… នៅព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន ៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក។ នៅឆ្នាំ ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថា កំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង ៧% នៅឆ្នាំ ២០១៨ នេះ។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានាឲ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ សម្រាប់វិនិយោគិនបរទេស ជាពិសេស វិនិយោគិនពីប្រទេសចិន ។ ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។ សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ អ្នកទេសចរចិនទៅទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣ លាននាក់ ហើយមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១៦ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរត្រង់ពីចិនទៅកម្ពុជា។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍ AirChina នឹងបើកជើងហោះហើរត្រង់ពីប៉េកាំងទៅភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
កម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពលទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ វិស័យអាទិភាព និងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន។ ជាមួយនឹងបរិបទតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់រាជរដ្ឋាភិបាលតែងតែបុរេសកម្មក្នុងការកែទម្រង់, ការរៀបចំ និងការដាក់ចេញនូវផែនការគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាលវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ជាពិសេស ធ្វើយ៉ាងណាជំរុញអោយភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីចិនជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដែលមាននៅកម្ពុជា និងជួយជំរុញឲ្យវិនិយោគិនដទៃៗទៀត មកវិនិយោគនៅប្រទេសកម្ពុជាយើង។
… បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិនរួចហើយមក … សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឆ្លើយនូវសំណួរមួយចំនួន ដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន ៦ របស់ចិន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។
ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង ៦ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី ៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិន ដែលមានវត្តមាននៅទីនេះ និងដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។ ជាមួយនឹងការលើកឡើងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន កុំមានការភ័យខ្លាចទៅលើការលុបកុងត្រាចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី ៦ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។
ឆ្លៀតនៃការថ្លែងសុន្ទរកថានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