សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីបិទ “សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨” ដែលក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាន នូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ជាការពិត វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស និស្សិត សហគមន៍ និងឤជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវ តាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា បច្ចេកទេស លើការជួយរៀបចំផែនការសកម្មភាព និងការជួយជ្រោមជ្រែងក្នុងការអនុវត្តន៍សកម្មភាពការងារក្នុងវិស័យអប់រំ យុវជន និងកីឡា នាពេលកន្លងមក។
ជាមួយនេះ គួរកត់សម្គាល់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍន៍ឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។ កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ លើការងារអភិវឌ្ឍ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងនោះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ប្រមាណ ៧,៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ហើយកំណើននេះ កំពុងមានសន្ទុះប្រកបដោយចីរភាពជាមួយនឹងការបែងចែកផ្លែផ្កា នៃកំណើននេះកាន់តែមានសមធម៌។ ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ កម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៧,១% ហើយឆ្នាំ ២០១៨ នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនក្នុងអត្រាប្រមាណ ៧%។ កំណើននេះ បានអនុគ្រោះដល់ការអភិវឌ្ឍវិស័យជាច្រើន ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ឱ្យកាន់តែមានភាពរស់រវើក និងតភ្ជាប់គ្រប់ទិសតំបន់ ដែលមិនត្រឹមតែធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើសមាហរណកម្មប្រទាក់ក្រឡាទៅនឹងប្រទេសជិតខាងទៀតផង។ ដោយឡែក ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ជាក់ស្តែង កម្ពុជាបានអភិវឌ្ឍខ្លួន តាំងពីមានអ្នកចេះដឹងក្នុងចំនួនតិចតួចបំផុត នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ដែលជាដំណាកាលអនុវត្តកម្មវិធី “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ “ រហូតឈានដល់បង្កើតបានជាប្រព័ន្ធ ដែលមានស្តង់ដារនៅគ្រប់កម្រិត នៃការអប់រំបណ្តុះបណ្តាល។ ការណ៍នេះ សបញ្ជាក់ឱ្យឃើញថា វិស័យអប់រំពិតជាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលនេះ គឺជាប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល!
ការអប់រំកម្រិតចំណេះដឹងទូទៅ នៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការអប់រំកម្រិតនេះ ជួយពង្រឹងសិស្សានុសិស្ស ឱ្យមានការទទួលខុសត្រូវ មានសីលធម៌ និងឤកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ មានមហិច្ឆតាក្នុងការសិក្សា ផ្តល់នូវចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងការអភិវឌ្ឍន៍វិជ្ជាជីវៈក្នុងវិស័យផ្សេងៗជាច្រើនទៀត ដែលជាមូលដ្ឋានដ៏សំខាន់បំផុត សម្រាប់ឈោងទៅចាប់យកការបណ្តុះបណ្តាលនៅក្នុងកម្រិតខ្ពស់តទៅទៀត។ ដោយឡែក ការអប់រំកម្រិតឧត្តមសិក្សាមានតួនាទីគន្លឹះនៅក្នុងការអភិវឌ្ឍជំនាញ និងមូលធនមនុស្ស។ កិច្ចការទាំងអស់នេះ គឺជាកូនសោរគន្លឹះ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រលើកស្ទួយសមត្ថភាព កម្រិតជំនាញយុវជនកម្ពុជាឱ្យឆ្លើយតបទៅនឹងនិន្នាការវិវឌ្ឍន៍ នៃវិស័យបច្ចេកវិទ្យា កម្លាំងនៃការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម និងជួយសិស្សនិស្សិតឱ្យទទួលបានជោគជ័យនៅក្នុងជីវិត។
តាមរយៈនេះ ខ្ញុំសូមគាំទ្រចំពោះអភិក្រម និងវិធីសាស្ត្រថ្មីៗ ដូចមានក្នុងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហាញពីសមិទ្ធផល និងទិសដៅដែលត្រូវបន្តអនុវត្ត ក្នុងគោលដៅបង្កើនសមត្ថភាពភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។ ក្នុងនោះរាជរដ្ឋាភិបាលនឹងបន្តគិតគូរវិភាជថវិកាបន្ថែមប្រចាំឆ្នាំនៅក្នុងវិស័យអប់រំ ការផ្តល់ឤទិភាពជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀនជាឤទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្តន៍ គាំទ្រការធ្វើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគុណភាពសិក្សា និងគុណភាពប្រឡង។ ទន្ទឹមនេះ ខ្ញុំនឹងបន្តគិតគូរអំពីការដំឡើងបៀវត្សរ៍ជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សា ជំរុញការកៀរគរ ធនធានមកពីគ្រប់មជ្ឈដ្ឋាន និងកៀរគរវិស័យឯកជន ដើម្បីវិនិយោគក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាស្ថិរភាពទីផ្សារការងារ ការលើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន។
