FN ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា រយៈពេលជាង១១ឆ្នាំកន្លងទៅនេះ នាយទាហានកម្ពុជា ចំនួន៥១៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៣០នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ និងមានចំនួន៨១៣នាក់ នារី៦២នាក់ កំពុងបំពេញបេសកកម្ម ហើយនាយទាហានទាំងនោះ បានក្លាយជាគ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថេរភាពមួយផ្នែក ក្នុងពិភពលោក។
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគ្រូបង្គោលផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ សម្រាប់បេសកកម្មប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបារាំង និងទីប្រឹក្សាជប៉ុនប្រចាំកម្ពុជា លោក Hak Chandara មន្រ្តី UNMAS លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងថា «តាងនាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់មន្ត្រី UNMAS (United Nations Mine Action Service) ចំនួន០២រូប ដែលបានជួយជ្រោមជ្រែង បណ្តុះបណ្តាលសមត្ថភាព កងយោធពលខេមរភូមិន្ទ ពិសេសក្រុមគ្រូបង្គោលកម្ពុជាលើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ វគ្គបណ្តុះបណ្តាលនេះ បង្កើននូវការយល់ដឹង ក្នុងការចែករំលែកមេរៀនលើផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ ដល់បណ្តាទ័ពមួកខៀវកម្ពុជា មុននឹងធ្វើការចល័តទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ជាបេសកកម្មដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ជាងគេបង្អស់»។
លោកបន្តថា ចំណេះដឹងទាំងនេះ នឹងត្រូវយកទៅអនុវត្តដើម្បីទប់ទល់ នឹងក្រុមប្រដាប់អាវុធនានា ដែលមានបំណងរារាំងដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង ក្នុងតំបន់បេសកកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព និងបញ្ចៀសហានិភ័យដែលអាចកើតមានឡើងជាយថាហេតុឲ្យបានជាអប្បបរមា។ កម្ពុជាពិតជាមានមោទនភាពជាអនេក ដែលបានទទួលបាននូវទំនុកចិត្តពី អង្គការសហប្រជាជាតិ ចំពោះការបន្តគាំទ្រអោយមានវគ្គហ្វឹកហ្វឺននេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាព ក្នុងការចូលរួមបេសកកម្មអង្គការសហប្រជាជាតិ ឲ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយជោគជ័យជាបន្តបន្ទាប់។
បើតាមលោកទេសរដ្ឋមន្រ្តី ទោះបីជាអត្រាពលីនៅបេសកកម្ម MINUSMA រហូតដល់ថ្ងៃនេះ មានចំនួនសរុប១៥៥នាក់ កម្លាំងមួកខៀវកម្ពុជាមួយចំនួន ក៏បានរងគ្រោះថ្នាក់ដោយសារគ្រាប់កែច្នៃទាំងនោះ តែដោយសារទឹកចិត្តរក្សាសន្តិភាព ស្រឡាញ់សន្តិភាព កម្លាំងយើងទាំងអស់គ្នា នៅតែមិនរាថយក្នុងការសម្រេចបេសកកម្មបណ្តើរ និងរៀនសូត្របន្ត ដូចដែលយើងជួបជុំគ្នាក្នុងកម្មវិធីបិទវគ្គនាពេលនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងបទបញ្ជារដាច់ណាត់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានថ្លែងយ៉ាងមុតមាំ ក្រោយមានការពលីរបស់វីរយុទ្ធជនយើងចំនួន០៤រូប នៅសាធារណរដ្ឋអាហ្វ្រិក កណ្តាល (MINUSCA) កាលពីខែឧសភាកន្លងទៅ ដែលកាន់តែធ្វើឲ្យកម្ពុជា មានឆន្ទៈបន្តដំណើរទៅមុខទៀត ដើម្បីរួមដៃគ្នាជាមួយ បណ្តាប្រទេសបរិច្ចាគកងកម្លាំង ពុះពារស្វែងរកសុខសន្តិភាព ជូនប្រជាជនដែលកំពុងរងគ្រោះដោយសារជម្លោះ ដូចកម្ពុជាធ្លាប់មានពីមុនមក។
របាយការណ៍របស់លោកទេសរដ្ឋមន្រ្តី បានបង្ហាញថា អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥មកម្ល៉េះ ក្នុងគោលបំណងបង្កើតឲ្យមានសន្តិភាពក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម តាមរយៈការចរចារដោយសន្តិវិធី ធ្វើការគោរព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងធ្វើការសង្កេត និងគ្រប់គ្រងលើដំណើរការសន្តិភាព។
