សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោក ស្រី នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល និងដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីឆ្នាំ ២០០៤ មក។
ខ្ញុំសូមឆ្លៀតយកឱកាសនេះ ធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្មវិធីកែទម្រង់នេះ សម្រេចបានក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេសចំពោះវឌ្ឍនភាពថ្មីៗក្នុងរយៈពេល ៥ ឆ្នាំចុង ក្រោយដែលការកែទម្រង់របស់យើងស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័សទាំងនៅក្នុង និងក្រៅប្រទេសដែលខ្ញុំតែងហៅថា សភាពការណ៍ចល័ត។
ប្រការនេះបានផ្តល់ឱកាសឱ្យយើងបន្តការងារកែទម្រង់ផង និងធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» របស់យើងផង ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និងបំណងប្រាថ្នាកើនឡើងឥតឈប់ឈររបស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ដំណាក់កាល ២ សំខាន់ ក្នុងការគាំទ្រនូវការសម្រេចឤទិភាពគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈកាន់តែលំបាក និងកាន់តែស្មុគស្មាញឡើង។
នៅក្នុងដំណើរនៃការដឹកនាំប្រទេសជាតិក្នុងរយៈពេលកន្លងមក ខ្ញុំបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើនូវគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖ ទីមួយ-ការដឹកនាំចលនាតស៊ូរំដោះប្រជាជន និងប្រទេសឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីពីរ-ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការឈានទៅបញ្ចប់សង្គា្រមស៊ីវិល ដើម្បីស្វែងរកសន្តិភាពពេញលេញជូនប្រជាជន និងប្រទេសជាតិ និងទីបី-ការបណ្តុះបណ្តាលពង្រឹង និងពង្រីកវប្បធម៌សន្តិភាព និងការការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ដែលសម្រេចបានមកដោយលំបាកលំបិនជាទីបំផុតនេះ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រទេស និងវឌ្ឍនភាពសង្គម។ នៅលើបន្ទាត់ប្រវត្តិសាស្ត្រនេះខ្ញុំឤចនិយាយបានថា ខ្ញុំសម្រេចបានរួចហើយនូវគោលដៅជាយុទ្ធសាស្ត្រពីរខាងដើមតាំងពីដើមទស្សវត្សរ៍ឆ្នាំ ២០០០ ហើយ ពេលនេះកំពុងតែស្ថិតក្នុងដំណើររួមគ្នា ជាមួយនឹងប្រជាជាតិកម្ពុជាទាំងមូល ឆ្ពោះទៅសម្រេចឱ្យខានតែបាននូវគោលដៅយុទ្ធសាស្ត្រទី ៣ ចុងក្រោយ ដែលជាបុព្វហេតុរួមសម្រាប់កសាងអនាគតរុងរឿង នៃប្រទេសជាតិយើង។ ក្នុងបេសកកម្មកាពារសន្តិភាព និងអភិវឌ្ឍជាតិក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ខ្ញុំបានសង្កេតឃើញច្បាស់ថា ប្រជាជនកម្ពុជាជានិច្ចកាលតែងតែចូលរួមជ្រោងខ្ពស់នូវទង់សន្តិភាព និងការអភិវឌ្ឍដែលជាកម្លាំងដ៏ខ្លាំងក្លាធ្វើឱ្យបរាជ័យដល់ការប៉ុនប៉ងទាំងឡាយ ដើម្បីរុញច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងភាពចលាចល និងភាពវឹកវរផ្នែកនយោបាយ។
ជាការពិត នៅក្នុងការងារដឹកនាំជំរុញការអភិវឌ្ឍប្រទេស សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានចាត់ទុកជាបុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ជំរុញឱ្យមានវឌ្ឍនភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងសង្គមជាតិ។
នៅក្នុងឤណត្តិនេះ កម្ពុជាសម្រេចបាននូវបង្គោលចរដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ពោលគឺការប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងធ្វើដំណើររេឆ្ពាះទៅសម្រេច ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងពេលខាងមុខ។
