- ឯកឧត្តមប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ
- ឯកឧត្តម លោកជំទាវ តំណាងប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី
ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ នៅក្រុងសៀមរាប ទឹកដីសម្បូរដោយប្រាង្គប្រាសាទ និងអច្ឆរិយភាព ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»។
ជាថ្មីម្តងទៀត កិច្ចប្រជុំកំពូលថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ហើយក៏ជាការជួបជុំដ៏សំខាន់មួយសម្រាប់យើងពិនិត្យឡើងវិញនូវវឌ្ឍនភាព ក៏ដូចជាដើម្បីកំណត់ និងដាក់ចេញនូវទិសដៅជាយុទ្ធសាស្រ្តទៅមុខ សំដៅធានាឲ្យគណៈកម្មការទន្លេមេគង្គអនុវត្តនូវភារកិច្ច និងបេសកកម្មរបស់ខ្លួន បានរឹតតែប្រសើរ និងកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាងទន្លេមេគង្គរបស់យើង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជារួម ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគណៈកម្មការទន្លេមេគង្គ មានការវិវឌ្ឍរីកចម្រើនក្នុងសន្ទុះមួយប្រកបដោយថាមពល ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសដោយរក្សាបាននូវតុល្យភាពអេកូឡូស៊ី នៃអាងទន្លេមេគង្គ។ ជាក់ស្តែង ក្នុងអំឡុង ៤ ឆ្នាំ កន្លងមកនេះ យើងបានសម្រេចសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន គួរជាទីមោទនៈ។ នៅក្នុងក្របខណ្ឌផែនការ និងយុទ្ធសាស្រ្ត យើងបានអនុម័តនូវ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ ដោយផ្អែកលើ គោលការណ៍នៃការគ្រប់គ្រងធនធានទឹកចម្រុះឆ្នាំ ២០១៦-២០២០ និង ផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ ២០១៦-២០២០។ ជាមួយគ្នានេះ យើងក៏បានអនុម័តយុទ្ធសាស្រ្តតាមវិស័យជាច្រើនផ្សេងទៀត ដូចជា យុទ្ធសាស្រ្ត និងផែនការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុក្នុងអាងទន្លេមេគង្គ និង យុទ្ធសាស្រ្តអភិវឌ្ឍ និងគ្រប់គ្រងវិស័យជលផលក្នុងអាងទន្លេមេគង្គ ជាដើម។
ចំណែកក្នុងផ្នែកប្រតិបត្តិការវិញ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការកែទម្រង់ស្ថាប័នគណៈកម្មការទន្លេមេគង្គ ជាពិសេស ការអនុម័ត និងការអនុវត្តរចនាសម្ព័ន្ធថ្មីរបសលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដែលបង្កើតបានជាវេទិកាដ៏ប្រសើរសម្រាប់បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការឯកភាពលើរូបមន្តបង់វិភាគទានថវិការបស់ប្រទេសជាសមាជិក ដើម្បីឈានដល់គោលដៅ នៃភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុទាំងស្រុង ដោយគណៈកម្មការទន្លេមេគង្គនៅឆ្នាំ ២០៣០។ ខ្ញុំក៏សូមអបអរសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយប្រទេសដៃគូសន្ទនា និងប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងជាមួយអង្គការថ្នាក់តំបន់ និងអន្តរជាតិ សំដៅចែករំលែកព័ត៌មាន និងបច្ចេកទេស ដែលកំពុងផ្តល់ប្រយោជន៍ជាសារវ័ន្តជាច្រើនដល់សាធារណជន។
សមិទ្ធផលដូចបានរៀបរាប់ខាងលើ នឹងមិនអាចសម្រេចបានទេ ប្រសិនបើពុំមានការចូលរួមវិភាគទានយ៉ាងសកម្ម និងការចូលរួមគាំទ្រយ៉ាងពេញទំហឹង និងប្រកបដោយប្រសិទ្ធភាព ពីសំណាក់ប្រទេសជាសមាជិកគណៈអភិបាល នៃគណៈកម្មការទន្លេមេគង្គ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក៏ដូចជាពីសំណាក់ដៃគូសហប្រតិបត្តិការផ្សេងទៀត។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ តាំងនាមឲ្យគណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក ព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សំដែងនូវអំណរគុណដ៏ស្មោះ និងការវាយតម្លៃខ្ពស់ជូនចំពោះប្រទេសដៃគូគណៈកម្មការទន្លេមេគង្គទាំងអស់ ដែលបានចូលរួម និងការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដល់ការទទួលខុសត្រូវរួមគ្នានេះ សម្រាប់ផលប្រយោជន៍រួម នៃការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នៃអាងទន្លេមេគង្គ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ទន្លេមេគង្គ គឺជាប្រភពនៃជីវិតជានិរន្តរន៍ និងភាពចម្រុងចម្រើង នៃប្រទេសតាមដងទន្លេមេគង្គ។ ប៉ុន្តែ ទន្ទឹមនេះ យើងក៏ទទួលស្គាល់ដែរថា អាងទន្លេមួយនេះ នឹងបន្តជួបប្រទះនូវបញ្ហាប្រឈមនានា ដូចជា កំណើនប្រជាជន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើននៃតម្រូវការផ្នែកសន្តិសុខទឹក ស្បៀង និងថាមពលនៅក្នុងបណ្តាប្រទេសតាមដងទន្លេ។ បន្ថែមពីលើនេះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏មានលក្ខណៈកាន់តែជាក់ច្បាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ និន្នាការនេះ នឹងចោទជាការគម្រាមកំហែងបន្ថែមទៀតមកលើប្រព័ន្ធទន្លេមេគង្គ ពិសេស លើធនធាន និងនិរន្តរភាពនៃទន្លេ ក្នុងខណៈដែលកិច្ចការ និងគោលដៅរួមរបស់យើង គឺត្រូវធានានូវចីរភាពនៃផលប្រយោជន៍ ដែលទន្លេមេគង្គបានផ្តល់ជូន សម្រាប់ប្រជាជន នៃបណ្តាប្រទេសតាមដងទន្លេ ក្នុងរយៈពេលវែងតទៅមុខ រាប់ច្រើនជំនាន់មនុស្សក្រោយៗទៀត។
ក្នុងបរិការណ៍នេះ ជាទិសដៅខាងមុខ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងហានិភ័យពាក់ព័ន្ធផ្សេងៗទៀតឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ខ្ញុំសូមស្នើបណ្តាប្រទេសសមាជិក នៃគណៈកម្មការទន្លេមេគង្គ គប្បីត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
១. បន្តជម្រុញ និងពង្រឹងយន្តការសម្របសម្រួល និងអភិវឌ្ឍន៍ទឹក និងធនធានពាក់ព័ន្ធ ប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាសមាជិក និងសុខុមាលភាពរបស់ប្រជាជន
២. បន្តផ្តល់អាទិភាពដោះស្រាយបញ្ហាប្រឈមចម្បងៗ ដែលពាក់ព័ន្ធនឹងនិរន្តរភាព នៃអាងទន្លេមេគង្គ រួមមានដូចជា ការគ្រប់គ្រងបរិស្ថាន និងកាកសំណល់ ការដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ និងការបំពុលទឹកទន្លេ និងការគ្រប់គ្រងគម្រោងនានា ដែលពាក់ព័ន្ធដល់ចីរភាពអាងទន្លេមេគង្គ និងជីវចម្រុះ
៣. បន្តរៀបចំវិធានការ និងសកម្មភាពជាក់លាក់ សម្រាប់ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងជម្រុញសុខដុមនីយកម្ម នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់
៤. បន្តពង្រឹងសមត្ថភាពមនុស្ស និងសមត្ថភាពស្ថាប័ន សម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងប្រទេសជាសមាជិកក្នុងតំបន់ ជាពិសេស សម្រាប់ការអនុវត្តនូវផែនការ និងយុទ្ធសាស្រ្ត ដែលបានដាក់ចេញកន្លងមក ឲ្យបានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
៥. បន្តលើកកម្ពស់ស្មារតីសហប្រតិបត្តិការមេគង្គក្នុងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាបន្តជម្រុញបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយយន្តការក្នុងតំបន់ និងអន្តរជាតិនានា ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងនាមជាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការរួមគ្នាឲ្យកាន់តែខ្លាំងក្លាថែមទៀត សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ សម្រាប់អភិវឌ្ឍ និងភាពរីកលូតលាស់ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយសារតែស្មារតីនៃកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព ព្រមទាំងភាពជឿទុកចិត្តគ្នាកាន់តែរឹងមាំ និងដោយមានស្មារតីទទួលខុសត្រូវរួមសម្រាប់អនាគត ប្រកបដោយភាពចម្រុងចម្រើនរួមគ្នា ក៏ដូចជាដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាសមាជិក ព្រមទាំងការបន្តជួយគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការពីដៃគូរបស់គណៈកម្មការទន្លេមេគង្គ យើងនឹងអាចសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច ប្រកបដោយចីរភាព នៃអាងទន្លេមេគង្គ ទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
ក្នុងស្មារតីរួមនៃកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវសម្រាប់អនាគតប្រកបដោយភាពចម្រុងចម្រើន និងជានិរន្តរន៍ក្នុងអាងទន្លេមេគង្គ ក្រោមទិសស្លោក «ទន្លេមេគង្គតែមួយ-ស្មារតីតែមួយ» ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ» ចាប់ពីពេលនេះតទៅ។
សូមអរគុណ!