តែបច្ចុប្បន្ននេះ បេសកកម្មអង្គការសហប្រជាជាតិ មានភាពស្មុគស្មាញ ទទួលរងនូវការគម្រាមកំហែងពីគ្រប់មជ្ឈដ្ឋាន ដែលតម្រូវអោយមានការចូលរួមពីគ្រប់កងកម្លាំងទាំងយោធា នគរបាល ស៊ីវិល ដើម្បីធ្វើការដោះស្រាយជម្លោះ ដែលរារាំងដល់ការបង្កើតសន្តិភាព និងសន្តិសុខ ហើយត្រូវឆ្លើយតបទៅនឹងស្ថានការណ៍ដែលមានភាពស្មុគស្មាញនេះ។
លោក លី ធុជ បានបញ្ជាក់ថា «ក្នុងឆ្នាំនេះ និងទៅអនាគត កម្ពុជានៅបន្តប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពជាអាទិភាព ក្នុងប្រតិបត្តិការរក្សាសន្តិភាព និងពង្រឹងសន្តិភាព ស្ថេរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ដែលនិន្នាការនេះក៏ស្របគ្នានឹងការលើកឡើងរបស់លោក Antonio Guterres (អានតូនីញូ ហ្គូតេរ៉េស) អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដោយបានសង្កត់ធ្ងន់លើកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខក្នុងលោក នាឱកាសស្បថចូលកាន់តំណែង»។
លោកថា រយៈពេល៨សប្តាហ៍ នៃដំណើរការវគ្គហ្វឹកហ្វឺននេះ ទោះជាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាជាការផ្លាស់ប្តូរនូវបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត ដែលបានមកពីមន្រ្តីដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ពីតំបន់បេសកកម្ម ដើម្បីបំពេញនូវធាតុចូលលើជំនាញរក្សាសន្តិភាព ជាពិសេស ការត្រួតពិនិត្យ កែលម្អ លើនីតិវិធីនៃការបង្រៀនគ្រូបង្គោលកម្ពុជាលើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ មុននឹងធ្វើការចល័ត។
ដើម្បីបន្តអនុវត្តភារកិច្ចជាកងរក្សាសន្តិភាព ឲ្យកាន់តែទទួលបានជោគជ័យជាបន្តបន្ទាប់ថែមទៀត សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តការងារមួយចំនួនដូចខាងក្រោម៖
ទី១៖ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជូនដំណើរកងអនុសេនាធំបោសសំអាតមីនលេខ១៣៥ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ និងអនុសាសន៍របស់សម្តេចពិជ័យសេនា «ទៅគ្រប់មកគ្រប់»
ទី២៖ ត្រូវប្រុងប្រយ័ត្នជាដាច់ខាតក្នុងពេលបំពេញបេសកកម្ម ព្រោះការធ្វេសប្រហែសត្រឹមតែ១វិនាទី អាចបង្កគ្រោះថ្នាក់រហូតដល់ពលីជីវិត
ទី៣៖ ត្រូវមានភាពស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព និងអនុវត្តឲ្យបានជោគជ័យនូវបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងក្រមសីលធម៌របស់អង្គការសហប្រជាជាតិ
ទី៤៖ ត្រូវស្រូបយកចំណេះដឹង ដែលបានសិក្សារៀនសូត្រនាពេលនេះ ទៅអនុវត្តឲ្យមានប្រសិទ្ធិភាព និងជោគជ័យក្នុងវិជ្ជាជីវៈ ជាកងរក្សាសន្តិភាព ព្រមទាំងត្រូវក្តាប់ឲ្យបានជាប់ជាប្រចាំនូវបច្ចេកទេស នីតិវិធី និងគន្លឹះផ្សេងៗ ដែលមានលក្ខណៈជាតិ-អន្តរជាតិ សំដៅចេញទៅបំពេញភារកិច្ចទទួលបានជោគជ័យ
ទី៥៖ ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់បន្ថែម ពីសភាពការណ៍ជាតិ និងការប្រែប្រួលសភាពការណ៍អន្តរជាតិ ដើម្បីពង្រឹងពង្រីកទស្សនៈវិស័យ លើកិច្ចការពារជាតិឲ្យបានទូលំទូលាយ
ទី៦៖ ត្រូវខិតខំរៀនសូត្របំប៉នភាសាបរទេសឲ្យជាប់ជាប្រចាំ សំដៅបង្កភាពងាយស្រួលដល់ការទំនាក់ទំនងអន្តរជាតិបានល្អប្រពៃ និងគ្មានឧបសគ្គ
ទី៧៖ ត្រូវធ្វើការជួសជុល កែលម្អ និងថែទាំសម្ភារៈរបស់អង្គភាព ព្រមទាំងបន្តបង្រៀន និងមើលថែទាហានក្រោមឱវាទ
ទី៨៖ ត្រូវផឹកស្អាត រស់នៅស្អាត មានសុខភាពល្អ ជៀសវាការឆ្លងជំងឺផ្សេងៗក្នុងតំបន់បេសកកម្ម៕