សក្តានុពលសេដ្ឋកិច្ចកម្ពុជាត្រូវបានទទួលស្គាល់ និងចាត់ទុកថាជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់ឤស៊ី។ ច្បាស់ណាស់ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការ និងជាឧបករណ៍មិនឤចខ្វះ បានមិនត្រឹមតែក្នុងការសម្រេចបានគោលដៅខាងលើបុណ្ណោះទេ ប៉ុន្តែសម្រាប់ការខិតខំ ដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ ។
ថ្វីត្បិតការត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តែងតែត្រូវបានរៀបចំជាប្រចាំឆ្នាំ និងតាមដំណាក់កាលនីមួយៗនៃកម្មវិធីកែទម្រង់ ប៉ុន្តែកិច្ចប្រជុំលើកនេះ ក៏ជាការបូកសរុបវឌ្ឍនភាពរយៈពេល ៥ ឆ្នាំផងដែរ ដែលស្របគ្នានឹងការបញ្ចប់ឤណត្តិទីប្រាំរបស់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ក៏ដូចជាការវាយតម្លៃមួយចំនួន ចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដូចខាងក្រោម៖
ទី១. ការសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពនៃហិរញ្ញវត្ថុសាធារណៈដែលរួមមានជាឤទិ៍ ការធានាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ការរក្សាបាននូវអត្រាអតិផរណាប្រចាំឆ្នាំទាបក្នុងរង្វង់ ៣%ជាមួយនឹងអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ ៤០០០ រៀល/ដុល្លារសហរដ្ឋឤមេរិក ការគ្រប់គ្រងបាននូវឱនភាពថវិកាប្រចាំឆ្នាំនៅក្នុងកម្រិតក្រោម ៥% នៃផសស និងការគ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរ។ លើសពីនេះ ការគ្រប់គ្រងថវិកាជាតិក៏កាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុក្រឹតភាព តម្លាភាព និងគណនេយ្យភាពល្អប្រសីរជាងមុន ដែលប្រការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយគុណភាព ហើយបានផ្តល់នូវបច្ច័យវិជ្ជមានដល់ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្របានច្រើនជាង ១% ក្នុងឆ្នាំៗ។
ទី២. ការសម្រេចបាននូវភាពជឿទុកចិត្តពេញលេញនៃថវិកាជាតិ ដែលឆ្លុះបញ្ចាំងឡើងតាមរយៈការធានាបាននូវអតិរេកសាច់ប្រាក់ជាប្រចាំ ការកើនឡើងនៃប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងការបើកផ្តល់ប្រាក់បៀវត្សរ៍ដែលមានកំណើនជាលំដាប់នៅរាល់សប្តាហ៍ទី ៤ នៃខែនីមួយៗ។
ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពង្រឹង យន្តការប្រមូលចំណូល ដែលត្រូវបានកែលម្អឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនបានពង្រីកមុខសញ្ញា ឬបង្កើតប្រភេទពន្ធថ្មីៗឡើយ ប៉ុន្តែលើសពីនេះ ថែមទាំងបានលុបចោលនូវប្រភេទពន្ធ ឬកែសម្រួលកាត់បន្ថយនូវអត្រាពន្ធ និងចំណូលមិនមែនសារពើពន្ធមួយចំនួនថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សកម្មភាពធុរកិច្ច និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការពិត កំណើនចំណូលចរន្តនៃថវិកាជាតិក្នុងសន្ទុះប្រមាណជិត ១ ពិន្ទុភាគរយ នៃផសស ក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ បានបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលល្អប្រសើរ នៃកិច្ចខិតខំប្រឹងប្រែងនេះ។ ជាមួយគ្នានេះការរៀបចំថវិកាប្រចាំឆ្នាំ ក៏ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ ដោយធានាបាននូវការវិភាជឥណទានថវិកាសមស្របសម្រាប់អនុវត្តសកម្មភាពជាឤទិភាពរបស់រាជរដ្ឋាភិបាល ហើយថវិកាក៏ត្រូវបានផ្តល់ទៅដល់ដៃអ្នកអនុវត្តសកម្មភាពផ្ទាល់នៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទី៣. ការឆ្លើយតបបានទៅនឹងឤទិភាពរបស់រាជរដ្ឋាភិបាល និងសំណូមពរថ្មីៗរបស់ប្រជាជន ពោលគឺរាជរដ្ឋាភិបាលមានលទ្ធភាពឆ្លើយតបទៅនឹងសំណូមពរកាន់តែខ្ពស់របស់ប្រជាជន ស្របទៅតាមការកើនឡើងនូវសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ រួមមាន៖ការឆ្លើយតបទាន់ពេលវេលា ទៅនឹងសភាពការណ៍បន្ទាន់នានា ជាឤទិ៍គ្រោះធម្មជាតិ វិបត្តិនៅតាមបន្ទាត់ព្រំដែន និងតម្រូវការអន្តរាគមន៍ភ្លាមៗក្នុងវិស័យ ស្រូវ/អង្ករ ការពង្រីកវិសាលភាពនៃការគាំពារផ្នែកសង្គមទាំងក្នុងក្របខណ្ឌម្រន្តីរាជការសាធារណៈ និងក្នុងចំណោមកម្មករ ទាំងក្នុង និងក្រៅប្រព័ន្ធ ការវិនិយោគលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមការចាំបាច់ ការដកហូតយកមកគ្រប់គ្រងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងរូបភាពជាដៃគូរដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងទិសដៅឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាដើម។ល។
ទី៤. ការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាក្របខណ្ឌមួយសម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ឤចពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរថែមទៀត រួមទាំងការកាត់បន្ថយចំណាយក្រៅផ្លូវការពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុផងដែរ។ ការសម្រេចចិត្តដ៏គន្លឹះមួយនៃការបើកប្រាក់បៀវត្ស និងប្រាក់សោធនតាមប្រព័ន្ធធនាគារឤចឱ្យយើងបញ្ចប់បានទាំងស្រុងនូវបញ្ហារ៉ាំរ៉ៃនៃចំណាយក្រៅផ្លូវការ និងភាពយឺតយ៉ាវពាក់ព័ន្ធនឹងការបើកផ្តល់ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការសាធារណៈ និង ប្រាក់សោធនសម្រាប់និវត្តជន។
ជារួម ខ្ញុំរំពឹងថា នៅពេលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណើរការបានពេញលេញ ការគ្រប់គ្រងចំណាយថវិការដ្ឋនឹងកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពប្រសើរឡើងថែមទៀត ហើយប្រព័ន្ធនេះនឹងជួយផ្តល់ព័ត៌មានយ៉ាងពេញលេញ និងទាន់ពេលអំពីស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការវិភាគ និងការធ្វើសេចក្តីសម្រេចចិត្តលើការបែងបែក និងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈសរុបរបស់ជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ទី៥. ការដាក់ចេញនូវទិសដៅ និងសកម្មភាពច្បាស់លាស់ ក្នុងការងារកែទម្រង់ដោយជំរុញការអនុវត្តជាប្រចាំប្រកបដោយអភិក្រមទន់ភ្លន់ ភាពប្រាកដនិយមនិងភាពជាម្ចាស់ខ្ពស់។ ជាក់ស្តែង នៅពេលចាប់ផ្តើមក្នុងឆ្នាំ ២០០៤ រាជរដ្ឋាភិបាលរំពឹងថាកម្មវិធីនេះនឹងឤចបញ្ចប់នៅឆ្នាំ ២០១៥។ ប៉ុន្តែយោងតាមតម្រូវការជាក់ស្តែងយើងបានធ្វើការកែតម្រូវយុទ្ធសាស្ត្រកម្មវិធី និងពេលវេលានៃការអនុវត្តជាបន្តបន្ទាប់ ដើម្បីសម្របទៅតាមស្ថានភាព និងលទ្ធភាពរបស់កម្ពុជា។ ក្នុងគោលដៅតម្រង់ទិសសកម្មភាពកែទម្រង់សម្រាប់រយៈពេលវែងទៅមុខ រាជរដ្ឋាភិបាលទើបនឹងបានអនុម័តឯកសារ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨- ២០២៥» ដែលខ្ញុំនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលបន្តិចទៀតនេះ។ ឯកសារនេះគឺជា ស្នូល នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើងសម្រាប់ដំណាក់ទី ៣ ឈានចូលទៅដំណាក់កាលទី ៤ បន្តទៀត ហើយត្រូវបានរៀបចំឡើងដោយធានាបានពេញលេញ នូវភាពជាម្ចាស់របស់កម្ពុជា និងមានលក្ខណៈជាក់ស្តែងនិយម ស្របទៅតាមបរិការណ៍របស់កម្ពុជា ក្នុងគោលដៅប្រែក្លាយថវិកា ឱ្យទៅជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍប្រទេស។
