កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
តាមរយៈលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២,៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨.៣៨០.២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុត គាំទ្រការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមន៍អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ជាង ៩ ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត។
កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់ ៥ឆ្នាំម្តងនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី ៤ នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិទាំងអស់គ្នាដោយសេរី នឹងដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស។
សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ ២០ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល៕