នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Anton Caragea ប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។
លោក Anton Caragea បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក Anton បានផ្តល់របាយការណ៍លំអិតចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានកោតសរសើរចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស តាមរយៈនៃការបោះឆ្នោតនេះតែម្តង ដែលមានប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតជាង ៨០% ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ពលរដ្ឋពិតៗ។ លោក Anton បានសំដែងនូវការរីករាយអបអរសាទរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរៀបចំការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដែលឆ្លុះបញ្ចាំងអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតៗដោយគ្មានអំពើហិង្សា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោក Anton និងក្រុមការងារ សង្កេតការណ៍លោកទាំងអស់ដែលបានរាយការណ៍ពិតអំពីស្ថានភាពបោះឆ្នោតពិតប្រាកដនៅកម្ពុជា។ សម្ដេចតេជោ ក៏បានជម្រាបជូន លោក Anton Caragea ផងដែរថា តាមរដ្ឋធម្មនុញ្ញប្រទេស គឺកម្ពុជាត្រូវរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ៥ ឆ្នាំម្តងៗ គឺនៅថ្ងៃអាទិត្យសប្ដាហ៍ទី ៤ នៃខែកក្កដា ដែលគ្រប់គណបក្សនយោបាយទាំងអស់បានដឹងគ្រប់ៗគ្នាអំពីដំណើរការនេះ ដើម្បីពួកគេមានឱកាស ចូលរួមប្រកួតប្រជែងគ្រប់ៗគ្នាដោយគ្មានការរើសអើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរ សិទ្ធិអំណាចនាយករដ្ឋមន្រ្តីខ្មែរ គឺមិនមានសិទ្ធិរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោតមុនពេលកំណត់ មិនដូចប្រទេសមួយចំនួនទេ។ អ្វីៗគឺត្រូវធ្វើតាមការកំណត់ដោយច្បាប់ប្រទេសដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៕