ក្នុងពេលខាងមុខ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនឹងឈានដល់ជំហាន និងដំណាក់កាលចុងក្រោយគឺ « គណនេយ្យភាពសមិទ្ធកម្ម » ដែលតម្រូវឱ្យមានការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តផែនការសកម្មភាពរៀងៗខ្លួន ដោយបុរេសកម្ម និងគណនេយ្យភាព។ ក្នុងការបន្តអនុវត្តកម្មវិធីនេះ ខ្ញុំសូមឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្របគ្រ់ងហិរញ្ញវត្ថុសាធារណៈ បន្តប្រកាន់ខ្ជាប់នូវស្មារតីនៃភាពប្រាកដនិយម និងភាពជាម្ចាស់ខ្ពស់ព្រមទាំងអភិក្រមទន់ភ្លន់ តែម៉ឺងម៉ាត់នៅក្នុងការអនុវត្តស្របតាមគោលការណ៍« ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ »។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
អភិក្រមចំណុចទី ៥ ថ្មី បន្ថែមលើ ៤ ចំណុចចាស់
ខ្ញុំបានបញ្ជាក់បន្ដិចថា មុននេះយើងមានអភិក្រមត្រឹមតែបួន ទេ គឺៈឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ប៉ុន្ដែចាប់ពីឆ្នាំចុងឆ្នាំ ២០១៧ មក យើងបានដាក់ចេញនូវចំណុចសំខាន់មួយទៀតគឺការវះកាត់តែម្ដង គឺមិនអាចត្រឹមតែព្យាបាលហើយបន្ដទុកនៅជំងឺរ៉ាំរ៉ៃទៀតនោះទេ។ នេះជាចំណុចដែលសូមរំលឹកដាស់តឿនសាជាថ្មីម្ដងទៀត ដែលក្នុងចំណោមមន្ដ្រីរបស់យើង ចាំបាច់ណាស់ការវះកាត់ គឺមិនអាចទុកឲ្យជំងឺរ៉ាំរ៉ៃនេះ បន្ដទៅជាជំងឺមហារីករហូតងាប់ខ្លួននោះទេ។ ខ្ញុំសូមបញ្ជាក់។
[បញ្ចប់សេចក្តីអធិប្បាយ]
ដោយផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១. ការបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមក្រសួង-ស្ថាប័ន។ រដ្ឋមន្ត្រី និងប្រធានស្ថាប័នត្រូវមានភាពជាម្ចាស់ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងហិរញ្ញវត្ថុត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការពុះពារសម្រេចឱ្យបាននូវគោលបំណង និងបេសកកម្មរបស់ក្រសួងស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
ឤស្រ័យនេះគ្រប់ក្រសួង-ស្ថាប័នទាំងអស់ត្រូវ ចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាការងារ ដែល ត្រូវតាមដាន និងត្រួតពិនិត្យការអនុវត្តជាប្រចាំ។ ជាមួយគ្នានេះដែរ គ្រប់ក្រសួង-ស្ថាប័នត្រូវផ្តោតឤទិភាពទៅលើការពង្រឹងភាពជាអ្នកដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងស្របគ្នានឹងការពង្រឹងសមត្ថភាព និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវធនធានមន្ត្រីរាជការនៅក្រោមឱវាទសំដៅកែលម្អសមិទ្ធកម្មនៅក្នុងការអនុវត្ត។
ទី២. ការផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់នៅតាមក្រសួង-ស្ថាប័ន។ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញរួចហើយនូវវិធានការ និងយន្តការផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង ស្ថាប័ន ដោយផ្អែកលើលទ្ធផលការងារនៃការកែទម្រង់។ ដូច្នេះ ខ្ញុំសូមណែនាំឱ្យគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈក៏ដូចជាប្រធានស្ថាប័ន និងក្រុមការងារ កែទម្រង់នៅតាមគ្រប់ក្រសួង-ស្ថាប័នជំរុញអនុវត្តការងារនេះ យ៉ាងសកម្មក្លៀវក្លា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ទី៣. ការបន្តពង្រឹងយន្តការសម្របសម្រួល និងភាពប្រទាក់ក្រឡាគ្នារវាងការកែទម្រង់ទាំង ៣ ដែលរួមមានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ អភិបាលកិច្ចល្អត្រូវការសមាសធាតុទាំងបីគឺ៖ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ធនធានមនុស្សប្រកបដោយគុណភាព និងការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ។
ក្នុងន័យនេះ យើងចាំបាច់ត្រូវរក្សាឱ្យបាននូវសង្គតិភាពនៃកម្មវិធីកែទម្រង់ ទាំង ៣ នេះ ទាំងក្នុងទិដ្ឋភាពក្របខ័ណ្ឌ រួមទាំងក្នុងទិដ្ឋភាពនៃការអនុវត្ត សំដៅធានាឱ្យបាននូវសុខដុមភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមក។ ពិតណាស់ថា ប្រសិនបើការកែទម្រង់ទាំង ៣ ស្ថិតនៅក្នុងទិសដៅផ្ទុយគ្នា និងមានល្បឿន ខុសគ្នានោះ ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកែទម្រង់នីមួយៗ ក៏នឹងមានកំណត់ដែរ។