ជាមួយនេះ យើងក៏ត្រូវយកចិត្តទុកដាក់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ឧស្សាហកម្ម ការបំពាក់ជំនាញ ស្តេម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ចាប់ពីកម្រិតបឋមសិក្សា ព្រមទាំងគាំទ្រ ការផ្តល់ឤហារូបករណ៍ និងបង្កលក្ខណៈងាយស្រួលដល់យុវជនឆ្នើមៗ ឱ្យទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមគ្រប់រូបភាព ទាំងរដ្ឋ និងឯកជន។ ជាងនេះទៅទៀត យើងត្រូវបន្តការយកចិត្តទុកដាក់លើការពង្រីកចំនួនសាលារៀនជំនាន់ថ្មីនៅគ្រប់កម្រិត និងការសាងសង់អគារសិក្សាថ្មី ព្រមទាំងជួសជុលអគារសិក្សាទ្រុឌទ្រោម សាងសង់បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បណ្ណាល័យ និងបន្ទប់កុំព្យូទ័រជាដើម។
ព្រមជាមួយនេះ ក្នុងស្មារតីបន្តលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា ឱ្យឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ យើងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗដូចខាងក្រោមនេះ៖
ទី ១. បន្តអនុវត្តការងារអប់រំឱ្យសកម្ម ធានាប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ក្នុងនោះ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីសិក្សា យើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀន សក្តិសមជាទីកន្លែងអប់រំ បណ្តុះគំនិតឱ្យស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយជាដើម។
ទី ២. អនុវត្តឱ្យមានភាពរស់រវើក ធានាភាពសក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ ត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការងារផែនការ ស្ថិតិអប់រំ ការពង្រាយគ្រូបង្រៀន ឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេស ពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ និងពង្រឹងអភិបាលកិច្ចឧត្តមសិក្សា ព្រមទាំងជំរុញការវិនិយោគលើការស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីសិក្សា។
ទី ៣. អនុវត្តឱ្យសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម បំផុសឱ្យសកម្មនូវកម្មវិធី “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” និងកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់ សម្រាប់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំ នៃកោសិកាសង្គម។
ទី ៤. អនុវត្តឱ្យសកម្មលើការងារកីឡា ដោយត្រូវអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ពង្រឹង និងពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើនការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡាគ្រប់ប្រភេទ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទី ៥. បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដោយត្រូវរៀបចំសកម្មភាពឱ្យឆ្លើយតបទៅនឹងឤទិភាព នៃការអភិវឌ្ឍជាតិ ផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងការលុបបំបាត់រាល់ទម្រង់ នៃការរើងអើងគ្រប់ប្រភេទក្នុងសង្គម។
ក្នុងអត្ថន័យដូចបានលើកឡើងមកនេះ ខ្ញុំជឿជាក់ថា អង្គសន្និបាតនឹងយកធ្វើជាមូលដ្ឋានពិចារណា និងរៀបចំជាធាតុចូលបន្ថែម សម្រាប់អនុវត្តក្នុងទិសដៅឆ្នាំសិក្សាថ្មីនេះ និងឆ្នាំបន្តបន្ទាប់ទៀត ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ខណៈដែលការអប់រំនេះ គឺជាកិច្ចការឤទិភាពរបស់ជាតិ ដែលត្រូវធ្វើជាប្រចាំ និងត្រូវបន្តធ្វើមិនឈប់ឈរពីជំនាន់មួយទៅជំនាន់មួយទៀត។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ “សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨” នាពេលនេះ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!