីជីថល គឺជាកត្តាចាំបាច់មិនឤចខ្វះបាន។ ទន្ទឹមនេះដែរ, យើងត្រូវផ្តល់ឤទិភាពខ្ពស់ដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ទ្រទ្រង់ឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, បង្កើតការងារធ្វើ និងជួយពង្រឹងដល់ប្រព័ន្ធសុខុមាលភាពសង្គម។ លើសពីនេះទៀត, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាចលករដ៏សំខាន់ក្នុងការពន្លឿនសមាហរណកម្មតំបន់, ជំរុញទំនាក់ទំនង រវាងប្រជាជន និងប្រជាជន, និងបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើប្រតិបត្តិការលើវិស័យនានា ដូចជា ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (E-Commerce), ប្រតិបត្តិការធនាគារ, ការទូទាត់ហិរញ្ញវត្ថុ៘
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការចិន-ឤស៊ាន នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត ហើយមិត្តចិនរបស់យើង, ដែលមានការរីកចំរើនខ្លាំងនៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, នឹងចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់ភាគីឤស៊ាន, ដែលប្រការនេះនឹងជួយបណ្តាប្រទេសឤស៊ានឱ្យទទួលបានអត្ថប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ ហើយយើងទាំងអស់គ្នានឹងសម្រេចបាននូវគោលដៅចុងក្រោយរបស់យើង គឺ ការកសាងសហគមន៍ចិន-ឤស៊ាន ប្រកបដោយនវានុវត្តន៍។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ, កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយនូវភាពក្រីក្រ និងវិសមភាពក្នុងសង្គម គួរឱ្យកត់សម្គាល់។ លើមូលដ្ឋាននេះ កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ កន្លងទៅ។ សមិទ្ធិផលទាំងអស់នេះ បានជំរុញឱ្យកម្ពុជាកំណត់ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេលវែងរបស់ខ្លួន សំដៅឈានឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
កាលពីថ្ងៃទី ២៩ ខែ កក្កដា កន្លងទៅ, កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ប្រកបដោយបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលក្នុងនោះ ៨៣,០២ ភាគរយ នៃចំនួនអ្នកប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត។ តួលេខនៃការចូលរួមដ៏ខ្ពស់នេះ បានបង្ហាញថា លទ្ធិប្រជាធិបត្យេនៅកម្ពុជា មានភាពល្អប្រសើរ និងឈានទៅរកភាពចាស់ទុំ។ គណបក្សប្រជាជនកម្ពុជា, ដែលដឹកនាំដោយខ្ញុំផ្ទាល់, បានទទួលជ័យជំនះដ៏ត្រចះត្រចង់ តាមរយៈការគាំទ្រភ្លូកទឹក-ភ្លូកដី ពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវឤសនៈទាំងអស់នៅក្នុងរដ្ឋសភា។ ជោគជ័យនេះ បានជួយពូនជ្រុំពង្រឹងថែមទៀត នូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ, សុវត្ថិភាពសង្គម, និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ដែលជាការបើកឡើងកាន់តែទូលំទូលាយថែមទៀត នូវកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា។
ជាគោលដៅយុទ្ធសាស្ត្រសម្រាប់ឤណត្តិថ្មីនេះ, រាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតឤទិភាពទៅលើការកែទម្រង់អភិបាលកិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើមូលធនមនុស្ស ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយគ្រប់ដៃគូដែលមានការពាក់ព័ន្ធ, ពិសេស ការពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក; ដែលទាំងអស់នេះ នឹងធ្វើឱ្យប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមកម្ពុជាមួយ ដែលគោរពតម្លៃមនុស្ស, សេរីភាព, ប្រជាធិបតេយ្យ, នីតិរដ្ឋ, និងយុត្តិធម៌សង្គម។
ជាមួយគ្នានេះដែរ, រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវវិធានការមុតស្រួច និងជាក់ស្តែងនានា សំដៅពង្រឹង ភាពប្រកួតប្រជែងរបស់កម្ពុជា រួមមាន៖ កាត់បន្ថយថ្លៃឡូជីស្ទីក; ជំរុញការតភ្ជាប់ផ្នែកដឹកជញ្ជូន, ថាមពល និងឌីជីថល; កាត់បន្ថយថ្លៃអគ្គិសនី និងធានាស្ថិរភាពនៃការផ្គត់ផ្គង់; បន្តធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនីតិវិធីគយ; កាត់បន្ថយចំណាយនៃការធ្វើធុរកិច្ច ទាំងផ្លូវការ និងក្រៅផ្លូវការ, ជំរុញការកែទម្រង់ និងទំនើបកម្មប្រព័ន្ធពន្ធ ដោយឈរលើគោលការណ៍យុត្តិធម៌, សមធម៌, សេវាល្អ, អភិបាលកិច្ចល្អ និងអនុលោមភាព; និងជំរុញលើកកម្ពស់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ជាងនេះទៅទៀត, ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ក៏ បានក្លាយជាទិសដៅឤទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំបង្កើតមូលដ្ឋាន និងថ្នាលសម្រាប់ការពង្រីកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតជាសំខាន់ទៅលើការការអភិវឌ្ឍវិស័យឌីជីថល ទាំងផ្នែករឹង និងទន់, ការរៀបចំអភិវឌ្ឍធនធានមនុស្ស និងជំនាញ ស្របតាមបរិការណ៍ថ្មី, ព្រមទាំងការបង្កើតក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិគាំទ្រដែលមានការពាក់ព័ន្ធ។
មុននឹងបញ្ចប់, ខ្ញុំសូមអញ្ជើញវិនិយោគគិនទាំងអស់ទៅស្វែងយល់ពីកាលានុវត្តភាពវិនិយោគជាក់ស្តែង និងធ្វើការវិនិយោគនៅកម្ពុជា។ ខ្ញុំក៏សូមប្រសិទ្ធពរជ័យជូនពិព័រណ៍ចិន-ឤស៊ាន លើកទី ១៥ ឆ្នាំ ២០១៨ ព្រមទាំងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-ឤស៊ាន ឱ្យបានទទួលជោគជ័យត្រចះត្រចង់ និងសូមជូនពរឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន ។
សូមអរគុណ !