ទី៤. ការយកចិត្តទុកដាក់ខ្ពស់ដល់ការអនុវត្ត «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥»។ ដូចខ្ញុំ បានលើកឡើងពីខាងលើចំណុចស្នូល ឬឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ គឺការកែទម្រង់ប្រព័ន្ធថវិកាជាតិសំដៅ ប្រែក្លាយថវិកាឱ្យទៅជាឧបករណ៍ប្រកបដោយប្រសិទ្ធភាពសម្រាប់ធានា សំរេចបាននូវគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការកៀរគរធនធានរបស់ជាតិ ប្រកបដោយចីរភាព និងការវិភាជធនធានទាំងនោះសម្រាប់បម្រើឱ្យគោលដៅ នៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពខ្ពស់។ ឤស្រ័យហេតុនេះយើងត្រូវក្តាប់ឱ្យជាប់នូវឱកាស និងបង្កើតលក្ខខណ្ឌល្អប្រសើរ ដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាទៅតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា ឱ្យសំរេចបានជោគជ័យតាមការគ្រោងទុក។
លទ្ធផលសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានមកដល់ពេលនេះ ពិតជាមិនឤចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់គ្រប់ស្ថាប័នទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ ទោះដោយផ្ទាល់ក្តី ឬក៏ដោយប្រយោលក្តី។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះសម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅជូនដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ ២០០៤ មក ជាពិសេសក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជាប់ពាក់ព័ន្ធតាំងពីដំបូងរហូតមកដល់ពេលនេះ។
ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ការកោតសសើរ និងអំណរគុណជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងឯកឧត្តម និងលោកជំទាវជារដ្ឋមន្ត្រីក្រសួង និងប្រធានស្ថាប័ន ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ក្នុងការដឹកនាំ និងសហការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយឆន្ទៈក្លៀវក្លា ព្រមទាំងស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស តាមរយៈកិច្ចសម្របសម្រួល និងកិច្ចសហការជាប្រចាំជាមួយក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលនៅក្នុងអភិក្រមគ្របដណ្តប់ទូទាំងវិស័យ និងដោយគោរពភាពជាម្ចាស់របស់កម្ពុជាក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ។
មុននឹងបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរសូមឱ្យសុឆន្ទៈ ភាពជាម្ចាស់ការទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង ការរួមចំណែក និងកិច្ចសហប្រតិបត្តិការដ៏ល្អទាំងអស់នេះ កាន់តែរីកដុះដាលរឹងមាំឡើងជាលំដាប់ថែមទៀត ជាមូលដ្ឋានសម្រាប់ធានាបាននូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីបុព្វហេតុនៃឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជនកម្ពុជា។
ជាទីបញ្ចប់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ដែលទើបនឹងចូលមកដល់ថ្មីៗនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ទទួលបានសព្វសារធុការពរ សិរីសួស្តី ទទួលបានជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន និងសូមឱ្យសមប្រកប ដោយពុទ្ធពរទាំង ៤ ប្រការ គឺ៖ ឤយុៈ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសដ៏មហោឡាឫកនេះ ខ្ញុំសូមប្រកាសបើក «កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥» ចាប់ពីពេលនេះតទៅ៕